លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូដែលកាលពីថ្ងៃអង្គារ បានច្រានចោលការជ្រើសតាំងលោកស្រីជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះបានមានប្រសាសន៍កាលពីថ្ងៃពុធថា ការហាមឃាត់មិនឲ្យមានសញ្ជាតិពីរនៅក្នុងស្ថាប័ននោះ ធ្វើឲ្យលោកស្រីមានការលំបាកក្នុងការទទួលយកតួនាទីនោះ។
លោកស្រី ពុង ឈីវកេក ដែលមានសញ្ជាតិខ្មែរ កាណាដា និងបារាំង បានបញ្ជាក់ឡើងវិញថា កង្វះឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជា “ហេតុផល”ចម្បងដែលលោកស្រីបានបដិសេធ ប៉ុន្តែថា ការហាមឃាត់ដ៏ចម្រូងចម្រាសនេះក៏ជះឥទ្ធិពលដល់ការសម្រេចរបស់លោកស្រីផងដែរ។
លោកស្រីបានបន្ថែមថា “និយាយរួម ការច្រានចោលសញ្ជាតិពីរគឺជាវិធានការរើសអើង ដែលរារាំងប្រទេសកម្ពុជាមិនឲ្យមានធនធានមនុស្សសំខាន់ៗ ខណៈដែលប្រទេសជាតិទើបតែរើបឡើងវិញពីការបាត់បង់ធនធានមនុស្ស ដោយសារសង្គ្រាមស៊ីវិល ការសម្លាប់រង្គាលរបស់ខ្មែរក្រហម និងការកាន់កាប់យូរអង្វែងរបស់បរទេស”។
លោកស្រី ពុង ឈីវកេក បានជួយរៀបចំឲ្យមានការចរចាដែលបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយលោកស្រីបានលើកឡើងថា សញ្ជាតិបរទេសរបស់លោកស្រី គឺជាការសំខាន់ណាស់ចំពោះបញ្ហានោះ។ លោកស្រីបានមានប្រសាសន៍ថា ” ខ្ញុំមិនអាចបំភ្លេចរឿងនោះ បើខ្ញុំអាចជួយប្រទេសជាតិរបស់ខ្ញុំក្នុងពេលនោះ…វាដោយសារតែសញ្ជាតិបារាំងរបស់ខ្ញុំនេះឯង”៕ សារុន