33 C
Phnom Penh

រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​​ដើម្បី​​យក​មក​ចំណាយ​លើ​ការ​សម្អាត​ទីក្រុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ប្រកាស​បង្កើត​មូលនិធិ​ប្រចាំ​ឆ្នាំ​មួយ​​ដែល​មាន​ទំហំ​ទឹក​ប្រាក់​​​៥លាន​ដុល្លារ​​ដើម្បី​ជួយ​រាជធានី​ភ្នំពេញ និង​ទីក្រុង​នៅ​តាម​​គ្រប់​បណ្ដា​ខេត្ត​ សម្អាត​ផ្លូវ​ថ្នល់​ដែល​មាន​សំរាម​រាយ​ប៉ាយ​ពាស​ពេញ​ ជា​ពិសេស​នៅ​ខាង​​​ក្រៅ​លំនៅ​ដ្ឋាន និង​ភោជនីយដ្ឋាន​។

ក្នុង​ពិធី​បើក​អង្គ​សន្និបាត​​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​បរិស្ថាន​ ដែល​​ធ្វើ​ឡើង​រយៈ​​ពេល​បី​ថ្ងៃ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក សាយ សំអាល់ បាន​មាន​ប្រសាសន៍​​​ថា ថវិកា​ចំនួន​​៥លាន​ដុល្លារ​ដំបូង​ត្រូវ​បាន​លៃ​ទុក​រួច​ហើយ​សម្រាប់​ឆ្នាំ​ទី១។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​​រក្សា​មូលនិធិ​នេះ​ឲ្យ​នៅ​គង់​វង់​បន្ត​ទៅ​ទៀត រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​​លើ​បារី គ្រឿង​ស្រវឹង និង​គ្រឿង​អេឡិចត្រូនិក​ជជុស​ ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​លម្អិត​ទេ។ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង មូលនិធិ​នេះ​ក៏​នឹង​គ្រប​ដណ្ដប់​​លើ​ក្រុង​បាវិត​ដែល​ជា​ក្រុង​ទី២​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​ យើង​កំពុង​ចាប់​ផ្ដើម​គម្រោង​ទីក្រុង​ស្អាត​ ពីព្រោះ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ចំពោះ​ការ​បំពុល​​។ បន្ទាប់ពី​ឆ្នាំ​ទី​១ទៅ​​យើង​នឹង​យក​៥​លាន​ដុល្លារ​ដែល​ប្រមូល​បាន​ពីពន្ធ​ ហើយ​ចែក​ចាយ​វា​ក្នុង​ចំណោម​ក្រុង​ចំនួន​២៦ ដើម្បី​​ឲ្យ​ពួកគេ​សម្អាត​ទីក្រុង​របស់​ខ្លួន​។ ក្រុង​នីមួយ​ៗ​នឹងទទួល​បាន​១៦​០.០០០​ដុល្លារ​”។

ទោះ​ជាយ៉ាង​ណា​ រដ្ឋមន្ត្រី​រូប​នេះ​ហាក់​ដូច​ជា​មាន​​បញ្ហា​​ខាង​គណនា​គណិតវិទ្យា។ ការ​ផ្ដល់​​១៦០.០០០​ដុល្លារ​ដល់​ក្រុង​នីមួយ​ៗ​ក្នុង​ចំណោម​ក្រុង​ចំនួន​២៦​ គឺ​ស្មើ​នឹង​៤,១៦​លាន​ដុល្លារ​ ពោល​គឺ​តិច​ជាង​​ឆ្ងាយ​ណាស់​បើ​ប្រៀប​ធៀប​នឹង​ចំនួន​សរុប​៥លាន​​ដុល្លារដែល​រដ្ឋ​​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​។

នៅ​ពេល​ទាក់​ទង​តាម​ក្រោយ​កាលពី​ម្សិលមិញ​ និង​សុំ​​ឲ្យ​ពន្យល់​ពីភាព​ខុស​គ្នា​នេះ លោក សាយ សំអាល់ បាន​មាន​ប្រសាសន៍​ថា តាម​ពិត​​មាន​តែ​២,៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ចែក​ចាយ​ក្នុង​ចំណោម​ទីក្រុង​ទាំង​២៦​។ ប៉ុន្តែបើ​គិត​ពី​​​ចំនួន​នោះ​ គឺ​ទីក្រុង​នីមួយ​ៗ​ទទួល​បាន​តែ​៩៦.០០០​ដុល្លារ​ប៉ុណ្ណោះ។ នៅ​ពេល​សុំ​ឲ្យពន្យល់​ពីភាព​ខុស​គ្នា​នេះ​ម្ដង​ទៀត​ រដ្ឋមន្ត្រី​រូប​េនះ​បាន​បង្វែរ​សំណួរទៅ​មន្ត្រី​​ក្រោម​ឱវាទ​របស់​លោក។

លោក ឌី ធីដែន អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​​ការ​បំពុល​​នៃ​ក្រសួង​បរិស្ថាន​ បាន​ពន្យល់​ថា តាមពិត​មូលនិធិ​នេះ​មាន​ចំនួន​សរុប​៥លាន​ដុល្លារ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ពាក់​កណ្ដាល​នឹង​ត្រូវ​បែក​ចែក​​ក្នុង​ចំណោម​ទីក្រុង​ទាំងអស់ ហើយ​ចំណែក​ដែល​នៅ​សេសសល់​​នឹង​ត្រូវ​បែង​ចែក​ទៅ​តាម​សមាមាត្រ​នៃ​ចំនួន​ប្រជា​ជន​។

​អំឡុង​សុន្ទរកថា​​បើក​អង្គសន្និបាត​កាលពី​ម្សិលមិញ​នោះ​ដែរ​ លោក សាយ សំអាល់ បាន​​ចុច​ឈ្មោះ​​រោងចក្រ​នៅ​ក្នុង​ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម ចំពោះ​ការ​មិន​​​​ទុក​ដាក់​សំណល់​រាវ​របស់​ខ្លួន​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដែល​បច្ចុប្បន្ន​កំពុង​តែ​ហូរហៀរ​ពាស​ពេញ​ដី​ដោយ​គ្មាន​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ដូច្នេះ នេះ​គឺ​ជា​បញ្ហា​ដ៏សំខាន់​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​តំបន់​ឧស្សាហកម្ម​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​”។ លោក​មិន​បាន​មាន​ប្រសាសន៍​លម្អិត​​អំពី​ករណី​នេះទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​មួយ​ទៀត​​ដែល​លោក​បាន​ប្រកាស​កាលពី​ដើម​ខែ​មុន។

នៅ​ពេល​នោះ ​លោក​បានមាន​ប្រសាសន៍​ថា ក្រសួង​បាន​ផ្ញើលិខិត​ទៅ​រោងចក្រ​ជិត​១.០០០នៅទូទាំង​ប្រទេស​ ដោយ​បញ្ជា​ឲ្យ​ពួកគេ​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​​ប្រតិបត្តិការ​របស់​ពួកគេ​​​ ហើយ​ចាត់​វិធានការ​ដោះ​ស្រាយ​​ស្ថាន​ភាព​ដែល​មិនគោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។ លោក​បាន​​បញ្ជាក់​​ថា ក្រុម​អធិការកិច្ច​នឹង​ចាប់​ផ្ដើម​​ត្រួត​ពិនិត្យ​រោងចក្រ​រាល់​៦ខែ​ម្ដង​ ហើយ​ថា រោងចក្រ​ដែល​ល្មើស​នឹង​​ ” ប្រឈម​ចំពោះ​មុខ​ច្បាប់​”៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស