បន្ទាប់ពីពិនិត្យមើលការបំផ្លាញជម្រកស្ទើរតែទាំងអស់លើកលែងតែជម្រក៦ក្នុងចំណោមជម្រកបណ្តោះអាសន្ន១៧២ដែលត្រូវបានសាងសង់លើដីដែលអះអាងកាន់កាប់ដោយសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃអង្គារនោះ អាជ្ញាធរបានត្រឡប់មកបំផ្លាញជម្រកដែលនៅសេសសល់កាលពីម្សិលមិញម្តងទៀតនៅលើដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម។
ប៉ុន្តែបើទោះជាអ្នកភូមិជនជាតិដើមភាគតិចព្នងលើកឡើងថា ពួកគាត់បានបំភ័យនគរបាលនិងកងរាជអាវុធហត្ថដែលបានមកបញ្ចប់ការងារនេះក៏ដោយ ក៏មន្ត្រីមូលដ្ឋានម្នាក់បាននិយាយថា មន្ត្រីទាំងនោះទទួលបានជោគជ័យក្នុងការងាររបស់ខ្លួនដែរ។
អ្នកស្រី ឃុន វណ្ណី ដែលជម្រករបស់គាត់ស្ថិតក្នុងចំណោមជម្រកដែលត្រូវបានដុតបំផ្លាញនៅលើដីដែលមានវិវាទស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមាកាលពីថ្ងៃអង្គារបាននិយាយថា សមាជិកសហគមន៍ជនជាតិដើមភាគតិចប្រហែល២០០នាក់កាលពីម្សិលមិញ្បានការពារជម្រកនៅសល់ទាំង៦នោះ។
អ្នកស្រី វណ្ណី បានលើកឡើងថា “យើងបានឃើញនគរបាលនិងកងរាជអាវុធហត្ថប្រហែល៣០នាក់មកដល់នៅព្រឹកនេះ…ព្យាយាមដុតជម្រកនៅសេសសល់ ប៉ុន្តែពួកគេដកថយវិញបន្ទាប់ពីពួកគេឃើញមនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នានៅលើដីប្រដាប់ដោយពូថៅ និងកាំបិតផ្គាក់”។
អ្នកស្រីបានបន្ថែមថា “យើងទាំងអស់មកជួបជុំគ្នាត្រៀមដុំថ្ម១០បាវ…ដើម្បីគប់រថយន្តនគរបាល ប្រសិនបើពួកគេព្យាយាមបើកចូលក្នុងដីនោះ ហើយដុតជម្រកទាំងនោះ”។
គ្រួសារអ្នកស្រី វណ្ណី គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជាង២០០ ដែលនិយាយថាពួកគាត់បានរស់នៅនិងធ្វើស្រែចម្ការនៅក្នុងឃុំស្រែឈូកច្រើនជំនាន់មកហើយ។
ទោះយ៉ាងណា អាជ្ញាធរមូលដ្ឋាននិយាយថា គ្រួសារទាំងនោះមកសាងសង់ជម្រកលើដីសម្បទានទំហំ៥.១០០ហិកតាដែលត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុន Binh Phuoc 1ក្នុងឆ្នាំ២០១២។
លោក ស៊ិន វណ្ណវុធ អភិបាលស្រុកបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលនិងកងរាជអាវុធហត្ថបានបំផ្លាញជម្រកនៅសេសសល់ដោយជោគជ័យដែលកសិករសម្រាប់សម្រាកនៅពេលថ្ងៃ។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនវៀតណាម កាលពីពេលថ្មីៗនេះបានផ្តល់ដីសម្បទានទំហំ៣៧៥ហិកតាដល់អ្នកភូមិ ប៉ុន្តែថា “អ្នកចំណូលថ្មី”មួយក្រុមចាប់តាំងពីពេលនោះមកបានមកតាំងទីលំនៅក្នុងតំបន់នោះ ដោយយកដីទំហំ១២៥ហិកតាបន្ថែមសម្រាប់ពួកគេ។
លោកបានមានប្រសាសន៍ថា “អ្នកចំណូលថ្មី មករស់នៅលើដីនេះ ហើយបានញុះញង់ជនជាតិដើមភាគតិចឲ្យតវ៉ាប្រឆាំងក្រុមហ៊ុន ពីព្រោះពួកគេចង់កាន់កាប់ដីដែលរានរួច”។
លោក វណ្ណវុធ បានមានប្រសាសន៍ថា កាលពីខែមុន មន្ត្រីស្រុកបានផ្តល់ឱកាសដល់អ្នកភូមិជនជាតិដើមភាគតិចព្នងចុះឈ្មោះសម្រាប់ក្បាលដីផ្សេងទៀតដែលត្រូវបានរានដោយក្រុមហ៊ុន Binh Phuoc 1 ប៉ុន្តែថា អ្នកចំណូលថ្មីបានបញ្ចុះបញ្ចូលអ្នកភូមិជនជាតិដើមភាគតិចឲ្យបដិសេធសំណើនោះ។
លោកបានមានប្រសាសន៍ថា អាជ្ញាធរនឹង “អនុវត្តច្បាប់” ប្រសិនបើគ្រួសារទាំងនោះបានព្យាយាមសាងសង់ជម្រករបស់ខ្លួនឡើងវិញនៅថ្ងៃនេះ៕ សារុន