កាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានទទួលស្គាល់ជនជាតិម៉ុងតាញ៉ា១៣នាក់នៅក្នុងរាជធានីភ្នំពេញ ថាជាជនភៀសខ្លួន ពោលគឺមិនដល់១សប្ដាហ៍ផងទេក្រោយពីការនិរទេសជនជាតិម៉ុងតាញ៉ា៣៦នាក់ទៀត ដែលជាជនស្វែងរកសិទ្ធិជ្រកកោននៅក្នុងខេត្តរតនគិរី នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងនេះបានចុះហត្ថលេខាលើពាក្យស្នើសុំរបស់ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់កាលពីរសៀលម្សិលមិញ ដោយទទួលស្គាល់ពួកគេជាជនភៀសខ្លួនជាផ្លូវភេទ។
លោកបានថ្លែងថា “ឧបនាយករដ្ឋមន្ត្រី ស ខេង បានសម្រេចថា មនុស្សទាំង១៣នាក់នេះគួរតែទទួលបានឋានៈជាជនភៀសខ្លួន”។ សំដៅដល់ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) លោកបានមានប្រសាសន៍បន្ថែមថា ” យើងកំពុងធ្វើការជាមួយ UNHCR ដើម្បីតាំងលំនៅពួកគេនៅក្នុងប្រទេសទី៣”។
លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៃ UNHCR បានមានប្រសាសន៍ថា អាជ្ញាធរកម្ពុជាបានប្រាប់ការិយាល័យរបស់លោកស្រីថា ពួកគេបានផ្ដល់អនុសាសន៍ឲ្យទទួលស្គាល់ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់នោះជាជនភៀសខ្លួន។ លោកស្រីបានលើកឡើងនៅក្នុងអុីម៉េលមួយថា ” UNHCR នឹងពិភាក្សាជំហានបន្ទាប់ជាមួយរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយសមរម្យបំផុតសម្រាប់ក្រុមនេះ”។
លោក ខៀវ សុភ័គ បានថ្លែងថា ក្រសួងរបស់លោកក៏បានទាក់ទងទៅស្ថានទូតសហរដ្ឋអាមេរិកដែរ ដើម្បីជជែកអំពីការតាំងលំនៅថ្មីរបស់ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់នេះ ហើយកំពុងរង់ចាំការឆ្លើយតប។
នៅពេលសួរថា តើស្ថានទូតសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីការតាំងលំនៅថ្មីជាមួយក្រសួងនេះ ឬយ៉ាងណានោះ លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានបដិសេធមិនឆ្លើយសំណួរនេះទេ។ លោកបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការការពារជនស្វែងរកសិទ្ធិជ្រកកោន និងជនចំណាកស្រុកដែលងាយរងគ្រោះ”។
ទោះជាយ៉ាងណា លោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីល្ងាចម្សិលមិញថា លោកមិនទាន់ផ្ដល់អនុសាសន៍ឲ្យទទួលស្គាល់ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់នេះជាជនភៀសខ្លួននៅឡើយទេ។ លោកបានលើកឡើងថា ” ប៉ុន្តែបើឯកឧត្ដម ខៀវ សុភ័គ មានប្រសាសន៍បែបនេះទៅហើយ គឺគាត់និយាយត្រូវ ពីព្រោះគាត់ជាអ្នកនាំពាក្យ”។
លោកបានមានប្រសាសន៍បន្ថែមថា លោកមិនអាចផ្ដល់ព័ត៌មានលម្អិតស្ដីពីករណីជនជាតិម៉ុងតាញ៉ាទាំង១៣នាក់នេះបានទេ ពីព្រោះវាអាចធ្វើឲ្យពួកគេមានគ្រោះថ្នាក់។ “មនុស្សទាំង១៣នាក់នេះបានភៀសខ្លួនពីប្រទេសរបស់ពួកគេដើម្បីស្វែករកសិទ្ធិជ្រកកោន ដូច្នេះហើយយើងគួរតែលាក់បាំងព័ត៌មាន ដើម្បីធ្វើឲ្យពួកគេមានសុវត្ថិភាព”។
ពេលទាក់ទងមុននេះក្នុងថ្ងៃដដែល លោក កែម សារិន បានមានប្រសាសន៍ថា លោកមិនអាចនិយាយបានទេ ពីព្រោះលោកជាប់ប្រជុំជាមួយស្ថានទូតសហរដ្ឋអាមេរិក។
លោកស្រី ដេនីស ខូកលែន (Denise Coghlan) ប្រធានអង្គការ Jesuit Refugee Service ជាអង្គការសាសនាគ្រិស្តនៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពេលនេះរដ្ឋាភិបាលមានជម្រើសពីរ គឺទី១ទទួលស្គាល់ពួកគេទាំង១៣នាក់ជាជនភៀសខ្លួន។ រដ្ឋាភិបាលអាចបញ្ចូលពួកគេទៅក្នុងសង្គមកម្ពុជាបាន ប្រហែលជានៅជិតជនជាតិចារា៉យផ្សេងទៀត។ ហើយជម្រើសមួយទៀតគឺជួយឲ្យពួកគេទទួលបានការតាំងលំនៅថ្មី។ ជាធម្មតា [នៅកម្ពុជា] ជនភៀសខ្លួនស្វែងរកការជួយឧបត្ថម្ភនៅក្នុងប្រទេសមួយផ្សេងទៀត ដែលពួកគេអាចនឹងមានមិត្តភក្ដិ ឬក្រុមគ្រួសារ បន្ទាប់មកពួកគេត្រូវបានប្រទេសនោះសម្ភាស”។
ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់ ដែលជាជនជាតិភាគតិចមកពីតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម បានមកដល់ខេត្តរតនគិរីកាលពីចុងខែតុលា ដើម្បីរត់គេចពីអ្វីដែលពួកគេនិយាយថា ជាការធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងនយោបាយពីសំណាក់រដ្ឋាភិបាលវៀតណាម។
ដោយទទួលបានជំនួយពីអ្នកភូមិជនជាតិដើមភាគតិចចារ៉ាយក្នុងស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ជនជាតិម៉ុងតាញ៉ាទាំងនេះបានគេចខ្លួនរួចច្រើនលើក នៅពេលអាជ្ញាធរមូលដ្ឋានព្យាយាមចាប់ខ្លួនពួកគេ និងនិរទេសចេញពីកម្ពុជា។
អាជ្ញាធរខេត្តបានរារាំងប្រតិភូមួយក្រុមដឹកនាំដោយអង្គការសហប្រជាជាតិ និងក្រសួងមហាផ្ទៃចំនួនបីដង មុនពេលពួកគេអាចចូលទៅដល់ក្រុមនេះកាលពីចុងខែធ្នូ។ ពេលនោះអង្គការសហប្រជាជាតិបានបញ្ជូនពួកគេទាំង១៣នាក់មកកាន់រាជធានីភ្នំពេញ ហើយប្រគល់ពួកគេឲ្យទៅនាយកដ្ឋានជនភៀសខ្លួន។
ដោយចាប់ផ្ដើមកាលពីដើមខែមករា ជនជាតិម៉ុងតាញ៉ាប្រហែល៦០នាក់ទៀតបានឆ្លងដែនចូលមកកម្ពុជាជាក្រុមផ្សេងគ្នា។ ក្នុងចំណោមពួកគេទាំងនោះ មានតែ១០នាក់ប៉ុណ្ណោះដែលបានមកដល់រាជធានីភ្នំពេញ និងកំពុងរង់ចាំដាក់ពាក្យសុំសិទ្ធិជ្រកកោន។
យោងតាមអង្គការសហប្រជាជាតិ និងអ្នកភូមិក្នុងមូលដ្ឋានបានឲ្យដឹងថា ៣៦នាក់ក្នុងចំណោមជនជាតិម៉ុងតាញ៉ាទាំងនោះត្រូវបានចាប់ខ្លួន និងនិរទេសទៅវៀតណាមវិញកាលពីសប្ដាហ៍មុន ខណៈពេលពួកគេព្យាយាមចូលមករាជធានីភ្នំពេញ។
ទោះជាយ៉ាងណា កាលពីថ្ងៃច័ន្ទ ស្នងការនគរបាលខេត្តនេះបានបដិសេធថា ពួកគេមិនត្រូវបានចាប់ខ្លួនទេ។
លោក ឆាយ ធី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី បានមានប្រសាសន៍ថា មគ្គុទេសក៍ជនជាតិចារ៉ាយម្នាក់ក្នុងមូលដ្ឋាន ត្រូវបានចាប់ខ្លួនរួមជាមួយជនជាតិម៉ុងតាញ៉ា៣៦នាក់ ហើយពេលនេះគេមិនដឹងថា មគ្គុទេសក៍រូបនោះនៅទីណាទេ។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “បុរសជនជាតិចារ៉ាយនោះកំពុងបាត់ខ្លួននៅឡើយ ហើយយើងកំពុងស៊ើបអង្កេត”។
អ្នកភូមិជនជាតិចារ៉ាយម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារភ័យខ្លាចការសងសឹក បាននិយាយថា មានជនជាតិម៉ុងតាញ៉ា១៣នាក់កំពុងលាក់ខ្លួននៅក្នុងស្រុកអូរយ៉ាដាវនៅឡើយ។
អ្នកភូមិដែលបានជួយគ្រប់ជនជាតិម៉ុងតាញ៉ា ដែលបានឆ្លងដែនចូលមកក្នុងខេត្តនេះចាប់តាំងពីខែតុលាមក បាននិយាយកាលពីម្សិលមិញថា គាត់សប្បាយចិត្តពេលដែលឮថា ពួកគេទាំង១៣នាក់នៅក្នុងរាជធានីភ្នំពេញត្រូវបានទទួលស្គាល់ជាជនភៀសខ្លួន។
គាត់បាននិយាយទៀតថា “ខ្ញុំនឹងលែងបារម្ភអំពីសុវត្ថិភាពរបស់ពួកគេទៀតហើយ។ ខ្ញុំគិតថា ពួកគេទាំង១៣នាក់ [នៅក្នុងរាជធានីភ្នំពេញ] នឹងអាចរស់នៅបាននៅពេលនេះ ពីព្រោះបើអាជ្ញាធរចាប់ខ្លួនពួកគេបញ្ជូនទៅប្រទេសរបស់ពួកគេវិញ ពួកគេអាចនឹងត្រូវគេសម្លាប់ចោល”៕ សុខុម