35 C
Phnom Penh

អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ឡើង​ថា មន្ត្រី​កម្ពុជា​​ធ្វើ​ដំណើរ​ ទៅ​ប្រទេស​ណូរូ​​ជា​ថ្មី​ម្តង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ដែល​តស៊ូ​មតិ​​សម្រាប់​សិទ្ធិ​ជន​ភៀសខ្លួន​បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ណូរូ​​បាន​និយាយ​ថា មន្ត្រី​កម្ពុជា​​បាន​ត្រឡប់​មក​ប្រទេស​ដែន​កោះ​បាស៊ីហ្វិក​ខាងត្បូង​ដ៏​តូច​នេះ​​ជាថ្មី​ម្តង​ទៀត​​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួកគេ​មួយ​ចំនួន​​ឲ្យ​តាំង​ទី​លំនៅ​​ក្នុង​ប្រទេស​កម្ពុជា។

ពី​ដំបូង​ប្រទេស​កម្ពុជា​បាន​បញ្ជូន​​គណៈប្រតិភូ​​ទៅ​ប្រទេស​ណូរូ​កាលពី​ខែ​មករា បួន​ខែ​​បន្ទាប់ពី​សម្រេច​បាន​កិច្ច​ព្រមព្រៀង​​​ជាមួយ​ក្រុង​កង់​បេរ៉ា​​ទទួលយក​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃុំខ្លួន​​នៅ​លើ​កោះ​នេះ​ ជា​ថ្នូរ​នឹង​​ទឹក​ប្រាក់​ជំនួយ​​៣៥លាន​ដុល្លារ​បន្ថែម​​សម្រាប់​រយៈពេល​បួន​ឆ្នាំក្រោយ​។

មន្ត្រី​ទាំង​នេះ​បាន​ជួប​ជាមួយ​​ពួកគេ​បី​គ្រួ​សារ​ប៉ុណ្ណោះ​​​ក្នុង​​ដំណើ​រ​មក​លើក​នេះ ហើយ​មិន​អាច​បញ្ចុះ​បញ្ចូល​​​ពួកគេ​ឲ្យ​ទទួល​យក​អ្វី​ដែល​ជា​សំណើ​នោះ​ឡើយ។ ជន​ភៀស​ខ្លួន​នៅ​លើ​​កោះ​​នេះ​​បាន​ធ្វើការ​តវ៉ា​​ជាច្រើន​លើក​ជំទាស់​នឹង​​កិច្ច​ព្រម​ព្រៀង​នេះ។

កាល​ពីម្សិល​មិញ លោក Ian Rintoul នៅ​សម្ព័ន្ធ​សកម្មភាព​​ជន​ភៀសខ្លួន​​បាន​មាន​ប្រសា​សន៍​ថា ជន​ភៀស​ខ្លួន​បាន​ប្រាប់​លោក​នៅ​ពេល​លោក​ទាក់​ទង​ពួកគេ​នៅ​ប្រទេស​ណូរូ​ថា គណៈប្រតិភូ​កម្ពុជា​ទី​២​បាន​មក​ដល់​កោះ​នេះ​កាលពី​ថ្ងៃអាទិត្យ ហើយ​នៅ​ទីនោះ​នៅឡើយ​​ដើម្បី​ជួប​ជាមួយ​គ្រួសារ​ទាំង​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “​មន្ត្រី​កម្ពុជា​​ស្ថិត​នៅ​ប្រទេស​ណូរូ។ ពួកគេ​​កំពុង​រៀប​ចំ​​ជំនួប​ជាច្រើន​​ដោយ​ប្រើ​ភាសា​ខុស​ៗ​គ្នា។ មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​មក​ពី​គ្រួសារ​ទាំង​នោះ​…បាន​ទៅ​ចូល​រូម​ជំនួប​នោះ​”។ប្រទេស​កម្ពុជា​បាន​បដិសេធ​ថា មិន​បាន​ធ្វើ​ដំណើរ​ទៅ​ទេ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថា មិន​មាន​មន្ត្រី​កម្ពុជា​​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណូរូ​ទេ​ចាប់តាំង​ពី​ខែ​មករា​មក ហើយ​ថា មិន​មាន​មន្ត្រី​នៅ​ទីនោះ​ទេ​បច្ចុប្បន្ន​នេះ ហើយ​ថា មិន​មាន​គម្រោង​​ធ្វើ​ដំណើរ​ទៅទៀត​ឡើយ។

គេ​មិន​អាច​ទាក់ទង​ឧត្តម​សេនីយ៍ ខៀវ សុភ័គ បានទេ​កាល​ពីម្សិល​មិញ។

លោក កែម សារិន ដែល​ជា​ប្រធាន​ការិយាល័យ​ជន​ភៀស​ខ្លួន​​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេស​ន៍​ក្រសួង​មហាផ្ទៃ​មិន​បាន​បញ្ជាក់ ឬ​​បដិសេធ​​អំពី​វត្ត​មាន​របស់​មន្ត្រី​កម្ពុជា​នៅ​ប្រទេស​ណូរូ​ ​ទេ ហើយ​បាន​បង្វែរ​សំណួរ​​ទៅ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ ថា តើ​​គណៈប្រតិភូ​កម្ពុជា​​នៅ​លើ​កោះ​នោះ​ឬ យ៉ាង​ណា​នោះ​ឡើយ​ ហើយ​ក៏​បាន​បង្វែរ​សំណួរ​ទៅ​ឧត្តម​សេនីយ៍​វិញ។

លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ប្រទេស​អូស្ត្រាលី ទី ដែល លោក​ទំនង​ជា​​នឹង​ពិភាក្សា​​ពី​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​​អំឡុង​ជំនួប​របស់​លោក​ជាមួយ​​លោក Peter Dutton រដ្ឋមន្ត្រី​ក្រសួង​អន្តោ​ប្រវេស​ន៍​អូស្ត្រាលី៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស