27 C
Phnom Penh

ក្រុម​មន្ត្រី​មិន​ដឹង​អំពី​ករណី​ចាប់​រំលោភ​របស់​អ្នក​នយោបាយ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា សមាជិក​សភា​អ៊ុយក្រែន​ដែល​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​អនីតិជន​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០១១ បាន​គេច​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា មុន​ពេល​តុលាការ​អាច​តាម​ចាប់​រូប​គាត់។

ទោះជា​យ៉ាង​នេះ​ក្តី លោក មីកូឡា ខ្ញាហ្ស៊ឺស្គី (Mykola Kniazhytsky) អាយុ​៤៦​ឆ្នាំ​ដែល​​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​នៃ​គណបក្ស​រណសិរ្ស​ប្រជាជន​កាលពី​ខែ​វិច្ឆិកា នៅតែ​អះអាង​ថា លោក​ត្រូវ​គូសត្រូវ​ចាស់​ដែល​មាន​ទំនាក់​ទំនង​ដ៏​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​កម្ពុជា បង្ខូច​កេរ្តិ៍​ឈ្មោះ ខណៈ​ដែល​ក្រុម​មន្ត្រី​នៅ​ក្រុង​ភ្នំពេញ​ស្ទើរតែ​មិន​អាច​ផ្តល់​ព័ត៌មាន​អំពី​ករណី​នេះ​កាលពី​ថ្ងៃ​អង្គារ។

វិបសាយ​អាំងទែប៉ូល​បាន​ដាក់​ឈ្មោះ​លោក ខ្ញាហ្ស៊ឺស្គី ក្នុង​បញ្ជី​មនុស្ស​ត្រូវ​តាម​ចាប់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​លើ​បទ​សង្ស័យ​ចាប់​រំលោភ។ យោងតាម​ការ​បកប្រែ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការិយាល័យ​អាំងទែប៉ូល​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ស្វះស្វែង​ធ្វើ​បត្យាប័ន​លោក ខ្ញាហ្ស៊ឺស្គី ពី​បទ​រំលោភ​អនីតិជន​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៩​ឆ្នាំ​២០១១។

ទោះជា​យ៉ាង​នេះ​ក្តី ក្នុង​ចំណោម​មន្ត្រី​ដែល​មាន​មុខ​តំណែង​ច្បាស់​លាស់​១០​នាក់​ដែល​ទាក់ទង​កាលពី​ថ្ងៃ​អង្គារ មាន​តែ​ឧត្តមសេនីយ៍​ទោ ប៉ុល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ប៉ុណ្ណោះ អាច​ឲ្យ​ដឹង​ខ្លះ​ទាក់ទិន​នឹង​ការ​ចោទ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ជន​រងគ្រោះ​បាន​ប្តឹង​ទៅ​តុលាការ​[ក្រុង​ភ្នំពេញ]​ដោយ​ផ្ទាល់ ហើយ​ជន​ល្មើស​បាន​គេច​ខ្លួន​មុន​ពេល​ទៅ​តុលាការ។ នេះ​ជា​ព័ត៌មាន​ទាំង​អស់​ដែល​ខ្ញុំ​មាន។ លោក​គួរ​ទាក់ទង​តុលាការ”។ លោក​បាន​បន្ថែម​ថា អង្គភាព​របស់​លោក​មិន​ពាក់ព័ន្ធ​ក្នុង​ការ​ស៊ើប​អង្កេត​ទេ។

នៅ​តុលាការ​ក្រុង ព្រះ​រាជ​អាជ្ញារង​៦​រូប​បាន​និយាយ​តាម​ទូរស័ព្ទ​ថា ពួកគេ​មិន​អាច​នឹក​ឃើញ​រឿង​ក្តី​ចោទ​លោក ខ្ញាហ្ស៊ឺស្គី បាន​ទេ។ លោក លឹម សុខា​រស្មី ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​នគរបាល​អាំងទែប៉ូល​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ និង​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បាន​និយាយ​ថា ពួកគាត់​មិន​បាន​ដឹង​អ្វី​ទាល់តែ​សោះ​អំពី​ករណី​នេះ។ លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​”មិន​ដែល​បាន​ឮ​ឈ្មោះ​បុរស​អ៊ុយក្រែន​នេះ​ទេ”។

ស្រដៀង​គ្នា​នេះ​ដែរ លោក សំលៀង សិលា នាយក​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE) ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ការពារ​កុមារ ដែល​ដោះស្រាយ​ករណី​រួម​ភេទ​កុមារ​ច្រើន​បំផុត​ពាក់ព័ន្ធ​នឹង​ជនបរទេស​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក ខ្ញាហ្ស៊ឺស្គី មិន​មាន​ក្នុង​របាយការណ៍​អង្គការ​របស់​លោក​ទេ។

លោក ខ្ញាហ្ស៊ឺស្គី និយាយ​ថា គាត់​មិន​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​នៅ​ថ្ងៃ​នៃ​ការ​ចោទ​ថា​ចាប់​រំលោភ​នោះ ដោយ​លោក​បាន​ពន្យល់​ថា លោក​បាន​រៀបចំ​កម្មវិធី​ទូរទស្សន៍ ឈ្មោះ​ថា “ពេល​ល្ងាច​ជាមួយ​ មីកូឡា ខ្ញាហ្ស៊ឺស្គី” នៅ​ក្រុង​កៀវ មួយ​យប់​មុន​នោះ។

ក្នុង​អីុម៉េល​មួយ​កាលពី​ថ្ងៃ​អង្គារ សមាជិក​សភា​រូប​នេះ​បាន​និយាយ​ថា លោក​បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ម្តង​រយៈ​ពេល​ពីរ​ថ្ងៃ “យូរ​មក​ហើយ​មុន​ឧក្រិដ្ឋកម្ម​ចោទ​ប្រកាន់​បាន​កើត​ឡើង” និង​តាម​ការ​អញ្ជើញ​របស់​មន្ត្រី​កម្ពុជា​ម្នាក់ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ថា លោក​បាន​ធ្វើ​ដំណើរ​មក​ពេលណា​ទេ។

លោក ខ្ញាហ្ស៊ឺស្គី បាន​និយាយ​ថា “ការ​ចោទ​ប្រកាន់​មិន​ពិត” នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ដោយ កុនស្តានទីន កាហ្គាឡូវស្គី អតីត​ម្ចាស់ TVi ជា​ប៉ុស្តិ៍​ទូរទស្សន៍​​មួយ​ដែល​គាត់​ធ្លាប់​ធ្វើ​ជា​នាយក​ប្រតិបត្តិ។

លោក​បាន​និយាយ​ថា “[លោក កាហ្គាឡូវស្គី] ​បាន​គំរាម​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត ថា​នឹង​យក​ខ្ញុំ​មក​កាត់​ទោស​បទ​ឧក្រិដ្ឋ​ប្រឌិត​ឡើង​នៅ​ប្រទេស​កម្ពុជា ពីព្រោះ​គាត់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​គាត់​ក៏​ជា​អ្នក​វិនិយោគ​ធំ​នៅ​ទី​នោះ​ដែរ”។

លោក ខ្ញាហ្ស៊ឺស្គី ងឿងឆ្ងល់​អំពី​ពេល​វេលា​នៃ​ការ​ដាក់​ឈ្មោះ​គាត់​ភ្លាមៗ​ជា​មនុស្ស​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត​ម្នាក់​របស់​អាំងទែប៉ូល ពីព្រោះ​គាត់​ត្រូវ​គេ​ដាក់​ក្នុង​បញ្ជី​និវេទន៍​ក្រហម​របស់​នគរបាល​សាកល ភ្លាមៗបន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ទៅ​ក្រុង​មូស្គូ ពី​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី​៤​ខែ​មីនា ដែល​អំឡុង​ពេល​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ពិភាក្សា​អំពី​ការ​បង្កើត​សន្ធិសញ្ញា​បត្យាប័ន​ទ្វេភាគី​ជាមួយ​សមភាគី​រុស្ស៊ី​របស់​លោក។

លោក ខ្ញាហ្ស៊ឺស្គី បាន​និយាយ​ថា “មិន​សម​ហេតុ​សម​ផល”​ដែល​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​”យ៉ាង​បន្ទាន់​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ទៅ​ក្រុង​មូស្គូ ហើយ​លោក កាហ្គាឡូវស្គី បាន​ជួយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នោះ”។ “វា​មិនមែន​ជា​សម្ងាត់​ទេ​ដែល​គាត់ [លោក កាហ្គាឡូវស្គី] ជា​អ្នក​វិនិយោគ​ម្នាក់​ក្នុង​ចំណោម​អ្នក​វិនិយោគ​ធំៗ​នៅ​ប្រទេស​កម្ពុជា និង [មាន] ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗ​នៅ​ទី​នោះ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស