28 C
Phnom Penh

ភ្នាក់​ងារ​លក់​រថយន្ត​ BMW ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ជុំវិញ​​​ការ​បើក​រថយន្ត​បុក​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ឲ្យ​ដឹង​ថា ភ្នាក់​ងារ​លក់​រថយន្ត​ BMW ដែល​បើក​រថយន្ត​ម៉ាក BMW ទៅ​បុក​ភូមិគ្រឹះ​​ក្នុង​រាជធានី​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ពេល​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃពុធ ត្រូវ​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​កាលពី​ម្សិលមិញ​ពីបទ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បង្ក​របួស​ស្នាម​។

កញ្ញា អ៊ុន កុល​ហ្សានិច អាយុ​២៥​ឆ្នាំ បាន​ធ្វើ​ឲ្យ​អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន ចំនួន​បី​នាក់​រង​របួស​នៅ​វេលា​ម៉ោង​ប្រហែល​១និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃពុធ នៅ​ពេល​នាង​បើក​រថយន្ត​ BMW របស់​នាង​ក្រឡឹង​ជុំវិញ​វិមាន​ឯករាជ្យ ហើយ​រេ​ចង្កូត​​ជ្រុល​ទៅបុក​ពួកគេ​នៅ​ជិត​ខ្លោង​ទ្វារ​ចូល​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី។

កញ្ញា កុលហ្សានិច ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ដោយនគរ​បាល​ចរាចរ​ក្រោយ​ហេតុការណ៍​កើត​ឡើង​ ហើយ​កាលពី​រសៀល​ម្សិលមិញ​ត្រូវ​បាន​បញ្ជូន​​ពី​​ការិយាល័យ​នគរ​បាល​ចរាចរណ៍​​រាជធានី​ទៅ​សាលា​ដំបូង​រាជធានី​ដើម្បី​សាកសួរ។

​កញ្ញា កុលហ្សានិច ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចោទ​ចំនួន​បី​អំឡុង​ការ​សាក​សួរ​ នេះ​បើ​យោង​តាម​មន្ត្រី​នគរ​បាល​ម្នាក់​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​នេះ​ ប៉ុន្តែ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​ខ្លួន​​មិន​ត្រូវ​បាន​​​​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

មន្ត្រី​នគរ​បាល​រូប​នេះ​បាន​និយាយ​ថា ” ព្រះ​រាជ​អាជ្ញារង​បាន​សាក​សួរ​នាង ហើយ​ចោទ​ប្រកាន់​នាង​ពីបទ​បើក​បរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បង្ករបួស​ស្នាម​ដោយ​អចេតនា​តាម​មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍ និង​មាត្រា​៤១០​ នៃ​ក្រមព្រហ្មទណ្ឌ​”។

មន្ត្រី​នគរ​បាល​រូប​នេះបាន​លើក​ឡើង​ទៀត​ថា កញ្ញា កុលហ្សានិច នឹង​ត្រូវ​ឃុំ​​ខ្លួន​នៅ​​ការិយាល័យ​នគរ​បាល​​ចរាចរណ៍​មួយ​យប់​មុន​ពេល​បញ្ជូន​ត្រឡប់​ទៅ​តុលាការ​វិញ​​នៅ​ថ្ងៃ​នេះ ដើម្បី​សាកសួរ​ដោយ​ចៅក្រម​សាកសួរ។

មន្ត្រី​នគរបាល​រូប​នេះ​បាន​បន្ថែម​ថា ” ចៅក្រម​ស៊ើបសួរ​បាន​សាក​សួរ​នាង​ ហើយ​នឹង​បន្ត​សាកសួរ​នាង​នៅ​ថ្ងៃ​ស្អែក​ទៀត​”។

គេ​មិន​អាច​ទាក់​ទង​​ព្រះរាជអាជ្ញារង​ ខាំ សុភារី ​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​កាលពី​ម្សិលមិញ។ រីឯ​​ចៅក្រម​ គឹម រ័ត្ន​ណារិន ​បាន​លើក​ឡើង​ថា លោក​នឹង​​ពិចារណា​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ត្រូវ​​បាន​ធ្វើ​ឡើង​ដោយ​លោក​ សុភារី អំឡុង​ការ​បើក​សវនាការ​​នៅ​ថ្ងៃ​នេះ​។

ចៅក្រម រ័ត្នណារិន បាន​មាន​ប្រសាសន៍​ថា ” ករណី​នេះ​ទើប​តែ​បញ្ជូន​មក​ខ្ញុំ​ប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​សាកសួរ​នាង​”។

ពេល​ចាក​ចេញពី​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ កញ្ញា កុលហ្សានិច បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ខ្លួន​គ្មាន​បំណង​បើក​រថយន្ត​ BMW របស់​នាង​ទៅ​បុក​ភូមិគ្រឹះ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ឡើយ​។

កញ្ញា​បាន​និយាយ​ថា ​” ខ្ញុំ​គ្មាន​បំណង​ធ្វើ​ដូច្នេះ​ទេ ខ្ញុំ​បាត់​​បង់​ការ​គ្រប់គ្រង​ខ្លួន​ឯង​។ ​ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​”។ កញ្ញា​បាន​និយាយ​បន្ថែម​ថា ” សូមអភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង​។ ខ្ញុំ​ឈឺ​ ហើយ​នៅពេល​នោះ​ខ្ញុំ​បាន​ជួប​ជាមួយ​អតិថិជន​របស់​ខ្ញុំ ហើយ​ក៏​​ផឹក​ស្រវឹង​ វា​គឺ​នៅ​ម៉ោង​ប្រហែល​១រំលង​អធ្រាត្រ”៕ ស៊ុយឈាង​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស