28 C
Phnom Penh

នគរ​​​បាល​​​អំពាវ​​​នាវ​​​ឲ្យ​​​ស្ងប់​​​ស្ងាត់​​​ក្នុង​​​ពេល​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​​​​រឿង​​​អាប​​​ធ្មប់​​​នៅ​​​ខេត្ត​​​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គេ​​​បាន​​​ព្រមាន​​​ឃុំ​​​មួយ​​​ក្នុង​​​ខេត្ត​​​​​​រតនគិរី​​​​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​បុរស​​​ជន​​​ជាតិ​​​ចារ៉ាយ​​​ ដែល​​​គេ​​​គិត​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​។

លោក រ៉ូចំ គីន​​​ អាយុ​​​៤៨​​ឆ្នាំ​​​ អះ​​​អាង​​​ថា លោក​​​បាន​​​ប្រឈម​​​នឹង​​​ការ​​​គំរាម​​​កំហែង​​​ជា​​​ច្រើន​​​លើ​​​ជីវិត​​​របស់​​​លោក​​​ ក្នុង​​​នោះ​​​មាន​​​ការ​​​បង្ខំ​​​​​​ឲ្យ​​​គាត់​​​ចាក​​​​​​ចេញ​​​ពី​​​ផ្ទះ​​​រ​​​បស់​​​គាត់​​​​​​​​​ត្រឹម​​​ថ្ងៃ​​​សុក្រ​​​ ពី​​​​​ឃុំ​​​កក់ ស្រុក​​​បរកែវ​​​​​​ក្នុង​​​រយៈ​​​ពេល​​​បីថ្ងៃ​​​ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​មុខ​​​​​​ជា​​​ត្រូវ​​​គេ​​​សម្លាប់​​​ចោល​​​។

លោក ម៉ៅ សាន់ អធិការ​​​ស្រុក​​​បរកែវ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​បាន​​​បញ្ជូន​​​នគ​​​របាល​​​ឃុំ​​​ទៅ​​​ព្រមាន​​​អ្នក​​​ស្រុក​​​ក្នុង​​​ភូមិ​​​ជង់​​​ថា ពួក​​​គេ​​​​​​នឹង​​​ត្រូវ​​​​​​ចាប់​​​មក​​​ផ្តន្ទា​​​ទោស​​​ ប្រសិនបើ​​​ពួក​​​គេ​​​វាយ​​​ប្រហារ​​​បុរស​​​នោះ​​​ មិន​​​ថា​​​គាត់​​​ចេះ​​​មន្តអាគម​​​ ឬ​​​អត់​​​ទេ។

លោក សាន់ បាន​​​និយាយ​​​ថា “នគរ​​​បាល​​​របស់​​​យើង​​​បាន​​​ប្រាប់​​​ប្រជា​​​ជន​​​ទាំង​​​នោះ​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា ឬ​​​សម្លាប់​​​ជន​​​សង្ស័យ​​​ថា​​​​​​ចេះ​​​អាប​​​ធ្មប់​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ​​​ពួកគេ​​​នឹង​​​ត្រូវ​​​ចាប់​​​មក​​​ផ្តន្ទា​​​ទោស​​​”។

“បន្ទាប់​​​មក​​​ យើង​​​បាន​​​ប្រាប់​​​អ្នកភូមិ​​​ដែល​​​ខឹង​​​សម្បា​​​ឲ្យ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរ​​​បាល​​​ប្រសិន​​​បើ​​​ពួកគេ​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​លើ​​​បុរស​​​​​​ម្នាក់​​​ ដែល​​​ពួក​​​គេ​​​ចោទ​​​ថា​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​”។

ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក គីន បាន​​​និយាយ​​​ថា លោក​​​បាន​​​ប្តឹង​​​ទៅ​​​អង្គកា​​​រសិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ និង​​​បាន​​​ពន្យល់​​​ប្រាប់​​​អំពី​​​ការ​​​បំភិត​​​ភ័យ​​​​​​នេះ​​​មក​​​លើ​​​រូប​​​លោក​​​ ក្នុង​​​នោះ​​​មាន​​​បុរស​​​ម្នាក់​​​បាន​​​ចូល​​​ផ្ទះ​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ គំរាម​​​សម្លាប់​​​ផង​​​ដែរ​​​។

លោក គីន បាន​​​និយាយ​​​ថា “បុរស​​​នោះ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​នឹង​​​សម្លាប់​​​ខ្ញុំ​​​ និង​​​គ្រួសារ​​​​​​ខ្ញុំ​​​ ប្រសិន​​​​​បើ​​​យើង​​​រស់​​​នៅ​​​ទី​​​នេះ​​​បន្ត​​​ទៀត​​​”។ លោក គីន បាន​​​បន្ថែម​​​ថា ការ​​​ព្រមាន​​​លើក​​​ទី​​​២​​​បាន​​​ធ្វើ​​​ឡើង​​​​​​បន្ទាប់​​​ទៀត​​​នៅ​​​ថ្ងៃ​​​នោះ​​​។

លោក​​​បាន​​​និយាយ​​​ថា “​​​បង​​​ថ្លៃ​​​ប្រុស​​​របស់​​​ខ្ញុំ​​​បាន​​​ព្យាយាម​​​បណ្តេញ​​​ខ្ញុំ​​​ដោយ​​​ទុក​​​ពេល​​​ឲ្យ​​​ខ្ញុំ​​​បី​​​ថ្ងៃ​​​រាប់​​​ចាប់​​​ពី​​​ថ្ងៃ​​​េនះ​​​ទៅ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ គេ​​​នឹ​​​ងសម្លាប់​​​ខ្ញុំ​​​”។

លោក​​​បាន​​​ចោទ​​​ថា ​​​បង​​​ប្រុស​​​របស់​​​លោក​​​ឈ្មោះ រ៉ូចំ សីុន ក៏​​​បាន​​​ប្រឆាំង​​​នឹង​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​មីនា​​​ដែរ​​​។

លោក គីន បាន​​​និយាយ​​​ថា “គាត់​​​បាន​​​មក​​​រក​​​ខ្ញុំ​​​ ទាញ​​​សក់​​​ខ្ញុំ​​​ និង​​​​​​យក​​​កាំបិត​​​ភ្ជង់​​​ក​​​ខ្ញុំ​​​ និង​​​បាន​​​ខ្សឹប​​​ដាក់​​​ត្រចៀកខ្ញុំ​​​ថា គាត់​​​នឹង​​​កាត់​​​ក​​​ខ្ញុំ​​​ បើ​​​កូន​​​​​របស់​​​គាត់​​​ដែល​​​ឈឺ​​ ស្លាប់​​​នោះ​​​។ គាត់​​​បាន​​​ចោទ​​​ខ្ញុំ​​​​​​ថា​​​ ខ្ញុំ​​​ប្រើ​​​មន្ត​​​អាគម​​​ធ្វើ​​​ឲ្យ​​​កូន​​​ៗ​​​របស់​​​គាត់​​​​​​ឈឺ​​​”។

បុរស​​​​​​ដែល​​​គេ​​​ចោទ​​​ថា​​​ចេះ​​​អាប​​​ធ្មប់​​​​​​នេះ​​​បាន​​​និយាយ​​​ថា ការ​​​ចោទ​​​បែប​​​នេះ​​​​​​មិនមែន​​​ជា​​​រឿង​​​ថ្មី​​​​​​ទេ​​​ចំពោះ​​​​​​គាត់​​​ ហើយ​​​ថា គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពីខែ​​​តុលា​​​ ឆ្នាំ​​​២០១១​​​ក្រោយ​​​ពី​​​គេ​​​ចោទ​​​គាត់​​​​​​ថា គាត់​​​មាន​​​រុក្ខជាតិ​​​ដែល​​​អាច​​​ស៊ី​​​មនុស្ស ជា​​​ការ​​​អះ​​​អាង​​ដែល​​​គាត់​​​បាន​​​ច្រាន​​​ចោល​​​។

លោក គីន បាន​​​និយាយ​​​ថា “មិន​​​ត្រឹម​​​តែ​​​អ្នក​​​ភូមិ​​​ទេ​​​ បង​​​ប្អូន​​​សាច់​​​ឈាម​​​ឯង​​​ក៏​​​ចោទ​​​ខ្ញុំ​​​ថា​​​ជា​​​ធ្មប់​​​ដែរ​​​។ ប៉ុន្តែ ខ្ញុំ​​​មិនមែនទេ​​​”។

“បើ​​​ខ្ញុំ​​​​​​ជា​​​ធ្មប់​​​មែន​​​នោះ​​​ ខ្ញុំ​​​នឹង​​​ប្រើ​​​មន្ត​​​អាគម​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​ខ្ញុំ​​​មានបាន​​​​​​ហើយ​​​​​​​​​​​​”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស