38 C
Phnom Penh

លោក ស ខេង​ បញ្ជា​ឲ្យ​​នគរបាល​ផ្តោត​គោល​ដៅ​លើ​មេខ្លោង នៃ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​នគរ​បាល​ទូទាំង​ប្រទេស​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស៊ើបអង្កេត​តាម​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ជាជាង​ផ្ដោត​លើ​អ្នក​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​តូច​តាច​។

ថ្លែង​នៅ​ពិធី​បិទ​​សន្និបាត​បូកសរុបការ​ងារ​​ប្រចាំ​ឆ្នាំ​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ក្នុង​រាជធានី​ភ្នំពេញ លោក​ ស ខេង បាន​មាន​ប្រសាសន៍​​​ថា របាយការណ៍​ថ្មី​បំផុត​របស់​អាជ្ញាធរ​ជាតិ​នេះ​ស្ដីពី​ការ​ចាប់​ខ្លួន​​​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​បង្ហាញ​ឲ្យ​ឃើញ​ថា មានការ​ចាប់ខ្លួន​ធំៗ​​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៤។

លោក​បាន​មាន​ប្រសាសន៍​ថា ” ប៉ុន្តែ​យើង​មិន​អាច​និយាយ​ថា មិន​មានអ្នក​ជួញដូរ​ថ្នាំ​ញៀន​ធំៗ​នោះឡើយ​នៅ​ពេល​យើង​​មិន​អាច​ចាប់​ខ្លួន​ពួកគេ​បាន​នោះ​។

លោក​បាន​បន្ថែម​ថា ” យើង​ចាប់​ខ្លួន​បាន​ភាគ​ច្រើនក្នុង​ករណី​តូច​ៗ​ គឺអ្នក​ជួញដូរ​ថ្នាំ​ញៀន​តូច​តាច​ប៉ុណ្ណោះ។ នេះ​គឺ​ជាបញ្ហា​”។

លោក ស ខេង បាន​​ស្នើ​ឲ្យ​នគរ​បាល​ទូទាំង​ប្រទេស​កម្ពុជា​ផ្ដោត​ការ​​ខិត​ខំ​ប្រឹង​ប្រែង​​របស់ខ្លួន​ឡើង​វិញ​ទៅ​លើ​​ការ​​ស្វែង​រក​ចាប់​ខ្លួន​​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ និង​អ្នក​ជិត​ដិត​នឹង​ពួកគេ។លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា យើង​ត្រូវ​​បង្ក្រាប​មេខ្លោង​​​ធំៗ​”។

យោង​តាម​លោក ស ខេង បាន​ឲ្យ​ដឹង​ថា អ្នក​ជួញដូរ​​ថ្នាំញៀន​​​ប្រតិបត្តិការ​កាន់​តែ​ញឹក​ញាប់​នៅ​ពេល​ពួកគេ​គិត​ថា នគរ​បាល​មិន​បាន​ឃ្លាំមើល​ពួកគេ​ ហើយលោក​​បាន​​អំពាវ​នាវ​ឲ្យ​នគរ​បាល​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​នគរ​បាល​ធ្វេស​ប្រហែស ក្រុម​ជួញដូរ​គ្រឿង​ញៀន​កាន់​តែ​ធ្វើ​សកម្មភាព​”។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​​បាន​មាន​ប្រសាសន៍​ថា វាជាការ​​លំបាក​សម្រាប់​នគរ​បាល​ក្នុង​ការ​​ចាប់​ខ្លួន​មេខ្លោង​ជួញដូរគ្រឿង​ញៀនធំៗ​​ ​ ពីព្រោះ​​មន្ត្រី​របស់​យើង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​មិន​គ្រប់គ្រាន់​។

លោក​បានមាន​ប្រសាសន៍​ថា “មេខ្លោង​ធំៗ​មាន​ល្បិច​ច្រើន​ណាស់​។ វា​លំបាក​ស្វែង​រក​ចាប់​ខ្លួន​ពួកគេ​ណាស់​។ ការ​អនុវត្ត​ច្បាប់​ចាំបាច់​ត្រូវ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​​ក្នុង​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ទាំង​នេះ ដែលមាន​បទ​ពិសោធន៍​ច្រើន​ជាងពួកគាត់​​ទៅ​ទៀត​”។

ឧត្ដម​សេនីយ៍ឯក មាស វីរិទ្ធ បាន​​មាន​ប្រសាសន៍​ថា នៅ​ពេល​នគរ​បាល​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន ជារឿយៗពួកគេ​មិន​អាច​ប្រមូល​ភ័ស្តុ​តាង​បាន​​​គ្រប់​គ្រាន់​​ដើម្បី​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ពួកគេ​ឡើយ​។

លោក​បានមាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌​បាន​សន្យា​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ដល់​នគរ​បាល​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

ឧត្ដម​សេនីយ៍ឯក​ មាស វីរិទ្ធ ​បាន​បន្ថែម​ថា ​វា​​លំបាក​ក្នុង​ការ​ផ្ដោត​គោល​ដៅ​លើ​មេខ្លោង​​ក្រុម​ជួញដូរ​គ្រឿង​ញៀនណាស់​​ ពីព្រោះ​ពួកគេ​មិន​ចូលរួម​ផ្ទាល់​ឡើយ ហើយ​បែង​ចែក​ការ​ងារ​ភាគ​ច្រើន​ទៅ​ឲ្យ​អ្នក​ចែក​ចាយ​តូច​ៗ។

លោក​បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​យើង​ចាប់​ខ្លួន​អ្នក​ដែល​ជា​…មេគំនិត​ ​ពួកគេ​មិន​ដែល​​បន្សល់​ទុក​ភ័ស្តុ​តាង​ណាមួយ​ទេ ហើយ​មន្ត្រី​នគរ​បាល​​មិន​មាន​លទ្ធភាពប្រមូល​ភ័ស្តុតាង​​​​ដើម្បី​កសាង​សំណុំរឿង​ឡើយ​”។

លោក ដេវីដ ហាឌីង មន្ត្រី​ផ្នែក​បន្សាប​គ្រឿង​ញៀន​នៅ​អង្គការ​មិត្ត​សំឡាញ់​អន្តរជាតិ​​​បាន​មាន​ប្រសាសន៍​ថា ​នគរ​បាល​​ផ្ដោត​គោល​ដៅ​លើ​អ្នក​ចែក​ចាយ និង​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​តូច​តាច​ដើម្បី​បង្កើន​ចំនួន​នៃ​ការ​ចាប់​ខ្លួន​ដែលនាយកដ្ឋាន​របស់ពួកគេ​ធ្វើ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​​គិត​អ្វី​ដែល​កើត​ឡើង​គឺ​ថា មាន​ការ​ផ្ដួច​ផ្ដើម​ក្នុង​ការ​បង្ក្រាប​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ការ​ជួញដូរ​គ្រឿង​ញៀន​ និង​ការ​ចែក​ចាយ​​គ្រឿង​ញៀន​​​។ បន្ទាប់មក​​វាជាការ​​ងារ​​របស់​អាជ្ញាធរ​​ដើម្បី​បង្ហាញ​​ឲ្យ​កាន់​តែ​ច្បាស់​ថា ពួកគេ​​កំពុង​ឆ្លើយ​តប​​តាមការ​ណែនាំ​នេះ​”។

កាលពី​ថ្ងៃអង្គារ ឧត្ដម​សេនីយ៍ឯក មាស វីរិទ្ធ បាន​មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​២០១៤ មាន​​ការ​​កើន​ឡើង​៧២ភាគរយ​ពីការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​​នឹង​គ្រឿង​ញៀនពី​មួយឆ្នាំ​ទៅមួយឆ្នាំ​ ប៉ុន្តែ​​ធ្លាក់​ចុះ​៥០​ភាគ​រយ​អំពី​ចំនួន​គ្រឿង​ញៀន​ដែល​ចាប់​​បាន​។

លោក ហាឌីង បាន​មាន​ប្រសាសន៍​ថា នេះ​អាច​ដោយសារការ​ពិត​ដែលថា ​នគរ​បាល​ផ្ដោត​គោល​ដៅ​ជា​សំខាន់​លើ​អ្នក​ប្រើ​ប្រាស់​។

លោក​បាន​មាន​ប្រសាសន៍​ថា ” តែង​តែ​មាន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ច្រើន​ជាង​ក្រុម​ដទៃទៀត ហេតុដូចនេះហើយអាចថា​​អាជ្ញាធរ​នឹង​ផ្ដោត​គោល​ដៅ​លើ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដើម្បី​បង្កើន​ការ​ចាប់​ខ្លួន​”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស