28 C
Phnom Penh

លោក​​​ ហង្ស ពុទ្ធា ប្តេជ្ញា​​​ធ្វើ​​​កំណែទម្រង់​​​ពេល​​​ក្លាយ​​​ជា​​​សមាជិក​​​ “អព្យាក្រឹត” ​​​របស់​​​ គ.ជ.ប.​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ហង្ស ពុទ្ធា ដែល​​​ទំនង​​​​​​នឹង​​​ក្លាយ​​​ជា​​​បេក្ខ​​​ជន​​​ “អព្យាក្រឹត​​​” នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​កា​​​របោះ​​​ឆ្នោត(គ.ជ.ប.) ថ្មី​​​​​​ បានលើក​​​ឡើង​​​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​នឹង​​​ទទួល​​​យក​​​ការ​​​ជ្រើស​​​តាំង​​​ដើម្បី​​​បន្ត​​​ធ្វើ​​​ការ​​​កំណែទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​អាច​​​សម្រេច​​​បាន​​​នោះ​​​។cam-photo-NEC-folo

លោក​​​ ហង្ស ពុទ្ធា ដែល​​​ជា​​​នាយក​​​ប្រតិបត្តិ​​​ជា​​​យូរ​​​មក​​​ហើយ​​​នៃ​​​គណៈកម្មាធិការ​​​អព្យាក្រឹត​​​ និង​​​យុត្តិធម៌​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​ដោយ​​​សេរី និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា​​​ហៅកាត់​​​ថា និចហ្វិច​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ ជា​​​បេក្ខ​​​ជន​​​​​​សមាជិក​​​អព្យាក្រឹត​​​​​​ដោយ​​​គណបក្ស​​​ទាំង​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ បន្ទាប់​​​ពី​​​លោក​​​ស្រី ពុង ឈីវកេក  ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​តែង​​​តាំង​​​លោក​​​ស្រី​​​។

លោក​​​ស្រី ពុង​​​ ឈីវកេក បាន​​​លើក​​​ឡើង​​​ថា វា​​​នឹង​​​មិន​​​អាច​​​បំពេញ​​​តួនាទី​​​របស់​​​លោក​​​ស្រី​​​ប្រកប​​​ដោយ​​​ឯករាជ្យ​​​ភាព​​​បាន​​​ឡើយ​​​ដោយសារ​​​បទប្បញ្ញត្តិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នៅ​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​។

ប៉ុន្តែ លោក ហង្ស ពុទ្ធា ដែល​​​ក៏​​​ជា​​​អ្នក​​​រិះ​​​គន់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​មួយ​​​រូប​​​ដែរ​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​កំពុង​​​ត្រៀម​​​ខ្លួន​​​ទទួល​​​យក​​​ឱកាស​​​នេះ។ លោក​​​បាន​​​បន្ថែម​​​ថា ​​​ទាំង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​មិន​​​ទាន់​​​​​​ទាក់​​​ទង​​​មក​​​លោក​​​នៅ​​​ឡើយ​​​ទេ​​​ចាប់​​​តាំង​​​ពី​​​លោក​​​ត្រូវ​​​បាន​​​ជ្រើស​​​​​​តាំង​​​មក​​​។

លោក ហង្ស ពុទ្ធា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​រួច​​​ហើយ​​​ ប៉ុន្តែ មាន​​​តែ​​​គណបក្ស​​​ចំនួន​​​ពីរ​​​ប៉ុណ្ណោះ​​​ដែល​​​បាន​​​ជ្រើស​​​រើស​​​ខ្ញុំ ហើយ​​​ឥឡូវ​​​ខ្ញុំ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អ្វី​​​នៅ​​​ឡើយ​​​ទេ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ថែម​​​ថា “យោង​​​តាម​​​បទពិសោធន៍​​​របស់​​​ខ្ញុំ​​​ ខ្ញុំ​​​អាច​​​ចូល​​​រួម​​​ ​​​ជាមួយ​​​ គ.ជ.ប.​​​​​​ ថ្មី​​​ហើយ​​​ព្យាយាម​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ស្ថាប័ន​​​នេះ​​​ឲ្យលើស​​​ពី​​​អ្វី​​​ដែល​​​គណបក្ស​​​នយោបាយ​​​អាច​​​ធ្វើ​​​បាន​​​។ ពួកគេ​​​មាន​​​សមត្ថភាព​​​គ្រប់គ្រាន់​​​ក្នុង​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​ ប៉ុន្តែ ពួកគេ​​​មិន​​​បាន​​​​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ទាល់​​​តែ​​​សោះ​​​។ ហេតុ​​​ដូច្នេះ​​​ ខ្ញុំ​​​នឹង​​​ព្យាយាម​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ស្ថាប័ន​​​នេះ​​​។ ខ្ញុំ​​​នឹង​​​សហការ​​​ជាមួយ​​​គណបក្ស​​​ទាំង​​​ពីរ​​​ ខ្ញុំ​​​នឹង​​​ប្រើ​​​ចំណេះ​​​ដឹង​​​របស់​​​ខ្ញុំ​​​ដើម្បី​​​កែ​​​ប្រែ​​​ច្បាប់​​​សម្រាប់​​​ការ​​​បោះឆ្នោត​​​ ហើយ​​​ក៏​​​នឹង​​​ផ្តោត​​​​​​ឲ្យ​​​បាន​​​​​​ខ្លាំង​​​លើ​​​ការ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​យល់​​​ដឹង​​​អំពី​​​ដំណើរ​​​ការ​​​បោះឆ្នោត​​​ផង​​​ដែរ​​​”។

លោក ហង្ស ពុទ្ធា ​​​មិន​​​បាន​​​ប្រាប់​​​ពី​​​ផែនការ​​​ជាក់​​​លាក់​​​​​​ដែល​​​គ្រោង​​​នឹង​​​ធ្វើ​​​កំណែទម្រង់​​​នេះ​​​ឡើយ​​​ ប៉ុន្តែ អង្គការ​​​ឃ្លាំ​​​មើល​​​ការ​​​បោះឆ្នោត​​​របស់​​​លោក​​​​​​ធ្លាប់​​​បាន​​​លើក​​​ឡើង​​​រួច​​​មក​​​ហើយ​​​អំពី​​​ក្តី​​​ព្រួយ​​​បារម្ភ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​បញ្ហា​​​ ដោយ​​​បាត់​​​​​​ឈ្មោះ និង​​​ឈ្មោះ​​​ជាន់​​​គ្នា​​​ ក៏​​​ដូច​​​ជា​​​ភាព​​​មិន​​​ប្រក្រតី​​​តាម​​​ការិយាល័យ​​​បោះឆ្នោត​​​ជា​​​ដើម​​​​​​។

គ.ជ.ប.​​​ថ្មី​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​សង្ឃឹម​​​ថា នឹង​​​អាច​​​បង្កើត​​​បាន​​​មុន​​​ពេល​​​ចូល​​​ឆ្នាំ​​​ថ្មី​​​នា​​​ពាក់​​​កណ្តាល​​​ខែ​​​មេសា នឹងមាន​​​បេក្ខជន​​​បួន​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​បួន​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ព្រម​​​ទាំង​​​សមាជិក​​​មួយ​​​រូប​​​ចុង​​​ក្រោយ​​​ គឺ​​​លោក ហង្ស ពុទ្ធា ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ទទួល​​​យក​​​បាន​​​។

ស្ថាប័ន​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​​​​ដែល​​​មាន​​​ការ​​​ព្រមព្រៀង​​​គ្នា​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា ដែល​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ព្រមបញ្ចប់​​​ការ​​​​​​ធ្វើ​​​ពហិការ​​​​​​មិន​​​ចូល​​​សភា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​នោះ​​​ នឹង​​​ជំនួស​​​ឲ្យ គ.ជ.ប.​​​ចាស់ ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​​​​ឡើង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៨ និង​​​ដែល​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ព​​​ី​​​បទ​​​ជួយ​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​សម្រាប់​​​គណបក្ស​​​កាន់​​​អំណាច​​​។

ការ​​​សម្រេច​​​ចិត្ត​​​របស់​​​លោក​​​ ហង្ស ពុទ្ធា ក្នុង​​​ការ​​​ទទួល​​​យក​​​ការ​​​ជ្រើស​​​តាំង​​​លោក​​​ជា​​​សមាជិក​​​អព្យាក្រឹត​​​នៃ គ.ជ.ប.ថ្មី​​​នេះ​​​ត្រូ​​​វបាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ថ្លែង​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​ចោទប្រកាន់​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​ថា ព្យាយាម​​​​​​ប្តូរ​​​ជំហរ​​​ក្នុង​​​ការ​​​គាំទ្រ​​​​​​​​​ការ​​​ជ្រើស​​​​​​តាំង​​​ប្រធាន​​​អង្គការ​​​ឃ្លាំ​​​មើល​​​ការ​​​បោះឆ្នោត​​​រូប​​​នេះ​​​។

ថ្លែង​​​នៅ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ស្ពាន​​​ដ៏​​​សំខាន់​​​ថ្មី​​​មួយ​​​ឆ្លង​​​កាត់​​​ទន្លេ​​​មេគង្គ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា លោក សម រង្ស៊ី បាន​​​ព្យាយាម​​​ប្តូរ​​​ជំហរ​​​ចំពោះ​​​ការ​​​គាំទ្រ​​​​​​ការ​​​ជ្រើស​​​តាំង​​​​​​​​​លោក​​​ ហង្ស ពុទ្ធា មិន​​​យូរ​​​ប៉ុន្មាន​​​មុន​​​ពេល​​ការ​​​ជ្រើស​​​​​​តាំង​​​​​ត្រូវ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មានប្រសាសន៍​​​ថា “អ្វី​​ៗ​​​ស្ទើរ​​​តែ​​​ចប់​​​សព្វ​​​គ្រប់​​​ទៅ​​​ហើយ​​​​​​ ប៉ុន្តែ កាល​​​ពីម្សិលមិញ ឯកឧត្តម​​​ សម រង្ស៊ី បាន​​​ផ្ញើ​​​លិខិត​​​មក​​​។ ខ្ញុំ​​​សូម​​​ទោស​​​ឯកឧត្តម​​​ សម រង្ស៊ី ចំពោះ​​​បញ្ហា​​​នេះ​​​ ព្រោះ​​​ខ្ញុំ​​​ត្រូវ​​​ការ​​​ពន្យល់​​​ហេតុ​​​ផល​​​”។

លោក ហ៊ុន សែន បាន​​​អាន​​​លិខិត​​​របស់​​​លោក សម រង្ស៊ី ដែល​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ទទួល​​​បាន​​​ព័ត៌មាន​​​ថា លោក​​​ ហង្ស ពុទ្ធា មាន​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ធ្ងន់​​​ធ្ងរ​​​ ហើយ​​​ប្រហែល​​​ជា​​​មិន​​​អាច​​​បំពេញ​​​តួ​​​នាទី​​​របស់​​​លោក​​​នៅ​​​ក្នុង​​​គ.ជ.ប.​​​ថ្មី​​​បាន​​​ឡើយ​​​ដោយ​​​សារ​​​លោក​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ព្យាយាល​​​ជំងឺ​​​។

លោក ហ៊ុន សែន បាន​​​មានប្រសាសន៍​​​ថា “វា​​​មានន័យ​​​ថា គេ​​​គិត​​​ថា លោក​​​ ហង្ស ពុទ្ធា នឹង​​​ស្លាប់​​​​ពីរ​​​ ឬបី​​​ឆ្នាំ​​​ក្រោយ​​​។ វា​​​គឺជា​​​ការ​​​ប្រមាថ​​​ដ៏ធ្ងន់​​​ធ្ងរ​​​ចំពោះ​​​​​​ជីវិត​​​របស់​​​​​​លោក ហង្ស ពុទ្ធា ព្រោះ​​​បើ​​​តាម​​​ខ្ញុំ​​​ដឹង​​​គាត់​​​​​​មិន​​​ទាន់​​​មាន​​​អាយុ​​​លើស​​​ពី​​​ប្រហែល​​​៥០​​​ឆ្នាំ​​​ផង​​​”។

លោក ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​សូម​​​ទោស​​​ឯកឧត្តម​​​​​​​​​​​​​​ ដែល​​​ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​សំណើ​​​របស់​​​ឯកឧត្តម​​​បាន​​​។ ដំបូង​​​ឡើយ​​​យើង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​តាម​​​រយៈ​​​ការ​​​ឆ្លើយ​​​ឆ្លង​​​សារ​​ចំពោះ​​​​​​ការ​​​យល់​​​ព្រម​​​ទទួល​​​យក​​​បេក្ខ​​​ភាព​​​ ហង្ស ពុទ្ធា “។

លោក​​​បានមានប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “តាម​​​ដឹង​​​លោក​​​ ហង្ស ពុទ្ធា គ្មាន​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ទេ​​​។បើ​​​ទោះ​​​ជា​​​​​​គាត់​​​មាន​​​ជំងឺ​​​នេះ​​​មែន​​​ ក៏​​​​​​ច្បាប់​​​មិន​​​បាន​​​ហាម​​​ឃាត់​​​​​​មិន​​​​​​ឲ្យឈរ​​​ឈ្មោះ​​​នោះ​​​ដែរ​​​​​​។ មិន​​​ថា​​​ជំងឺ​​​​​​​​​ទឹក​​​នោម​​​ផ្អែម​​​ សូម្បី​​​ជំងឺ​​​អេដស៍​​​​​​នៅ​​​តែ​​​ឈរ​​​ឈ្មោះ​​​បាន​​​ដែរ​​​​​​”។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គណបក្ស​​​ប្រជាជនកម្ពុជា​​​​​​នឹង​​​នៅ​​​តែ​​​រក្សា​​​ជំហរ​​​ជ្រើស​​​តាំង​​​លោក ហង្ស ពុទ្ធា​​​ ជា​​​សមាជិក​​​អព្យាក្រឹត​​​នៃ​​​គ.ជ.ប.​​​ថ្មី​​​ដដែល​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប៉ុន្តែ វា​​​មាន​​​ពីរ​​​ផ្លូវ​​​ គឺ​​​អាច​​​បោះ​​​ឆ្នោត​​​ ឬមិន​​​បោះ​​​ឆ្នោត​​​តែ​​​​​​បេក្ខភាព​​​វា​​​នៅ​​​តែ​​​ជា ហង្ស ពុទ្ធា”។

យោង​​​តាម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដែល​​​ត្រូ​​​វបាន​​​អនុម័ត​​​កាល​​​ពី​​​សប្តាហ៍​​​មុន គ.ជ.ប.​​​ចាស់​​​ដែល​​​មាន​​​សមាជិក​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​លើស​​​លប់​​​​​​​​​នឹង​​​នៅ​​​តែ​​​​​​បំពេញ​​​តួនាទី​​​របស់​​​ខ្លួន​​​រហូត​​​ទាល់​​​តែ​​​សមាជិក​​​ទី​​​៩​​​នៃ ​​​គ.ជ.ប.ថ្មីស្បថ​​​ចូល​​​កាន់​​​តំណែង​​​។

លោក ហង្ស ពុទ្ធា បាន​​​មានប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​គ្មាន​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ទេ​​​ ហើយ​​​មាន​​​សុខភាព​​​ល្អគ្រប់​​​គ្រាន់​​​សម្រាប់​​​បម្រើ​​​ការ​​​ជូន​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​គ្មាន​​​បញ្ហា​​​ដូច​​​គេ​​​និយាយ​​​ទេ​​​ ខ្ញុំ​​​មិន​​​យល់​​​សោះ​​​អំពី​​​បញ្ហា​​​នេះ។ ប្រហែល​​​វា​​​ជា​​​ល្បែង​​​នយោបាយ​​​ហើយ​​​មើល​​​ទៅ​​​។ ប្រសិន​​​បើ​​​អ្នក​​​នយោបាយ​​​ចង់​​​លេង​​​ល្បែង​​​​​​នយោបាយ​​​ជា​​​មួយ​​​នឹង​​​​​​បេក្ខ​​​ភាព​​​របស់​​​ខ្ញុំ​​​នោះ​​​​​​​​​​​​ អ៊ីចឹង​​​ខ្ញុំ​​​ចង់​​​សួរ​​​ថា ហេតុ​​​អី​​​​​​បាន​​​ជា​​​គេ​​​ធ្វើ​​​ដូច្នេះ​​​”។

មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​សុន្ទរកថា របស់​​​លោក ហ៊ុន សែន លោក សម រង្ស៊ី បានមាន​​​ប្រសាសន៍​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​ថា ឥឡូវ​​​នេះ​​​លោក​​​សប្បាយ​​​ចិត្ត​​​ដោយ​​​ដឹង​​​ថា លោក ហង្ស ពុទ្ធា គ្មាន​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ធ្ងន់​​​ធ្ងរ​​​ដែល​​​តម្រូ​​​វ​​​ឲ្យ​​​មាន​​​ការ​​​ព្យាបាល​​​ទៀង​​​ទាត់​​​នោះ​​​ ហើយ​​​លោក​​​គាំទ្រ​​​ចំពោះ​​​​​​ការ​​​ជ្រើស​​​តាំង​​​លោក​​​ [ហង្ស ពុទ្ធា ]ជា​​​សមាជិក​​​​​​នៃ​​​គ.ជ.ប.​​​។

មេ​​​ដឹក​​​នា​ំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​េនះ​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “យើង​​​បាន​​​ពិនិត្យ​​​ពិចៃ​​​លើ​​​ពាក្យ​​​ចចាមអារ៉ាម​​​ទាំង​​​នោះ​​​ ហើយ​​​ឥឡូវ​​​យើង​​​ដឹង​​​ច្បាស់​​​ហើយ​​​ថា វា​​​មិន​​​មែន​​​ជា​​​បញ្ហា​​​ធ្ងន់​​​ធ្ងរ​​​ទេ​​​ ហើយ​​​វា​​​មិន​​​មែន​​​ជា​​​ការ​​​រាំង​​​លោក ហង្ស ពុទ្ធា ក្នុង​​​ការ​​​បំពេញ​​​តួនាទី​​​របស់​​​លោក​​​នោះ​​​ឡើយ​​​”។

ការ​​​ជ្រើស​​​តាំង​​​សមាជិក​​​សម្រាប់​​​គ.ជ.ប.​​​ថ្មី​​​នឹង​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ដោយនឹង​​​​​​​​​មាន​​​កិច្ច​​​ប្រជុំ​​​រវាង​​​សមាជិក​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​គ្រោង​​​ធ្វើ​​​ឡើង​​​នៅ​​​រដ្ឋ​​​សភា​​​នា​​​ថ្ងៃ​​​ទី​​​១៣ ខែ​​​មេសា ដើម្បី​​​ជ្រើស​​​តាំង​​​​​​ជា​​​ផ្លូវ​​​ការ​​​នូវ​​​សមាជិក​​​ទី​​​៩​​​ដែល​​​នឹង​​​មាន​​​តួនាទី​​​នៅ​​​ក្នុង​​​គ.ជ.ប.​​​។

មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​កាន​​​់​​​អំណាច​​​នឹងមិន​​​​​​បង្ហាញ​​​បេក​​​​​​្ខភាព​​​ទាំង​​​បួន​​​រូប​​​របស់​​​ខ្លួន​​​ឡើយ​​​​​​​​​រហូត​​​ទាស់​​​តែ​​​រយៈ​​​ពេល​​​នៃ​​​ការ​​​ជ្រើស​​​តាំង​​​​​​ត្រូវ​​​បាន​​​បញ្ចប់​​​ រីឯ​​​​​​លោក សម រង្ស៊ី វិញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ក៏​​​​​​ដូច្នេះ​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​បាន​​​ជ្រើស​​​រើស​​​បេក្ខ​​​ជន​​​ទាំង​​​នោះ​​​នៅ​​​ក្នុង​​​ចិត្ត​​​រួច​​​ហើយ ប៉ុន្តែ ដរាប​​​ណា​​​នៅ​​​មិន​​​ទាន់​​​ដាក់​​​ពាក្យ​​​មក​​​​​ យើង​​​មិន​​​អាច​​​បង្ហាញ​​​ឈ្មោះ​​​ពួក​​​គាត់​​​បាន​​​ឡើយ​​​។ នៅ​​​ពេល​​​ណា​​​ពួកគាត់​​​ផ្តល់​​​ឯកសារ​​​ជូន​​​រដ្ឋសភា​​​ យើង​​​​​​នឹង​​​បង្ហាញ​​​ឈ្មោះ​​​ពួក​​​គាត់​​​”។

ក្រោយ​​​ការ​​​បង្កើត​​​គ.ជ.ប.​​​រួច​​​ កំណែទម្រង់​​​សំខាន់​​​ៗ​​​ដែល​​​ត្រូ​​​វ​​​បាន​​​សន្យា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែកក្កដា នឹង​​​ត្រូវ​​​បញ្ចប់​​​ ហើយ​​​អំឡុង​​​សុន្ទរកថា​​​កាល​​​ពីម្សិលមិញ​​​ លោក ហ៊ុន សែន ​​​បាន​​​ចាប់​​​ផ្តើម​​​យុទ្ធនាការ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​ឆ្នាំ​​​២០១៧ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​រួច​​​ហើយ​​​។

លោក​​​ ហ៊ុន សែន បាន​​​មានប្រសាសន៍​​​ដោយ​​​រំឭក​​​ឡើង​​​វិញ​​​ពី​​​ការ​​​ដក​​​ប្រាក់​​​យ៉ា​​​ងច្រើន​​​ពី​​​គណនី​​​ធនាគារ​​​ និង​​​​​​ការ​​​ទិញ​​​សាំង​​​យក​​​​​​មក​​​ស្តុក​​​ទុក​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៣​​​ថា “មាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​ ទើប​​​​​​​​​មាន​​​សន្តិភាព​​​ និង​​​ការ​​​អភិវឌ្ឍ​​​។គណបក្ស​​​ដទៃ​​​មិន​​​សំខាន់​​​ ​​​”។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “[ប្រជា​​​ពល​​​រដ្ឋ​​​] ​​​អាហ្នឹង​​​មើល​​​ឲ្យ​​​ច្បាស់​​​ក្រែង​​​លោ​​​អត់​​​ពី​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ វា​​​ក្រឡាប់​​​”៕ស៊ុយ​​​ឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស