30 C
Phnom Penh

អ្នកភូមិ​រារាំង​នគរ​បាល​​មិន​ឲ្យ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​​ដែល​ត្រូវ​បាន​​រឹបអូស​ទុក​ត្រឡប់​ទៅវិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​អ្នកភូមិជនជាតិ​ដើម​ភាគ​តិច​គួយ​ប្រហែល​១៥០​នាក់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​​ បាន​រារាំង​នគរ​បាល និង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ម្នាក់​មិន​ឲ្យ​យក​គ្រឿង​ចក្រ​ឈូស​ឆាយចំនួនពីរ​គ្រឿង​ ដែល​អ្នកភូមិ​រឹបអូស​​ពី​ចម្ការ​​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន​កាលពី​ឆ្នាំ​មុន​ត្រឡប់​ទៅវិញ​ឡើយ។ អ្នកភូមិ​បាន​ចោទ​ប្រកាន់ក្រុម​ហ៊ុន​ចិន​នេះ​ពីបទ​​រាន​យក​ដី​ស្រែ​របស់​ពួកគាត់​។

​កាលពី​ខែ​ធ្នូ អ្នកភូមិ​ប្រហែល​៤០០​នាក់ បាន​រឹបអូស​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ទាំងពីរ​គ្រឿង​នេះ ​បន្ទាប់ពី​​​កម្មករ​របស់​ក្រុម​ហ៊ុន Lan Feng បាន​ចាប់​ផ្ដើម​ប្រើ​គ្រឿង​ចក្រទាំង​នេះ​ដើម្បី​រាន​​ដី​ដែល​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​គួយ​និយាយ​ថា ពួកគាត់​បាន​ធ្វើ​ស្រែ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​។ រដ្ឋាភិបាល​​បាន​ផ្ដល់​ដី​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ត្បែង​មានជ័យ​នេះ​​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​​សម្រាប់​ក្រុម​ហ៊ុន​ចិន​មួយ​នេះ​កាលពី​ឆ្នាំ​២០១១។

នៅពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​អ្នកភូមិ​បាន​រឹបអូស​យក​គ្រឿង​ចក្រ​ទាំង​នេះដោយ​ខុស​ច្បាប់​ ហើយ​ថា តុលាការ​​ដែល​គាំទ្រ​ដោយ​នគរ​បាល​ប្រហែល​៣០​នាក់​ កំពុង​ព្យាយាម​ជួយ​ក្រុម​ហ៊ុន Lan Feng យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​មក​វិញ។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​ដឹកនាំ​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ព្យាយាម​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ទាំងពីរ​គ្រឿង​នេះ​ត្រឡប់​មកវិញ ព្រោះ​អ្នកភូមិ​បាន​រំលោភ​ច្បាប់​ ប៉ុន្តែ​ពួកគាត់​​​មិន​អនុញ្ញាត​ឲ្យ​យើង​យក​គ្រឿង​ចក្រ​ទាំង​នេះ​​ត្រឡប់​មក​វិញ​​​ឡើយ”។

អ្នកស្រី រឿង ខាន់ អ្នកភូមិ​​ម្នាក់​ក្នុង​ចំណោម​អ្នកភូមិ​ប្រហែល​១៥០​នាក់​នេះ​បាន​លើក​ឡើង​ថា នៅពេល​លោក ស៊ីថា បាន​មក​ដល​់​ជាមួយ​កម្មករ​របស​់​ក្រុម​ហ៊ុន Lan Feng និង​នគរ​បាល​មួយ​ចំនួន​​ដែល​នាំយក​មក​ជាមួយ​នូវ​រថយន្ត​​បំពាក់​​កាណុង​បាញ់​ទឹក​ផង​នោះ អ្នក​ភូមិ​បាន​ប្រើ​​ត្រាក់ទ័រ​របស់​ខ្លួន​បិទ​ផ្លូវ​នៅ​ខាង​ក្រៅ​សាលា​ឃុំ​ ជាទីដែលពួកគាត់​រក្សា​ទុក​គ្រឿង​ចក្រ​ឈូស​ឆាយ​ទាំង​នេះ​។

អ្នកស្រី ខាន់ បាន​និយាយ​ថា “ព្រះរាជអាជ្ញា​​បាន​បញ្ជា​ឲ្យ​កម្មករ​ក្រុម​ហ៊ុន​ម្នាក់​បញ្ឆេះ​គ្រឿង​ចក្រ​ឈូស​ឆាយ​មួយ​គ្រឿង​ ហើយ​កម្មករ​ម្នាក់​​នេះ​បាន​ព្យាយាម​បើក​ចេញ​ពី​កន្លែង​នេះ។ ប៉ុន្តែ​យើង​បាន​ឡោមព័ទ្ធ​គ្រឿង​ចក្រ​ឈូស​ឆាយ​នោះ ដើម្បីរារាំង​កុំ​ឲ្យ​កម្មករ​បើក​ចេញ​ទៅ​ ព្រោះពួកគេ​មិន​ទាន់​​ដោះ​ស្រាយ​បញ្ហា​ឲ្យ​យើង​នៅ​ឡើយ​​ទេ”។

អ្នកស្រី ខាន់ បាន​លើក​ឡើង​ទៀត​ថា បន្ទាប់​មក ​នគ​របាល​បាន​ប្រាប់​អ្នកភូមិ​ថា លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​​នេះ​​​ចង់​ឲ្យ​អ្នកភូមិ​បញ្ជូន​តំណាង​ចំនួន​បួន​នាក់ទៅ​ជួប​លោក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ ដើម្បីពិភាក្សា​អំពី​​វិវាទ​នេះ​។

អ្នកស្រី​បាន​និយាយ​ថា “យើង​បាន​បដិសេធ​មិន​ទៅ​ជួប​គាត់​ឡើយ ព្រោះ​​យើង​ខ្លាច​គាត់​ចាប់​ខ្លួន​ពួកយើង​”។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកភូមិ​ប្រហែល​២០០​នាក់ បាន​មក​យាម​​​គ្រឿង​ចក្រ​ទាំង​នេះ​ពេញ​មួយ​យប់​។

អ្នកស្រី​បាន​និយាយ​បន្ថែមទៀត​ថា “យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ទាំង​នេះ​ទៅ​វិញ​ឡើយ​ លុះត្រា​តែ​អាជ្ញាធរ​ និង​​តំណាង​ក្រុម​ហ៊ុន​ធ្វើ​កិច្ច​សន្យា​​ជាមួយអ្នកភូមិ​ ហើយ​ឈប់​រាន​ដីស្រែ​តទៅទៀត​”។

កញ្ញា ចាង សៀវម៉ី អ្នកគ្រប់គ្រង​ និង​ជាអ្នក​បក​ប្រែ​​​ឲ្យ​ក្រុមហ៊ុន​ Lan Feng ក្នុង​ខេត្ត​ព្រះវិហារ​បាន​និយាយ​ថា ខ្លួន​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​ស្ថានភាព​នេះ​បាន​ឡើយ ព្រោះ​ឥឡូវ​នាង​កំពុង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស