ជាថ្មីម្ដងទៀត កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញ បានពន្យារពេលសវនាការជំនុំជម្រះនារីម្នាក់ដែលគ្រួសាររបស់នាងមានជម្លោះដីធ្លីជាមួយឧកញ៉ា ឃុន សៀ ដោយលើកនេះធ្វើឡើងតាមសំណើរបស់មេធាវីនាង ដែលផ្ដល់យោបល់ឲ្យគ្រួសារនាងបោះបង់ការប្ដឹងផ្ដល់របស់ពួកគេដែលបានអូសបន្លាយអស់រយៈពេល៥ឆ្នាំ ហើយទទួលយកសំណងចំនួន១៦០.០០០ដុល្លារ។
កញ្ញា លី សា៊វមិញ អាយុ២៣ឆ្នាំ និងគ្រួសាររបស់នាងបានប្ដឹងផ្ដល់លោក ឃុន សៀ និងក្រុមហ៊ុនរបស់លោកជុំវិញដីមួយឡូត៍ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នាងកំពុងប្រឈមការចោទប្រកាន់ពីបទប្រើអំពើហិង្សាលើម្ចាស់អចលនទ្រព្យតាមច្បាប់ភូមិបាលពាក់ព័ន្ធនឹងហេតុការណ៍ប្រវាយប្រតប់គ្នាមួយកាលពីឆ្នាំ២០១៣ ជាមួយសន្តិសុខរបស់លោក ឃុន សៀ ហើយនាងបានជាប់ឃុំបណ្ដោះអាសន្នចាប់តាំងពីត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកាមក។ ចំណែកឯឪពុករបស់នាងឈ្មោះ លី ស្រា៊ងខេង នៅក្រៅឃុំជាបណ្ដោះអាសន្ន។
លោក ជូង ជូងី មេធាវីតំណាងគ្រួសារនេះ បានមានប្រសាសន៍អំឡុងសវនាការកាលពីម្សិលមិញថា លោកជាអ្នកស្នើសុំឲ្យពន្យារពេលសវនាការ ពីព្រោះលោកបានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ជុំវិញការបដិសេធរបស់សាលាដំបូងរាជធានីដែលមិនអនុញ្ញាតឲ្យដោះលែងកញ្ញា លី ស៊ាវមិញ នៅក្រៅឃុំ។
ចៅក្រមជំនុំជម្រះ ស្វាយ តុញ បានអនុញ្ញាតការពន្យារពេលនៅក្នុងសំណុំរឿងនេះ ហើយការពន្យារពេលនេះគឺជាលើកទី២ហើយក្នុងរយៈពេល២សប្ដាហ៍។
ទោះជាយា៉ាងណា ក្រោយពីសវនាការ លោក ជូង ជូងី បានបញ្ជាក់ថា គ្រួសារនេះនិងតំណាងក្រុមហ៊ុនរបស់លោក ឃុន សៀ បានព្រមព្រៀងគ្នាផ្ទាល់មាត់កាលពីសប្ដាហ៍មុនថា ក្រុមហ៊ុននឹងដកពាក្យបណ្ដឹងចេញ ហើយផ្ដល់សំណង១៦០.០០០ដុល្លារដល់គ្រួសារនេះ ជាថ្នូរនឹងការបោះបង់ផ្ទះរបស់ពួកគាត់។
លោកបានមានប្រសាសន៍ទៀតថា “លោកឧកញ៉ា [លោក ឃុន សៀ] ចង់បានដីនេះ ហើយគ្រួសារនេះបានទទួលយកសំណងហើយ។ ដូច្នេះ ក្រុមហ៊ុននឹងដកពាក្យបណ្ដឹងចេញ។ គ្រួសារនេះបង្ខំចិត្តទទួលយកការព្រមព្រៀងនេះ ដោយសារតែពួកគាត់ចង់ឲ្យគេដោះលែង ស៊ាវមិញ ពីពន្ធនាគារ”។
ប៉ុន្តែលោក ទូច ឆាយ មេធាវីតំណាងក្រុមហ៊ុនរបស់លោក ឃុន សៀ បានមានប្រសាសន៍ថា លោកមិនដឹងរឿងទេពាក់ព័ន្ធនឹងការព្រមព្រៀងផ្ទាល់មាត់នេះ។ លោកបានលើកឡើងថា “ខ្ញុំមិនដឹងច្បាស់ពីការចរចាគ្នា ឬសំណងណាមួយឡើយ។ ខ្ញុំមិនទទួលបានព័ត៌មានពីកូនក្ដីរបស់ខ្ញុំទេពាក់ព័ន្ធបញ្ហានេះ”។
លោក លី ស្រា៊ងខេង និងប្រពន្ធរបស់គាត់ឈ្មោះ ម៉ុក ស៊ីវហុង បាននិយាយបន្ទាប់ពីសវនាការកាលពីម្សិលមិញថា ពួកគាត់គ្មានជម្រើសផ្សេងក្រៅពីបោះបង់ការតស៊ូតាមផ្លូវច្បាប់នោះទេ។ អ្នកស្រី ម៉ុក ស៊ីវហុង និយាយថា “ខ្ញុំ [នឹង] ទទួលយកសំណង ដោយសារតែខ្ញុំចង់ឲ្យគេដោះលែងកូនស្រីខ្ញុំពីពន្ធនាគារ”៕ សុខុម