40.9 C
Phnom Penh

កូកាកូឡា និង លោក​​​ ភុតនែម នឹង​​​​​​លើកមុខមាត់កម្ពុជា​​​ជា​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញថា ក្រុម​​​ហ៊ុន​​​កូកាកូឡា​​​ និង​​​ លោក ដេវិដ ភុត​​​នែម ជាផលិត​​​ករ​​​ខ្សែភាព​​​យន្ត​​​ឆ្នាំ​​​១៩៨៤​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា  “វាល​​​ពិឃាដ” ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ជួយ​​​បង្វែរ​​​រូប​​​ភាព​​​កម្ពុជា​​​ ឲ្យ​​​ចេញ​​​ពី​​​គ្រាប់​​​មីន​​​ និង​​​អំពើ​​​ពុករលួយ​​​ ហើយ​​​ឆ្ពោះ​​​ទៅ​​​រក​​​សេដ្ឋកិច្ច​​​លូត​​​លាស់​​​ និង​​​ពាណិជ្ជកម្មងាយ​​​ស្រួល​​​។​​​

ក្នុង​​​​​​សន្និសីទ​​​ស្តីពី​​​ចក្ខុវិស័យ​​​ប្រទេស​​​ជាតិ​​​ឆ្ពោះ​​​ទៅ​​​រក​​​សហគមន៍​​​សេដ្ឋកិច្ច​​​អាស៊ាន​​​នៅ​​​ចុង​​​ឆ្នាំនេះ លោក​​​ ស៊ុន ចាន់​​​ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កម្ពុជា​​​ទទួល​​​រង​​​គ្រោះពីរូប​​​ភាព​​​អន្តរជាតិ​​​ ដែល​​​ដិត​​​ដាម​​​ដោយជំនួញ​​​មិន​​​ទៀងត្រង់។​​​

លោក​​​ ចាន់ថុល បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯសិក្ខាសាលា​​​មួយ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ លើក​​​​​​មុខ​​​មាត់​​​កម្ពុជា​​​ជាថ្មី៖ ការ​​​ចូល​​​រួម​​​សហគមន៍​​​សេដ្ឋកិច្ច​​​អាស៊ាន​​​ឆ្នាំ​​​២០១៥​​​ ” ថា វិធីសាស្ត្រ​​​ដែល​​​យើង​​​ធ្វើ​​​ពាណិជ្ជកម្ម​​​កាលពី​​​មុន​​​មិន​​​អាច​​​ និង​​​មិន​​​រស់រាន​​​មាន​​​ជីវិតបាន​​​ទេ​​​​​​ នៅពេល​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ក្លាយ​​​ជា​​​សមាជិក​​​នៃ​​​សហគមន៍​​​សេដ្ឋកិច្ច​​​អាស៊ាន​​​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “លោក​​​អ្នក​​​ត្រូវ​​​លេង​​​តាម​​​ក្បួន​​​ច្បាប់​​​”។ លោក​​​អ្នក​​​មិន​​​អាច​​​បោក​​​បញ្ឆោត​​​ដៃ​​​គូ​​​របស់​​​លោក​​​អ្នក​​​ ដៃ​​​គូ​​​បរទេស​​​របស់​​​លោក​​​អ្នក​​​បាន​​​ទេ​​​។ ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​មួយ​​​ចូល​​​មក​​​ប្រទេស​​​នេះ ហើយ​​​មាន​​​បទ​​​ពិសោធអាក្រក់​​​ តើ​​​លោក​​​អ្នក​​​អាច​​​ស្រមៃ​​​ឃើញ​​​អ្វី​​​ដែល​​​ជា​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​មក​​​លើ​​​កម្ពុជា​​​ ហើយ​​​និង​​​រូប​​​ភាព​​​របស់​​​វា​​​យ៉ាង​​​ម៉េច?​​​ ពួក​​​គេ​​​ចេញ​​​មក​​​និយាយ​​​ជាមួយ​​​មនុស្ស​​​ដទៃ​​​ ហើយ​​​និយាយ​​​ថា “កុំមក​​​កម្ពុជា​​​ មនុស្ស​​​ទាំង​​​នេះ​​​បោក​​​ប្រាស់​​​យើង​​​ គេ​​​ភូត​​​កុហក​​​យើង​​​ គេ​​​បោក​​​ប្រាស់​​​យើង​​​។​​​ នោះ​​​មិន​​​ល្អ​​​ឡើយ”។

ប៉ុន្តែ​​​ លោករដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​បាន​​​កំពុង​​​ធ្វើ​​​អ្វីៗ​​​គ្រប់​​​យ៉ាង​​​ដែល​​​ខ្លួន​​​អាច​​​ធ្វើ​​​ទៅ​​​កើត​​​ ដើម្បី​​​លើក​​​កម្ពស់​​​ចំណុច​​​វិជ្ជមាន​​​របស់​​​កម្ពុជា ទៅ​​​កាន់​​​ឆាក​​​អន្តរជាតិ​​​។

លោក​​​ ចាន់​​​ថុល​​​ បាន​​​និយាយថា អ្វីដែល​​​យើង​​​អាច​​​ធ្វើ​​​បាន​​​ដើម្បីជួយ​​​គឺ​​​ត្រូវ​​​អញ្ជើញ​​​អ្នក​​​ជំនាញ​​​ឲ្យ​​​មក​​​ជួយ​​​យើង​​​កែមុខ​​​មាត់​​​កម្ពុជា​​​។ យើង​​​ចាប់​​​ផ្តើម​​​ជាមួយ​​​លោក ភុតនែម​​​ គឺ ដេវិដ ភុតនែម ដែល​​​ជា​​​ផលិត​​​ករ​​​ខ្សែ​​​ភាព​​​យន្ត​​​ ​“វាល​​​ពិឃាដ”។

លោករដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “​​​ខ្ញុំ​​​ស្នើ​​​ឲ្យ​​​គាត់​​​គាំទ្រ​​​ជួយ​​​​​​លើក​​​​​​មុខ​​​មាត់​​​កម្ពុជា​​​។ គាត់​​​បាន​​​មក​​​ទីនេះ ដោយ​​​មាន​​​ក្រុមហ៊ុន​​​ធំៗ​​​ពីរ​​​ គឺ​​​ក្រុម​​​ហ៊ុន​​​ អូហ្គីល​​​វី (Ogilvy) និង​​​ក្រុម​​​ហ៊ុន​​​ ប៊្រែន​​​យូនៀន (Brand Union) ដើម្បី​​​មក​​​បង្រៀន​​​​​​ប្រជាជន​​​យើង​​​អំពីរបៀប​​​​​​លើក​​​​​​មុខ​​​មាត់​​​ប្រទេស​​​ទាំង​​​មូល​​​”។

លោក​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​រូប​​​នេះ បាន​​​និយាយ​​​ថា ​​​“​​​បន្ទាប់​​​មក​​​នៅ​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​ទៀត​​​ គឺ​​​ថ្ងៃ​​​ទី​​​២៧ ខែ​​​មីនា យើង​​​នឹង​​​មាន​​​សិក្ខាសាលា​​​មួយ​​​ស្តី​​​ពី​​​ការដាក់​​​ស្លាក​​​សញ្ញា​​​ពាណិជ្ជកម្ម​​​ ដោយ​​​មាន​​​ការ​​​ចូលរួម​​​ពី​​​អនុប្រធាន​​​ក្រុម​​​ហ៊ុន​​​កូកាកូឡា ដើម្បី​​​និយាយ​​​អំពី​​​​​​ស្លាក​​​សញ្ញា​​​ពាណិជ្ជកម្ម​​​ របៀប​​​ដែល​​​គេ​​​ដាក់​​​ស្លាក​​​សញ្ញា​​​ពាណិជ្ជកម្ម​​​កូកាកូឡា​​​ ជុំ​​​វិញ​​​ពិភព​​​លោក​​​ ហើយ​​​នៅ​​​ពេល​​​ជាមួយ​​​គ្នា​​​នោះ​​​ យើង​​​អាច​​​ដាក់​​​ស្លាក​​​សញ្ញា​​​កម្ពុជា​​​ទាំង​​​មូល​​​យ៉ាង​​​ដូច​​​ម្តេច​​​”។

សួរ​​​នៅ​​​ខាង​​​ក្រៅ​​​សន្និសីទ​​​ថា តើ​​​មាន​​​ការ​​​ជួយ​​​អ្វី​​​ខ្លះ​​​ពី​​​ក្រុមហ៊ុន​​​កូកាកូឡា​​​ និង​​​ក្រុម​​​ហ៊ុន​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​ដែល​​​ជ្រើស​​​រើស​​​ដោយ​​​លោក​​​ ​​​ភុតនែម ដែល​​​នៅពេល​​​បច្ចុប្បន្ន​​​នេះ​​​ធ្វើ​​​ជា​​​បេសកជន​​​ពាណិជ្ជកម្ម​​​របស់​​​ចក្រភព​​​អង់គ្លេស​​​ប្រចាំកម្ពុជា​​​នោះ​​​ ​​​លោក​​​ ចាន់​​​ថុល គ្រាន់​​​តែ​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ស្វែង​​​រក​​​ការរៀន​​​សូត្រ​​​ថា​​​តើ​​​ ក្រុម​​​ហ៊ុន​​​កូកាកូឡា​​​បាន​​​កសាង​​​ស្លាក​​​សញ្ញា​​​សាកល​​​ប្រកប​​​ដោយ​​​ជោគ​​​ជ័យ​​​យ៉ាង​​​ដូច​​​ម៉្ដេច។

លោក​​​ ចាន់ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ពួក​​​គេ​​​នឹង​​​ពន្យល់​​​យើង​​​អំពី​​​របៀប​​​ដែល​​​ក្រុមហ៊ុន​​​កូកាកូឡា​​​ដាក់​​​ស្លាក​​​សញ្ញា​​​ខ្លួន​​​ឯង​​​ គឺ​​​មាន​​​ន័យ​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​នោះធ្វើ​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​គ្នា​​​ដែល​​​រស់​​​នៅក្នុង​​​​​​ប្រទេស​​​ជាង​​​១០០ស្គាល់​​​ក្រុមហ៊ុន​​​កូកាកូឡាយ៉ាង​​​ម៉េច​​​។ យើង​​​នឹង​​​រៀន​​​ពី​​​ពួក​​​គេ​​​អំពីវិធី​​​ដែល​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​ល្បីល្បាញ​​​ចំពោះ​​​ចំណុច​​​ល្អ​​​ៗ​​”។

នៅ​​​ខែ​​​ធ្នូ ឆ្នាំ​​​២០១៣​​​ ក្រុម​​​ហ៊ុន​​​កូកាកូឡា បាន​​​ក្លាយ​​​ជា​​​ក្រុមហ៊ុន​​​ទី១​​​ ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​និមិត្តរូប​​​ជាមួយអង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​ “មិនចូលរួម​​​ក្នុង​​​ទង្វើ​​​ពុក​​​រលួយ​​​ ឬ​​​ការ​​​សូក​​​ប៉ាន់​​​”។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក មាន​​​ក្រុមហ៊ុន​​​១៦​​​ផ្សេង​​​ទៀត​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ។

ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​​​​ក្រោយ​​​ពី​​​សន្និសីទ​​​កាលពី​​​ម្សិលមិញ​​​ លោក ប៉ូល ប៉ូប៉ែលលឺ ប្រធាន​​​ក្រុមហ៊ុន​​​កូកាកូឡា​​​នៅ​​​កម្ពុជា បាន​​​បដិសេធ​​​មិន​​​អត្ថាធិប្បាយ​​​ចំពោះ​​​​​​ការ​​​រៀប​​​ចំ​​​ការងារ​​​ថ្មី​​​ជួយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​លើក​​​មុខ​​​មាត់​​​ថ្មីទេ​​​ ដោយ​​​និយាយ​​​ថា លោក​​​មាន​​​ជំងឺ​​​។

លោក​​​ ភុតនែម ដែល​​​ខ្សែ​​​ភាព​​​យន្ត​​​ឆ្នាំ​​​១៩៨៤​​​របស់​​​លោក​​​បាន​​​ជួយ​​​ផ្សព្វ​​​ផ្សាយ​​​ទុក្ខ​​​វេទនា​​​ប្រទេស​​​កម្ពុជា​​​ក្រោយ​​​ពី​​​របប​​​ ប៉ុល ពត​​​ ឲ្យ​​​គេ​​​ដឹង​​​ឮ​​​ទូទាំង​​​ពិភពលោក​​​ បាន​​​បង្ក​​​ឲ្យ​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​កាលពី​​​ឆ្នាំ​​​ទៅ​​​មិញ​​​ ក្នុង​​​ពេល​​​ដែល​​​លោក​​​បាន​​​ព្រមាន​​​អ្នក​​​កាសែត​​​កុំ​​​ឲ្យ​​​ក្លាយ​​​ជា​​​ “​​​ដៃ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​” ហើយ​​​បាន​​​កោត​​​សរសើរ​​​រដ្ឋាភិបាល​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ ដែល​​​ខំប្រឹង​​​ប្រែង​​​លុប​​​បំបាត់​​​អំពើ​​​ពុករលួយ​​​។

យោង​​​តាម​​​​​​សភា​​​ពាណិជ្ជកម្ម​​​ចក្រ​​​ភព​​​អង់​​​គ្លេស ឲ្យ​​​ដឹងថា លោក ភុតនែម បាន​​​នាំមក​​​ជាមួយ​​​រូប​​​លោក​​​នូវ​​​អ្នក​​​តំណាង​​​ក្រុមហ៊ុន​​​ ប៊្រែន យូនៀន និង អូហ្គិលវី៌ & ម៉ាដឺ ដែល​​​ជា​​​ក្រុមហ៊ុន​​​ផ្សាយ​​​ពាណិជ្ជ​​​កម្ម​​​របស់​ក្រុមហ៊ុន​​​​​​ WPPរបស់​​​​​​ចក្រភព​​​អង់គ្លេស​​​ ក្នុង​​​ដំណើរ​​​ទស្សនកិច្ច​​​មួយ​​​​​​កាល​​​ពីខែ​​​តុលា។

នៅ​​​ឯសិក្ខាសាលា​​​កាលពី​​​ម្សិលមិញ លោក​​​ ដេវិដ​​​ ម៉ាសាល់ ប្រធាន​​​ធនាគារ​​​សាជីវកម្ម​​​ និង​​​ស្ថាប័ននៃក្រុមហ៊ុនANZ Royalបាន​​​ប្រាប់​​​ក្រុម​​​វាគ្មិន​​​ថា ស្លាក​​​សញ្ញា​​​កម្ពុជា​​​ត្រូវ​​​ធ្វើ​​​​ឲ្យ​​​ខូច​​​ខាត​​​ដោយ​​​ស្ថាន​​​ការណ៍មិន​​​ល្អ​​​​​​ទាក់​​​ទិន​​​នឹង​​​សន្ទស្សន៍​​​ពាណិជ្ជកម្ម​​​សាកល​​​អស់​​​រយៈ​​​ពេល​​​ជាច្រើន​​​ឆ្នាំមក​​​ហើយ​​​។

នៅ​​​ខែ​​​តុលា​​​ ធានាគារ​​​ពិភព​​​លោក​​​ បាន​​​ចាត់​​​ថ្នាក់​​​ប្រទេស​​​កម្ពុជា​​​លំដាប់​​​ថ្នាក់​​​១៨៤​​​ក្នុង​​​បណ្តា​​​១៨៩​​​​​​ប្រទេស ដែល​​​ស្ទាប​​​ស្ទង់​​​សម្រាប់​​​ភាព​​​ងាយ​​​ស្រួល​​​ “​​​ការ​​​ចាប់​​​ផ្តើម​​​ជំនួញ​​​” ហើយ​​​មាន​​​ចំណាត់​​​ថ្នាក់​​​១៧៨​​​ក្នុង​​​បណ្តា​​​ប្រទេស​​​១៨៩​​​ សម្រាប់​​​ “ការ​​​អនុវត្ត​​​កិច្ច​​​សន្យា​​​” ចំណែក​​​ឯសន្ទស្សន៍​​​អំពី​​​​​​អំពើ​​​ពុករលួយ​​​ដ៏​​​ថ្មី​​​ៗ​​​បំផុត​​​របស់​​​អង្គការ​​​តម្លាភាព​​​អន្តរជាតិ​​​ បាន​​​ចាត់​​​ថ្នាក់​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ចំណាត់​​​ថ្នាក់​​​១៥៦​​​ក្នុង​​​ចំណោម​​​១៧៥​​​ប្រទេស​​​។

លោក ម៉ាសាល់ បាន​​​និយាយ​​​ថា តួលេខ​​​បែប​​​ហ្នឹង ជារឿយៗ​​​ជា​​​រឿង​​​ដំបូង​​​ដែល​​​ក្រុមហ៊ុន​​​ពហុជាតិ​​​ពិនិត្យ​​​មើល​​​ថា នៅ​​​ពេល​​​ណា​​​ពិចារណា​​​លើ​​​ការ​​​ចូល​​​ទៅ​​​ក្នុង​​​ប្រទេស​​​ថ្មី​​​មួយ ដែល​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​​​បាត់​​​បង់​​​ផល​​​ប្រយោជន៍​​​។

លោក ម៉ាសាល់ បាន​​​និយាយ​​​ថា  “​​​ប្រសិនបើ​​​លោក​​​អ្នក​​​គិត​​​អំពីវិធី​​​ដែល​​​គេមាន​​​ទស្សន​​​ទៅលើ​​​ប្រទេស​​​កម្ពុជា សន្ទស្សន៍​​​ពាណិជ្ជកម្ម សន្ទស្សន៍​​​​​ពុក​​​រលួយ សន្ទស្សន៍​​​​​​ហេដ្ឋា​​​រចនា​​​សម្ព័ន្ធ​​​នោះ បញ្ហា​​​ទាំង​​​អស់​​​នេះ​​​ជា​​​ផ្នែក​​​​​​នៃ​​​គំនិត​​​ ដែល​​​ក្រុមហ៊ុន​​​ពហុជាតិ​​​មួយ​​​ពិចារណា​​​មុន​​​នឹង​​​គេ​​​មក​​​ទី​​​នេះ”។

លោក ម៉ាសាល់​​​ បាន​​​បន្ត​​​ថា  “យើង​​​មាន​​​ចំណាត់​​​ថ្នាក់​​​ទាប​​​នៅ​​​លើ​​​កម្រិត​​​ទាំង​​​នេះ។ ភាពពិត​​​គឺ​​​ត្រង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ខ្ញុំ​​​គិត​​​ថា ពួក​​​យើង​​​ភាគ​​​ច្រើន​​​ដែល​​​ជា​​​ក្រុមហ៊ុន​​​ជំនួញ​​​ពហុជាតិ​​​នៅ​​​ទីនេះ យល់​​​ឃើញ​​​ថា​​​ប្រទេស​​​កម្ពុជា​​​ងាយ​​​ស្រួល​​​ក្នុង​​​ការ​​​ធ្វើ​​​ជំនួញ។ មាន​​​បញ្ហានានា ប៉ុន្តែ​​​ជាទូទៅ វាជា​​​បរិយាកាស​​​ជំនួញ​​​ប្រកប​​​ដោយ​​​មិត្តភាព​​​​​​មួយ។ រឿង​​​ត្រឹម​​​ត្រូវ​​​គេ​​​មិន​​​និយាយ​​​ប្រាប់​​​ទេ ពីព្រោះ​​​តែ​​​សូចនាករ​​​អវិជ្ជមាន​​​ទាំង​​​នោះ​​​ដែល​​​គេ​​​មើល​​​ឃើញ​​​”។

លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​​​រដ្ឋាភិបាល​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប ​​​ដែល​​​ធ្វើ​​​ជា​​​ប្រធានសិក្ខាសាលា​​​កាលពី​​​ម្សិលមិញ បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​បញ្ជាក់​​​ថា ចំពោះ​​​មនុស្ស​​​មួយ​​​ចំនួន រូបភាព​​​ប្រទេស​​​កម្ពុជា​​​គឺ​​​នៅ​​​តែ​​​ផ្តោតលើ​​​ខ្មែរ​​​ក្រហម​​​និង​​​គ្រាប់មីន​​​មិន​​​ទាន់​​​ផ្ទុះ។

លោក ស៊ីផាន់ណា បាន​​​មាន​​​ប្រសាសន៍​​​រៀបរាប់អំពី​​​សុន្ទរកថា​​​ថ្មីៗ​​​មួយ​​​ស្តីពី​​​ការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដែល​​​លោក​​​បាន​​​លើកឡើង​​​នៅ​​​ក្រុង​​​បាងកក​​​ថា  “សមាគម​​​សេដ្ឋកិច្ច​​​អាស៊ាន​​​នឹង​​​មិន​​​​​​មែន​​​ជា​​​ការ​​​ដើរ​​​លេង​​​ក្នុង​​​សួន​​​ទេ។ រូបភាព​​​និង​​​ការ​​​យល់​​​ឃើញ​​​កើត​​​ឡើង ហើយ​​​ជា​​​អកុសល​​​ រូបភាព​​​ប្រទេស​​​កម្ពុជា​​​មិន​​​ល្អ​​​សោះ”។

លោក​​​ទីប្រឹក្សា​​​រដ្ឋាភិបាល​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា  “មាន​​​សំណួរ​​​ពីអ្នក​​​ចូលរួម ហើយ​​​បុរស​​​ម្នាក់​​​បាន​​​និយាយ​​​ថា’ ខ្ញុំ​​​ខ្លាច​​​គ្រាប់​​​មីន​​​នៅ​​​ប្រទេស​​​កម្ពុជា ‘ គឺ​​​អ្នក​​​ជិតខាង​​​របស់​​​យើង។ កិច្ចការ​​​នេះ​​​នឹង​​​មិន​​​ងាយ​​​ស្រួល​​​ឡើយ”។

លោក ចាន់ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា ដំណើរ​​​ទស្សនកិច្ច​​​មក​​​ប្រទេស​​​កម្ពុជា​​​របស់​​​លោក​​​ស្រី​​​ជំទាវ​​​ទី​​​១​​​សហរដ្ឋ​​​អាមេរិក លោក​​​ស្រី មីសែល អូបាម៉ា នៅ​​​ចុង​​​ខែ​​​នេះ នឹង​​​ប្រើប្រាស់​​​ជា​​​ផ្នែក​​​កិច្ច​​​ប្រឹងប្រែង​​​ដើម្បី​​​លុប​​​បំបាត់​​​ចោល​​​នូវ​​​រូបភាពចាស់ៗ។

លោក ចាន់​​​ថុល​​​ បាន​​​បន្ត​​​ថា “សហសេវិក​​​របស់​​​ខ្ញុំ​​​បាន​​​និយាយ​​​ថា  ‘ កម្ពុជាមីន ‘ ។ លោក​​​ជំទាវទី​​​១​​​ មីសែល អូបាម៉ា នឹង​​​មក​​​ដល់​​​ខេត្ត​​​សៀមរាប​​​នៅ​​​ថ្ងៃ​​​ទី​​​២០ខែ​​​មីនា​​​ដល់​​​ថ្ងៃ​​​ទី​​​២២​​​ខែមីនា។ នេះ​​​ជា​​​ឱកាស​​​មាស​​​សម្រាប់​​​ប្រទេស​​​កម្ពុជា ដើម្បី​​​បង្ហាញ​​​កម្ពុជា។ សារព័ត៌មាន​​​ពិភព​​​លោក​​​ជាច្រើន នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​ជាមួយ​​​លោក​​​ជំទាវ​​​ដែរ។ យើងគួរ​​​ឆក់​​​យក​​​ប្រយោជន៍​​​នោះ។ ប្រសិនបើ​​​កម្ពុជា​​​មាន​​​សុវត្ថិ​​​ភាព​​​សម្រាប់​​​ដំណើរ​​​ទស្សនកិច្ច​​​លោក​​​ជំទាវ​​​ទី​​​១​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​នោះ ខ្ញុំ​​​គិត​​​ថា វា​​​មាន​​​សុវត្ថិ​​​ភាព​​​ក្នុង​​​ការ​​​មក​​​លេង​​​កម្ពុជា ”៕ រើន និង​​​ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស