34 C
Phnom Penh

លោក ហង្ស ពុទ្ធា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ដ៏​លេច​ធ្លោ​មួយ​រូប​ ​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ “អព្យាក្រឹត​”​ថ្មី​របស់​ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខជន​សមាជិក​​ “អព្យាក្រឹត​” នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ក្រោយពី​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ច្រាន​ចោល​ការ​តែងតាំង​​លោកស្រី​។

ការ​ចរចា​រយៈ​ពេល​៧ខែ បាន​ឈាន​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​ថ្មី​ចំនួន​ពីរ​កាលពី​សប្ដាហ៍​មុន ដោយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​​បង្កើត​ គ.ជ.ប.ថ្មី ដែល​មាន​បេក្ខជន​បួន​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច និង​បួន​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​ទាំង​សមាជិក​មួយ​រូប​ចុង​ក្រោយ​ដែល​គណបក្ស​ទាំង​ពីរ​អាច​ទទួល​យក​បាន។

លោកស្រី ពុង ឈីវកេក បាន​ទទួល​យក​​​តំណែង​ជា​សមាជិក​​ “អព្យាក្រឹត​” របស់ ​គ.ជ.ប.​នេះ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​កាលពី​ម្សិលមិញ លោកស្រី​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​​​​កែប្រែ​ការ​សម្រេច​ចិត្ត​របស់​លោកស្រី​ ដោយ​មាន​ប្រសាសន៍​ថា មុខតំណែង​នៅ​ក្នុង​គ.ជ.ប.នេះ នឹង​មិន​អាច​ធានា​បាន​នូវ​​ភាព​ឯករាជ្យ​ដូច​ដែល​បាន​សន្យា​នៅ​ពេល​លោកស្រី​ទទួល​តំណែង​នេះ​ឡើយ។

កាលពី​ល្ងាច​ម្សិលមិញ គណបក្ស​ប្រជាជន​កម្ពុជា​បាន​​ផ្សព្វ​ផ្សាយ​លិខិត​មួយ​​ច្បាប់​​ចុះ​ថ្ងៃ​អាទិត្យ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ញើជូន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដោយ​​បញ្ជាក់​ថា លោក ហង្ស ពុទ្ធា គឺ​ជា​អ្នក​ដែល​ត្រូវ​​ជំនួស​តំណែង​លោកស្រី ពុង ឈីវកេក។

លោក ហ៊ុន សែន បាន​សរសេរ​ថា ” ក្រោយ​ពី​ការ​ឆ្លើយ​ឆ្លង​​រវាង​ឯក​ឧត្ដម និង​ខ្ញុំ​តាម​សារ​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៥ ​គណបក្ស​យើង​ទាំង​ពីរ​បាន​ព្រមព្រៀង​​ជ្រើស​រើស​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ឲ្យ​ធ្វើ​ជា​បេក្ខជនសមាជិក​​ទី​៩​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។ ​ដូច​នេះ សូម​ឯកឧត្ដម​ពិនិត្យ​ និង​ចុះ​ហត្ថលេខា​លើ​លិខិត​នេះ​​ដើម្បី​ទុក​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ក្រោយ​ពេល​រដ្ឋសភា​បញ្ចប់​ការ​ទទួល​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត”។

លោក សម រង្ស៊ី បាន​បញ្ជាក់​ពី​ការ​ជ្រើស​រើស​នេះ​កាលពី​ល្ងាច​ម្សិលមិញ។ លោក​បាន​មាន​ប្រសាសន៍​ថា ​”ខ្ញុំ​សូម​បញ្ជាក់​ថា លោក ហង្ស ពុទ្ធា គឺ​ជា​អ្នក​​ដែល​នឹង​ជំនួស​តំណែង​លោកស្រី ពុង ឈីវកេក” ដោយ​លោក​បាន​ពន្យល់​ថា បទ​ពិសោធ​របស់​លោក ហង្ស ពុទ្ធា ជា​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​ជាប្រធាន​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ បាន​ធ្វើ​ឲ្យ​លោក​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់ទទួល​យក​មុខ​តំណែង​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​គឺ​ជា​បេក្ខជន​ល្អ​​​បំផុត​ទី២​​បន្ទាប់ពី​លោកស្រី ពុង ឈីវកេក មក​ពីអង្គការ​លីកាដូ ដូច្នេះ​គាត់​ស្ថិត​នៅ​ក្នុង​លេខ​រៀងទី២ ដូច្នេះ​ហើយ​​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ”។

លោក ហង្ស ពុទ្ធា ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​លោក​បាន​ស្ថិត​ក្នុង​ចំណោម​​អង្គការ​ជាច្រើន​ដែល​បាន​រិះគន់​ច្បាប់​បោះ​ឆ្នោត​ថ្មី​ទាំង​ពីរ​នេះ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​បាន​ទាក់​ទង​ទៅ​លោក​ទេ​ជុំវិញ​ការ​តែង​តាំង​នេះ​។

លោក​បាន​មាន​ប្រសាសន៍​​យ៉ាង​ដូច្នេះ​​ថា “មាន​តែ​ប្រព័ន្ធ​ផ្សាយ​ប៉ុណ្ណោះ​​ដែល​បាន​សួរ​ខ្ញុំ​​ជា​ច្រើន​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ពី​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ​ទេ​។ ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ពិភាក្សា​រឿង​នេះ​ជាមួយ​សហសេវិក​​ ពីព្រោះ​ខ្ញុំ​មិនទាន់​បាន​ត្រៀម​ខ្លួន​​ក្លាយ​ជា​សមាជិក​ គ.ជ.ប. នៅឡើយ​ទេ​”។

លោក ឈឹម ផលវរុណ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ជ្រើស​រើស​លោក ហង្ស ពុទ្ធា ជំនួស​តំណែង​លោកស្រី ពុង ឈីវកេក ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​​សប្ដាហ៍​មុន ប៉ុន្តែ​ថា គណបក្ស​ទាំងពីរ​បាន​សម្រេច​​​មិន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​​ទេ​រហូត​ទាល់​តែ​លោកស្រី ពុង ឈីវកេក សម្រេច​​ចិត្ត​ជា​ផ្លូវ​ការ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “តាម​ពិត​​ការ​សម្រេច​​ជ្រើស​រើស​លោក ហង្ស ពុទ្ធា ត្រូវ​បាន​ធ្វើ​ឡើង​​ប្រហែល​មួយ​សប្ដាហ៍​មុន បន្ទាប់ពី​ដឹង​​​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ថា លោកស្រី ពុង ឈីវកេក នឹង​បដិសេធ​តំណែង​នេះ​។ ចាំបាច់​ត្រូវ​រក្សា​ការ​សម្ងាត់​ជា​មុន​សិន​ដោយ​ខ្លាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​ [ប៉ុន្តែ] ពេល​នេះ​​លោកស្រី​បាន​ប្រកាស​បដិសេធ​ជា​សាធារណៈ​ និង​ជា​ផ្លូវ​ការ​ហើយ​”។

លោក​បាន​បន្ត​ថា លោក ហង្ស ពុទ្ធា ត្រូវ​ដាក់​ពាក្យ​សុំ​ដើម្បីក្លាយ​ជា​សមាជិក​ គ.ជ.ប. ប្រសិន​បើ​លោក​ទទួល​យក​ការ​តែងតាំង​នេះ។ លោក​បាន​បន្ត​ថា ​​”គាត់​គឺ​ជា​មនុស្ស​ដែល​មាន​ការ​អប់រំ​ខ្ពស់ មាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត ហើយ​គាត់​មាន​បទ​ពិសោធន៍​ច្រើន​ និង​ប្រកាន់​ជំហរ​អព្យាក្រឹត​​​។ នោះ​ជាមូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​បាន​សម្រេច​គាំទ្រ​គាត់​ឲ្យ​ធ្វើ​ជា​សមាជិក​ទី​៩​របស់ គ.ជ.ប.”។

លោកស្រី ពុង ឈីវកេក ដែល​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ធ្លាប់​​រៀបចំ​ឲ្យ​មាន​ការ​ចរចា​គ្នា​រវាង​ព្រះអង្គម្ចាស់​ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​​​ក្នុង​ប្រទេស​កម្ពុជា​​ បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី​ថា គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែល​លោកស្រី​សម្រេច​ចិត្ត​បដិសេធ​មិន​ទទួល​យក​អាសនៈ​អព្យាក្រឹត​​របស់ គ.ជ.ប. នេះ​។

លោកស្រី​បាន​លើក​ឡើង​​យ៉ាង​ដូច្នេះ​ថា “ទោះបី​​វា​ជា​កិត្តិយស​​ដ៏​ធំធេង​ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​មុខ​តំណែង​ដ៏​សំខាន់​នេះ​ក្ដី ក៏​ខ្ញុំ​​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​ត្រូវ​បដិសេធ​​​​ការ​ផ្ដល់​ឱកាស​​ធ្វើ​ជា​សមាជិក​ទី៩​នៃ​ គ.ជ.ប.ថ្មី។ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ជន​រួម​ជាតិ​ដែល​មាន​ជំនឿ​មក​លើ​ខ្ញុំ និង​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ខក​ចិត្ត​”។

លោកស្រី​បាន​ទទួល​យក​​តំណែង​នេះ​​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​​ថ្ងៃ​២២ កក្កដា ​អម​ដោយ​លក្ខខណ្ឌ​មួយ​ចំនួន​រួម​ទាំង​ការ​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ដល់​លោកស្រី​​ ដើម្បី​​ការពារ​ខ្លួន​ពី​ការ​ផ្ដន្ទាទោស​ដូច​តំណាង​រាស្ត្រ​ដែរ​ ប៉ុន្តែ​លក្ខខណ្ឌ​នេះ​​​ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​ច្រាន​ចោល​នៅ​ក្នុង​ការ​ធ្វើ​​សេចក្ដី​ព្រាង​​ច្បាប់​បោះ​ឆ្នោត​ថ្មី​។

ទោះ​ជាយ៉ាង​ណា មន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​រាប់​បញ្ចូល​បទប្បញ្ញត្តិ​មួយ​ដែល​តម្រូវ​ឲ្យ​សមាជិក​ គ.ជ.ប. បោះ​បង់​សញ្ជាតិ​បរទេស​​ចោល​ ដែល​បាន​តម្រូវ​ឲ្យ​លោកស្រី ពុង ឈីវកេក បោះ​បង់​លិខិត​ឆ្លង​ដែន​​បារាំង និង​កាណាដា​​របស់​លោកស្រី​​។

សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី ពុង ឈីវកេក បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្ដី​រំពឹង​​ដែល​​លោកស្រី​​​​ចង់​បាន​ជា​លក្ខខណ្ឌ​នៃ​ការ​​ទទួល​យក​មុខ​តំណែង​នេះ មិន​ត្រូវ​បាន​អនុវត្ត​​តាម​ឡើយ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់។

លោកស្រី​បាន​សរសេរ​ថា “នៅ​ខណៈ​នោះ តួនាទី​សមាជិក​ទី​៩​សម្រាប់​ខ្ញុំ​ គឺ​ជា​សមាជិក​ឯករាជ្យ​ម្នាក់​​ ពិត​ជា​នឹង​រួម​វិភាគ​ទាន​យ៉ាង​សំខាន់​ដល់​អព្យាក្រឹតភាព​នៃ​ស្ថាប័ន​រៀបចំ​ការ​​បោះ​ឆ្នោត​ ដើម្បី​សម្រេច​បេសកកម្ម​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។ រហូត​មក​ទល់​ថ្ងៃ​នេះ រូប​ខ្ញុំជឿ​ជាក់​ថា ​​មុខ​តំណែង​មួយ​នេះ ខ្ញុំ​មិន​​អាច​អនុវត្ត​ទៅ​រួច​នោះ​ទេ”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ស្រី ពុង ឈីវកេក គឺ​អាច​យល់​បានថា​ ដោយ​សារ​តែ​ការ​ខ្វះ​ចន្លោះ​នៃ​ច្បាប់​ថ្មីទាំង​នេះ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​គាត់ និង​ហានិភ័យ​ខ្ពស់​ពាក់​ព័ន្ធ​នឹង​ច្បាប់​ថ្មី​ស្ដីពី គ.ជ.ប. និង​ស្ដីពីការ​បោះ​ឆ្នោត​សភា​​ជាមួយ​នឹង​បទប្បញ្ញត្តិ​ដែល​គ្មាន​ភាព​វិជ្ជមាន មិន​ធានា​សេរីភាព​នៃ​ការ​បោះ​ឆ្នោត​​លើក​ក្រោយ​ៗ​​ ហើយវា​នឹង​ដាក់​បន្ទុក​ធ្ងន់​លើ​ គ.ជ.ប.”។

ប៉ុន្តែ​លោក​បាន​​អបអរ​សាទរ​ចំពោះ​ការ​ជ្រើស​រើស​លោក ហង្ស ពុទ្ធា ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​លោក​គឺ​ជា​ផ្នែក​មួយ​នៃ​សម្ពន្ធភាព​​កំណែទម្រង់​ការ​បោះ​ឆ្នោត (ERA) ដែល​មាន​លោក គល់ បញ្ញា ជា​ប្រធាន​។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​មាន​ក្ដី​រីក​រាយ​ជា​ខ្លាំង​ ពីព្រោះ​គាត់​ក៏​ជា​សមាជិក​របស់ ERA ដែរ​។ គាត់​មាន​បទពិសោធន៍​ខាង​តស៊ូ​ប្រយុទ្ធប្រឆាំង​ដើម្បី​កំណែទម្រង់​បោះ​ឆ្នោត ហើយ​ពេល​នេះ​​ស្ថិត​នៅ​ក្នុង​មុខ​តំណែង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ និង​បំពេញ​ការ​ងារស្រាប់​​។ ខ្ញុំ​នឹង​រក្សា​ទំនាក់​ទំនង​ជាមួយ​គាត​់​ដើម្បី​​ឲ្យ​គាត់​បន្ត​ធ្វើ​កំណែទម្រង់​​​ ទោះ​បី​ជា​មាន​បញ្ហា​​ទាំង​អស់​នេះ​នៅ​ក្នុង​ច្បាប់​នេះ​ក៏​ដោយ​។ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា គ.ជ.ប.ថ្មី អាច​ដើរ​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ ហើយ​ផ្ដល់​ការ​បោះ​ឆ្នោត​កាន់​តែ​ប្រសើរ​”៕ សុខុម​​ (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស