31 C
Phnom Penh

តុលាការ​បដិសេធ​ការ​សុំនៅក្រៅឃុំរបស់​លោក ដូរ៉ូសិនកូ ហើយ​មេធាវី​នឹង​ប្តឹង​ឧទ្ធរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​ស៊ើប​សួរ​បានលើកឡើង​កាលពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្ត​ព្រះ​សីហនុ បាន​បដិ​សេធ​សំណើសុំនៅ​ក្រៅ​ឃុំ​របស់​​លោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករ​​ជន​ជាតិ​រុស្ស៊ី ដែលត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋាន​របស់​ក្រុម​គ្រួសារលោក​នៅក្នុង​ក្រុង​ព្រះ​សីហនុ​កាលពី​សប្តាហ៍​មុន​ ហើយត្រូវ​បាន​ជាប់​ពន្ធនាគារ​តាមចោទ​ប្រកាន់​ពី​បទ​ឆបោក​ចំនួន​បី​ទាក់​ទង​នឹង​ជម្លោះ​ក្នុង​ការ​រក​ស៊ី​ជាមួយ​លោក សេរហ្គេ​ ប៉ូលុនស្គី។

លោកចៅក្រម​ អុី ឃាង ​បានមាន​ប្រសាសន៍ថា “តុលាការ​បាន​សម្រេច​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅឃុំ​​កាលពី​ម្សិលមិញ [ថ្ងៃអង្គារ​] ប៉ុន្តែ​​បាន​ប្រាប់​​មេធាវី​របស់លោក​នៅ​ថ្ងៃនេះ​ប៉ុណ្ណោះ”។ លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​​ពីសេចក្តីសម្រេច​នេះ ឬ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​​អំពី​ករណី​នេះឡើយ។

លោក ដូរ៉ូសិនកូ អាយុ​៥៤​ឆ្នាំ ដែល​បាន​រស់​នៅ​ក្រុង​ព្រះសីហនុ​រយៈពេលជាង​២​ទសវត្សរ៍​មក​ហើយ ហើយ​មាន​សញ្ជាតិ​ខ្មែរ​ទៀត​នោះ ត្រូវ​បាន​កង​រាជអាវុធ​ហត្ថ​ចាប់​ខ្លួន​​នៅ​ភោជនីយដ្ឋាន​ផ្ទះ​ពស់​របស់​ក្រុម​គ្រួសារ​លោក​​ស្ថិត​ក្នុង​សង្កាត់​លេខ​៣ កាល​ពី​រសៀល​ថ្ងៃទី​២៥ ខែមីនា។

លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​នៅ​យប់​នោះ ដើម្បី​រង់ចាំ​​ការ​កាត់​ក្តី​​តាម​ការ​ចោទ​ប្រកាន់ពីបទ​ក្លែង​ហត្ថលេខា​ ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ និង​រំលោភ​សេចក្ដី​ទុក​ចិត្ត បទ​ឧក្រិដ្ឋ​ដែល​តាម​ចោទ​ថា លោក​បាន​​ឆបោក​ប្រាក់​១០​លាន​ដុល្លារ​ដែល​លោក ប៉ូលុនស្គី បាន​វិនិយោគ​នៅ​ក្នុង​ក្រុម​ហ៊ុន Sea Snake Investment​រួមគ្នា​របស់​ពួកគេ​។

លោក ប៉ូលុនស្គី អាយុ​៤២​ឆ្នាំ ដែល​មេធាវី​របស់​លោក​អះអាង​ថា ពួកគេ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ជាង​១២​ប្ដឹង​លោក ដូរ៉ូសិនកូ ចំពោះ​បទ​ល្មើស​ជាច្រើន​នោះ​ រីករាយ​ជាខ្លាំង​នឹង​ការ​ចាប់​ខ្លួន​នេះ​។

លោក អូសថេប កូន​ប្រុស​របស់​លោក ដូរ៉ូសិនកូ និង​ជា​អនុសេនីយ៍​​ឯក​ក្នុង​កងកម្លាំង​នគរ​បាល​អន្តោប្រវេសន៍​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ឪពុក​របស់​លោក​គ្មាន​កំហុស​ទេ ហើយ​បាន​ប្ដេជ្ញា​ចាត់​វិធានការ​​ផ្លូវ​ច្បាប់​ប្រឆាំង​លោក ប៉ូលុនស្គី ដែល​គេ​កំពុង​តាម​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​តាម​ការ​ចោទ​ប្រកាន់​ពីបទ​កិប​កេង​ប្រាក់​រាប់​លាន​ដុល្លារ។

លោក ប៉ូលុនស្គី បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ខែ​កាលពី​ឆ្នាំ​២០១៣ តាម​ការ​ចោទ​ប្រកាន់ពីបទ​វាយ​​ជនជាតិ​ខ្មែរ​មួយ​ក្រុម​នៅ​លើ​ទូក​។

នៅពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក អូសថេប ដូរ៉ូសិនកូ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយទេ​។ លោក​ ឈុន ជ្រា មេធាវី​របស់​​ឪពុក​លោក​ដែល​បាន​​​ដាក់​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន​នោះ បាន​មាន​ប្រសាសន៍​ថា តុលាការ​គួរ​​អនុញ្ញាត​ឲ្យ​កូន​ក្ដី​របស់​លោក​មាន​សេរីភាព ពីព្រោះ​គាត់​ជា​សមាជិក​សហគមន៍​មូលដ្ឋាន​។

លោក ឈុន ជ្រា បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា តុលាការ​មិន​គួរ​ឃុំ​ខ្លួន​គាត់​ទេ ពីព្រោះ​គាត់​ជា​ពាណិជ្ជករ​ម្នាក់ ហើយ​គាត់​មាន​ទីលំនៅ​អចិន្ត្រៃយ៍ ហើយ​គាត់​ជា​ជនជាតិ​ខ្មែរ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ” ចៅក្រម​គួរ​ដាក់​ឲ្យ​គាត់​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​”។ លោក​បាន​បន្ថែម​ថា លោក​នឹង​ស្នើ​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ឡើង​វិញ​កុំ​ឲ្យ​ហួស​ពី​ថ្ងៃ​សុក្រ។

លោក បែនសុន សម័យ មេធាវី​លោក ប៉ូលុនស្គី បាន​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ​ថា បើ​ទោះ​ជាលោក ដូរ៉ូសិនកូ ត្រូវ​បាន​​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ក៏ដោយ ក៏គាត់​នៅ​តែ​ត្រូវ​ឆ្លើយ​នឹង​​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​នៅ​ក្នុង​​ដៃ​តុលាការ​ដែរ។​

លោក​បាន​មាន​ប្រសាសន៍​ថា ” បើ​ទោះជាគាត់​ទទួលបាន​ការ​ឲ្យ​នៅ​ក្រៅ​ឃុំ​ក៏ដោយ ក៏​គាត់​ជាប់​ពាក់ព័ន្ធ​ករណី​ដទៃ​ទៀត​ជាច្រើន​ដែរ​”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស