កម្មករប្រហែល៤០នាក់មកពីរោងចក្រកាត់ដេរ Meroson ក្នុងរាជធានីភ្នំពេញបានដាក់ញត្តិមួយដែលមានការចុះហត្ថលេខាពីអ្នករួមការងារចំនួន៧០០នាក់ជូនតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ ដោយអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយធ្វើអន្តរាគមន៍នៅក្នុងជម្លោះជុំវិញអ្វីដែលពួកគេលើកឡើងថា រោងចក្រមិនបានបើកប្រាក់អតីតភាពការងារឲ្យបានសមរម្យ បន្ទាប់ពីបណ្តេញពួកគេពីការងារ។
ក្រុមកម្មករប្រហែល៤០នាក់នេះបានធ្វើការតវ៉ាម្តងហើយម្តងទៀតនៅរោងចក្រនេះចាប់តាំងពីពេលពួកគេត្រូវបានបណ្តេញចេញពីការងារកាលពីថ្ងៃទី១១ ខែមីនាមកម្លេ៉ះ ហើយសហជីពដែលដឹកនាំពួកគេបានច្រានចោលលទ្ធផលនៃកិច្ចពិភាក្សាដែលសម្របសម្រួលដោយរដ្ឋាភិបាលកាលពីសប្តាហ៍មុន។
លោក អ៊ុន ដារ៉ា ប្រធានសម្ព័ន្ធសហជីពស្មារតីកម្មករឯករាជ្យបានលើកឡើងថា កម្មករចំនួន៤៥នាក់ត្រូវបានបណ្តេញពីការងារ ខណៈកំពុងធ្វើការដោយគ្មានកិច្ចសន្យា ហើយដំបូងឡើយពួកគេត្រូវបានរោងចក្របដិសេធមិនផ្តល់ប្រាក់អតីតភាពការងារឲ្យឡើយ ទោះបីជាពួកគេបានធ្វើការនៅរោងចក្រេនះអស់រយៈពេលពីរឆ្នាំហើយក៏ដោយ។
លោក ដារ៉ា បានមានប្រសាសន៍ថា “ពួកគេកំពុងស្នើសុំប្រាក់អតីតភាពការងារ សំណងជំងឺចិត្តសម្រាប់ការបណ្តេញចេញពីការងារដោយគ្មានការជូនដំណឹង ប្រាក់ខែចុងក្រោយរបស់ពួកគេ និងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ”។
យោងតាមច្បាប់ការងាររបស់ប្រទេសកម្ពុជាចែងថា និយោជកតម្រូវឲ្យបង់ប្រាក់ជូនកម្មករ៥ភាគរយ ចំពោះអ្វីដែលពួកគេបានឯកភាពគ្នាអំឡុងពេលចុះកិច្ចសន្យា។ប្រសិនបើ និយោជិតបន្តធ្វើការបន្ទាប់ពីកិច្ចសន្យារយៈពេលវែងផុតកំណត់ វាត្រូវតែមានការបន្តកិច្ចសន្យាដែលមានរយៈពេលដូចគ្នាទៅនឹងកិច្ចសន្យាដើមដោយស្វ័យប្រវត្តិ។
នៅក្នុងកិច្ចប្រជុំនៅក្រសួងការងារកាលពីសប្តាហ៍មុន តំណាងរោងចក្របានយល់ព្រមផ្តល់ប្រាក់អតីតភាពការងារ៥ភាគរយដល់កម្មករដែលត្រូវបានបណ្តេញចេញទាំងអស់។នេះជាការផ្តល់ដែលលោក ដារ៉ា បានលើកឡើងថា កម្មករមិនទទួលយកឡើយ។
លោក ប្រាក់ ចាន់ធឿន អគ្គលេខាធិការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់មុខសញ្ញានៅក្រសួងការងារបានលើកឡើងថា រោងចក្រនេះ នឹងនៅតែបើកប្រាក់ខែឲ្យកម្មករ។
លោកបានមានប្រសាសន៍ថា “[យើង] មិនច្បាស់ឡើយថា តើកម្មករប៉ុន្មាននាក់មានកិច្ចសន្យា និងប៉ុន្មាននាក់គ្មាន ប៉ុន្តែ ប្រសិនបើពួកគេមានកិច្ចសន្យារយៈពេលបីខែ រោងចក្រត្រូវតែបើកប្រាក់៥ភាគរយឲ្យពួកគេ បន្ទាប់ពីកិច្ចសន្យានីមួយៗ”។ លោក គឹម ថៃ ប្រធានរដ្ឋបាលនៅរោងចក្រ Meroson បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញជម្លោះនេះ៕ស៊ុយឈាង