34 C
Phnom Penh

ប្រវត្តិ​អតីតកាល​របស់​ចៅក្រម​ផ្តល់​នូវ​សេចក្តី​សង្ឃឹម​តិចតួច​ដល់​កំណែ​ទម្រង់​ពិត​ប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ការ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ដ៏​លេច​ធ្លោ​បំផុត​ចាប់តាំងពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​សំឡេង​ឆ្នោត​ដ៏​ច្រើន​របស់​ខ្លួន ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​នោះ​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​សប្តាហ៍​នេះ ចំពេល​មាន​ការ​អះអាង​ថា ប្រាក់​រាប់​លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែក្រឡាស់​សាលក្រម​សុំ​នៅ​ក្រៅ​ឃុំ។

ប្រធាន​តុលាការ​ក្រុងថ្មី​​លោក តាំង ស៊ុនឡាយ ​រូបថ​តក្នុង​ពិធី​ផ្ទេរ​តំណែង​នៅតុលា​ការ​ក្រុងភ្នំ​ពេញ​​។​ ស៊ីវ ចាន់ណា
ប្រធាន​តុលាការ​ក្រុងថ្មី​​លោក តាំង ស៊ុនឡាយ ​ក្នុង​ពិធី​ផ្ទេរ​តំណែង​នៅតុលា​ការ​ក្រុងភ្នំ​ពេញ​​។​ ស៊ីវ ចាន់ណា

សេចក្តី​សម្រេច​កាលពី​ថ្ងៃ​អង្គារ ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​អះអាង​ជា​សាធារណៈ​ថា ប្រាក់​៥​លាន​ដុល្លារ​ប្រហែល​បាន​ជួយ​ធានា​ឲ្យ​មាន​ការដោះលែង​ភ្លាមៗ​ឪពុក​ម្តាយ​របស់​ឧត្តមសេនីយ៍​រត់​គេច​ខ្លួន ថោង សារ៉ាត់ ដែល​ប្រឈម​នឹង​បទ​ចោទ​ឃាតកម្ម​នោះ បាន​ទទួល​ការ​សាទរ​ថា​ជា​ជោគជ័យ​ដ៏​កម្រ​មួយ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល។

ដោយ​អតីត​អនុប្រធាន​តុលាការ​ក្រុង​លោក តាំង ស៊ុនឡាយ បាន​ធ្វើ​ជា​ប្រធាន​តុលាការ​​ថ្មី ហើយ​លោក អាំង មាលតី ដែល​ធ្លាក់​ពី​តំណែង​និង​ស្រងាក​ចិត្ត​ នៅ​ទី​បញ្ចប់​លោក​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត បន្ទាប់ពី​មាន​ការ​អះអាង​ថា​មាន​អំពើ​ពុក​រលួយ​ដ៏​រាលដាល​ជាច្រើន​ឆ្នាំ​នោះ សារ​របស់​រដ្ឋាភិបាល​នេះ​មាន​ន័យ​ថា ខ្លួន​បាន​កម្ចាត់​អំពើ​ពុក​រលួយ​ពី​ស្ថាប័ន​របស់​ខ្លួន​ហើយ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា “មនុស្ស​ជាច្រើន​បាន​ចូលរួម​អបអរ​បន្ទាប់ពី​ឮ​អំពី​ការ​ដក​តំណែង​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ។ អ្វី​ដែល​គាត់​ធ្វើ អ្វី​ដែល​គាត់​បាន​ធ្វើ គឺ​យោង​ទៅតាម​ឆន្ទា​នុសិទ្ធិ មិន​មែន​យោង​តាម​នីតិ​វិធី និង​មិន​យោងតាម​ច្បាប់​ទេ”។

យោងតាម​លោក សុន ឆ័យ សមាជិក​​​សភា​គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា ការ​សន្យា​របស់​ចៅក្រម ស៊ុនឡាយ ថា​នឹង​ដឹកនាំ​តុលាការ​មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ​ច្រើន​ “ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រជាជន​និង​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ” នៅ​ពេល​ដែល​លោក​ទទួល​តំណែង​កាលពី​ថ្ងៃ​ពុធ​នោះ មាន​ឱកាស​តិចតួច​ប្រឆាំង​នឹង​ប្រព័ន្ធ​តុលាការ​ដែល​រស់រាន​​ដោយសារ​ការ​ឧបត្ថម្ភ​និង​សំណូក។

លោក ស៊ុន ឆ័យ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “អ្វីៗ​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ។ យើង​មាន​បទ​ពិសោធ​នេះ​ច្រើន​លើក​ហើយ​ក្នុង​ពេល​កន្លង​មក ពេល​ដែល​មនុស្ស​ណា​ម្នាក់​ទទួល​បាន​ការ​តែងតាំង​ដោយ​មិន​រំពឹង​ទុក​ទៅ​កាន់​តំណែង​ខ្ពស់​និង​មាន​ការ​រំភើប​ពេក ដោយ​សន្យា​ថា​នឹង​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ ប៉ុន្តែ​បន្ទាប់​មក​យើង​មិន​ដែល​ឃើញ​សកម្ម​ភាព​ណា​មួយ​ធ្វើ​តាម​ការ​សន្យា​ប្តូរផ្តាច់​របស់​ពួកគេ​ទេ”។

លោក​បាន​និយាយ​ថា “នឹង​មាន​ការ​ខក​ចិត្ត​ច្រើន ប្រសិនបើ​យើង​គិត​ថា វា​នឹង​ខុស​គ្នា​នៅ​ពេល​ឥឡូវ​នេះ ពីព្រោះ [ចៅក្រម ស៊ុនឡាយ] នឹង​នៅ​តែដើរតួ​ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល ហើយ​នឹង​ត្រៀម​ខ្លួន​ធ្វើ នៅ​ពេល​ណា​ដែល​គណបក្ស​នេះ​ចង់​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ពួក​ប្រឆាំង​នោះ។ ទន្ទឹម​នឹង​នោះ គាត់់​នឹង​ស្វែងរក​វិធី​នានា​ដើម្បី​រក​ប្រាក់​ដាក់​ហោប៉ៅ​ឲ្យ​បាន​ច្រើន​ពី​ប្រព័ន្ធ​នេះ”។

លោក មឿន តុលា ប្រធាន​​​កម្មវិធី​​​ការងារ​​​នៅ​​​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍ បាន​មាន​ប្រសាសន៍​ថា ចៅក្រម​របស់​ប្រទេស​កម្ពុជា​រីកចម្រើន​លូតលាស់​និង​ស្លាប់​ផ្អែកលើ​សមត្ថភាព​របស់​ពួកគេ​ធ្វើការ​បម្រើ​បណ្តាញ​នយោបាយ។

លោក តុលា បាន​និយាយ​ថា “មិន​អាច​ទៅ​រួច​ទេ​ចំពោះ​ចៅក្រម​ណា​ដែល​ធ្វើការ​ផ្អែក​លើ​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ។ ក្នុង​ប្រទេស​នេះ ខ្ញុំ​គិត​ថា មេដឹកនាំ​តុលាការ​ថ្មី​នឹង​ប្រយ័ត្ន​ប្រយែង​ណាស់ ហើយ​ការ​ចង្អុល​បង្ហាញ​ទាំងអស់​គឺ​ថា ពួកគេ​នឹង​បន្ត​រង់ចាំ​បង្គាប់​ពី​អ្នក​នយោបាយ”។

លោក​បាន​និយាយ​ថា “យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ពុក​រលួយ​ទាំងស្រុង និង​រង​ឥទ្ធិពល​នយោបាយ ជាពិសេស​ដោយសារ​មេដឹកនាំ​នយោបាយ​កំពូលៗ”។

អាជីព​ចម្រូង​ចម្រាស

ចៅក្រម ស៊ុនឡាយ មាន​ប្រវត្តិ​វិជ្ជាជីវៈ​ល្អ​ដោយ​អន្លើ ដោយ​បាន​ធ្វើ​សេចក្តី​សម្រេច​ដ៏​ចម្រូងចម្រាស​ក្នុង​រឿង​ក្តី​ធំៗ​នៅ​បី​តុលាការ ដែលនៅ​ទីនោះ​គាត់​បាន​ធ្វើ​ការ​ចាប់តាំងពីរៀន​ចប់​ពីរាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ក្នុង​ឆ្នាំ​២០០៥។

បន្ទាប់ពី​បម្រើការ​នៅតុលាការ​ខេត្ត​ព្រះសីហនុ ហើយ​បន្ទាប់​មក នៅ​ចុង​ឆ្នាំ​២០០៩ ចាប់​ផ្តើម​ការងារ​នៅ​សាលា​ឧទ្ធរណ៍ ចៅក្រម ស៊ុនឡាយ បាន​ក្លាយជា​អនុ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ខែ​មេសា​ឆ្នាំ​ទៅមិញ គឺ​នៅ​ពេល​នោះ លោក មាលតី បាន​ក្លាយជា​ប្រធាន​តុលាការ​ ពេល​ដែល​លោក​ផ្លាស់​ពី​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​មក។

នៅ​ពេល​បម្រើការ​នៅ​តុលាការ​ខេត្ត​ព្រះ​សីហនុ ចៅក្រុម ស៊ុនឡាយ បាន​សម្រេច​ចិត្ត​ប្រែ​ក្រឡាស​ការ​កាត់​ឲ្យ​ជាប់ទោស​របស់​លោក ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា ឈ្មោះ​លោក អាឡិចសានដឺ ត្រូហ្វីម៉ូស ជា​អតីត​នាយក​ក្រុម​វិនិយោគទុន​កោះពស់ ដែល​បាន​សាង​សង់​រមណីយដ្ឋាន​មាន​តម្លៃ​៣០០​លាន​ដុល្លារ​នៅ​ក្រុង​ព្រះ​សីហនុ ដែល​តុលាការ​រកឃើញ​ថា លោក​មាន​ទោស​រួមភេទ​ជាមួយ​កុមារី​ក្រោម​អាយុ​១៨​នាក់។

លោក សំលៀង សិលា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE) បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “គាត់​គឺ​ជា​ចៅក្រម​ជំនំុ​ជម្រះ​នៃ​រឿងក្តី​លោក ត្រូហ្វីម៉ូស ហើយ​គាត់​បាន​ចេញ​សេចក្តី​សម្រេច​បដិសេធចោល​សាលក្រម​មាន​ទោស​ចំពោះ​ការ​ទិញ​ពេស្យាចារ​កុមារ ដែល​អាច​មាន​ទោស​ជាអតិបរមា​រយៈ​ពេល​១៥​ឆ្នាំ ហើយ​បាន​ដូរ​បទចោទ​ទៅជា អំពើ​អាស​ដែល​មាន​ទោស​អតិបរមា​ត្រឹម​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ”។

លោក សិលា បាន​និយាយ​ថា “យើង​មិនយល់​សោះ​ថា​ហេតុអ្វី​បាន​ជា​គេ​សម្រេច​បែប​នោះ”។ លោក សីលា បាន​និយាយ​ថា ចៅក្រម ស៊ុនឡាយ បាន​ផាត់​ចោល​សាក្ខី​កម្ម​របស់​ជន​រងគ្រោះ​កុមារ​នៅ​ក្នុង​រឿង​ក្តី​នេះ​ដែល​បាន​និយាយ​ថា ពួកគេ​ត្រូវ​លោក​ ត្រូហ្វីម៉ូវ ដាក់​បញ្ចូល​អង្គជាតិ​ហើយ​ផ្ទុយ​ទៅ​វិញ បាន​ទទួល​យក​សាក្ខីកម្ម​របស់​ឈ្មួញ​ជនជាតិ​រុស្ស៊ី​នេះ​ដែល​ថា គាត់​បាន​ស្ទាប​អង្អែល​ប៉ុណ្ណោះ។

លោក សិលា បាន​និយាយ​ថា “សាក្ខីកម្ម​របស់​លោក ត្រូហ្វីម៉ូស នៅ​ត្រង់​ថា មិន​មាន​ការ​ដាក់​បញ្ចូល​អង្គជាតិ​ទេ។ គាត់​បាន​និយាយ​ថា គ្រាន់តែ​ជា​ការ​ស្ទាប​អង្អែល​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្ទាប​អង្អែល​ដើម្បី​លុយ​គឺ​នៅតែជា​ការ​ទិញ​ពេស្យាចារ​កុមារ​ដដែល។ ក្រោយ​មក​តុលាការ​ឧទ្ធរណ៍​បាន​ច្រានចោល​សេចក្តី​សម្រេច​របស់​លោក ហើយ​បាន​កាត់ទោស​ពាណិជ្ជករ​រូប​នេះ​ឲ្យ​ជាប់​គុក​៨​ឆ្នាំ​សាជាថ្មី​ពី​បទ​ទិញ​ពេស្យាចារ​កុមារ”។

នៅឯ​សាលា​ឧទ្ធរណ៍ ចៅក្រម ស៊ុនឡាយ កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៣ បាន​តម្កល់​សាលក្រម​ដែល​ទទួល​រង​ការ​រិះគន់​ពី​សាធារណជន ក្នុងការ​កាត់​ឲ្យ​ជាប់​ទោស​ចំពោះ​សកម្មជន​ដីធ្លី​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​អ្នកស្រី យ៉ោម បុប្ផា ពីបទ​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់។ ក្រោយមក​លោក​ចៅក្រម​រូប​នេះ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​កាន់​រឿងក្តី​របស់​លោក​ទាក់ទង​នឹង​អតីត​អភិបាល​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​ទៅ​លើ​កម្មករ​រោងចក្រ​បី​នាក់​ក្នុង​ពេល​មាន​ការ​តវ៉ា​មួយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២។

លោក បណ្ឌិត ដែល​កំពុង​គេច​ខ្លួន​នៅ​ឡើយ បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​កាត់​ឲ្យ​គាត់់​ជាប់ទោស​១៨​ខែ។ ចៅក្រម ស៊ុនឡាយ បាន​តម្កល់​សាលក្រម ប៉ុន្តែ​បាន​បន្ថែម​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

លោក​ចៅក្រម​រូប​នេះ​បាន​មាន​ប្រសាសន៍​នៅ​ពេល​សវនាការ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ថា “តុលាការ​យល់​ឃើញ​ថា ឈូក បណ្ឌិត មិន​មាន​ចេតនា​បាញ់​កម្មករ​ទាំង​បី​នាក់​ទេ ពីព្រោះ​គាត់​មិន​បាន​ស្គាល់​កម្មករ​ទាំង​នោះ​ឡើយ។

នៅឯ​តុលាការ​ក្រុង​ភ្នំពេញ​វិញ នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ ចៅក្រម ស៊ុនឡាយ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ជាប់​ចោទ​ពីបទ​ “ចូលរួម​កុបកម្ម” ក្នុង​ពេល​មាន​ការ​តវ៉ា​មួយ​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ខែ​កក្កដា។ នៅ​ក្នុង​ខែ​ធ្នូ ចៅក្រម​រូប​នេះ​បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បី​រូប​ចូល​អង្គុយ​នៅ​ក្នុង​បន្ទប់​សវនាការ​ជា​សាធារណៈ ដោយ​បញ្ជាក់​ថា ពួកគេ​នៅ​មាន​ជាប់​បទ​ចោទ​ដែល​មិន​ទាន់​ទទួល​ការ​កាត់​ទោស​នៅ​ឡើយ គឺ”ការ​ដឹកនាំ​កុបកម្ម”។

ចៅក្រម ស៊ុនឡាយ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទៅ​លើ​សាលក្រម​ភាគ​ច្រើន​ដែល​មាន​ភាព​ចម្រូង​ចម្រាស​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា រាល់​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដូរ​បទ​ចោទ​របស់លោក ម៉ូឡូឌីយ៉ាកូវ មាន​ការ​ប្រឹក្សា​យ៉ាង​ទូលំទូលាយ​ណាស់។​​ លោក​ចៅក្រម​រូប​នេះ​បាន​និយាយ​ថា “ពេល​ខ្ញុំ​ធ្វើ​រឿង​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​មន្ត្រី​ទាំង​អស់​ដើម្បី​ពិភាក្សា​គ្នាអំពី​រឿង​ការងារ​តុលាការ។

សុទិដ្ឋិនិយម​ជាផ្លូវការ

ទោះបីជា​ចៅក្រម ស៊ុនឡាយ ជាអនុប្រធាន​របស់​លោក មាលតី នៅ​ពេល​ដែល​មាន​ការ​សម្រេច​ចិត្ត​ដែល​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដោះលែង​ឪពុក​ម្តាយ​របស់​លោក​ឧត្តមសេនីយ៍ ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ដើម​ខែ​នេះ​ក៏ដោយ ក៏​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ស៊ីផាន ទាត់​ចោល​ការ​សន្និដ្ឋាន​ថា ចៅក្រម​រូប​នេះ​មាន​ការ​ពាក់ព័ន្ធ។

លោក ស៊ីផាន​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “មនុស្ស​សកម្ម​គឺ អាំង មាលតី តែ​ម្តង។ លោក​បាន​មើល​ឃើញ​ការ​ប្រព្រឹត្ត​ខុស​របស់​លោក អាំង មាលតី ហើយ​រឿង​នេះ​នឹង​មិន​កើត​ឡើង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ទេ។ ឥឡូវ​លោក​មើល​ឃើញ​ថា លោក​មាន​ឱកាស​កែខៃ​សុបិន​អាក្រក់​របស់​តុលាការ​នេះ និង​បង្ហាញ​ថា នេះ​គឺជា​តុលាការ​របស់​ប្រជាពលរដ្ឋ”។

លោក សំ ប្រជាមានិត អគ្គលេខាធិការ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ជា​ស្ថាប័ន​ដែល​ដក​លោក មាលតី ចេញពី​តំណែង​ជាផ្លូវ​ការ បាន​មាន​ប្រសាសន៍​ថា លោក​ជឿជាក់​ថា ចៅក្រម ស៊ុនឡាយ នឹង​ដឹកនាំ​តុលាការ​ឲ្យ​ប្រាសចាក​ពី​វប្បធម៌​ពុករលួយ​និង​និទណ្ឌភាព។

លោក សំ ប្រជាមានិត បាន​និយាយ​ថា “គាត់​ជាគ្រូ​មួយ​រូប​នៅឯ​រាជ្យ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​ចៅក្រម ហើយ​គាត់​គឺ​ជា​សិស្ស​ល្អ​ម្នាក់​ដែល​បាន​ទៅ​រៀន​នៅ​បរទេស ដូចជា​ប្រទេស​ជប៉ុន​ជាដើម”។ លោក ប្រជាមានិត បាន​បន្ថែម​ថា គាត់​សង្វាត​ការងារ​ហើយ​ម៉ឹងម៉ាត់”។

លោក​មេធាវី សុក សំអឿន ដែល​ជា​រឿយៗ​ធ្វើជា​មេធាវី​តំណាង​កូនក្តី​ពាក់ព័ន្ធ​ក្នុង​ករណី​នយោបាយ​នៅឯ​តុលាការ​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ការ​ដំឡើង​តំណែង​ចៅក្រម ស៊ុនឡាយ ជា​ប្រធាន​តុលាការ គឺ​មិន​ទំនងជា​ផ្លាស់ប្តូរ​ការ​ប្រកាន់​ខ្ជាប់​ប្រចាំ​ថ្ងៃ​ចំពោះ​នីតិ​វិធី​របស់​តុលាការ​បាន​ឡើយ។

លោក សំអឿន បាន​មាន​ប្រសាសន៍​ថា “ចំពោះ​រឿងក្តី​នយោបាយ​មិន​មាន​ឯករាជ្យ​ភាព​ច្រើន​ទេ។ ប៉ុន្តែ​ចំពោះ​រឿងក្តី​ធម្មតា​មាន​[ឯករាជ្យភាព] ហើយ​វា​ផ្អែក​ទៅលើ​រឿងក្តី​ផ្សេងៗ។ ខ្ញុំ​មាន​រឿងក្តី​ជាច្រើន​ដែល​ចៅក្រម​សម្រេច​ចិត្ត​ត្រឹមត្រូវ ហើយ​សេចក្តី​សម្រេច​ចិត្ត​ផ្សេងទៀត​មិន​ត្រឹមត្រូវ ពោលគឺ​មិន​សុទ្ធតែ​រឿងក្តី​ទាំងអស់​អាក្រក់​នោះ​ទេ។ ក្នុង​រឿងក្តី​ខ្លះ​ពួកគេ​ពិតជា​ប្រឹង​ស្វែងរក​យុត្តិធម៌”។

លោក សំអឿន បាន​បញ្ជាក់​ថា “ប្រសិនបើ​យើង​ក្រឡេកមើល​រឿងក្តី​នេះ [ការ​ដក​ចេញ​ពី​តំណែង​របស់​លោក មាលតី] ដែល​ចាប់​ផ្តើម​ដោយ​មាន​ការ​ដោះលែង​ឪពុក​ម្តាយ​ ថោង សារ៉ាត់ ហើយ​មិន​ផ្តោតលើ​អំពើ​ពុករលួយ​វិញ​នោះ រឿង​នេះ​មើល​ទៅ​ជា​រឿង​នយោបាយ ហើយ​មាន​បំណង​កាត់​បន្ថយ​ការ​រិះគន់ ដោយសារតែ​សេចក្តី​សម្រេច​នេះ​ទទួល​រង​ការ​រិះគន់​ច្រើន”៕រើន និង និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស