កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់នៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ និងកម្មករប្រហែល១០០នាក់ទៀតនៅរោងច្រកផ្សេងបានធ្វើការតវ៉ាកាលពីម្សិលមិញជុំវិញការកំណត់ប្រាក់ខែគោលថ្មីសម្រាប់វិស័យកាត់ដេរកាលពីចុងឆ្នាំមុន ដោយសម្តែងការអាក់អន់ចិត្តថា អ្នកដែលមានប្រាក់ខែខ្ពស់រួចហើយ ត្រូវបានមើលរំលង។
បន្ទាប់ពីការចរចារយៈពេលច្រើនខែជាមួយសហជីព និងរោងចក្រមក ក្រសួងការងារបានសម្រេចកាលពីខែវិច្ឆិកាដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រកាត់ដេរពី១០០ដុល្លារដល់១២៨ដុល្លារ។ ប្រាក់ខែគោលថ្មីនេះបានចូលជាធរមានកាលពីខែមករា ដោយកម្មករដែលមានប្រាក់ខែទាបបំផុតនឹងឃើញប្រាក់ខែដែលបានដំឡើងដំបូងនៅក្នុងក្រដាសបើកប្រាក់របស់ខ្លួននៅខែនេះ។
កម្មករប្រហែល៣.០០០នាក់មកពីរោងចក្រ Quantum Clothing កាលពីម្សិលមិញបានធ្វើការតវ៉ានៅតាមផ្លូវវេងស្រេងជាផ្លូវដែលសម្បូរដោយរោងចក្រទាមទារឲ្យដំឡើងប្រាក់ខែ២៨ដុល្លារបន្ថែមដល់អ្នកដែលមានប្រាក់ខែគោលច្រើនជាងនេះផងដែរ។
សុខ ស្រីមុំ កម្មការិនីម្នាក់ក្នុងចំណោមកម្មករដែលធ្វើការតវ៉ាបាននិយាយថា “យើងចង់ឲ្យរោងចក្រផ្តល់ប្រាក់២៨ដុល្លារដល់ពួកយើងបន្ថែមទៀត។ បើគ្មានប្រាក់នេះទេនោះ យើងទទួលបានតិចណាស់។ ហើយយើងចង់ឲ្យរោងចក្រផ្តល់ការងារឲ្យយើងធ្វើបន្ថែមទៀតដើម្បីឲ្យយើងអាចទទួលបានប្រាក់កាន់តែច្រើន”។
រោងចក្រជាច្រើនបានកាត់បន្ថយការបន្ថែមម៉ោង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារមានការបញ្ជាទិញធ្លាក់ចុះ។
ចាន់ រ័ត្នកែវពិសី តំណាងសហជីពសេរីកម្មករបានមានប្រសាសន៍ថា រោងចក្របានយល់ព្រមផ្តល់ការងារបន្ថែមម៉ោងបន្ថែមទៀត ហើយបានទទួលយកសំណើផ្សេងទៀតរបស់កម្មករផងដែរ រួមមានថ្ងៃឈប់សម្រាកមានជំងឺមានប្រាក់ខែ ប៉ុន្តែ កម្មករសម្រេចថា តើត្រូវបន្តការតវ៉ាទៀតនៅថ្ងៃេនះ ឬយ៉ាងណា។ គេមិនអាចទាក់ទងបុគ្គលិករោងចក្រដើម្បីសុំអត្ថាធិប្បាយបានទេ។
នៅក្នុងករណីដាច់ដោយឡែកមួយទៀត កម្មករប្រហែល១០០នាក់នៅរោងចក្រ Smart Shirts បានហែក្បួនពីខណ្ឌមានជ័យទៅកាន់រដ្ឋសភា ដោយបានឈប់នៅក្រសួងការងាររយៈពេលខ្លី ដើម្បីដាក់ញត្តិទាមទារឲ្យដំឡើងប្រាក់ខែ២៨ដុល្លារដល់កម្មករដែលធ្វើការយូរឆ្នាំ។
ឃុន ណាំហោ ប្រធានសម្ព័ន្ធសហជីពសំឡេងកម្មករបានមានប្រសាសន៍ថា “កម្មករប្រហែល៣០០នាក់ក្នុងរោងចក្រចង់បានប្រាក់២៨ដុល្លារបន្ថែមទៀត បើទោះណាជាពួកគេមានប្រាក់ខែលើសពី១០០ដុល្លារហើយក៏ដោយ។ រោងចក្រមិនអាចដំឡើងឲ្យកម្មករគ្រប់រូបដូចគ្នាបានទេ។
កម្មករក៏ចង់ឲ្យរោងចក្រទទួលយកកម្មករបួននាក់ដែលត្រូវបានបណ្តេញចេញកាលពីពេលថ្មីៗមកធ្វើការវិញដូចដែលបានបង្គាប់ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក អិុន តារា ប្រធានរដ្ឋបាលនៅរោងចក្រនេះបានមានប្រសាសន៍ថា រោងចក្រមិនអាចផ្តល់ប្រាក់២៨ដុល្លារបន្ថែមដល់កម្មករធ្វើការយូរឆ្នាំបានទេ ប៉ុន្តែ នឹងពិចារណាផ្តល់ឲ្យពី៣ដុល្លារ ទៅ៥ដុល្លារបន្ថែមទៀតដល់ពួកគេក្នុងមួយខែ ប្រសិនបើពួកគេបញ្ឈប់ការតវ៉ា ហើយប្រឹងប្រែងធ្វើការងារ។ លោកបានបន្ថែមថា រោងចក្រនឹងមិនទទួលយកកម្មករដែលត្រូវបានបណ្តេញទាំងបួននាក់មកធ្វើការវិញឡើយ។
លោក តារា បានមានប្រសាសន៍ថា “តំណាងសហជីពទាំងបួននាក់មិនបានធ្វើការងារទេ នៅពេលពួកគេត្រូវបានជួលនោះ ប៉ុន្តែ ពួកគេបានញុះញង់ឲ្យកម្មករឲ្យធ្វើការតវ៉ាប្រឆាំងនឹងរោងចក្រទៅវិញ”។
លោក វង្ស សុវណ្ណ អនុប្រធាននាយកដ្ឋានវិវាទការងារនៅក្រសួងការងារបានមានប្រសាសន៍ថា លោកបានជួបជាមួយអ្នកហែក្បួនរយៈពេលខ្លី ហើយសង្ឃឹមថា នឹងគ្រោងកំណត់ពេលចរចារវាងរោងចក្រ និងសហជីពនៅថ្ងៃអង្គារ៕សារុន