28.4 C
Phnom Penh

សាលា​ដំបូង​រាជធានី​សាកសួរ​អតីត​ព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​​ជុំវិញ​ការ​ចោទ​ប្រកាន់​ដ៏ចម្រូង​ចម្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​រូប​​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​​សាលា​ដំបូង​រាជធានី​បាន​សាកសួរ​អតីត​ព្រះសង្ឃ​​ដែល​ត្រូវ​បាន​ចាប់​ផ្សឹកបី​នាក់ ​ជុំវិញ​ការ​ចោទ​ប្រកាន់ពី​បទ “ចូលរួម​​សមាគម​ទុច្ចរិត”។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ចៅក្រម​ស៊ើបសួរ​ នូ វាសនា បាន​សាកសួរ​អន្ទិត​ សឿង ហៃ អាយុ​២៨ឆ្នាំ អន្ទិត ឃិត វណ្ណៈ អាយុ​២៦​ឆ្នាំ និងអន្ទិត សាង កុសល អាយុ​១៩​ឆ្នាំ ជុំវិញ​​ការ​ចោទ​ប្រកាន់ពីបទ​ចូល​រួម​សមាគម​ទុច្ចរិត​ បន្ទាប់ពីអន្ទិត​​ ឃិត វណ្ណៈ និងអន្ទិត​​ សាង កុសល ​បាន​យួរ​បាវ​ដង​ទង់ជាតិ​ទៅកាន់​កន្លែង​​តវ៉ា​ដីធ្លី​មួយ​កាលពីថ្ងៃទី​១២ ខែវិច្ឆិកា។

ទោះបីជា​​អន្ទិត​​​ សឿង ហៃ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​​ពីបទ​ល្មើស​​​​ពាក់​ព័ន្ធ​​ការ​តវ៉ា​មួយ​ផ្សេងទៀត​ ហើយ​បាន​ជាប់​ពន្ធនាគារ​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា​ក្ដី ក៏​ក្រោយ​មក​គាត់​ត្រូវ​បាន​​​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ដង​ទង់ជាតិ​ទៅ​ឲ្យ​អន្ទិត​ពីរ​នាក់​ទៀត។

ចៅក្រម​ នូ វាសនា មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺបាន​ទេជុំវិញ​​សវនាការ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក អំ សំអាត ដែល​បាន​តាម​ដាន​​សំណុំរឿង​នេះរហូត​មក​​ បាន​មាន​ប្រសាសន៍​ថា បទ​ចោទ​ប្រកាន់​ទាំង​នេះ​មិន​យុត្តិធម៌ទេ។

លោក​បាន​មាន​ប្រសាសន៍​​ថា “វា​ជា​ការ​សង​សឹក​ [ការ​ចោទ​ប្រកាន់​] ជា​ពិសេស​​ ចំពោះ​​​ [អន្ទិត សឿង ហៃ] ពីព្រោះ​គាត់​ជា​មនុស្ស​សកម្ម​នៅ​ក្នុង​ការ​តវ៉ា​​រឿង​កម្ពុជា​​ក្រោម និង​ជា​អ្នក​ដែល​​បាន​ដុត​ទង់ជាតិ​វៀត​ណាម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម។ នោះ​​ជាមូល​ហេតុ​ដែល​គេ​ចោទ​ប្រកាន់​គាត់”។

នៅ​​ពេល​អន្ទិត​ សឿង ហៃ ព្យាយាម​និយាយ​ទៅ​កាន់​អ្នក​យកព័ត៌មាន​​បន្ទាប់ពីតុលា​ការ​សាក​សួរ​រួច​ នគរ​បាល​បាន​ក្រៀក​ក​គាត់​ជាប់​ ហើយ​អូសចេញ​​ទៅ​ខាង​ក្រៅ​សាល​​សវនាការ។ មុនពេល​ត្រូវ​គេ​អូស​ចេញទៅក្រៅ​​ គាត់​បាន​ស្រែក​ថា “ខ្ញុំ​នៅ​តែ​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ។ យើង​ត្រូវ​តែ​តស៊ូ​។ យុត្តិធម៌ និង​សន្តិភាព​ត្រូវ​តែ​ឈ្នះ”៕ សុខុម​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស