ស្រុកថ្ពង ខេត្តកំពង់ស្ពឺ-ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលលេចធ្លោជាងគេបំផុត ដែលបានទទួលរងការចោទប្រកាន់ថាប្រើពលកម្មកុមារ មានបំណងលុបលាងរូបភាពបែបនេះកាលពីម្សិលមិញ ដោយធ្វើសិក្ខាសាលាមួយ ប្រឆាំងទៅនឹងការប្រើពលកម្មកុមារប្រចាំឆ្នាំលើកទី៣របស់ខ្លួននៅទីនេះ។

ប៉ុន្តែ ក្នុងពេលដែលនាយកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុននេះ បានលើកសរសើរអំពីបរិយាកាសការងារ ដែលមិនប្រើពលកម្មកុមារឲ្យមន្ត្រីមូលដ្ឋានដឹងនៅក្នុងទីស្នាក់ការឃុំអមលាំងរបស់ខ្លួននោះ បែរជាកម្មករនៅកន្លែងចម្ការអំពៅមានចម្ងាយពីរបីគីឡូម៉ែត្រពីកន្លែងសិក្ខាសាលានោះ បានរៀបរាប់រឿងផ្សេងទៅវិញ។
លោក ស៊ីន សត្ថា នាយកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បានមានប្រសាសន៍ក្នុងអំឡុងពេលសិក្ខាសាលាមួយ ដែលមានមន្ត្រីឃុំស្រុកនិងខេត្តបានចូលរួមថា “យើងមិនមានពលកម្មកុមារទេ។ ព្រោះវាប្រឆាំងនឹងគោលនយោបាយរបស់ក្រុមហ៊ុន”។
ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ ព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានទទួលរងការចោទប្រកាន់ថា រំលោភយកដីធ្លី និងប្រើពលកម្មកុមារ ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលនិងគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ។ ចម្ការអំពៅនេះ គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុនមួយចំនួនដែលមានរហស្សនាមថា “ស្ករអំពៅឈាម” នៅក្នុងយុទ្ធនាការបញ្ចុះបញ្ចូលក្រុមហ៊ុនអន្តរជាតិដើម្បីបញ្ឈប់ការទទួលទិញពីក្រុមហ៊ុនដែលមានការរំលោភសិទ្ធិមនុស្ស។
ក្រោយពីសិក្ខាសាលាចប់ លោក សត្ថា បានសារភាពថា “គេគ្រប់គ្នាដឹងអំពីរឿងអតីតកាល៉។ លោកមានប្រសាសន៍បែបនេះសំដៅទៅលើការប្រើពលកម្មកុមារពេលកន្លងមករបស់ក្រុមហ៊ុន ប៉ុន្តែបាននិយាយបញ្ជាក់ថា ការប្រើពលកម្មកុមារចាប់តាំងពីពេលនោះមក ត្រូវបានលុបបំបាត់ចោលអស់ហើយ”។
លោក សត្ថា បាននិយាយថា “មិនមែនថា ក្រុមហ៊ុនមានចេតនាជួលកុមារនោះទេ ប៉ុន្តែ ក្រុមហ៊ុនមានក្រុមហ៊ុនជួលបន្តជាច្រើន ដូច្នេះពួកគេត្រូវតែទទួលខុសត្រូវ។ ទោះជាយ៉ាងនេះក្តី វាមានកំហុសតូចតាចខ្លះ។ ក្មេងខ្លះមកធ្វើការជាមួយឪពុកម្តាយរបស់ពួកគេ”។
លោក សត្ថា បាននិយាយថា ក្មេងអាចនៅមានចូលរួមជាមួយឪពុកម្តាយរបស់គេនៅក្នុងចម្ការអំពៅក្រុមហ៊ុន ប៉ុន្តែ លោកបញ្ជាក់ថា នេះមិនមានន័យថា ពួកគេធ្វើការនៅទីនេះទេ។
យោងតាមលោក សត្ថា ឲ្យដឹងថា កម្មករកាប់អំពៅម្នាក់អាចរកកម្រៃបានប្រហែល៤ដុល្លារក្នុងមួយថ្ងៃ។ លោក អ៊ូ សុផល នាយករងផ្នែករដ្ឋបាលនិងធនធានមនុស្ស របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បាននិយាយថា មិនមានការកំណត់ចំនួនដើមអំពៅសម្រាប់កម្មករដែលត្រូវកាប់ទេ ប៉ុន្តែថា មានការឲ្យកម្រៃលើកទឹកចិត្តសម្រាប់កម្មករណាដែលកាប់អំពៅបានច្រើន។
ក្រោយពីសិក្ខាសាលាដែលមានមនុស្សចូលរួមតិចតួចនោះ កម្មករដែលកាប់អំពៅឲ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បាននិយាយផ្ទុយគ្នាទៅនឹងអ្វីដែលគេបានផ្សព្វផ្សាយនៅក្នុងទីស្នាក់ការក្រុមហ៊ុន។
កម្មករម្នាក់មានវ័យ៥២ឆ្នាំ ដែលគ្រាន់តែប្រាប់ឈ្មោះឥតមាននាមត្រគោល ព្រោះខ្លាចបាត់បង់ការងារ បាននិយាយថា កម្មករកាប់អំពៅទទួលបានថ្លៃឈ្នួលទៅតាមបាច់អំពៅដែលគេកាប់បាន ដែលជាហេតុធ្វើឲ្យកម្មករខ្លះយកកូនមកធ្វើការជាមួយ ដើម្បីរកលុយឲ្យបានច្រើន។
កម្មកររូបនេះបាននិយាយថា “ពិតហើយដែលក្មេងៗមកធ្វើការ។ ចំពោះខ្ញុំ ខ្ញុំមិនយកកូនរបស់ខ្ញុំមកធ្វើការទីនេះទេ ប៉ុន្តែ អ្នកផ្សេងដែលក្រតោកយ៉ាក យកកូនរបស់គេមកជួយធ្វើការ”។
កម្មករម្នាក់ទៀត ដែលបាននិយាយថា គាត់មានអាយុ១៥ឆ្នាំ ហើយក៏មិនប្រាប់នាមត្រគោលដែរ កំពុងប្រលែងគ្នាលេងជាមួយក្មេងជំទង់ៗផ្សេងទៀត នៅក្នុងចម្ការអំពៅ។
យុវជនរូបនេះ ដែលមិនព្រមនិយាយថា តើនរណាដែលមិនឲ្យគាត់ធ្វើការកាលពីម្សិលមិញ បាននិយាយថា “ខ្ញុំឈប់កាប់អំពៅថ្ងៃនេះ ដោយសារគេប្រាប់មិនឲ្យខ្ញុំធ្វើ។ ខ្ញុំឃើ់ញក្មេងអាយុ១២ទៅ១៣ឆ្នាំ ប្រហែលបួនប្រាំនាក់កាប់អំពៅជារៀងរាល់ថ្ងៃ។ ពួកគេជិះឡានជាមួយខ្ញុំមកទីនេះ”។
អាយុតិចបំផុតដែលត្រូវធ្វើការគឺអាយុ១៥ឆ្នាំ ដែលយោងតាមច្បាប់ការងារកម្ពុជា គឺអនុញ្ញាតឲ្យកុមារអាយុ១២ឆ្នាំធ្វើការស្រាលៗបាន លុះត្រាតែការងារនោះមិនប៉ះពាល់ដល់ការសិក្សារបស់គេ។
លោក វង់ វែង អាយុ៤៧ឆ្នាំ ជាក្រុមប្រឹក្សាឃុំអមលាំងរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា គាត់បានធ្វើការនៅក្នុងចម្ការអំពៅរយៈពេល១០ថ្ងៃ កាលពីខែមុន គឺជារដូវកាប់អំពៅដើម្បីរកចំណូលបន្ថែមទៀតសម្រាប់គ្រួសារគាត់។
លោក វែង បាននិយាយថា “ប្រសិនបើអ្នកចូលទៅជ្រៅក្នុងចម្ការអំពៅ អ្នកនឹងឃើញក្មេងធ្វើការ។ យ៉ាងហោចណាស់ក៏មាន១០នាក់ដែរ ដែលធ្វើការនៅមួយប្លុកៗ”។
លោក វែង បានបញ្ជាក់ថា ក្រុមហ៊ុនមិនឲ្យមានកម្មករជាកុមារកាលពីម្សិលមិញ មុននឹងការធ្វើសិក្ខាសាលាស្តីពី “គ្មានពលកម្មកុមារ” ។ លោក វែង បាននិយាយថា សិក្ខាសាលានេះ “គឺជាវិធីលាក់បាំងកំហុសរបស់គេប៉ុណ្ណោះ”។រើន