40.6 C
Phnom Penh

រដ្ឋាភិបាល​​សម្ពោធ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​​​នៅ​សារមន្ទីរ​ទួលស្លែង​ សម្រាប់​ជន​រងគ្រោះដែល​​​​ស្លាប់​ក្នុង​សម័យ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុងពិធី​សម្ពោធ​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ថ្មីមួយ​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ​កាលពី​ម្សិលមិញ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​​ ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von Marschall)​ បាន​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​កុំ​ស្ទាក់​ស្ទើរ ត្រូវ​ហ៊ាន​​​និយាយ​​អំពី​សម័យ​ខ្មែរ​ក្រហម​ដោយ​បើក​ចំហ ដោយ​លោក​បាន​គូស​បញ្ជាក់​ថា យុវជន​អាល្លឺម៉ង់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ” ហ៊ាន​​ចោទ​សួរ​សំណួរ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​” អំពី​​​របប​ប្រល័យពូជ​សាសន៍​ហូឡូកូស (Holocaust)។

“អ្នកទាំងអស់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា ប្រទេស​របស់​ខ្ញុំ​បាន​ឆ្លង​កាត់​សម័យ​ដ៏​ខ្មៅ​ងងឹត” នេះជាអ្វី​ដែល​លោក ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ បាន​ថ្លែង​ទៅ​កាន់​​​មនុស្ស​ប្រហែល​២០០​នាក់​ ដែល​បាន​ជួប​ជុំគ្នា​សម្រាប់ពិធី​សម្ពោធ​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​កាលពី​ព្រឹក​ម្សិលមិញ​នៅ​សារមន្ទីរ​ទួលស្លែង អតីត​មន្ទីរ​​ឃុំឃាំង​ស-២១​ដែល​មនុស្ស​ជាង​១២.០០០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ចោល​អំឡុង​សម័យ​ ប៉ុល ពត ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ពិត​ណាស់​វា​មិន​មែន​ជា​ការ​គាប់​ជួន​ទេ ដែល​រដ្ឋាភិបាល​របស់​ខ្ញុំ​បាន​សម្រេច​គាំទ្រ​ទាំង​ អ.វ.ត.ក. [អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬសាលាក្ដីខ្មែរ​ក្រហម​] និង​ផ្នែក​គាំពារ​ជនរងគ្រោះ​នៃ​តុលាការ​នេះ”។

លោក​បាន​លើក​ឡើង​បន្ត​ថា អាល្លឺម៉ង់​ក៏​មាន​ការ​​ទទួល​ខុស​ត្រូវខ្ពស់​ដែរ​ចំពោះ​អ្នក​រស់​រាន​ពី​របប​ប្រល័យ​ពូជសាសន៍ហូឡូកូស ដោយ​លោក​បាន​ពន្យល់​ថា មូលនិធិ​មួយ​ដែល​មាន​ទំហំទឹក​ប្រាក់​រហូត​ដល់ទៅ​១០ពាន់​លាន​អឺរ៉ូ​​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​លោក ដើម្បី​ផ្ដល់​សំណង​ដល់ជន​រងគ្រោះ​ដែល​នៅ​មាន​ជីវិត​ពី​អំពើ​ប្រល័យពូជ​សាសន៍​របស់​ពួក​ណាស៊ី។

ឯកអគ្គរដ្ឋទូត​រូប​នេះ​បាន​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​​នាំមុខ​គេ​ក្នុង​​ការ​ពិភាក្សា​ជា​សាធារណៈ​អំពី​ខ្មែរ​ក្រហម​ ដូច​ដែល​យុវជន​អាល្លឺម៉ង់​បាន​ធ្វើ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​កុំ​បណ្ដោយ​ឲ្យ​ការ​ភ័យ​ខ្លាច​របស់​ឪពុក​ម្ដាយពួកគេ​ជះ​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​ពួកគេឲ្យ​សោះ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ” ក្រោយ​និយាយ​ជាមួយ​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខ្ញុំ​សង្កេត​​ឃើញថា​ ​​ពួកគេ​មាន​ការ​ស្ទាក់​ស្ទើរ​មិន​ចង់​ហ៊ាន​​និយាយ​អំពី​ប្រធាន​បទ​នេះ​​ទេ​។ ដូច​ឪពុក​ម្ដាយ​ និង​ជីដូន​ជីតា​របស់​ពួកគេ​ដែរ ពោល​គឺពួកគេ​ជា​ច្រើន​គិត​ថា ខ្លួន​គួរ​តែ​បំភ្លេច​រឿង​អតីត​កាល​​ ហើយ​សម្លឹង​ឆ្ពោះទៅ​អនាគត។ ប៉ុន្តែ​ផលវិបាក​នៃ​ការ​ស្ទាក់​ស្ទើរ​នេះនឹង​ធ្វើ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​រែកពុន​បន្ទុក​កេរដំណែល​របស់​​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​​ពួកគេ”។

អ្នកស្រី ជុំ នៅ អាយុ​៦៦​ឆ្នាំ ជា​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហម និង​ជា​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណីនៅ​​សាលា​ក្ដី​ខ្មែរ​ក្រហម​ និង​ដែល​បាន​ចូ​លរួម​ក្នុង​ពិធី​កាលពី​ម្សលមិញ​​និយាយ​ថា ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​នេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ “ខ្ញុំឮ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ មាន​ប្រសាសន៍​នៅ​ព្រឹក​នេះ​ថា លោក​បាន​ផ្ដល់​ [១០ពាន់​លាន​]អឺរ៉ូ​ឲ្យទៅ​ជនរងគ្រោះ​ [នៃ​របប​ហូឡូកូស]។ ហេតុអ្វី​កម្ពុជា​មិន​ធ្វើ​បែប​នោះ?” នេះ​ជាការ​លើក​ឡើង​របស់​អ្នកស្រី ជុំ នៅ ដែល​ប្ដី​របស់​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មក​មន្ទីរ​ឃុំ​ឃាំង​ស-២១ កន្លែង​ដែល​កម្មាភិបាល​ខ្មែរ​ក្រហមជាច្រើន​​ត្រូវ​បាន​បញ្ជូន​​​​មក​ធ្វើ​ទារុណ្ឌកម្ម និង​សម្លាប់​ចោល​។ អ្នកស្រី​បាន​និយាយ​ទៀត​ថា អ្នក​​មាន​ជីវិត​រស់​ពី​សម័យ​ខ្មែរ​ក្រហម​ភាគ​ច្រើន​ ពេល​នេះ​មាន​វ័យ​ចាស់​ជរា​ ហើយ​ត្រូវ​ការ​ថ្នាំ​ពេទ្យ​ និង​សេវា​សុខាភិបាល​ផ្សេងៗទៀត។

ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​កាសែត​​​មួយ​ធ្វើ​ឡើង​ក្រោយ​ពីពិធី​​សម្ពោធ​ស្ដូប​រំឭក​វិញ្ញាណក្ខន្ធ​ ដែល​​ចំណាយ​សាង​សង់​អស់​ប្រមាណ​៨ម៉ឺន​ដុល្លារ និង​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភភាគច្រើន​ពី​អាល្លឺម៉ង់នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ផ្ដល់​សំណង​បុគ្គល​ទេ។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ” យើង​គ្មាន​លទ្ធភាព​​ផ្ដល់​សំណង​ហិរញ្ញវត្ថុ​បុគ្គល​ទៅ​ជន​រងគ្រោះ​ទេ។ នោះ​ជា​មូលហេតុដែល​រដ្ឋាភិបាល​ សហគមន៍​អន្តរជាតិ​​ ជាពិសេស​អង្គការ​សហប្រជាជាតិ​ក្នុង​បរិបទ​ អ.វ.ត.ក. កំពុង​ព្យាយាម​ផ្ដល់​សំណង​​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ និង​សំណងសមូហភាព”។

លោក ឌឹម សុវណ្ណារុំ ប្រធាន​កិច្ច​ការ​សាធារណៈ​នៅ​ អ.វ.ត.ក. បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​សន្និសីទ​នោះ​ថា សំណង​បុគ្គល​មិន​ត្រឹម​តែ​គ្មាន​លទ្ធភាព​ផ្ដល់​ឲ្យ​​ទេ ប៉ុន្តែ​វា​ក៏​​ផ្ទុយ​ពី​វិធាន​របស់​តុលាការ​ផង​​នេះ​ដែរ។

លោក​មាន​ប្រសាសន៍ទៀត​ថា “សំណង​ហិរញ្ញវត្ថុ​បុគ្គល​គឺ​មិនអាច​ទៅ​រួច​ទេ ពីព្រោះ​វា​ខុស​ច្បាប់​។ យោង​តាម​យុត្តាធិការ​របស់ អ.វ.ត.ក. ក្នុង​មាត្រា​២៣ នៃវិធាន​ផ្ទៃ​ក្នុង​របស់​តុលាការ​នេះ​ គឺ​មាន​តែ​សំណង​ផ្លូវ​ចិត្ត និង​សំណង​សមូហភាព​ប៉ុណ្ណោះ”៕ សុខុម​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស