26 C
Phnom Penh

ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ដក​ពី​មុខ​តំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ​ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជធានី​​ភ្នំពេញសម្លឹងទៅ​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សា​លា​ខណ្ឌ​ដូន​ពេញ​ក្នុង​ឆ្នាំ​២០១៣​។​ Ben ​Woods​
លោក ​ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជធានី​​ភ្នំពេញសម្លឹងទៅ​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សា​លា​ខណ្ឌ​ដូន​ពេញ​ក្នុង​ឆ្នាំ​២០១៣​។​ Ben ​Woods​

យោង​តាម​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ស្នង​ការ​នគរ​បាល​ខេត្តព្រះសីហនុ​ត្រូវ​បាន​ដក​ពី​មុខ​តំណែង​ ហើយ​នឹង​​ត្រូវ​ជំនួស​ដោយ​លោក​ ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជធានី​​ភ្នំពេញ។

​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “បាទ​ ខ្ញុំ​អាច​បញ្ជាក់​បាន​។ ឯក​ឧត្ដម​ ស ​ខេង បាន​ចុះ​ហត្ថលេខា​លើ​ប្រកាស​មួយ​កាលពី​ល្ងាច​ម្សិលមិញ ដើម្បី​ដក​លោក សៀង កុសល

ហើយ​ជំនួស​ដោយ​លោក ជួន ណារិន វិញ។ លោក ជួន ណារិន នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​អាច​ថ្ងៃ​ស្អែក ឬថ្ងៃ​បន្ទាប់”។

នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃពុធ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រិះគន់​ឧត្ដម​សេនីយ៍ត្រី សៀង កុសល ថា បាន​ “ដេក​លក់​” ខណៈ​បទ​ល្មើស​​ជា​ច្រើន​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់​មួយ​ក្នុង​ចំណោម​​តំបន់​ទេសចរណ៍​ដ៏ពេញ​និយម​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​សំដៅ​ទៅ​លើ​អំពើ​​ចោរកម្ម​ដ៏​ហិង្សា​កាលពី​ថ្ងៃទី​១៩ ខែ​មីនា លើ​ជន​បរទេស​ពីរ​នាក់​នៅ​លើ​កោះរ៉ុង ជា​ឧទាហរណ៍​ថ្មី​បំផុត​នៃ​ការ​អសមត្ថភាព​របស់​ស្នង​ការ​នគរ​បាល​រូប​នេះ។

​លោក ស ខេង ក៏​បាន​​​សម្ដែង​ការ​សោក​ស្ដាយ​ផង​ដែរ​ចំពោះ​ការ​ដែល​ត្រូវ​យក​កង​កម្លាំង​ពិសេស​នៃ​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​ពី​ក្រសួង​មហាផ្ទៃ​ទៅ​ធ្វើ​ការ​ចាប់​ខ្លួន​ជុំវិញ​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​ចាត់​ទុក​កម្លាំង​មូលដ្ឋាន​ថា “អសមត្ថភាព”។

ឧត្ដម​សេនីយ៍ ខៀវ សុភ័គ បាន​លើក​ឡើង​កាលពី​ម្សិលមិញថា ការ​រិះគន់​ពី​សាធារណជន​​ចំពោះ​ឧត្ដម​សេនីយ៍ត្រី សៀង កុសល គឺ​ជា​ហេតុផល​គ្រប់​គ្រាន់​​សម្រាប់​ដក​រូប​លោក​ចេញពី​មុខ​តំណែង​។​​ លោក​បានមាន​ប្រសាសន៍​ថា “អស់​លោក​អាច​ស្រមើស្រមៃ​​ពី​អ្វី​ដែល​ [លោក ស ខេង​] បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ។ អស់​លោក​អាច​​តាម​ដាន​ដំណើរ​រឿង​បាន​”។

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ក្រុង​ព្រះសីហនុ​កើត​មាន​បទ​ល្មើស​យ៉ាង​ច្រើន​​ដែល​បង្ក​ឡើង​ដោយ​​ ឬ​កើត​ឡើង​លើ​​ជន​បរទេស​ រួម​មាន​ដូច​ជា​ ការ​វាយ​តប់គ្នា​ ការ​ចាក់​គ្នា និង​​​ការ​​បាញ់​​ចេញពី​រថយន្ត​មួយ​សំដៅ​ទៅ​​រថយន្ត​មួយ​ទៀត​ជា​ដើម​។

ជម្លោះ​ដ៏ល្បី​សុសសាយ​រវាង​ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី​ដ៏​មាន​អំណាច​មួយ​រូប​​ឈ្មោះ នីកូឡៃ ដូរ៉ូសិនកូ ​ដែល​រស់​នៅ​​ក្នុង​ក្រុង​ព្រះសីហនុ​ជាយូរ​មក​ហើយ ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​កាលពី​សប្ដាហ៍​មុន​ពីបទ​ឆបោក​ និង​លោក សេរហ្គេ ប៉ូលុនស្គី អតីត​មហាសេដ្ឋី​រុស្ស៊ី​​ដែល​ប្រទេស​​ខ្លួន​តាម​ចាប់​ពីបទ​កិប​កេង​ប្រាក់​យ៉ាង​ច្រើន​នោះ ក៏​​មាន​សភាព​ខ្លាំងក្លា​ដែរ​​ថ្មីៗ​នេះ​។

លោក ដូរ៉ូសិនកូ និង​កូន​ប្រុស​របស់​លោក​បាន​ចោទ​ប្រកាន់​លោក ប៉ូលុនស្គី ម្ដង​ហើយ​ម្ដង​ទៀត​ថា បាន​ប៉ុន​ប៉ង​ធ្វើ​ឃាត​សមាជិក​គ្រួសារ​របស់​ខ្លួន ដោយ​ថ្មីៗ​នេះ​​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​​ម៉ាក​ Rang Rover មួយ​គ្រឿង​បាន​ផ្ទុះ​ឆេះ​ ខណៈ​ចត​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ពួកគេ​កាលពី​ខែ​មុន។ លោក ប៉ូលុនស្គី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​នេះ​ ហើយ​បាន​ចោទ​ប្រកាន់​បក​វិញ​ថា​ គូ​ប្រជែង​របស់​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាច្រើន​មក​លើ​រូប​លោក​ទៅ​វិញ​ទេ​​។

កាលពី​ខែមីនា នគរ​បាល​ជាតិ​បាន​បញ្ចប់​ពង្រាង​ផែន​ការ​មួយ​ដើម្បី​ការ​ពារ​ជន​បរទេស និង​វិនិយោគិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ដោយ​លោក នេត សាវឿន អគ្គស្នង​ការ​នគរ​បាល​ជាតិ​​បាន​លើក​ឡើង​ថា ជន​ “ម៉ាហ្វីយ៉ាបរទេស” ​ណាមួយ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ត្រូវ​តាម​ចាប់​ខ្លួន​ ហើយ​នាំ​មក​ផ្ដន្ទាទោស​។

ឧត្ដម​សេនីយ៍ ខៀវ សុភ័គ​ បាន​លើក​ឡើង​​ទៀត​ថា ប្រវត្តិ​ការ​ងារ​របស់​ឧត្ដម​សេនីយ៍ត្រី ជួន ណារិន បង្ហាញ​ថា លោក​គឺ​ជា​​បុគ្គល​ដ៏​សក្ដិសម​​មួយ​រូប​ដែល​អាច​ជួយ​​ក្រុង​ព្រះសីហនុ​គ្រប់គ្រង​ស្ថានការណ៍​ឡើង​វិញ​។

ឧត្ដម​សេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា “លោក ជួន ណារិន គឺ​ជា​ស្នង​ការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​អង្គភាព​ស៊ើបអង្កេត​បទ​ល្មើស​។ គាត់​គឺ​ជា​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​ពោរពេញ​ដោយ​បទពិសោធន៍​ ហេតុ​ដូច្នេះ​​វា​បង្ហាញ​ថា គាត់​អាច​គ្រប់​គ្រង​ក្រុង​នេះ​បាន​”។

នៅ​ពេល​ទាក់​ទង​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​ផ្ទេរ​តំណែង​របស់​លោក​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាលពី​ព្រឹក​ម្សិលមិញ ឧត្ដម​សេនីយ៍ត្រី ជួន ណារិន បាន​លើក​ឡើង​ថា លោក​នឹង​ចូល​កាន់​មុខ​តំណែង​ថ្មី​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ច័ន្ទ ហើយ​លោក​នឹង​ខិត​ខំ​ធ្វើ​ការ​​ដើម្បី​បង្ក្រាប​បទ​ល្មើស​​ដែល​កើត​មាន​នៅ​ក្នុង​ខេត្ត​មាត់​សមុទ្រមួយ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ពិធី​ផ្ទេរ​តំណែង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦ ខែ​មេសា ក្នុង​ខេត្ត​ព្រះសីហនុ។ នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ដ៏ធំ​សម្រាប់​ខ្ញុំ។ អ្វីៗ​ដែល​ខុស​ច្បាប់​​យើង​នឹង​បង្ក្រាប ហើយ​នឹង​ធ្វើ​ការ​ចាប់​ខ្លួន​”។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃពុធ លោក ស ខេង ក៏​បានលើក​ឡើង​ផង​ដែរ​ថា អភិបាល​ខេត្ត​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់ និង​បទបញ្ជា​​នៅ​ក្នុង​ដែន​​សមត្ថកិច្ច​របស់​ខ្លួន ដោយ​និយាយ​ពាក់ព័ន្ធ​នឹង​សមត្ថភាព​គ្រប់​គ្រង​​របស់​លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក ឈិត សុខុន បាន​ទទួល​ស្គាល់​ថា លោក​និង​​​​ឧត្ដម​សេនីយ៍ត្រី សៀង កុសល ពិត​ជា​មិន​បាន​បំពេញ​តួនាទី​ឲ្យ​បាន​ល្អ​មែន។ លោក​ ឈិត សុខុន បានមាន​ប្រសាសន៍​ថា “គាត់​ហើយ​នឹង​ខ្ញុំ​សុទ្ធ​តែ​មាន​កំហុស។ យើង​មិន​អាច​គ្រប់​គ្រង​ឲ្យ​បាន​ល្អ។ ខ្ញុំ​មិន​ដឹង​ទេ​ថា តើ​គេ​នឹង​ដក​ខ្ញុំ​ឬក៏អត់​នោះ គឺ​វា​អាស្រ័យ​លើ​ការ​វាយ​តម្លៃ​ពីថ្នាក់​លើ”។

ខណៈ​គេ​មិន​អាច​ទាក់​ទង​ឧត្ដម​សេនីយ៍ត្រី សៀង កុសល បានកាលពី​ម្សិលមិញ ឧត្ដម​សេនីយ៍ ខៀវ សុភ័គ បាន​លើក​ឡើង​ថា ឧត្ដម​សេនីយ៍ត្រី សៀង កុសល នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​តំណែង​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ។ លោក​បាន​មាន​ប្រសាសន៍​ថា “​គាត់​នឹង​​ក្លាយ​ជា​អនុប្រធាន​នាយកដ្ឋាន​មួយ​នៅ​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​ខ្ញុំ​មិនដ​ឹង​ថា នាយកដ្ឋាន​ណាមួយឡើយ”៕ ស៊ុយឈាង​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស