32.5 C
Phnom Penh

តុលាការ​ចោទប្រកាន់​ក្មេង​ប្រុស​​ជំទង់​ម្នាក់​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃច័ន្ទ​ សាលាដំបូង​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​ក្មេង​ប្រុស​អាយុ​១៧ឆ្នាំម្នាក់ពី​បទ​រំលោភ​ក្មេង​ស្រី​ជិត​ខាង​អាយុ​៨ឆ្នាំ​នៅ​ផ្ទះ​របស់​នាង​ស្ថិត​ក្នុង​ស្រុក​វើន​​សៃ។

លោក ផែន ឌីណា ស្នងការ​រង​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​​”សាលាដំបូង​ខេត្ត​​បាន​ចោទប្រកាន់​​ក្មេង​ប្រុស​រូប​នេះ​កាលពី​ល្ងាច​ម្សិលមិញ​ពី​បទ​រំលោភ​មាន​ស្ថាន​ទម្ងន់​ទោស។ យើង​បាន​បញ្ជូន​ជន​នេះ​ទៅឃុំខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធនាគារ​ខេត្ត”។

លោក ឌីណា បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​រូប​នេះ​បាន​រំលោភ​​ក្មេង​ស្រី​នៅ​ផ្ទះ​របស់​នាង​តែ​ម្តង​​នៅ​ក្នុង​ឃុំប៉ុង កាលពី​យប់​ថ្ងៃអាទិត្យ​ ខណៈ​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅ​ផ្ទះ។

លោក​បាន​មាន​ប្រសាសន៍​ថា​​ ជន​សង្ស័យ​បាន​សារភាព​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ ខណៈ​ដែល​ការ​ធ្វើ​កោសល្យ​វិច័យ​​បញ្ជាក់​ថា ក្មេង​ស្រី​រូប​នេះ​ពិត​ជាត្រូវ​បាន​រំលោភ។

លោក លាវ ស្រេង​ ព្រះ​រាជ​អាជ្ញា​​ទទួល​បន្ទុក​រឿង​ក្តី​នេះ​​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។

លោក តឿ​ នូថាង អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​របស់​លោក​បាន​ចាប់​ខ្លួន​ក្មេង​ជំទង់​រូបនេះ​កាលពី​យប់​ថ្ងៃអាទិត្យ​​បន្ទាប់ពី​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រូប​នេះ​​ ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​​មិត្ត​ភក្តិ​រស់​ក្បែរ​ខាង​ឃើញ​កូនស្រី​របស់​ខ្លួន​ដេក​យំ។

លោក​ នូថាង បាន​មាន​ប្រសាសន៍​ថា “មុន​ពេល​មាន​ការ​រំលោភ​កើតឡើង​ ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​​បាន​ទៅ​សួរ​សុខទុក្ខ​ស្ត្រី​ម្នាក់​ដែល​ទើប​តែ​សម្រាល​កូន​នៅ​ក្នុង​ឃុំ ហើយ​ពួកគាត់​​បាន​ទុក​កូនស្រី​របស់​ខ្លួន​ឲ្យ​ដេក​តែ​ម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ”។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ពេល​​ក្មេង​ប្រុស​រូប​នេះ​​ឃើញ​ក្មេង​ស្រី​ដេក​តែ​ម្នាក់ឯង ជន​សង្ស័យ​រូប​នេះ​​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បាន​ស្រាត​សម្លៀក​បំពាក់​ក្មេង​ស្រី​រងគ្រោះ​ ហើយ​បាន​​ចាប់​រំលោភ​នាង​តែ​ម្តង”។

លោក​បាន​បន្ថែម​ថា នគរបាល​​បាន​ចាប់ខ្លួន​​ក្មេង​ប្រុស​ជំទង់​រូប​នេះ​នៅ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង​នៅ​ម៉ោង​ប្រហែល​​១១យប់​។

លោក​បាន​មាន​ប្រសាសន៍​ថា “​បន្ទាប់ពី​យើង​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្ញុំ​​ទៅ​ចាប់ខ្លួន​​ជន​សង្ស័យ​រូប​នេះ​នៅ​នឹង​ផ្ទះ​តែ​ម្តង។ ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​ថា រូបគេ​ពិត​ជា​បាន​រំលោភ​ក្មេង​ស្រី​រូប​នេះ​មែន​ ពីព្រោះ​គេ​មិន​អាច​ទប់​អារម្មណ៍​បាន​​នៅ​ពេល​ឃើញ​នាង​កំពុង​ដេក​តែម្នាក់​ឯង”។

យោង​តាម​លោក ឌីណា បាន​ឲ្យ​ដឹង​ថា ​ក្មេង​ស្រី​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅឡើយ៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស