27.5 C
Phnom Penh

អ្នក​នយោបាយ​អ៊ុយក្រែន​ត្រូវ​គេ​ស្វែងរក​ចាប់​ខ្លួន​​ពីបទ​ចាប់​រំលោភ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​អ៊ុយក្រែន​ម្នាក់​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ទូរទស្សន៍​កំពុង​ត្រូវ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​ចាប់​ខ្លួន ពី​បទ​រំលោភ​អនីតិជន​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០១១ និង​ត្រូវ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​អាំងទែប៉ូល​នៃ​ឧក្រិដ្ឋជន​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត។wanted1

យោង​តាម​វិបសាយ​របស់​អាំងទែប៉ូល​បាន​ឲ្យ​ដឹង​ថា លោក មីកូឡា ខ្ញាហ្ស៊ឺស្គី (Mykola Kniazhytsky) អាយុ​៤៦​ឆ្នាំ​ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​នៃ​គណបក្ស​រណសិរ្ស​ប្រជាជន​កាលពី​ខែ​វិច្ឆិកា និង​មុន​នោះ​បាន​បម្រើ​ការ​ជា​នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​ប៉ុស្តិ៍ TVi “ត្រូវ​អាជ្ញាធរ​តុលាការ​កម្ពុជា​តាម​ចាប់​ខ្លួន​យក​មក​កាត់​ទោស” ពី​បទ​រំលោភ​ផ្លូវ​ភេទ។

វិបសាយ​នេះ​មិន​បាន​និយាយ​ថា​ការ​ចាប់​រំលោភ​បាន​កើត​ឡើង​នៅ​ទីណា ឬ​ពេលណា​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ផ្សេងទៀត​អំពី​ករណី​នេះ​ដែរ។

លោក លឹម សុខា​រស្មី ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​នគរបាល​អន្តរ​ជាតិ​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ។

ដោយ​ដក​ស្រង់​ព័ត៌មាន​ការិយាល័យ​អាំងទែប៉ូល​អ៊ុយក្រែន កាសែត កៀវ ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស បាន​រាយការណ៍​ថា លោក ខ្ញាហ្ស៊ឺស្គី ជាប់​ចោទ​ពី​បទ​រំលោភ​អនីតិជន​ម្នាក់​នៅ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ ប៉ុន្តែ​គាត់​ត្រូវ​គេ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​របស់​កម្លាំង​ប៉ូលិស​សាកល​ទើប​តែ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ទេ។

លោក ខ្ញាហ្ស៊ឺស្គី មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ជំនួយការ​ស្រាវជ្រាវ​របស់​លោក​ លោក​ស្រី អាណាសតាស្យា មែលនីក បាន​និយាយ​ថា លោកស្រី​មិន​ជឿ​ថា ប្រធាន​របស់​លោក​ស្រី​ជា​អ្នក​រំលោភ​ក្មេង​ទេ។

លោក​ស្រី​បាន​និយាយ​តាម​ទូរស័ព្ទ​ពី​ក្រុង​កៀវ​ថា “​ចំពោះ​ខ្ញុំ ស្តាប់​ទៅ​មិន​ពិត​ទាល់តែ​សោះ ពីព្រោះ​ខ្ញុំ​បាន​ស្គាល់​គាត់​ច្បាស់​ជាង​មួយ​ឆ្នាំ​មកហើយ​មកដល់​ពេល​នេះ។ យើង​បាន​ជួប​គ្នា​បន្តិច​មុន​ពេល​បដិវត្តន៍។ ស្តាប់​ទៅ​គួរ​ឲ្យ​អស់​សំណើច​ណាស់​ចំពោះ​ខ្ញុំ”។

ក្នុង​អីុម៉េល​មួយ​កាលពី​យប់​មិញ ការិយាល័យ​ព័ត៌មាន​របស់​លោក ខ្ញាហ្ស៊ឺស្គី បាន​ហៅ​ការ​ចោទ​ប្រកាន់​លើ​លោក​សមាជិក​សភា​ថា “បរិហារកេរ្តិ៍​និង​ប្រឌិត”។ អីុម៉េល​បាន​ឲ្យ​ដឹង​ថា គាត់​ប្រហែល​មិន​អាច​រំលោភ​អនីតិជន​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៩​កញ្ញា​ឆ្នាំ​២០១១​បាន​ទេ ពីព្រោះ​គាត់​បាន​រៀបចំ​កម្មវិធី​ជជែក​តាម​ទូរទស្សន៍ ឈ្មោះ​ថា “ពេល​ល្ងាច​ជាមួយ​ មីកូឡា ខ្ញាហ្ស៊ឺស្គី” នៅ​យប់​ថ្ងៃ​ទី​៨​ខែ​កញ្ញា។

អីុម៉េល​និយាយ​ថា “ភាព​ខុសគ្នា​នៃ​ពេល​វេលា​រវាង​ក្រុង​កៀវ​និង​ក្រុង​ភ្នំពេញ​គឺ​ប្រាំ​ម៉ោង”។ ពេល​ហោះ​ហើរ​ពី​ក្រុង​កៀវ​មក​ភ្នំពេញ ១២​ម៉ោង។ មិន​មាន​ការ​ហោះ​ហើរ​ផ្ទាល់​រវាង​ទីក្រុង​ទាំង​ពីរ​នេះ​ទេ។ អីុម៉េល​ឲ្យ​ដឹង​ទៀត​ថា យោងតាម​សេវា​ការពារ​ព្រំដែន​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា សមាជិក​សភា មីកូឡា ខ្ញាហ្ស៊ឺស្គី ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ឧក្រិដ្ឋកម្ម​ដែល​គេ​ចោទ​បាន​កើត​ឡើង”។

អីុម៉េល​បន្ត​ទៀត​ថា “សមាជិក​សភា មីកូឡា ខ្ញាហ្ស៊ឺស្គី ជឿជាក់​ថា សម្ពាធ​នេះ​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​បង្ខូច​កិត្តិយស​របស់​គាត់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​មូស្គូ និង​រៀបចំ​ដោយ​សេវា​ពិសេស​រុស្ស៊ី ពីព្រោះ​គាត់​បាន​ផ្តួចផ្តើម​ឲ្យ​មាន​បម្រាម​ទូរទស្សន៍​ឃោសនា​រុស្ស៊ី ដែល​ជេរ​ប្រមាថ​ប្រទេស​អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន”។

ក្នុង​អត្ថបទ​កាសែត កៀវ ប៉ុស្តិ៍ លោក ខ្ញាហ្ស៊ឺស្គី ចោទ​ពាណិជ្ជករ​រុស្ស៊ី កុនស្តានទីន កាហ្គាឡូវស្គី ថា​ព្យាយាម​ឃុបឃិត​ទម្លាក់​កំហុស​លើ​លោក។

គេ​បាន​ដកស្រង់​សម្តី​លោក​ដែល​និយាយ​ថា “ខ្ញុំ​នឹង​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ការ​ចោទ​ប្រកាន់​នេះ មិន​ពិត​ទេ”។

អត្ថបទ​និយាយ​ថា “ខ្ញាហ្ស៊ឺស្គី និយាយ​ថា ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ប្រឌិត​ដោយ​…កាហ្គាឡូវស្គី ដែល​ជា​ម្ចាស់​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ុយក្រែន TVi រហូត​ដល់​មាន​ជម្លោះ​គ្រប់គ្រង​ស្ថានីយ​នៅ​ខែ​មេសា​ឆ្នាំ​២០១៣។ កាហ្គាឡូវស្គី បាន​ចោទ​ ខ្ញាហ្ស៊ឺស្គី ដែល​ជា​នាយក​ប្រតិបត្តិ​ TVi ពេល​នោះ ថា​បាន​រៀបចំ​ដណ្តើម​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​នេះ”។

អត្ថបទ​និយាយ​ថា លោក ខ្ញាហ្ស៊ឺស្គី បាន​ទទួល​ស្គាល់​ថា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ម្តង​រយៈ​ពេល​ពីរ​ថ្ងៃ ប៉ុន្តែ​ថា លោក​មិន​បាន​បញ្ជាក់​ថា​ពេលណា​ទេ។

លោក ជួន ណារិន ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ករណី​របស់​លោក ខ្ញាហ្ស៊ឺស្គី ទេ។

និយាយ​ដល់​ប្រធាន​ការិយាល័យ​អាំងទែប៉ូល​របស់​ប្រទេស​កម្ពុជា លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​អ្វី​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ទាក់ទង​លោក រស្មី”៕ និត​(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា និង វណ្ណ រើន)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស