មន្ត្រីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានចាប់ខ្លួនប្តីប្រពន្ធពីរនាក់កាលពីថ្ងៃអង្គារពីបទបង្ខាំងអ្នកជិតខាងរបស់ខ្លួនរយៈពេលខ្លី ដែលបើកផ្ទះសំណាក់ប្រកួតប្រជែងនៅជាប់គ្នា។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានមានប្រសាសន៍ថា លោក ផា កុសល អាយុ៣០ និងប្រពន្ធឈ្មោះ ហ៊ឹម លីដា អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃអង្គារនៅក្នុងសង្កាត់ចោមចៅ បន្ទាប់ពីនគរបាលទទួលបានព័ត៌មានថា ប្តីប្រពន្ធនេះបានចាប់បង្ខាំងអ្នកស្រី កែវ ណារ៉ា អាយុ៤៥ឆ្នាំ ជាអ្នកជិតខាងខ្លួនដោយបង្ខំ នៅក្នុងផ្ទះសំណាក់របស់ខ្លួន។
លោក សារ៉ាន់ បានមានប្រសាសន៍ថា ប្តីប្រពន្ធនេះបើកផ្ទះសំណាក់ត្រពាំងថ្លឹង ស្ថិតក្នុងភូមិត្រពាំងថ្លឹង ចំណែកអ្នកស្រី ណារ៉ា បើកផ្ទះសំណាក់មានតម្លៃបន្ទប់៣ដុល្លារនៅជាប់គ្នាតែម្តង។
លោក សារ៉ាន់ បានមានប្រសាសន៍ថា “យើងបានព្យាយាមសម្របសម្រួលជាមួយប្តីប្រពន្ធនេះឲ្យដោះលែងស្ត្រីដែលត្រូវបានបង្ខាំងនោះ ប៉ុន្តែពួកគេមិនព្រមឡើយ ដូច្នេះហើយ យើងបានសុំឲ្យព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីចេញដីកាចាប់ខ្លួនប្តីប្រពន្ធនេះ”។
អធិការនគរបាលខណ្ឌរូបនេះបានបន្ថែមថា នគរបាលបានចាប់ខ្លួនលោក កុសល និងអ្នកស្រី លីដា ហើយបានដោះលែងអ្នកស្រី ណារ៉ា នៅម៉ោងប្រហែល៦ល្ងាច មួយម៉ោងបន្ទាប់ពីគាត់ត្រូវបានចាប់បង្ខាំង។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះ ប្តីប្រពន្ធទាំងពីរនាក់នេះនៅអធិការដ្ឋាននគរបាលខណ្ឌ ហើយយើងកំពុងកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការ”។
យោងតាមលោក សារ៉ាន់ បានឲ្យដឹងថា ហេតុការណ៍កាលពីថ្ងៃអង្គារបានកើតឡើងបន្ទាប់ពីលោក កុសល បានយកទឹកកខ្វក់មួយធុងចាក់មុខផ្ទះសំណាក់របស់អ្នកស្រី ណារ៉ា។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ អ្នកស្រី ណារ៉ា បានមានប្រសាសន៍ថា ប្តីប្រពន្ធនេះបានចាប់ខ្ញុំ បន្ទាប់ពីខ្ញុំទៅជិតពួកគេរអ៊ូរទាំអំពីទឹកនោះ។
អ្នកស្រីបាននិយាយថា “ប្តីប្រពន្ធនេះ និងសាច់ញាតិបីនាក់ទៀតបានមកចាប់ខ្ញុំ ហើយរុញខ្ញុំចូលទៅក្នុងផ្ទះរួចដាក់គន្លឹះទ្វារតែម្តង។ ខ្ញុំបានព្យាយាមតតាំងជាមួយពួកគេដែរ ប៉ុន្តែមិនអាចធ្វើអ្វីកើតឡើយ ពីព្រោះពួកគេមានគ្នាច្រើន”។
អ្នកស្រី ណារ៉ា បាននិយាយថា អ្នកស្រីបានបើកផ្ទះសំណាក់ប្រហែលមួយខែមកហើយ ហើយថា ប៉ុន្មានថ្ងៃមុនពេលហេតុការណ៍កើតឡើងកាលពីថ្ងៃអង្គារ ប្តីប្រពន្ធនេះបានគប់ថង់លាមកតាមទ្វារមុខផ្ទះសំណាក់របស់អ្នកស្រី។ អ្នកស្រីបាននិយាយថា “ខ្ញុំគិតថា ប្តីប្រពន្ធនេះមានកំហឹង ពីព្រោះខ្ញុំបានបើករបររកស៊ីដូចពួកគេ”៕សារុន