នគរបាលបាននិយាយថា អង្គរក្សផ្ទាល់ខ្លួនបីនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងរបួសកាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ នៅពេលនារីម្នាក់ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បើកបររថយន្ត BMW របស់នាងក្រឡឹងជុំវិញវិមានឯករាជ្យ ហើយរេចង្កូតជ្រុលទៅបុកពួកគេនៅជិតខ្លោងទ្វារចូលភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី។
លោក សេង ចាន់ថន នាយនគរបាលចរាចររាជធានី បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ និង ៤០ នាទីរំលងអធ្រាត្រ នៅពេលនារីម្នាក់ឈ្មោះ អ៊ុង កុលហ្សានិច អាយុ២៥ឆ្នាំ ដែលជាភ្នាក់ងារលក់របស់ក្រុមហ៊ុន BMW បានបាត់បង់ម្ចាស់ការក្នុងការបញ្ជារថយន្តរបស់ខ្លួន ហើយបានរេចង្កូតជ្រុលទៅបុកដើមឈើមួយដើម នៅកន្លែងដែលអង្គរក្សបីនាក់កំពុងឈជិតប៉ុស្តិ៍យាមរបស់ពួកគេ។
លោកបានមានប្រសាសន៍ទៀតថា “នាងស្រវឹងជោកជាំ ហើយបើកបរលើសល្បឿនកំណត់មិនអាចគ្រប់គ្រងចង្កូតបាន ទើបនាងជ្រុលទៅបុកដើមឈើមួយដើមបណ្តាលឲ្យបាក់រលំសង្កត់លើម៉ូតូ និងមនុស្សនៅក្បែរនោះ”។ លោកបានបញ្ជាក់ថា នារីវ័យ២៥ឆ្នាំម្នាក់ទៀតឈ្មោះ តាន់ គីមលី គឺជាអ្នករួមដំណើរនៅក្នុងរថយន្តនោះ។
លោកបានបន្តថា នារីទាំងពីរនាក់នេះទើបចេញពីកន្លែងផឹកស៊ីនៅម្ដុំផ្សារកាប់គោ ហើយថា អង្គរក្សនាយករដ្ឋមន្ត្រីពីរនាក់គឺលោក យិុន ចាន់ធួន អាយុ៤៧ឆ្នាំ ដែលជានាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្ស និងលោក ស៊ីង សុជាតិ អាយុ២៩ឆ្នាំ ពិតជាអាយុថ្លៃណាស់ដែលគេចផុតពីស្លាប់។
លោកមានប្រសាសន៍ថា “ម៉្លេះលោក យិុន ចាន់ធួន ស្លាប់បាត់ទៅហើយប្រសិនបើអង្គរក្សរបស់គាត់មិនជួយទាញគាត់ចេញពីផ្លូវរថយន្តទេនោះ ពីព្រោះរថយន្តបានបុកម៉ូតូរបស់ពួកគេផ្ទុបនឹងជញ្ជាំង។ រថយន្តបានជាប់នឹងដើមឈើ ដូច្នេះហើយវាមិនបានបុកត្រូវភូមិគ្រឹះរបស់សម្ដេច [ហ៊ុន សែន] ទេ”។ លោកបានបន្ថែមថា នគរបាលកំពុងឃាត់ខ្លួននារីទាំងពីរនាក់នេះដើម្បីធ្វើការសាកសួរ។
លោក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចររាជធានី បានមានប្រសាសន៍ថា នារីទាំងពីរនាក់នេះនឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះដើម្បីសាកសួរបន្ថែមទៀត។
លោក សេង ចាន់ថន បានមានប្រសាសន៍ថា រថយន្តបង្កជា “របស់ក្រុមហ៊ុន BMW” ហើយត្រូវបានយកទៅរក្សាទុកនៅផ្នែកនគរបាលចរាចររាជធានី។អង្គរក្សទាំងពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីរងរបួសស្រាលរួមមានជើងហើម និងស្នាមជាំ ហើយជនរងគ្រោះទី៣ម្នាក់ទៀតបានចេញឈាមតាមត្រចៀកដោយសារដើមឈើបាក់រលំសង្កត់លើ។
នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានអង្គភាពកងអង្គរក្សនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជនរងក្រោះទាំងបីកំពុងទទួលការព្យាបាលនៅឡើយកាលពីម្សិលមិញ។ “មានអង្គរក្សបីនាក់រងរបួស។ ម្នាក់របួសក្បាល និងមាត់ ហើយត្រចៀកចេញឈាម។ ពួកគេទាំងបីនាក់ស្ទើរតែសន្លប់បាត់ស្មារតី”។
លោកបានបន្តថា ប្រសិនបើពួកគេអង្គុយលើម៉ូតូនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ម៉្លេះពួកគេស្លាប់បាត់ទៅហើយ។ “សំណាងណាស់ដែលពួកគេនៅឆ្ងាយពីដើមឈើនោះ”។
លោក ភីតធើ ប្រូនហ្គើស (Peter Brongers) នាយកប្រតិបត្តិក្រុមហ៊ុន Premium Auto Import ដែលជាក្រុមហ៊ុនចែកចាយរបស់ BMW ប្រចាំប្រទេសកម្ពុជា និងដែលបានទទួលយក អ៊ុង កុលហ្សានិច ឲ្យចូលបម្រើការងារចាប់តាំងពីខែមករាមកនោះ បានមានប្រសាសន៍កាលពីយប់មិញថា លោកទើបតែទទួលបានដំណឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍នេះប៉ុណ្ណោះ។ “យើងនឹងមើលថែបុគ្គលិករបស់យើងគ្រប់ពេល ប៉ុន្តែខ្ញុំគ្មានព័ត៌មានគ្រប់គ្រាន់ដើម្បីឆ្លើយបំភ្លឺទេនៅដំណាក់កាលនេះ”។
ទោះជាយ៉ាងណា លោកបានបដិសេធថា រថយន្តនោះមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលោកទេ។ លោកបានបញ្ជាក់ថា “ទេ វាមិនមែនរថយន្តរបស់យើងទេ វាជារថយន្តផ្ទាល់ខ្លួនរបស់នាង”៕ សុខុម