តុលាការកំពូលនៅថ្ងៃនេះ បានបើកសវនាការសុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចហិង្សាមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា។
លោក សុវណ្ណារ៉ា ដែលត្រូវបានចាប់ខ្លួននៅក្នុងក្រុងភ្នំពេញកាលពីខែវិច្ឆិកា បន្ទាប់ពីតុលាការចេញដីកាឃាត់ខ្លួនតាមការចោទប្រកាន់ពីបទ “ចូលរួមកុបកម្ម” និយាយថា “អ្វីដែលខ្ញុំសុំនៅក្រៅឃុំ ពីព្រោះខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយអំពើហិង្សាទេ។ ខ្ញុំសុំនៅក្រៅឃុំ ពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំស្អប់ណាស់អំពើហិង្សា ខ្ញុំចង់មានសេរីភាព ដើម្បីមើលថែម្តាយចាស់ជរារបស់ខ្ញុំ”។
កាលពីខែធ្នូ តុលាការសាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោក សុវណ្ណារ៉ាផងដែរ។
លោក សុវណ្ណរ៉ា បាននិយាយថា លោកជឿថា លោកមិនអាចបាននៅក្រៅឃុំបានទេ ប្រសិនបើមិនមានការចរចាផ្នែ្កនយោបាយរវាងថ្នាក់ដឹកនាំគណបក្សកាន់អំណាចនិងគណបក្សសង្គ្រោះជាតិទេនោះ។
លោក សុវណ្ណារ៉ាបាននិយាយថា “ខ្ញុំគ្មានជំនឿថា បាននៅក្រៅឃុំទេ បើសិនជាមេដឹកនាំទាំងពីរមិនមានការចរចាគ្នា ព្រោះតុលាការនេះរងសម្ពាធពីអ្នកនយោបាយ ៉។
មេធាវីរបស់លោក សុវណ្ណារ៉ា លោក ជួង ជូងី បានមានប្រសាសន៍ថា កូនក្តីរបស់លោក មិនបានប្រព្រឹត្តអំពើកុបកម្ម និងអំពើហិង្សាទៅលើកងសន្តិសុខខណ្ឌដូនពេញទេ។
លោក ជូងីបាននិយាយថា “តាមខ្ញុំសិក្សាសំណុំរឿង កូនក្តីខ្ញុំមិនបានប្រព្រឹត្តអំពើកុបកម្ម និង អំពើហិង្សាលើកម្លាំងសន្តិសុខទេ។ សុំប្រធានក្រុមប្រឹក្សាអនុញ្ញាតឲ្យកូនក្តីខ្ញុំបាននៅក្រៅឃុំផង”។
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចការសុំនៅក្រៅឃុំនៅថ្ងៃទី១១ ខែមីនា។