យោងតាមច្បាប់ចម្លងនៃលិខិតអញ្ជើញដែលចេញដោយលោក កឹម សុខា ប្រធានរដ្ឋសភាស្ដីទី និងដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានកោះហៅឲ្យមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា។
យោងតាមលិខិតចុះថ្ងៃទី៣០ ខែមីនា លោក ម៉ម ប៊ុនហេង ត្រូវចូលឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយនេះនៅថ្ងៃសុក្រ។
លិខិតនេះមានខ្លឹមសារថា គណៈកម្មការនេះទទួលបានពាក្យបណ្ដឹងប្ដឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះជុំវិញបញ្ហាមួយចំនួន រួមមានដូចជា ” ការគ្រប់គ្រងតម្លៃ និងគុណភាពថ្នាំពេទ្យ ” និង ” ការដោះដូរមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញជាដើម។
លិខិតនេះមានខ្លឹមសារបន្ថែមទៀតថា លោក ម៉ម ប៊ុនហេង ក៏នឹងត្រូវសាកសួរទាក់ទិននឹងការប្រើប្រាស់ជំនួយពីមូលនិធិពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់ដោយមិនត្រូវផងដែរ។
លោក វ៉ាន់ ណារិទ្ធ សមាជិកសភាមកពីគណបក្សប្រឆាំងដែលជាសមាជិកនៃគណៈកម្មការប្រឆាំងអំពើពុករលួយនេះបានលើកឡើងថា សំណួរជាច្រើនទៀតកំពុងរង់ចាំលោក ម៉ម ប៊ុនហេង។
លោកបានមានប្រសាសន៍ដោយសំដៅទៅលើការឆ្លងរាលដាលនៃមេរោគអេដស៍នៅក្នុងឃុំរកា ខេត្តបាត់ដំបងថា ” យើងក៏ចង់សួរអំពីការបិទគ្លីនិកខុសច្បាប់ផងដែរ ហេតុអ្វីបានជាដំបូងឡើយត្រូវបានអនុញ្ញាតឲ្យបើក ហើយក្រោយមកត្រូវគេបិទទៅវិញបន្ទាប់ពីមានការឆ្លងរាលដាលនៃមេរោគអេដស៍?”៕ ស៊ុយឈាង