27 C
Phnom Penh

តុលាការ​​​សាកសួរ​​​សកម្ម​​​ជន​​​ប្រឆាំង​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃសុក្រ​ សាលា​ដំបូង​ខេត្ត​កោះកុង​បាន​សាក​សួរ​អ្នកភូមិ​​នៅ​តំបន់​ជ្រលង​អារ៉ែង​ម្នាក់ ដែល​បាន​ជំទាស់​ទៅ​នឹង​​គម្រោង​សាង​សង់​​​ទំនប់​​​វារី​អគ្គិសនី​ដែល​គាំទ្រ​ដោយ​រដ្ឋា​​​ភិបាល​ជុំវិញ​ការ​ចោទ​ប្រកាន់​​​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​នៅឡើយ​ទេ។

តុលាការ​បាន​​​កោះ​​​ហៅ​​​​លោក វ៉ែន វ៉ន កាលពី​ខែ​កុម្ភៈ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​​បណ្ដឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ចោទ​ប្រកាន់​រូប​គាត់​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ជ្រលង​នេះ ប៉ុន្តែ​បាន​ពន្យារ​​​ពេល​​​កាលបរិច្ឆេទ​​សវនាការ​ដើម ដោយ​ទុក​ពេល​ឲ្យ​គាត់​រៀបចំ​ឯកសារ​បន្ថែម​ទៀត។

បន្ទាប់ពី​ត្រូវ​បាន​សាកសួរ​កាលពី​ថ្ងៃសុក្រ លោក វ៉ែន វ៉ន បាន​និយាយ​ថា លោក​ព្រះ​រាជ​អាជ្ញា​ ប៊ូ ប៊ុនហា៊ង បាន​សាកសួរ​រូប​គាត់​ជុំវិញ​ការ​ចោទ​ប្រកាន់​​​របស់​រដ្ឋបាល​ព្រៃឈើ ហើយ​គាត់​បាន​បញ្ជាក់​ឡើង​វិញ​ថា គាត់​បាន​ទិញ​ឈើ​ដែល​មាន​បញ្ហា​នេះ​ពី​អ្នកភូមិ ហើយ​បាន​​យក​ឈើ​​​នេះ​​​ទៅ​ប្រើ​ដើម្បី​សាង​សង់​មជ្ឈមណ្ឌល​សហគមន៍​។

គាត់​បាន​និយាយ​ថា ” ព្រះ​​​រាជ​​​អាជ្ញា​​​រូប​នេះ​មិន​ទាន់​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ ពីព្រោះ​ករណី​នេះ​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ​”។

លោក វ៉ែន វ៉ន បាន​និយាយ​ថា តុលាការ​កំពុង​​​បន្ត​ករណី​នេះ​​ ពីព្រោះ​គាត់​បាន​ចូល​រួម​ការ​តវ៉ា​ប្រឆាំង​គម្រោង​សាង​សង់​​​ទំនប់​វារី​​​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ដែល​នឹង​បង្ខំ​រូប​គាត់​ និង​អ្នក​ភូមិ​ជនជាតិ​ដើម​​​ភាគតិច​ជង​រាប់​រយ​នាក់​ទៀត​ឲ្យ​ចាក​ចេញ​ពី​តំបន់​នេះ ដែល​ពួកគាត់​បាន​រស់​នៅ​ច្រើន​ជំនាន់​មក​ហើយ​។

ក្រឡាបញ្ជី​តុលាការ ឈិន ឡុង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក វ៉ែន វ៉ន មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ទេ​កាលពី​ថ្ងៃសុក្រ។ លោក ប៊ុនហា៊ង ព្រះ​​​រាជ​​​អាជ្ញា​​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៕ សារុន​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស