យោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កងរាជអាវុធហត្ថ សហការជាមួយក្រសួងរ៉ែ និងថាមពល បានចាប់ខ្លួនមនុស្ស១១នាក់កាលពីម្សិលមិញពីបទបូមខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយក្នុងនោះរួមមានទាំងម្ចាស់អាជីវកម្មខ្សាច់បីនាក់ផង។
ការចាប់ខ្លួននេះធ្វើឡើងមួយថ្ងៃក្រោយពីក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំបិទទ្វារមួយជាមួយក្រុមហ៊ុនបូមខ្សាច់ចំនួន២០នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ ដើម្បីព្រមានថា ពួកគេនឹងប្រឈមវិធានការផ្លូវច្បាប់ ប្រសិនបើពួកគេគ្មានអាជ្ញាប័ណ្ណពីក្រសួង។
លោក ឌិត ទីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា កងរាជអាវុធហត្ថបានចុះបង្ក្រាបប្រតិបត្តិការបូមខ្សាច់ខុសច្បាប់ចំនួនបីទីតាំងផ្សេងគ្នា មួយកន្លែងនៅជិតកោះពេជ្រ មួយកន្លែងនៅក្នុងខណ្ឌច្បារអំពៅ និងមួយកន្លែងទៀតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។
លោកបានលើកឡើងតាមអីុម៉ែលថា “នៅថ្ងៃទី២ ខែមេសា មានការចាប់ខ្លួនបីករណី” ហើយអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ រួមមានម្ចាស់អាជីវកម្មបីនាក់ និងកម្មករប្រាំបីនាក់។ លោកបានបន្តថា “យើងបានបញ្ជូនករណីទាំងអស់នេះទៅសាលាដំបូងរាជធានីភ្នំពេញហើយ”។
ថ្លែងតាមទូរស័ព្ទកាលពីល្ងាចម្សិលមិញ លោក អឹុង ឌីបូ៉ឡា អគ្គនាយករងទូទៅនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំងនេះគ្មានអាជ្ញាប័ណ្ណទេ ដូច្នេះហើយ
ទើបបានជាគ្មានឈ្មោះ ហើយលោកក៏មិនស្គាល់ឈ្មោះបុគ្គលដែលត្រូវបានចាប់ខ្លួនទាំងនោះដែរ។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការបូមខ្សាច់នៅតាមដងទន្លេនានាទូទាំងប្រទេសដែលពីមុនធ្លាប់តែធូររលុង និងដែលបានបង្កឲ្យបាក់ស្រុតច្រាំងទន្លេនោះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងតឹងរឹុងតាមរយៈការផ្តល់សិទ្ធិផ្តាច់មុខចំពោះការចេញអាជ្ញាប័ណ្ណដល់ក្រសួងរ៉ែ និងថាមពល។
លោក ឌិត ទីណា បានមានប្រសាសន៍កាលពីម្សិលមិញថា ម្ចាស់អាជីវកម្មបូមខ្សាច់នានាត្រូវបានជូនដំណឹងឲ្យបញ្ឈប់ប្រតិបត្តិការគ្មានអាជ្ញាប័ណ្ណទាំងនៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយក្រសួង និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
លោកបានបន្តថា “ក្រសួងរ៉ែ និងថាមពល បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៥ ខែមីនា និងបានជួបជាមួយម្ចាស់អាជីវកម្មកាលពីថ្ងៃទី១ ខែមេសា។ យើងបានស្នើសុំឲ្យពួកគាត់បញ្ឈប់ការបូមខ្សាច់ខុសច្បាប់ ប្រសិនបើពួកគាត់គ្មានអាជ្ញាប័ណ្ណ ហើយពួកគាត់ក៏បានយល់ស្របតាមវិធានការនេះដែរ”៕ សុខុម