37 C
Phnom Penh

កូន​ប្រុស​មន្ត្រី​គយ​ជាប់​សង្ស័យ​នៅ​ក្នុង​ការ​បាញ់​បោះ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​មន្ត្រី​គយ​មាន​បុណ្យ​ស័ក្តិ​ខ្ពស់​ម្នាក់​ បាន​ជាប់ពាក់ព័ន្ធ​​នៅ​ក្នុង​ហេតុការណ៍​បាញ់​បោះ​​មួយ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​​ភ្នំពេញ​ នៅ​វេលា​រំលង​អធ្រាត្រ​កាលពី​ម្សិលមិញ ដោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​រង​របួស​។cam-photo-rock-shooting-800x533

ទោះបីជា​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​នគរ​បាល​រាជធានី​​ ដែល​កត់​ត្រា​​បទល្មើស​​​កើត​ឡើង​កាលពី​ម្សិលមិញ​ក្នុង​រាជធានី​ភ្នំពេញ​ មិន​បាន​និយាយ​ពី​ហេតុ​ការណ៍​នេះ​ក្ដី តែ​នគរ​បាលជាតិ​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា កូន​ប្រុស​របស់​លោក កែវ សុខឃាង​ដែល​ជា​ប្រធានផ្នែក​​ត្រួត​ពិនិត្យ​ចល័ត​នៅ​ក្នុង​នាយកដ្ឋាន​​គយ និង​រដ្ឋាករ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ដែល​ធ្វើ​ការ​បាញ់​បោះ​នេះ​។

ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​បាន​លើក​ឡើង​ថា បង​ប្អូន​ប្រុស​​ម្នាក់​របស់​ភរិយា​លោក សុខឃាង និង​អង្គរក្ស​ម្នាក់​ក៏​​ស្ថិត​នៅ​ក្នុង​​ក្រុម​នេះ​ដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា តើ​នរណា​ជា​អ្នក​បាញ់​បោះ​ ឬ​ក៏​ថាតើ​បាញ់​អស់​ប៉ុន្មាន​គ្រាប់​នោះ​ឡើយ​។

លោក ហៀង ថារ៉េត អធិការ​រង​នគរ​បាល​ខណ្ឌ​​នេះ​​បាន​លើក​ឡើង​ថា ការ​បាញ់​បោះ​បាន​កើត​ឡើង​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ម្សិលមិញ។

លោក​បានមាន​ប្រសាសន៍​ថា “ការ​បាញ់​បោះ​នេះ​កើត​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត​ឈាន​ចូល​ព្រឹក​នេះ​​ដោយ​ក្រុម​របស់​កូន​ប្រុស​​ប្រធាន​គយ​ ហើយ​បណ្ដាល​ឲ្យ​បុរស​យ៉ាង​តិច​ម្នាក់​​រង​របួស​”។

លោក រ័ត្ន ស្រា៊ង​ មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា រថយន្ត​ម៉ាក​លុច​ស៊ីស​មួយគ្រឿង និង​កាំភ្លើង​អាកា​៤៧​មួយ​ដើម​ ត្រូវ​បាន​​រឹបអូស​ពី​ផ្ទះ​របស់​លោក សុខឃាង នៅ​ក្នុង​ថ្ងៃ​ដដែល​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​ច្រើន​នោះឡើយ​ ព្រោះ​​​ករណី​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​​នគរ​បាល​រាជធានី​ ដើម្បី​ស្វែង​រក​ជន​សង្ស័យ​។

គេ​មិន​អាច​ទាក់ទង​លោក ជួន សុវណ្ណ ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​​បាន​ឡើយ​។

សន្តិសុខ​​យាម​នៅ​ច្រក​ចូល​បុរី​មួយ​ក្នុង​ខណ្ឌ​សែនសុខ ជា​ទី​ដែល​លោក សុខឃាង រស់​នៅ​បាន​បញ្ជាក់​ដោយ​​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ព្រោះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ថា ​ពិត​ជាមាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​បាន​រឹបអូស​មែន។ សន្តិសុខ​រូប​នេះ​បាន​បន្ថែម​ថា ខ្លួន​មិន​បាន​ឃើញ​នគរ​បាល​​ចាប់​នរណា​ម្នាក់​បញ្ជូនទៅ​ពន្ធនាគារ​ឡើយ​នៅ​ពេល​នោះ​។

សន្តិសុខ​រូប​នេះ​បាន​និយាយ​ថា “ពួកគេ​គ្រាន់​តែ​រឹបអូស​រថយន្ត​ប៉ុណ្ណោះ។ ខ្ញុំ​មិន​បាន​ឃើញ​នគរ​បាល​ចាប់​ខ្លួន​ម្ចាស់​រថយន្ត​ឡើយ​”។ សន្តិសុខ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ខ្លួន​បាន​ឮ​នគរ​បាល​និយាយ​ថា មាន​ការ​បាញ់​បោះ​ប្រហែល​៣០​គ្រាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​។

ទាំង​នគរ​បាល​​ និង​​គេហទំព័រ​របស់​នគរ​បាល​ជាតិ​​សុទ្ធ​តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​​ទាក់​ទិន​​នឹង​គោល​បំណង​នៃ​ការ​បាញ់​ប្រហារ​​ ឬអត្តសញ្ញាណ​ ឬក៏​ស្ថានភាព​របស់​ជន​រងគ្រោះនោះ​​ឡើយ​។

ស្ថានីយ​ទូរទស្សន៍ BTV ដែលគ្រប់​គ្រង​ដោយ​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​កូន​​ប្រុស​លោក​ សុខឃាង​ ថា​ មាន​ឈ្មោះ​ កែវ វិទូ អាយុ​២៤​ឆ្នាំ៕ ស៊ុយឈាង​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស