កាលពីម្សិលមិញមានកុមារតែម្នាក់គត់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ បន្ទាប់ពីមនុស្សប្រហែល៨០០នាក់បានពុលនំប៉័ងសាច់នៅក្នុងពិធីមួយដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោក (World Vision) នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យអង្គការមិនមែនរដ្ឋាភិបាលមួយនេះ។
លោក ហុង ច័ន្ទភក្ត្រា មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈនៅអង្គការទស្សនៈពិភពលោកបានលើកឡើងនៅក្នុងអុីម៉េលមួយថា ” រហូតមកទល់ថ្ងៃនេះ មានអ្នកជំងឺអាយុ១០ឆ្នាំតែម្នាក់គត់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរនៅឡើយ” ដោយអាការរាករូស និងគ្រុនក្ដៅ។
លោកបានមានប្រសាសន៍ថា អង្គការនេះមានបុគ្គលិកចាំឃ្លាំមើលស្រុកជីក្រែង កន្លែងរៀបចំពិធីខាងលើ។ ” បុគ្គលិករបស់យើងនៅក្នុងសហគមន៍នឹងបន្តពិនិត្យតាមដានស្ថានភាពរបស់អ្នកជំងឺ”។
ក្រោយពីមានហេតុការណ៍ពុលអាហារនេះ សំណាកវិភាគនំប៉័ងសាច់នោះត្រូវបាននគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចបញ្ជូនមកពិនិត្យនៅក្នុងរាជធានីភ្នំពេញ ដើម្បីកំណត់រកមូលហេតុនៃការពុល។
លោក ហុង ច័ន្ទភក្ត្រា បានលើកឡើងបន្តថា អង្គការទស្សនៈពិភពលោករំពឹងថា នឹងទទួលបានលទ្ធផលក្នុងរយៈពេល១ខែ។” យើងទទួលបានដំណឹងពីមន្ត្រីក្រសួងសុខាភិបាលថា លទ្ធផលនឹងចេញក្នុងរយៈពេលប្រហែលបួនសប្ដាហ៍រាប់ចាប់ពីថ្ងៃដែលពួកគេប្រមូលសំណាកវិភាគកាលពីថ្ងៃអាទិត្យ”៕ សុខុម