31 C
Phnom Penh

ការ​ជ្រើស​រើស​សមាជិក​​គ.ជ.ប.ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​​នឹង​រៀបចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ​ដើម្បី​ធ្វើការ​ជ្រើសរើស​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​(គ.ជ.ប.) ហើយ​បន្ទាប់មក បោះ​ឆ្នោត​​ជ្រើសរើស​សមាជិក​ប្រាំបួន​រូប​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។

ការ​បង្កើត​គ.ជ.ប.ថ្មី​​ដោយ​មាន​សមាជិក​បួន​រូប​ម្ខាង​មក​ពី​គណបក្ស​ធំ​ៗ​ចំនួន​ពីរ​​​​ ព្រម​ទាំង​សមាជិក​​”អព្យាក្រឹត” ​ទី​៩​គឺ​សំខាន់​ណាស់​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ដែល​បាន​បញ្ចប់​ភាព​ទាល់​ច្រក​នយោបាយ​​កាលពី​ឆ្នាំមុន ហើយ​​ច្បាប់​នេះ​សំខាន់​ណាស់​​ក្នុង​ការ​បង្កើត​​ស្ថាប័ន​ថ្មី​​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​កាល​ពី​សប្តាហ៍​មុន។

លោក ឈាង វុន អ្នក​នាំ​ពាក្យ​ពាក្យ​រដ្ឋសភា​​​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “​នៅ​ថ្ងៃសុក្រ​ទី​២៧ គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​​នឹង​ពិនិត្យ​​មើល​នីតិវិធី​​សម្រាប់​ការ​ជ្រើស​រើស​បេក្ខជន​​ដែល​នឹង​ឈរ​ឈ្មោះ​ជា​​សមាជិក​គ.ជ.ប.​ថ្មី”។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​មាន​ន័យ​ថា កិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ​​នឹង​សម្រេច​ប្រកាស​​ទទួលយក​​ការ​ដាក់ពាក្យ​សុំ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​​ និង​ប្រាប់​សាធារ​ណ​ជន។ រដ្ឋសភា​នឹង​​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​…​បោះ​ឆ្នោត​​ជ្រើស​រើស​សមាស​ភាព​​គ.ជ.ប.ថ្មី”។

លោក សុខ ឦសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​កាន់អំណាច​​មិន​ទាន់​សម្រេច​​ជ្រើស​រើស​បេក្ខ​ជន​បួន​រូប​របស់​ខ្លួន​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​រង់​ចាំ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រៀប​ចំ​កិច្ច​ប្រជុំ​​នៅ​ថ្ងៃ​ទី​២៧នៅឡើយ​ ដូច្នេះ​គ្រប់គ្នា​​អាច​ដាក់​ពាក្យ​សុំ​”។

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​អត្ថា​ធិប្បាយ​​អំពី​ការ​ជ្រើស​រើស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​កាលពី​ម្សិល​មិញ។

លោក ឈាងវុន បាន​មាន​ប្រសាសន៍​ថា តួនាទី​អព្យាក្រឹត​​នៅ​ក្នុង​គ.ជ.ប.​នៅ​តែត្រូវ​បំពេញ​ដោយ​​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកា​ដូ​នៅឡើយ ដែល​ត្រូវ​បាន​យល់ព្រម​ដោយ​គណបក្ស​ទាំង​ពីរ​កាលពី​ឆ្នាំមុន ប៉ុន្តែ​​បាន​ទទួល​យក​តួនាទី​នេះ​តាម​លក្ខខណ្ឌ​​ដែល​ទី​បំផុត​មិន​ត្រូវ​បាន​ឆ្លើយ​តប។

ច្បាប់​ដែល​គ្រប់​គ្រង​​គ.ជ.ប. ឥឡូវ​នេះ​​រួម​មាន​​ការ​ហាម​ឃាត់​​អ្នក​ដែល​មាន​សញ្ជាតិ​បរទេស​​មិន​ឲ្យ​កាន់​តួនាទី​​ក្នុង​គ.ជ.ប. មាន​ន័យ​ថា លោកស្រី​ ពុង ឈីវកេក​ នឹង​តម្រូវ​ឲ្យ​បោះ​បង់​លិខិត​ឆ្លងដែន​បារាំង​ និង​​​កាណាដា។

លោកស្រី​ ពុង ឈីវកេក បាន​បង្ហាញ​កាល​ពី​ម្សិល​មិញ​ថា លោកស្រី​នឹង​ធ្វើការ​ប្រកាស​​នៅ​ពេល​​បើក​ដំណើរ​ការ​​ជ្រើស​រើស​។ លោកស្រី​បាន​លើក​ឡើង​នៅ​ក្នុង​អីុ​ម៉េល​ថា “សូម​អត់​ធ្មត់​។ ខ្ញុំ​នឹង​ធ្វើ​អត្ថាធិប្បាយ​​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ទៀត”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស