38 C
Phnom Penh

លោកនាយករដ្ឋមន្ត្រីលើកឡើងពីការផ្តល់រង្វាន់ដល់គ្រូបង្រៀនឆ្នើមពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្តោត​លើ​ការ​ប្រគល់​រង្វាន់​គ្រូ​បង្រៀន​ឆ្នើម​ពិភព​លោក ជា​រង្វាន់​ធំ​ថ្មី​ដែល​គ្រូបង្រៀន​កម្ពុជា​ម្នាក់​បាន​ជាប់​ក្នុង​បញ្ជី​ជម្រើស​ចុងក្រោយ​នា​ពេល​ថ្មីៗ ដោយ​បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ប្រជែង​នោះ​ប្រហែល​ត្រូវ​បាន​កំណត់​យក​អ្នក​ឈ្នះ​ជា​ជនជាតិ​អាមេរិក​ទៅ​ហើយ។

ថ្លែង​នៅ​ក្នុង​ឱកាស​បិទ​សន្និបាត​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​តាម​មើល​ការ​ប្រកួត​ប្រជែង​នេះ​ពី​ក្រុង​តូក្យូ​នៅ​ដើម​ខែ​នេះ ហើយ​ថា​លោក​បាន​បោះ​ឆ្នោត​តាម​អីុនធឺណិត​គាំទ្រ​អ្នក​គ្រូ នាង ផល្លា ជា​អ្នក​ប្រកួត​ផ្តាច់ព្រ័ត្រ​កម្ពុជា។ អ្នក​គ្រូ ផល្លា បង្រៀន​នៅ​អង្គការ គ្រួសារ​ថ្មី ជា​សាលា​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្រាប់​កុមារ​ពិការ​ភ្នែក​និង​គថ្លង់ និង​បាន​ជួយ​បង្កើត​អក្សរ​សម្រាប់​មនុស្ស​ពិការ​ភ្នែក។

នៅ​ពិធី​មួយ​ក្នុង​ក្រុង​ឌូបៃ នា​ថ្ងៃ​ទី​១៥​ខែ​មីនា ដែល​មាន​អតីត​ប្រធានាធិបតី​អាមេរិក​ប៊ីល គ្លិនតុន បាន​ចូលរួម​នោះ គ្រូ​បង្រៀន​ជា​ជនជាតិ​អាមេរិក ណានស៊ី អាតវែល ទទួល​បាន​រង្វាន់ធំ​មួយ​លាន​ដុល្លារ​ទៅ​ប្រទេស​វិញ។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វត្តមាន​របស់​លោក គ្លីនតុន អាច​សន្និដ្ឋាន​បាន​ថា ការ​ប្រកួត​ប្រជែង​នេះ​មិន​យុត្តិធម៌​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ន័យ​ថា ត្រៀម​មនុស្ស​ជាប់រួច​ទៅ​ហើយ។ យើង​គ្រាន់តែ​ទៅ​ជា​ការ​ចូលរួម​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ មូលហេតុ​ងាយ​យល់​ទេ ពីព្រោះ គេ​អញ្ជើញ គ្លីនតុន រួច​ទៅ​ហើយ។ មាន​ន័យ​ថា គ្រូ​អាមេរិក​វា​ត្រូវ​​ជាប់”។

លោក​បាន​បន្ថែម​ថា “ប៉ុន្តែ បាន​ជាប់​ចំណោម​១០​នាក់​បាន​ហើយ”។ លោក​បាន​ប្រាប់ អ្នក​គ្រូ​ ផល្លា ដែល​កំពុង​ស្តាប់​សុន្ទរកថា​របស់​លោក​ថា ” កុំ​ថា​ឡើយ​ក្នុង​ចំណោម​១០​ ​ក្នុង​ចំណោម​៥០​នាក់​ក៏ខ្ញុំ​សប្បាយ​ដែរ”។ លោក​នាយក​រដ្ឋមន្ត្រី​បន្ទាប់​មក​បាន​ប្រគល់​រង្វាន់​ដល់​អ្នក​គ្រូ ផល្លា ២៥.០០០​ដុល្លារ និង​មេដាយ​កិត្តិយស​សម្រាប់​ស្នាដៃ​របស់​អ្នកគ្រូ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ​ដែរ លោក ហ៊ុន សែន បាន​ប្រកាស​ថា និស្សិត​ទាំង​អស់​ដែល​បាន​ប្រឡង​ជាប់​សញ្ញា​ប័ត្រ​បាក់​ឌុប អាច​ចូល​ប្រឡង​មុខ​វិជ្ជា​ពេទ្យ​បាន ដែល​កន្លង​មក​អ្នក​ទទួល​បាន​និទ្ទេស A B ឬ C ទើប​មាន​សិទ្ធិ​ដាក់​ពាក្យ​ប្រឡង។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សិស្ស​ប្រឡង​ជាប់​ឆ្នាំ​មុន ដែល​មាន​លក្ខខណ្ឌ​ប្រឡង​តឹង​បំផុត ឥឡូវ​អាច​ប្រឡង​ធ្វើ​ជា​និស្សិត​ពេទ្យ​បាន ឲ្យ​តែ​ពួកគេ​ប្រឡង​ជាប់​ទោះជា​និទ្ទេស E ក៏ដោយ។ ការ​ប្រឡង​លើក​ទី​២​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​មាន​សិស្ស​តែ​២៥​ភាគរយ​ក្នុង​ចំណោម​សិស្ស​ប្រហែល​៩០.០០០​នាក់ បាន​ប្រឡង​ជាប់ ពោល​គឺ​ធ្លាក់​ចុះ​ពី​៨៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៣។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​អំពី​និស្សិត​ដែល​ទទូល​បាន​និទ្ទេស D ឬ E ថា “ពួកគេ​ចេះ ប៉ុន្តែ​ពួកគេ ចៃដន្យ ភ្លេច​នៅ​ពេល​ប្រឡង ដូច្នេះ​លទ្ធផល​បាន​និទ្ទេស D ដែល​ពួកគេ​មិន​អាច​ចូល​ប្រឡង​រៀន​ពេទ្យ​បាន”។

ទោះជា​បន្ទាប​លក្ខខណ្ឌ​សម្រាប់​ឲ្យ​និស្សិត​អាច​ចូល​ប្រឡង​នៅ​សាលា​ពេទ្យ​ក៏ដោយ ក៏​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ប្រឡង​នេះ​គួរតែ​តឹងរ៉ឹង​ឡើង ដោយ​លោក​បាន​លើក​ឡើងអំពី​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ឃុំរកា​ខេត្ត​បាត់ដំបង ដែល​មាន​មនុស្ស​ជាង​២០០​នាក់​បាន​ឆ្លង​វីរុស​ហ៊ីវ ដោយសារ​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ ដែល​បាន​ប្រើ​ម្ជុល​ដដែលៗ។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “បញ្ហា​ពេទ្យ​នេះ​ត្រូវតែ​ប្រយ័ត្ន។ ប្រជាជន​នៅ​ក្នុង​ភូមិ​មួយ​បាន​ឆ្លង​អេដស៍ ដោយសារ​គ្រូពេទ្យ​ម្នាក់​មិន​ប្រយ័ត្ន។ វា​ធ្ងន់ធ្ងរ​ណាស់​នៅ​ភូមិ​រកា​នេះ”។ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស