42.2 C
Phnom Penh

នគរបាល​ដោះ​លែង​​អ្នក​​កាប់​ឈើ​ខុស​ច្បាប់ដែល​ជាប់​ពាក់​ព័ន្ធ ជាមួយ​​មន្ត្រីម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃអង្គារ​ អ្នកភូមិ​ខេត្ត​មណ្ឌលគិរី​បាន​ឃាត់ខ្លួន​បុរស​ជន​ជាតិ​វៀត​ណាមម្នាក់​ប្រគល់​ឲ្យ​អាជ្ញាធរ​​ដែលបុរស​រូបនេះ​​​បាន​ប្រាប់​នគរបាល​ថា លោក សុះ ម៉ាឡែន ជាមន្ត្រី​បរិស្ថាន​ម្នាក់​​​បាន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​កាប់ឈើ​ខុស​ច្បាប់។

ទោះ​យ៉ាងណា នគរបាល​អន្តោ​ប្រវេស​ន៍​បាន​ដោះលែង​​បុរស​រូបនេះ​​វិញ ដោយ​អះ​អាង​ថា មិនមាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ក្នុងការ​​ឃុំខ្លួន​គាត់​ឡើយ។

លោក ឃុត ចាន់រ៉ា បាន​មាន​ប្រសាសន៍​ថា លោក​និង​អ្នកភូមិ​ប្រហែល​៤០នាក់​ទៀត​​បាន​ល្បាត​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​​ណាំលៀ ក្នុងស្រុក​ពេជ្រាដា ដើម្បី​ឃ្លាំ​មើល​អ្នក​កាប់ឈើ​ខុស​ច្បាប់​​កាលពី​យប់​ថ្ងៃ​អង្គារ​ ស្រាប់តែ​ពួកគាត់​បាន​ប្រទះ​ឃើញ​​ជន​ជាតិ​វៀត​ណាម​ប្រាំមួយ​នាក់​​ហៀប​នឹង​បើក​រថយន្ត​ពីរ​គ្រឿង​ដឹក​ឈើ​គគីរ​​ឆ្លង​ព្រំដែន​​ចូល​ក្នុង​ប្រទេស​វៀត​ណាម​ទៅ​ហើយ​។

ក្រុម​អ្នកភូមិ​​បាន​ចាប់​​ឈើនោះ​ និង​ចាប់បាន​អ្នក​កាប់​ឈើ​ម្នាក់់ ប៉ុន្តែ​ប្រាំនាក់ទៀត​បាន​រត់គេច​ខ្លួន​អស់។

​លោក ចាន់រ៉ា បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ប្រគល់​បុរស​រូប​នេះ​ឲ្យ​នគរ​បាល​ឃុំ​ប៊ូស្រា កាលពី​ម្សិលមិញ [ថ្ងៃពុធ] ហើយ​យើង​បាន​យក​រថយន្ត​ទៅ​រក្សាទុក​ក្នុង​សហគមន៍​ ដើម្បី​​ទុក​ជា​ភ័ស្តុតាង​។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​មក​យក​រថយន្ត​ទាំង​នេះ​ឡើយ លុះ​ណាតែ​តុលាការ​​បាន​ចាត់​វិធានការ​​សិន​”។

លោក ចាន់រ៉ា បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃពុធ ​អ្នកភូមិ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ផង​ដែរ សុំ​ឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់​លោក ម៉ាឡែន ដែល​មើល​ការ​ខុស​ត្រូវ​ដែន​ជម្រក​សត្វព្រៃ​នេះ និង​អ្នក​សម​គំនិត​​ដទៃទៀត​។

លោក ប្លង់ ជ នាយ​រង​ប៉ុស្តិ៍​ឃុំប៊ូស្រា បាន​មាន​ប្រសាសន៍​ថា លោក​និង​មន្ត្រី​របស់​លោក​បាន​សាក​សួរ​បុរស​ជនជាតិ​វៀតណាម​ទាំង​នេះ​កាល​ពី​ថ្ងៃ​ពុធ​មុន​ពេល​ប្រគល់​ទៅ​ឲ្យនគរ​បាល​អន្តោប្រវេសន៍​ខេត្ត​ ពីព្រោះ​​គាត់​​ជា​ជន​បរទេស​។

​លោក ជ បាន​មាន​ប្រសាសន៍ថា “បុរស​រូប​នេះ​បាន​ប្រាប់​យើង​ថា គាត់​ត្រូវ​បាន​គេ​ជួល​ឲ្យ​មក​កាប់​ឈើ​ឲ្យ​លោក លឿង ដែល​ជា​ពាណិជ្ជករ​ម្នាក់​រស់​នៅ​ប្រទេស​វៀតណាម​។ ហើយ​បុរស​រូប​នេះ​បាន​ប្រាប់​យើង​ថា លោក សុះ ម៉ាឡែន ជា​មន្ត្រី​បរិស្ថាន​កម្ពុជា​បាន​បើក​ច្រក​ព្រំដែន​ឲ្យ​ពួកគេ​ចូល​មក​កាប់​ឈើ​”។

លោក អុិន ហេង នាយ​នគរ​បាល​អន្តោ​ប្រវេសន៍​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​បាន​​ដោះ​លែង​បុរស​រូប​នេះ​ ​ដោយ​សារ​​មាន​ការ​ព្រមព្រៀង​រវាង​កម្ពុជា និង​វៀតណាម​ឲ្យ​បញ្ជូន​នរណា​ម្នាក់​ដែល​បាន​ឆ្លង​ព្រំដែន​រួម​ខុស​ច្បាប់​ត្រឡប់​ទៅវិញ និង​​ពីព្រោះ​យើង​មិនមាន​ភ័ស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ឃុំខ្លួន​ជន​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នកភូមិ​បាន​បដិសេធមិន​បោះ​បង់​​រថយន្ត​​ និង​ឈើ​ដែល​ពួកគាត់​បាន​​រឹបអូស​នោះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ” យើង​ទទួល​បាន​បុរស​រូប​នេះ ប៉ុន្តែ​ខ្ញុំ​បាន​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​​ឲ្យ​ដោះលែង​ជន​នេះ ពីព្រោះ​យើង​មិន​មាន​ភ័ស្តុ​តាង​ដើម្បី​ចោទ​ប្រកាន់​ថា គាត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឡើយ​”។

លោក អុិន ហេង បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ការ​អនុញ្ញាត​ដែលលោក​បានស្នើសុំ ប៉ុន្តែ​បាន​បដិសេធ​មិន​ចេញ​ឈ្មោះ​ព្រះរាជអាជ្ញា​នោះ​ឡើយ​។

លោក យ៉ា ណារិន ប្រធាន​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​អំពី​ករណី​នេះ​ទេ ប៉ុន្តែ​បាន​បន្ថែម​ថា អាជ្ញាធរ​គួរ​តែ​បញ្ជូន​ជន​នេះ​ទៅ​តុលាការ​។ លោក​បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​បុរស​រូប​នេះ​ត្រូវ​បាន​ដោះ​លែង​ទៅ​ហើយ​នោះ តុលាការ​មិន​អាច​ធ្វើ​អ្វី​កើត​ឡើយ។

លោក ឈិត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​អះអាង​ថា លោក ម៉ាឡែន គឺ​ជា​មន្ត្រី​មន្ទីរ​ម្នាក់​ ប៉ុន្តែ​បាន​លើក​ឡើង​ថា លោក​មិន​បាន​ឮ​អំពី​ការ​ចោទ​ប្រកាន់​លើ​រូប​គាត់​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​ច្បាស់​ថា តើ​លោក ម៉ាឡែន ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ឬយ៉ាង​ណា​នោះ​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹង​ស៊ើបអង្កេត​រឿង​នេះ​”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស