នគរបាលបានលើកឡើងកាលពីម្សិលមិញថា នគរបាលខេត្តកំពតបានឆ្មក់បង្ក្រាបការជល់មាន់មួយកាលពីថ្ងៃអាទិត្យ ហើយដកហូតបានមាន់ជល់ និងសម្ភារមួយចំនួនទៀត ប៉ុន្តែពួកគេបានបោះបង់ការព្យាយាមដកហូតម៉ូតូជាច្រើនគ្រឿងពីសង្វៀនជល់មាន់នោះ នៅពេលក្រុមអ្នកភូមិដែលពោរពេញដោយកំហឹងនិងដែលប្រដាប់ដោយអាវុធ និងក្របីបានតតាំងជាមួយពួកគេ។
លោក ម៉ៅ ចាន់មធុរិទ្ធ ស្នងការរងខេត្តកំពតបានឲ្យដឹងថា មន្ត្រីនគរបាលប្រហែល១៥នាក់បានឆ្មក់បង្ក្រាបការជល់មាន់មួយនៅក្នុងឃុំជម្ពូវ័ន្ត ស្រុកជុំគិរី នៅវេលាម៉ោងប្រហែល៤និង៣០នាទីរសៀលថ្ងៃអាទិត្យ។
លោកបានមានប្រសាសន៍ទៀតថា បុរសឈ្មោះ កាន់ ភា អាយុ៤៨ឆ្នាំ ដែលគេសង្ស័យថា ជាអ្នករៀបចំការជល់មាន់នេះ បានរត់គេចខ្លួនរួចពីនគរបាល ប៉ុន្តែបុរសប្រាំពីរនាក់ត្រូវបានចាប់ខ្លួនពីបទលេងល្បែងស៊ីសង ហើយទ្រុងមាន់ចំនួនប្រាំមួយ រួមជាមួយនឹងមាន់ចំនួនបួនក្បាលត្រូវបានដកហូត។
ឧត្ដមសេនីយ៍ត្រីរូបនេះបានបន្ថែមថា នគរបាលក៏បានព្យាយាមដកហូតម៉ូតូចំនួន២៩គ្រឿងពីក្រៅសង្វៀនជល់មាន់ដែរ ប៉ុន្តែអ្នកភូមិបានរារាំងពួកគេ។ លោកបានបន្តថា “នៅពេលនគរបាលរបស់យើងចាប់ម៉ូតូទាំងនោះលើកឡើងដាក់លើរថយន្ត អ្នកភូមិជិត១០០នាក់បានវ៉ៃជាមួយពួកយើងដើម្បីដណ្ដើមយកម៉ូតូទៅវិញ”។
លោកថ្លែងថា អ្នកភូមិទាំងនោះមិនត្រឹមតែប្រដាប់ដោយអាវុធប៉ុណ្ណោះទេ ពួកគេថែមទាំងដឹកក្របីប្រដេញតម្រង់មករករថយន្តរបស់នគរបាលទៀតផង ធ្វើឲ្យនគរបាលបង្ខំចិត្តគេចខ្លួនចោលម៉ូតូ។
លោកបានបន្ថែមថា “យើងបានសម្រេចចិត្តបោះបង់ម៉ូតូទាំងនោះចោលនៅកន្លែងកើតហេតុ ដោយសារតែយើងមិនចង់តតាំងជាមួយអ្នកភូមិដែលពោរពេញដោយកំហឹង ដែលប្រដាប់ដោយកំាបិតផ្គាក់ ពូថៅ និងដំបង”។
លោកបានបញ្ជាក់ថា គ្មាននរណាម្នាក់រងរបួសទេនៅក្នុងការប្រឈមមុខដាក់គ្នានេះ ដោយគ្រាន់តែតតាំងគ្នាជាពាក្យសម្ដី និងរុញច្រានគ្នាខ្លះៗប៉ុណ្ណោះ។
លោក អៀម ច័ន្ទតារា ជាមន្ត្រីនគរបាលមួយរូបនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍ថា បុរសពីរនាក់ក្នុងចំណោមបុរសដែលត្រូវបានចាប់ខ្លួនទាំងប្រាំពីរនាក់ ត្រូវបានដោះលែងវិញកាលពីព្រឹកម្សិលមិញ ដោយសារពួកគេមានជំងឺ ហើយឪពុកម្ដាយរបស់ពួកគេបានធានាថា ពួកគេនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ។ ” ប៉ុន្តែជនសង្ស័យទាំងប្រាំនាក់ទៀតនឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីធ្វើការចោទប្រកាន់”។
លោកបានបន្ថែមទៀតថា នគរបាលក៏កំពុងតាមចាប់ខ្លួនប្អូនប្រុសរបស់លោក កាន់ ភា ឈ្មោះ កាន់ ផាត អាយុ៤០ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ កាន់ មុល អាយុ២៣ឆ្នាំផងដែរ ដោយសារតែពួកគេជាប់សង្ស័យពីបទញុះញង់អ្នកភូមិឲ្យតតាំងជាមួយនគរបាល។ ” យើងកំពុងតាមចាប់ខ្លួនមេខ្លោង និងអ្នកដឹកនាំអ្នកភូមិឲ្យវាយបកមកលើនគរបាល។ យើងបានបង្ខំចិត្តចាកចេញពីកន្លែងកើតហេតុចោលម៉ូតូ ដោយសារតែអ្នកភូមិមួយចំនួនបានដឹកក្របីប្រដេញយើងតាមពីក្រោយ”៕ សុខុម