កាលពីម្សិលមិញ មន្ត្រីមួួយរូបបានឲ្យដឹងថា កាលពីថ្ងៃពុធ នគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនស្ត្រីបានម្នាក់ បន្ទាប់ពីខ្លួនរកឃើញថា ស្ត្រីរូបនេះកំពុងបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈគ្មានអាជ្ញាប័ណ្ណនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសន្យាបញ្ជូនសិស្សទៅធ្វើការនៅប្រទេសជប៉ុន ឬកូរ៉េខាងត្បូងបន្ទាប់ពីបង់ថ្លៃសិក្សានោះ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា លោកបានបង្គាប់ឲ្យមជ្ឈមណ្ឌលនេះបិទទ្វារ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានលើកឡើងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Elite បានធ្វើប្រតិបត្តិការអស់រយៈពេលជិតបួនខែមកហើយនៅក្នុងសង្កាត់ស្ទឹងមានជ័យមុនពេលនាយកដ្ឋានរបស់លោកទទួលបានពាក្យបណ្តឹង។
ឧត្តមសេនីយ៍ទោ ផល្លី បានមានប្រសាសន៍ថា “បន្ទាប់ពីយើងទទួលបានពាក្យបណ្តឹងពីស្ត្រីចំនួនបួននាក់…យើងបានទាក់ទងទីភ្នាក់ងារជ្រើសរើសពលករ និងក្រសួងការងារ។ ក្រសួងនេះបានប្រាប់យើងថា មជ្ឈមណ្ឌលនេះមិនបានចុះបញ្ជីឡើយ ហើយមិនដែលដាក់ពាក្យសុំអាជ្ញាប័ណ្ណទេ”។
ឧត្តមសេនីយ៍ទោ ផល្លី បានលើកឡើងទៀតថា នាយកដ្ឋានរបស់លោកបានចាប់ខ្លួនឈ្មោះងួន សៀងហ៊ុន អាយុ២៥ ឆ្នាំដែលជាម្ចាស់មជ្ឈមណ្ឌលនេះកាលពីល្ងាចថ្ងៃពុធ ហើយថា កំពុងត្រូវបានឃុំខ្លួននៅឡើយសម្រាប់ការសាកសួរ។
លោកបានមានប្រសាសន៍ថា “យើងគ្មានព័ត៌មានអំពីថា តើម្ចាស់មជ្ឈមណ្ឌលនេះបានបញ្ជូនពលករណាម្នាក់ទៅជប៉ុនឡើយ ប៉ុន្តែ វាមានការលំបាកព្រោះនាងតែងតែកុហក់យើង”។ លោកបានបន្ថែមថា លោកសង្ស័យម្ចាស់មជ្ឈមណ្ឌលរូបនេះកំពុងលាក់បាំងម្ចាស់មជ្ឈមណ្ឌលពិតប្រាកដ។
លោកបានបន្ថែមទៀតថា មជ្ឈមណ្ឌលនេះមានសិស្សតែ១៤នាក់ប៉ុណ្ណោះ ក្នុងនោះមានបួននាក់បានដាក់ពាក្យបណ្តឹង។
បន្ទាប់ពីនគរបាលបានសម្ភាសសិស្សទាំងនេះ ឧត្តមសេនីយ៍ទោ ផល្លី បានលើកឡើងថា គេបានរកឃើញថា សិស្សទាំងេនះត្រូវគេតម្រូវឲ្យបង់ប្រាក់១៥ដុល្លារសម្រាប់ការចុះឈ្មោះ ៣.០០០ដុល្លារសម្រាប់ថ្លៃសិក្សា និងឯកសារផ្សេងៗពាក់ព័ន្ធនឹងការធ្វើដំណើរទៅប្រទេសជប៉ុន ឬកូរ៉េខាងត្បូង និងប្រាក់ចំនួន៣.០០០ដុល្លារបន្ថែមទៀតនៅពេលណាពួកគេទៅដល់ប្រទេសក្រៅ។
ឧត្តមសេនីយ៍ទោ ផល្លី បានឲ្យដឹងបន្តថា អំឡុងពេល សៀងហ៊ុន ត្រូវបានចាប់ខ្លួន មានសិស្សតែបីនាក់ប៉ុណ្ណោះបានបង់ប្រាក់ប្រហែល១.០០០ដុល្លារក្នុងម្នាក់ៗ ហើយអ្នកផ្សេងៗទៀតបានបង់អស់១៥០ដុល្លារ។
លុច រំដួល អាយុ២២ឆ្នាំ សិស្សម្នាក់ក្នុងចំណោមសិស្សទាំងបួនដែលបានដាក់ពាក្យបណ្តឹងមកកាន់នគរបាលបានលើកឡើងថា នាងបានចាប់ផ្តើមសង្ស័យមជ្ឈមណ្ឌល បន្ទាប់ពីពួកគេបានប្រាប់នាងថា នាងអាចត្រូវបង់ថ្លៃសិក្សាខុសពីការព្រមព្រៀងគ្នាលើកមុន។
រំដួល បាននិយាយថា “ពីមុនម្ចាស់មជ្ឈមណ្ឌលបានប្រាប់ខ្ញុំឲ្យបង់៣.០០០ដុល្លារ ហើយខ្ញុំនឹងត្រូវបានបញ្ចូនទៅធ្វើការនៅជប៉ុន ប៉ុន្តែ នៅថ្ងៃបន្ទាប់គាត់ប្រាប់ខ្ញុំថា គាត់ច្រឡំហើយថា ប្រាក់៣.០០០ដុល្លារ គឺគ្រាន់តែជាថ្លៃដែលត្រូវបង់នៅកម្ពុជាប៉ុណ្ណោះ”។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់កម្ពុជាបានលើកឡើងថា មជ្ឈមណ្ឌលដូចមជ្ឈមណ្ឌលនៅក្នុងខណ្ឌមានជ័យគឺវាជារឿងសាមញ្ញទៅហើយនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “វាជារៀងសាមញ្ញទៅហើយដែលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបំភ្លៃព័ត៌មាន ហើយធ្វើឲ្យសាធារណជនយល់ច្រឡំថា ខ្លួនមានអាជ្ញាប័ណ្ណក្នុងការបញ្ជូនពលករទៅក្រៅប្រទេស”។
លោក មឿន តុលា បានបន្ថែមថា លោកតែងតែឮការផ្សព្វផ្សាយតាមវិទ្យុពីមជ្ឈមណ្ឌលស្រដៀងគ្នាៗនេះ ដោយសន្យាបញ្ជូនពលករទៅក្រៅប្រទេស ទោះបីជាពួកគេគ្មានអាជ្ញាប័ណ្ណក៏ដោយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនយល់ទេ ហេតុអ្វីបានជារដ្ឋាភិបាលមិនអាចគ្រប់គ្រងលើវិធីសាស្ត្រដែលទីភ្នាក់ងារទាំងនេះប្រើដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជននោះ”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Chris Mueller)