កាលពីម្សិលមិញ នគរបាលបានឲ្យដឹងថា ឥឡូវនេះបុរសជនជាតិខ្មែរបួននាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើចោរកម្មដ៏ហិង្សានៅផ្ទះសំណាក់មួយលើកោះរ៉ុង ក្នុងក្រុងព្រះសីហនុកាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យជនជាតិកាណាដាម្នាក់មានរបួសធ្ងន់ត្រង់ក្បាល។
លោក អុិន បូរ៉ា ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ និងជាសមាជិកមួយរូបក្នុងចំណោមមន្ត្រីនគរបាលជាន់ខ្ពស់មួយក្រុម ដែលបានធ្វើដំណើរទៅក្រុងព្រះសីហនុ ដើម្បីស៊ើបអង្កេតការកើនឡើងក្នុងពេលថ្មីៗនៃបទល្មើសដ៏ហិង្សាពាក់ព័ន្ធនឹងជនបរទេស បានលើកឡើងថា លោកបានដឹកនាំមន្ត្រីមូលដ្ឋានមួយក្រុមដើម្បីធ្វើការចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។
ឧត្ដមសេនីយ៍ឯក អុិន បូរា៉ា បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនជនល្មើសចំនួនបួននាក់”។ លោកប្រាប់អត្តសញ្ញាណរបស់បុរសជនជាតិខ្មែរទាំងបួននាក់នោះថាមានឈ្មោះដូចជា វណ្ណ សីហវ័ន អាយុ២២ឆ្នាំ ជួប ទិត្យ អាយុ២៧ឆ្នាំ ឃួន ហ៊ុន អាយុ២៤ឆ្នាំ និង ជឹម រតនា អាយុ២៧ឆ្នាំ។
សេចក្ដីរាយការណ៍ពីគ្រូពេទ្យបានឲ្យដឹងថា ការវាយប្រហារដែលកើតឡើងនៅផ្ទះសំណាក់ Broken Heart លើកោះរុ៉ុងកាលពីយប់ថ្ងៃព្រហស្បតិ៍បានបណ្ដាលឲ្យជនជាតិកាណាដាម្នាក់ឈ្មោះ Micheal Hay អាយុ២៧ឆ្នាំ បែកឆ្អឹងថ្ពាល់ និងមានស្នាមរយះប្រវែង១១សង់ទីម៉ែត្រនៅលើក្បាល។ លោក Micheal Hay ត្រូវបានជួលឲ្យមកធ្វើការនៅក្នុងផ្ទះសំណាក់នេះដោយបុរសជនជាតិហ្វាងឡង់ម្នាក់ឈ្មោះ Jouni Niemi អាយុ៤៩ឆ្នាំ ដែលរងរបួសស្រាលអំឡុងការវាយប្រហារ។ យោងតាមនគរបាលបានឲ្យដឹងថា ជនសង្ស័យបានយកប្រាក់ចំនួន៣.០០០ដុល្លារ កុំព្យូទ័រយួរដៃមួយគ្រឿង និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតចេញទៅបាត់”។
ឧត្ដមសេនីយ៍ឯក អុិន បូរ៉ា បានលើកឡើងកាលពីម្សិលមិញថា ជនសង្ស័យបានសារភាពថា ខ្លួនបានរៀបគម្រោងប្លន់នេះបួនឬប្រាំថ្ងៃរួចមកហើយ។
លោក សៀង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ បានលើកឡើងថា បុរសទាំងបួននាក់នេះត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកាលពីម្សិលមិញ ហើយថា បុរសម្នាក់ក្នុងចំណោមជនសង្ស័យទាំងនេះកាលពីមុនធ្លាប់ជាបុគ្គលិកនៅផ្ទះសំណាក់ Broken Heart នេះ។ គេហទំព័ររបស់នគរបាលជាតិបានកំណត់អត្តសញ្ញាណ ឃួន ហ៊ុន ថាជាបុគ្គលិកនៅផ្ទះសំណាក់នេះ។
ពេលនិយាយអំឡុងដេកនៅលើគ្រែពេទ្យក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីម្សិលមិញ លោក Micheal Hay បានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំងបួននាក់ក្នុងរូបថតបង្ហោះនៅលើគេហទំព័ររបស់នគរបាលជាតិថា មានឈ្មោះ ” វ័ន” ដែលលោកបានលើកឡើងថា ធ្លាប់បានបម្រើការនៅក្នុងផ្ទះសំណាក់នេះរហូតដល់ខែមករា។
ពេលនិយាយទាំងលំបាកដោយសារបាក់ធ្មេញ និងមុខហើមខ្លាំង លោក Micheal Hay បានលើកឡើងថា ជនសង្ស័យបានប្រើដុំឥដ្ឋ និងដំបងដែកក្នុងការវាយប្រហារដែលកើតឡើងខណៈលោក និងលោក Niemi យកប្រាក់ទៅទុកកន្លែងមានសុវត្ថិភាព។
យោងតាមអ្នកស្រី Tiia Komulainen ដែលធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា លោក Niemi បានចាកចេញពីមន្ទីរពេទ្យហើយ ហើយកំពុងតែជាសះស្បើយជាបណ្ដើរៗពីរបួសស្រាលត្រង់ក្បាល និងដៃ ដែលលោកបានទទួលរងនៅពេលព្យាយាមយកដៃរងអំឡុងការវាយប្រហារ។
អំពើហិង្សានៅលើកោះរ៉ុងបានកើតឡើងក្រោយមានការកើនឡើងនៃបទល្មើសមួយចំនួនពាក់ព័ន្ធនឹងជនបរទេសនៅក្នុងក្រុងព្រះសីហនុ ដែលរួមមានដូចជាការវាយតប់គ្នា ការចាក់គ្នា ការដាក់គ្រាប់បែកបំផ្ទុះរថយន្ត និងការបាញ់ប្រហារពីរថយន្តមួយទៅរថយន្តមួយទៀត ដោយធ្វើឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការបញ្ជូននគរបាលថ្នាក់ខ្ពស់មួយក្រុមទៅស៊ើបអង្កេតបញ្ហាទាំងនេះ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បេសកកម្មនេះត្រូវបានបញ្ចប់ហើយ ហើយក្រុមនគរបាលបានត្រឡប់មកពីក្រុងព្រះសីហនុកាលពីថ្ងៃអាទិត្យ។
ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “មន្ត្រីទាំងនេះបានត្រឡប់មកវិញហើយ ហើយបានធ្វើរបាយការណ៍ពេញលេញមួយជូនឧបនាយករដ្ឋមន្ត្រី [ស ខេង] ដើម្បីពិចារណា។ [យើងបានស៊ើបអង្កេត] គ្រប់ករណីទាំងអស់ ហើយវានឹងមានលទ្ធផលវិជ្ជមាន”។
នៅពេលត្រូវបានសួរថា តើក្រុមមន្ត្រីចុះបេសកកម្មដែលរួមមានដូចជា លោក នៅ លក្ខិណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃ លោក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃ និងសមាជិកនៃនាយកដ្ឋានប្រឆាំងអំពើភេរវកម្មនោះ បានជួបជាមួយក្រុមជនបរទេសដែលជាអ្នកបង្កឲ្យមានអំពើហិង្សាក្នុងពេលថ្មីៗនេះដែរឬក៏អត់ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងត្រឹមតែថា ស្ថានភាពគឺ “ស្ថិតក្រោមការគ្រប់គ្រងរបស់យើង”។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ពួកគេដឹងហើយ។ អ្នកទាំងនោះបានប្រព្រឹត្តសកម្មភាពខុសច្បាប់ ហើយពួកគេត្រូវតែអនុវត្តទៅតាមច្បាប់”៕ ស៊ុយឈាង