មន្ត្រីបាននិយាយកាលពីម្សិលមិញថា ស្ពានមួយនៅក្នុងខេត្តកំពង់ចាម បានបាក់កាលពីយប់ថ្ងៃពុធ បន្ទាប់ពីអ្នកបើកបររថយន្តធុនធំម្នាក់បានព្យាយាមបើកឆ្លងស្ពាននេះ ដោយសារតែរថយន្តនោះផ្ទុកលើសទម្ងន់កំណត់ដល់ទៅជាងបួនដង។
លោក ម៉ុក បាវី អធិការរងនគរបាលស្រុកកងមាស បានមានប្រសាសន៍ថា រថយន្តដឹកអុសនេះបានបំផ្លាញស្ពានពោធិ៍សាលា ដែលភ្ជាប់ស្រុកកងមាស និងស្រុកព្រៃឈរនៅវេលាម៉ោងប្រហែល១១យប់ថ្ងៃពុធ។
លោកបានមានប្រសាសន៍ទៀតថា បុរសពីរនាក់ឈ្មោះ វីន វ៉ាត អាយុ២៩ឆ្នាំ និង លិញ ណាត អាយុ៣៣ឆ្នាំ ជាកម្មករលើរថយន្តនេះ បានប្រាប់អត្តសញ្ញាណអ្នកបើកបរថាមានឈ្មោះ “សម្បត្តិ”។ ពួកគេបានប្រាប់នគរបាលថា អ្នកបើកបររូបនោះបានចុះពីរថយន្ត ហើយរត់គេចខ្លួនមុនពេលនគរបាលទៅដល់កន្លែងកើតហេតុ។
អធិការរងរូបនេះបានលើកឡើងបន្តថា កម្មករទាំងនោះបានបញ្ជាក់ថា ពួកគេមិនស្គាល់ម្ចាស់រថយន្តទេ ពីព្រោះពួកគេគ្រាន់តែជាកម្មករបណ្ដោះអាសន្នប៉ុណ្ណោះ។
លោក ម៉ុក បាវី បានមានប្រសាសន៍ថា “យើងកំពុងស្រាវជ្រាវរកម្ចាស់រថយន្ត ពីព្រោះគាត់ជាអ្នកទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញស្ពាននេះ”។ លោកបានបន្ថែមថា កម្មករទាំងពីរនាក់នោះកំពុងជាប់ឃុំនៅអធិការដ្ឋាននគរបាលស្រុក។
លោក មឿន ផា អភិបាលស្រុកកងមាស បានថ្កោលទោសអ្នកបើកបរដែលព្យាយាមឆ្លងស្ពានដែកដ៏តូចដែលសាងសង់ឡើងនៅក្នុងឆ្នាំ២០០០នេះ។
លោកបានមានប្រសាសន៍ថា “ស្ពាននេះសម្រាប់តែរថយន្តដែលមានទម្ងន់មិនលើសពី៥តោនប៉ុណ្ណោះ ប៉ុន្តែរថយន្តនោះមានទម្ងន់ជាង២០តោនឯណោះ ដូច្នេះស្ពានមិនអាចទ្ររួចទេ។ ម្ចាស់រថយន្តត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ រថយន្តផ្ទុកលើសចំណុះនេះបានព្យាយាមបើកឆ្លងអំឡុងពេលយប់ នៅពេលគ្មាននគរបាលឃុំចាំឃ្លាំមើលនៅទីនោះ។ យើងមិនមន្ត្រីឲ្យនៅប្រចាំការទីនោះទេនៅពេលយប់ ពីព្រោះយើងបារម្ភខ្លាចមានអ្នកបន្ទោសយើងថា បង្កើតចំណុចឆែកឆេរខុសច្បាប់”៕ សុខុម