តុលាការក្រុងភ្នំពេញថ្ងៃនេះ បានបើកសវនាការជំនុំជម្រះអតីតអធិការនគរបាលខណ្ឌម្នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនពីឆ្នាំមុនពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចថវិការដ្ឋ និងយកលុយពីអ្នករកស៊ី។
លោក ហ៊ី ណារិន ត្រូវបានបណ្តេញចេញពីតំណែងអធិការខណ្ឌមានជ័យ ក្នុងក្រុងភ្នំពេញកាលពីខែតុលាឆ្នាំមុន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយពីបទកេងប្រវ័ញ្ចប្រាក់ជាង ៦០០.000 ដុល្លារអាមេរិកពីរដ្ឋ និងអ្នករកស៊ីក្នុងមូលដ្ឋានក្នុងរយៈពេលជាង៨ឆ្នាំក្នុងតំណែងលោកជាអធិការខណ្ឌ។
ក្នុងសវនាការរយៈពេលជាង២ម៉ោងនៅឯតុលាការក្រុងភ្នំពេញនោះ លោក ណារិន បានបដិសេដចោលនូវបទចោទភាគច្រើន ប៉ុន្តែបានសារភាពថា លោកទទួលបាន១០លានរៀលក្នុងមួយខែពីប្រាក់ខែរបស់មន្ត្រីអសកម្ម និងអវត្តមាន។
លោក ណារិន បាននិយាយថា “ខ្ញុំពិតជាទទួលប្រាក់១០លានរៀលក្នុងមួយខែពីមន្ត្រីអសកម្ម និងអវត្តមាន។ មួយចំណែកនៃប្រាក់នោះ ខ្ញុំបានប្រើប្រាស់សម្រាប់ទ្រទ្រង់អង្គភាព”។
មានការចោទប្រកាន់ថា លោក ណារិន បានបញ្ចូលឈ្មោះបុគ្គលិកខ្នោចទៅក្នុងបញ្ជីបើកប្រាក់ខែ និងប្រមូលប្រាក់ខែរបស់គេ ទារប្រាក់ពីជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ អ្នករកស៊ី រោងចក្រ និងបនល្បែងខុសច្បាប់។
សវនាការជំនុំជម្រះលោក ណារិន នឹងបន្តធ្វើនៅថ្ងៃទី១០ ខែមេសា៕