28.4 C
Phnom Penh

ច្បាប់​បោះ​ឆ្នោត​ថ្មី​ដ៏ចម្រូង​ចម្រាស​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​​គ្មាន​ការ​កែប្រែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ថា ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​​សម្រាប់​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន​ពីរ​នឹង​ធានា​បាន​ថា ច្បាប់​ទាំងពីរ​នេះ​នឹង​ត្រូវ​អនុម័ត​​​ដោយ​រដ្ឋ​សភា​ដោយ​​មាន​ការ​ពិភាក្សា​ដេញ​ដោល​តិច​តួច​​នៅ​ថ្ងៃនេះ ទោះបី​ជា​សាធារណជន​មួយ​ចំនួន​ធំ​ព្រួយ​បារម្ភអំពី​ខ្លឹមសារ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​ក៏​ដោយ។

អង្គការ​សង្គម​ស៊ីវិល​​បាន​រិះគន់​បទប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​ ​ដែល​រួម​មាន​ដូច​ជា​ការ​ពិន័យ​ដ៏ធ្ងន់ធ្ងរ​ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​មិន​រក្សា​​ “អព្យាក្រឹតភាព​” នយោបាយ និង​ចំពោះ​​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ដែល “រំខាន” មន្ត្រី​បោះ​ឆ្នោត​។

បទប្បញ្ញត្តិ​ផ្សេងៗទៀត​​​​នឹង​​ដក​សិទ្ធិ​របស់​គណបក្ស​ណាមួយ​ចេញពី​ការ​បោះ​ឆ្នោត ​ប្រសិន​បើ​​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​នោះ​បំពាន​ច្បាប់​បោះ​ឆ្នោត​ ដែល​អ្នក​អង្កេត​ការណ៍​បាន​លើក​ឡើង​ថា អាចនឹង​​ត្រូវ​បាន​រំលោភ​បំពាន​ដើម្បី​លួច​អាសនៈ​ពី​គណបក្ស​ឈ្នះ​ឆ្នោត​​នោះ​។

លោក ឈាង វុន បាន​លើក​ឡើង​​ទៀត​​ថា ទោះបី​ជា​មាន​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ចាប់តាំង​ពី​ច្បាប់​បោះ​ឆ្នោត​​​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​១​សប្ដាហ៍​កន្លង​មក​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​​ និង​គណបក្ស​សង្គ្រោះជាតិ​នឹង​​នៅ​តែ​​អនុម័ត​ច្បាប់​ទាំង​នេះ​តាម​គោលជំហរ​បច្ចុប្បន្ន​របស់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ការ​កែ​តម្រូវ​មួយ​ចំនួន​លើ​ពាក្យ​ពេជន៍ ប៉ុន្តែ​គ្មាន​ការ​​កែតម្រូវ​អត្ថន័យ​ឡើយ​ ព្រោះ​ថា ច្បាប់​បោះ​ឆ្នោត​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​សេចក្ដី​ព្រាង​​ដោយ​សមាជិក​​ដែល​មាន​បទពិសោធ​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ពីរ​ឬ​បី​អាណត្តិ​រួច​មក​ហើយ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ជា​ពិសេស​ មេដឹកនាំ​​ទាំង​ពីរ​មកពី​គណបក្ស​ធំៗ​ទាំង​ពីរ​​បាន​​ឯកភាព​គ្នា​ចំពោះ​អត្ថន័យ​នៃ​ច្បាប់​ទាំង​ពីរ​រួច​ហើយ ហេតុ​ដូច្នេះ​ខ្ញុំគិត​ថា ​គ្មាន​ការ​ពិភាក្សា​ដេញ​ដោល​ច្រើន​ឡើយ​នៅ​ថ្ងៃ​ស្អែក”។

ការ​លើក​ឡើង​របស់​លោក ឈាង វុន ​កាលពី​ម្សិលមិញ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កិច្ច​ប្រជុំ​មួយ​របស់​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​ហៅខ្លួន​ឯង​ថា ជា​សម្ព័ន្ធ​កំណែទម្រង់​បោះ​ឆ្នោត​ ដែល​ប្រើ​ឱកាស​ចុង​ក្រោយ​របស់​ខ្លួន​មុន​ច្បាប់​ត្រូវ​បាន​អនុម័ត ដើម្បី​អំពាវ​នាវ​​ឲ្យ​មាន​ការ​លុប​ចោល​ផ្នែក​ដែល​មាន​ភាព​ចម្រូង​ចម្រាស​នោះ​។

សម្ព័ន្ធ​កំណែទម្រង់​បោះ​ឆ្នោត​នេះ បាន​​អំពាវ​នាវ​ឲ្យ​សមាជិក​ទាំង​​១២៣​រូប​​នៅ​ក្នុង​រដ្ឋសភាដក​ចេញ​នូវ​មាត្រា​៨៤ ១៣៧ ១៤៨ ១៥៩ និង​មាត្រា១៦០ ពី​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ ហើយ​ជំនួស​មក​វិញ​​នូវ​មាត្រា​​​នៃ​ច្បាប់​បោះ​ឆ្នោត​ចាស់។

ក្នុង​ចំណោម​បទប្បញ្ញត្តិ​​​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជំទាស់​ មាត្រា​១៦០​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ ដាក់​ទោស​ទណ្ឌ​លើ​ ” ភ្នាក់​ងារ​គណបក្ស​ ឬអ្នកអង្កេត​ការណ៍​ដែល​ផ្ដល់​យោបល់ ឬ​​រិះគន់​មន្ត្រី​បោះ​ឆ្នោត​ និង​មន្ត្រី​រាប់​សន្លឹក​ឆ្នោត​”។

លោក​ ស៊ិន ទិត្យសីហា មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៅ​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​លើក​ឡើង​ថា មាត្រា​​នេះ​នឹង​រារាំង​អ្នក​អង្កេត​ការណ៍​ពី​ការ​​ធ្វើ​ការ​ងារ​របស់​ខ្លួន។

លោក ទិត្យសីហា បាន​មាន​ប្រសាសន៍​ថា “អ្នក​អង្កេត​ការណ៍​ភាគច្រើន​ត្រូវ​បាន​ជ្រើស​រើស​​ពី​​ក្នុង​ចំណោម​ពលរដ្ឋទូទៅ ​ពី​សាលា​រៀន ឬក៏​សាកលវិទ្យាល័យ​ ដើម្បី​បណ្ដុះ​បណ្ដាល​នៅ​ក្នុង​ការ​ងារ​អង្កេត​ការណ៍​បោះ​ឆ្នោត​”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា “ឥឡូវ​នេះ ការ​ងារ​បែប​នេះ​ប្រឈម​នឹង​ការ​ពិន័យ​ចន្លោះពី​១លាន​ទៅ​១០​លាន​រៀល [ប្រហែល​២៥០ដុល្លារដល់​២.៥០០​ដុល្លារ​]។ ហេតុ​ដូច្នេះ យើង​គិត​ថា ចំណុច​នេះ​គឺ​វា​អាក្រក់​ខ្លាំង​ណាស់​​ ហើយ​ថា ​គំនិត​របស់​គណបក្ស​ទាំង​ពីរ​​គឺ​មិន​ចង់​ឲ្យ​មានអ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ចូល​រួម​ឡើយ​”។

ដោយ​ឡែក​ មាត្រា​៨៤​ហាម​ប្រាម​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ប្រើ​​ពាក្យ​ដោយ​ផ្ទាល់ ឬដោយ​ប្រយោល ឬ​ប្រើ​សារ​ដែល​ប្រមាថ​ដល់​គណបក្ស​ណាមួយ​ ឬបេក្ខជន​ណាមួយ​ ឬក៏​ហាម​មិន​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ណាមួយ…ការ​គាំទ្រ​ ឬ​ក៏​បង្ហាញ​ភាព​លម្អៀង​ចំពោះ​ ឬប្រឆាំង​សកម្មភាព​ណាមួយ​ ឬបេក្ខជន​ណាមួយ​ ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​ពិន័យ​​ស្រដៀង​គ្នា​។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (និកហ្វិក) ​បាន​លើក​ឡើង​ថា ការ​បញ្ចូល​មាត្រា​បែប​នេះ​ទៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​មាន​ន័យ​ថា ​​ព័ត៌មាន​នានា​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​អាច​ត្រូវ​បាន​រារាំង។

​លោក​បានមាន​ប្រសាសន៍​ថា “ខណៈ​មាត្រា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​​​ដាក់​ការ​ពិន័យ​លើ​អង្គការ​សង្គម​ស៊ីវិល​សម្រាប់​ការ​​​ប្រើ​ប្រាស់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​នោះ វា​ក៏​​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​សាធារណជន​ទូទៅ​ដែរ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស