34 C
Phnom Penh

អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ការពារ​​​សកម្មជន​​​ដែល​​​ត្រូវ​​​បាន​​​បដិសេធ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ក្នុង​​​មូល​​​ដ្ឋាន​​​ និង​​​សហជីព​​​មួយ​​​ចំនួន​​​បាន​​​ថ្កោល​​​ទោស​​​សេចក្តី​​​​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​ឲ្យ​​​លោក អាឡិច កុង​​​ហ្សាឡេស ដាវីដ​​​សុន (Alex Gonzalez-Davidson) ​​​សកម្មជន​​​ការ​​​ពារ​​​បរិស្ថាន​​​ដែល​​​និយាយ​​​ឥត​​​សំចៃ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​អាជ្ញាធរ​​​កែ​​​ប្រែ​​​សេចក្តី​​​សម្រេច​​​េនះ​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ សហជីព សហគមន៍ និង​​​សមាគម​​​ចំនួន​​​៣១​​​បាន​​​ចេញ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​លើកឡើង​​​ពី​​​ការ​​​បដិសេធ​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​ដល់​​​ជនជាតិ​​​អេស្ប៉ាញ​​​រូប​​​នេះ ដែល​​​អស់​​​សុពល​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ថាជា​​​ការ​​​វាយ​​​ប្រហារ​​​ច្បាស់​​​ក្រឡែត​​​ទៅ​​​លើ​​​អ្នក​​​ប្រឆាំង​​​ស្រប​​​ច្បាប់​​​ ដើម្បី​​​ផល​​​ប្រយោជន៍​​​គ្រួសារ​​​មួយ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​មាន​​​អំណាច​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​លើក​​​ឡើង​​​ថា “យើង​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ពិចារណា​​​សេចក្តី​​​សម្រេច​​​របស់​​​ខ្លួន​​​ឡើង​​​វិញ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​លោក កុង​​​ហ្សាឡេស ដាវីដសុន​​​ បន្ត​​​ធ្វើ​​​​ការ​​​ងារ​​​ដើម្បី​​​គាំ​​​ទ្រ​​​ដល់​​​សហគមន៍​​​មូល​​​ដ្ឋាន​​​”។

លោក កុង​​​ហ្សាឡេស ដាវីដសុន និង​​​អង្គការ​​​ Mother Nature ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​ដែល​​​លោក​​​ជា​​​សហ​​​ស្ថាបនិក​​​ បាន​​​​​​ជំទាស់​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​​​​តំបន់​​​ជ្រលង​​​អារ៉ែង​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ដែល​​​គាំ​​​ទ្រ​​​ដោយ​​​លោក ឡាវ ម៉េង​​​ឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ភរិយា​​​របស់​​​លោក ដែល​​​មាន​​​ដី​​​យ៉ាង​​​ច្រើន​​​ នៅ​​​ក្នុង​​​ប្រទេស​​កម្ពុជា​​​ ដែល​​​ក្នុង​​​នោះ​​ ប្រជាជន​​​រាប់​​​ពាន់​​​គ្រួសារ​​​ត្រូវ​​​បាន​​​បណ្តេញចេញ​​​ដោយ​​​បង្ខំ​​​។

ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​សាង​​​សង់ នឹង​​​បង្ខំ​​​ឲ្យ​​​អ្នក​​​ភូម​​​ិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​៣០០​​​គ្រួសារ​​​ទៀត​​​ចាក​​​ចេញ​​​ពី​​​ដី​​​ដូន​​​តា​​​របស់​​​ខ្លួន​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ជន់​​​លិច​​​ជម្រក​​​សត្វ​​​មួយ​​​ចំនួន ដែល​​​រង​​​ការ​​​គំរាម​​​កំហែង​​​​​​។

ក្រសួង​​​មហាផ្ទៃ បាន​​​លើក​​​ឡើង​​​​​​ថា ខ្លួន​​​​​​បដិសេធ​​​មិន​​​ផ្តល់​​​​​​ទិដ្ឋាការ​​​ដល់​​​លោក កុង​​​ហ្សាឡេស ដាវីដសុន ដោយសារ​​​ការ​​​បិទ​​​ផ្លូវ​​​ដែល​​​គាត់​​​ និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​របស់​​​គាត់​​​​​​បាន​​​បិទ​​​ផ្លូវ​​​ដ៏​​​សំខាន់​ឆ្ពោះ​​​ទៅ​​​តំបន់​​​គម្រោង​​​ដែល​​​ធ្វើ​​​ឲ្យ​​​ក្បួន​​​រថយន្ត​​​របស់​​​មន្ត្រី​​​រដ្ឋាភិបាល​​​ទៅ​​​កាន់​​​តំបន់​​​ជ្រលង​​​នោះ​​​ជាប់​​​គាំង​​​រយៈ​​​ពេល​​​ខ្លី​​​​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​។

​​​ អ្នក​​​ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​កាល​​​ពី​​​ម្សិលមិញ លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​ចង់​​​ឲ្យ​​​ លោក កុង​​​ហ្សាឡេស ដាវីដសុនចាក​​​ចេញ​​​ដើម្បី​​​ឲ្យ​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​។

លោកស្រី ណាលី ពីឡូក ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ បាន​​​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ថា សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​បដិសេធ​​​មិន​​​​​​បន្ត​​​ទិដ្ឋាការ​​​ដល់​​​ លោក កុង​​​ហ្សាឡេស ដាវីដសុន​​​ គឺ​​​ជា​​​ឧទាហរណ៍ច្បាស់ក្រឡែត​​​នៃ​​​ការ​​​ប៉ុន​​​ប៉ង​​​របស់​​​រដ្ឋាភិបាល​​​​​​ច្រាន​​​ចោល​​​ការ​​​តស៊ូ​​​មតិ​​​របស់​​​ថ្នាក់​​​ក្រោម​​​ និង​​​បំបិទ​​​មាត់​​​អ្នក​​​ប្រឆាំង​​​”។

លោក អែ សារុំ នាយក​​​ប្រតិបត្តិ​​​សមាគម​​​ធាង​​​ត្នោត​​​ ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ផ្នែក​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​បង្ខំ​​​ឲ្យ​​​សកម្មជន​​​រូប​​​នេះ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​មិន​​​​​​អាច​​​ដោះ​​​ស្រាយ​​​ទុក្ខលំបាក​របស់​​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជងដែលប្រឈម​ការ​បណ្តេញចេញ​​​បាន​​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ជំនួស​​​ឲ្យ​​​ការ​​​បណ្តេញ​​​គាត់​​​ចេញ​​​ យកល្អ​​​អាជ្ញាធរ​​​គួរ​​​​​​ពិភាក្សា​​​អំពី​​​បញ្ហា​​​នេះ​​​ជា​​​មួយ​​​អង្គការ​​​ Mother Nature និង​​​ សហគមន៍​​​មូល​​​ដ្ឋាន​​​ដោយ​​​ពិចារណា​​​ឲ្យ​​​បាន​​​ល្អិុត​​​ល្អន់​​​ពី​​​បញ្ហា​​​នេះ។

កាល​​​ពីថ្ងៃ​​​ច័ន្ទ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ជូន​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ ជំរុញ​​​ឲ្យ​​​រូប​​​លោក​​​បន្ត​​​ទិដ្ឋាការ​​​ដល់​​​លោក កុង​​​ហ្សាឡេស ដាវីដសុន ។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក សម​​​ រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​បាន​​​ទទួល​​​​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្មាន​​​ហេតុផល មាន​​​ហេតុផល​​​មិន​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​បង្ខំ​​​ឲ្យ​​​លោក អាឡិច ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ដោយ​​​​​​ការ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​ដល់​​​រូប​​​គាត់​​​​​។ ខ្ញុំ​​​មិន​​​គិត​​​ថា ហេតុផល​​​​​​ដែល​​​រដ្ឋាភិបាល​​​​​​ធ្វើ​​​នេះ​​​ត្រឹមត្រូវ​​​​​​ឡើយ​​​”។

លោក សុខ ផល​​​ អគ្គនាយក​​​នៃ​​​អគ្គនាយក​​​​​​​​​ដ្ឋាន​​​​​​អន្តោប្រវេសន៍​​​​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ ប៉ុន្តែ ពី​​​មុន​​​លោក​​​ធ្លាប់​​​​​បដិសេធ​​​ការ​​​ដែល​​​ថា ​​មាន​​​ហេតុផល​​​នយោបាយ​​​ណា​​​មួយ​​​ពាក់​​​ព័ន្ធ​​​សេចក្តី​​​សម្រេច​​​ពី​​ទិដ្ឋាការ​​​នេះ​​​​​​។

លោក សុខ វាសនា ប្រធានការិយាល័យ​អន្តោប្រវេសន៍​បាន​​​មាន​​​ប្រសាសន៍​​​ថា  លោក កុង​​​ហ្សាឡេស ដាវីដសុន​​​ នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ដាក់ពាក្យ​​​​​​សុំ​​​ទិដ្ឋាការ​​​ថ្មី​​​ ប្រសិន​​​បើ​​គា​ត់​​​​​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត ប៉ុន្តែ លោក មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ថា តើ​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​នោះ​​​នឹង​​​ត្រូវ​​​អនុម័ត​​​យល់​​​ព្រម​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ “វា​​​អាស្រ័យ​​​លើ​​​សេចក្តី​​​សម្រេច​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​ ។ យើង​​​ទទួល​​​បាន​​​បទ​​​បញ្ជា​​​កុំ​​​ឲ្យ​​​បន្ត​​​ទិដ្ឋាការ​​​ដល់​​​គាត់​​​​​​។ យើង​​​មិនមាន​​​​បទ​​​បញ្ជា​​ហាម​​​ឃាត់​​​រូប​​​គាត់​​​មិន​​ឲ្យ​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នោះ​​​ឡើយ​​​”។

លោក កុង​​​ហ្សាឡេស ដាវីដសុន​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​មិន​​​​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​ឡើយ ហើយ​​​នឹង​​​ត្រូវ​​​បង្ខំឲ្យ​​ចាក​​​ចេញ​​​ប្រសិន​​​បើ​​​ទិដ្ឋាការ​​​របស់​​​លោក​​​មិន​​​ត្រូវ​​​បន្ត​​​ត្រឹម​​​ថ្ងៃ​​​សុក្រ”៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស