33 C
Phnom Penh

ប្តី​ស្ត្រី​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​​មិន​សប្បាយ​ចិត្ត ​​នឹង​ការ​ដោះស្រាយ​រឿង​ក្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្តី​របស់​ស្ត្រី​ម្នាក់​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ផ្សារ​មួយ​ក្នុង​ខេត្ត​តាកែវ​កាលពី​ខែ​វិច្ឆិកា មាន​គម្រោង​ដាក់ពាក្យ​បណ្តឹង​នៅ​ថ្ងៃនេះ​​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​អះ​អាង​ថា មន្ត្រី​តុលាការ​មូលដ្ឋាន​គួរ​ត្រូវ​បន្ទោស​ចំពោះ​កង្វះ​ការ​ចាត់​វិធានការ​ក្នុង​ករណី​នេះ។

អ្នកស្រី មួង​ ស្រីមុំ អាយុ​៣១ឆ្នាំ​ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​​​ត្រូវ​បាន​រង​ការ​រ​លាក​ខ្លួន​ប្រាណ​៤៤ភាគ​រយ​ ចំណែក​កូនស្រី​​​អាយុ​ពីរ​ឆ្នាំ​របស់​គាត់​​បាន​រង​របួស​ស្រាល​​ត្រង់​មុខ​និង​ដៃ​ បន្ទាប់​ពីស្ត្រី​ឈ្មោះ​​​ ដេង​ លក្ខិណា អាយុ​២២ឆ្នាំ​ ជា​គូប្រជែង​របស់​ខ្លួន​​ និង​ លោក ដេង​ មាស អាយុ​២៨ឆ្នាំ​ជា​បង​ប្រុស​របស​់​នាង​តាម​ចោទ​ថា បាន​ជះ​ទឹក​អាស៊ីត​លើ​ពួកគេ​​ក្នុង​ជម្លោះ​ពាក់ព័ន្ធ​ការ​ដណ្តើម​ម៉ូយ​។

សាលាដំបូង​ខេត្ត​តាកែវ​បាន​ចោទប្រកាន់​​បងប្អូន​បង្កើត​នេះ​ពី​បទ​​ហិង្សា​ដោយ​ចេត​នា​ដោយ​ប្រើ​ប្រាស់​ទឹក​អាស៊ីត​ខ្លាំង​ និង​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ហើយ​តុលាការ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ពួកគេ​ ប៉ុន្តែ​ចាប់ខ្លួន​ជន​សង្ស័យ​មិន​បាន​ឡើយ។

លោក លុយ សុវណ្ណារ័ត្ន ប្តី​របស់​ជន​ស្ត្រី​រងគ្រោះ​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ឪពុក​ម្តាយ​ជន​សង្ស័យ​​ក៏បាន​រួមគំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​ដែរ ហើយ​បាន​ជួយ​កូនៗ​របស់​ពួកគេ​ឲ្យ​រត់​គេច​ខ្លួន ប៉ុន្តែ​​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

លោក សុវណ្ណារ័ត្ន ដែល​ក៏បាន​ដាក់ពាក្យ​បណ្តឹង​​​ប្តឹង​លោក សុចិត្រា​ ទៅ​ក្រសួង​យុត្តិធម៌​កាលពី​សប្តាហ៍​មុន​​បាន​និយាយ​ថា “​ខ្ញុំ​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​​លោក ទិន សុចិត្រា ព្រះ​រាជ​អាជ្ញា​រង​​ ពីព្រោះ មាន​ភាព​មិន​ប្រក្រតី​ក្នុង​ចំណាត់​ការ​របស់​គាត់”។

លោក សុវណ្ណារ័ត្ន បាន​និយាយ​ថា​ “វា​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់ខ្ញុំ នៅ​ពេល​លោក សុចិត្រា បាន​ដោះលែង​​ឪពុក​ម្តាយ​របស់​ជន​សង្ស័យ​ដែល​ក៏បាន​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែរ”។

លោក សុចិត្រា​ បាន​អះ​អាង​កាល​ពីម្សិល​មិញ​ថា លោក​បាន​សាក​សួរ​រួច​ហើយ​​​ ហើយ​បាន​ដោះលែង​​ឪពុក​ម្តាយ​ ដេង លក្ខិណា និង​ ដេង​ មាស ប៉ុន្តែ​​បាន​លើក​ឡើង​ថា លោក​មិន​ចាំ​ថា នៅ​ពេល​ណា​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ជួនកាល ​ពួកគេ [​ជន​រងគ្រោះ​]​ មិន​សប្បាយ​ចិត្ត​នឹង​យើង ហើយ​យើង​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ឡើយ” ហើយ​លោក​បដិសេធ​​ថា មិន​បាន​ធ្វើខុស​ទេ។

លោក សុចិត្រា បាន​មានប្រសាសន៍ថា ​លោក​បាន​ទទួល​ការ​ផ្តល់​សក្ខីកម្ម​​ខុស​ៗគ្នា​ពី​សាក្សី​ជុំវិញ​វត្ត​មាន​របស់​ឪពុក​ម្តាយ​​ជន​សង្ស័យ​នៅ​ទីផ្សារ​​អំឡុង​ការ​វាយ​ប្រហារ​ ហេតុ​ដូច​នេះ​ហើយ បាន​សុំ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​​សាកសួរ​ពួកគាត់​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ពីព្រោះ​​ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​តាម​នីតិវិធី​ទាំង​អស់​។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គាត់​ខឹង​ខ្ញុំ​។ មិន​មាន​ភាព​មិន​ប្រក្រតី​ឡើយ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស