31 C
Phnom Penh

‘មនុស្ស​មុខ​ដដែលៗ’ ​តវ៉ានឹង​ការ​អត្ថាធិប្បាយ​របស់លោក​នាយក​រដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដូចមាន​កំហឹង​នឹង​​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន​ដែល​ថា ” មនុស្ស​មុខដដែល​” តែង​តែ​បង្ហាញ​មុ​ខ​នៅ​គ្រប់​​ការ​តវ៉ា​នោះ សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​មួយ​ក្រុម​ក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ជុំគ្នានៅ​មុខ​សាលា​រាជធានី​កាលពី​ម្សិល​មិញ ដើម្បី​សម្ដែង​កំហឹង​របស់​ខ្លួន។boeng-kak

នៅ​ពិធី​បើក​សម្ពោធ​សណ្ឋាគារ​សុខា​​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែ​មីនា លោក ហ៊ុន សែន បាន​​លើកឡើង​សំដៅ​ដល់​ចលនា​តវ៉ា​ដ៏សកម្ម​មួយ​ក្នុង​រាជធានីភ្នំពេញ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​លោក​អះអាង​ថា នៅ​ពីក្រោយ​រឿង​នេះ​ ដោយ​លើក​ឡើង​ថា
“ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ឋាន​សួគ៌​សម្រាប់​ការ​​​តវ៉ាដែលមាន​ការ​ញុះញង់ ​ហើយ​ក្រុម​អ្នកតវ៉ា​មាន​មុខ​​ដដែលៗ​​”។

កាលពី​ម្សិលមិញ អ្នកភូមិ​បឹង​កក់​ប្រហែល​៥០​នាក់​បាន​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភព​លោក ស្ថានទូត​អាមេរិក និង​ស្ថានទូត​សហភាព​អឺរ៉ុប​ សុំ​ឲ្យពួកគេ​ជួយ​អន្តរាគមន៍ ។

អ្នកស្រី បូវ សោភា បាន​និយាយ​ថា “យើង​មក​ទីនេះ​តវ៉ាជំទាស់​​នឹង​ការ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចោទ​ពួកយើង​​ថា មាន​មុខ​ដដែល​មក​តវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត”។

អ្នកស្រី សោភា បាន​ចេញ​មុខ​តវ៉ា​ជាច្រើន​លើក​កាលពី​ពេល​ថ្មីៗ​នេះ​​ដោយ​មិន​មាន​​វត្ត​មាន​អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជាមួយ​មនុស្ស​ប្រាំមួយ​នាក់​ទៀត​ចំពោះ​ការ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​បន្ទាប់​​​ពី​យក​គ្រោង​គ្រែ​ទៅ​ដាក់​លើ​ផ្លូវ​នៅ​ខាង​ក្រៅ​សាលា​រាជធានី​កាលពី​ខែ​វិច្ឆិកា តវ៉ា​នឹង​ការ​ជន់​លិច​តំបន់​បឹងកក់ធ្ងន់ធ្ងរ។

អ្នកស្រី សោភា បាន​​លើក​​ហេតុ​ផល​ថា មុខដដែល​ៗ​មាន​វត្ត​មាន​នៅ​គ្រប់​ការ​តវ៉ានោះ​ពីព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ដោះ​ស្រាយ​​វិវាទ​ដីធ្លី​ជាច្រើន​នៅ​ក្នុង​រាជធានី​ និង​ដោះ​ស្រាយ​ទុក្ខ​លំបាកយូរមកហើយ​​របស់​សហគមន៍​បឹង​កក់ និង​សហគមន៍​បុរីកីឡា​នោះ​ឡើយ។

អ្នកស្រី​បាន​និយាយ​ថា “វា​ដូច​ជា​មនុស្ស​កំពុង​លង់​ទឹក ប៉ុន្តែ​អ្នក​មិន​ជួយ​​មនុស្ស​ដែល​កំពុង​លង់​ទឹក​នោះ​ទេ អ្នក​បែរ​ជា​យក​ច្រវា​មក​វាយ​ក្បាល​ពួកគេ​ទៅវិញ”៕ សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស