31 C
Phnom Penh

ក្រសួង​​​មហាផ្ទៃ​​​ចេញ​​​ផ្សាយ​​​បញ្ជី​​​តម្លៃ​​​ជា​​​សាធារណៈ​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​សូក​​​បា៉ាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ច្បាប់​ចម្លង​នៃ​ឯកសារ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃសៅរ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​មុន​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​​ ប្រកាស​ពី​តម្លៃ​ផ្លូវ​ការ​សម្រាប់​​សេវា​​គោល​របស់​រដ្ឋាភិបាល ដូច​ជា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​ជាដើម​​​ ដើម្បី​ប្រយុទ្ធ​​​ប្រឆាំង​​ការ​យក​តម្លៃ​ខុស​ប្រក្រតី។

ឯកសារ​ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី១៨ ខែ​មីនា បាន​ដាក់​ចេញ​នូវ​តម្លៃ​សម្រាប់​សេវា​គោល​ទាំង​អស់​ដែល​ផ្ដល់​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​បាន​អំពាវ​នាវ​ឲ្យ​មន្ត្រី​រាជការ​ទាំង​អស់​អនុវត្ត​តាម​ការ​កំណត់​តម្លៃ​ទាំង​នេះ​ឲ្យ​បាន​តឹង​រ៉ឹង​។

ឯកសារ​ដដែល​នេះ​មាន​ខ្លឹមសារ​ថា ” រាល់​ការ​​​ប្រមូល​​​ប្រាក់​​​​​ចំណូល​សម្រាប់​សេវា​រដ្ឋបាល​​​ទាំង​អស់​ ត្រូវ​ធ្វើ​​ដោយ​​​ប្រើ​​​​​​ក្រដាស​​​​បង់​ប្រាក់​ដែល​ផ្ដល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​​វត្ថុ”។

ឯកសារ​ដដែល​នេះ​លើក​ឡើង​ទៀត​ថា ក្រសួងមហាផ្ទៃ​នឹង​បង្កើត​ការិយា​​​ល័យ​​​មួយ​ ដើម្បី​ទទួល​ពាក្យ​បណ្ដឹង​អំពី​ការ​យក​តម្លៃ​សេវា​កម្ម​លើស​​​សម្រាប់​​​សេវា​​​នានា​​​ ហើយ​នឹង​ធ្វើ​របាយការណ៍​​ប្រចាំ​ខែ និង​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ប្រមូល​ប្រាក់​ចំណូល​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ប្រាក់​ចំណូល​ទាំង​នោះ​នឹង​បញ្ជូន​ទៅ​រតនាគារ​ជាតិ​សម្រាប់​ទុក​ជា​ថវិកា​ជាតិ​។

ក្នុង​ចំណោម​តម្លៃ​ដែល​បាន​កំណត់​​​គឺ​​​ លិខិត​ឆ្លង​ដែន​ថ្មី​នឹង​មាន​តម្លៃ​១០០​ដុល្លារ​​សម្រាប់​ការ​ធ្វើ​ក្នុង​រយៈ​ពេល​២០​ថ្ងៃ ១៥០​ដុល្លារ​សម្រាប់​ការ​ធ្វើ​ក្នុង​រយៈពេល​១០​ថ្ងៃ និង​២០០​ដុល្លារ​សម្រាប់​ការ​ធ្វើ​​​ក្នុង​រយៈពេល​១ថ្ងៃ។ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​ប័ណ្ណ​នឹង​យក​តម្លៃ​១០​.០០០​រៀល​។

លោក មាស សារឹម ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដើម្បី​ប្រយុទ្ធ​​​ប្រឆាំង​ការ​យក​តម្លៃ​លើស​ក្រៅ​​​ផ្លូវ​ការ​​ពី​​​សេវា​កម្ម​គោល​របស់​រដ្ឋ​ ជា​ការ​អនុវត្ត​ដែល​បាន​រាល​ដាល​នៅ​តាម​​​​នាយកដ្ឋាន​រដ្ឋាភិបាល​ជាច្រើន​។

លោក សារឹម បាន​ពន្យល់​ថា ” យើង​បាន​ចេញ​សេចក្ដី​ប្រកាស​នេះ​​​ដើម្បី​បម្រើ​ប្រជាពល​រដ្ឋ​ឲ្យ​មាន​តម្លាភាព​ ពីព្រោះ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​-ខេត្ត យក​លុយ​ពី​ប្រជា​​​ពល​រដ្ឋ​ដោយ​គ្មាន​ការ​​​លើក​​​ឡើង​​​​ច្បាស់​លាស់​អំពី​នីតិវិធី​ច្បាប់​​​ឡើយ​”។

លោក កៃ វឌ្ឍនា ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួល​ស្គាល់​ថា ការ​យក​តម្លៃ​លើស​ពី​តម្លៃ​ផ្លូវ​ការ​សម្រាប់​លិខិត​ឆ្លង​ដែន​នោះ​​ជា​​​រឿង​ធម្មតា​​​​ទៅ​​​ហើយ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា ” តាម​ធម្មតា​យើង​យក​តម្លៃ​តាម​ការ​កំណត់​របស់​រដ្ឋ ប៉ុន្តែ​យើង​ក៏​យក​តម្លៃ​៥ដុល្លារ​ទៅ​១០​ដុល្លារ​សម្រាប់​ខ្លួន​យើង​ផ្ទាល់​ផង​ដែរ​។ យើង​មិន​តម្រូវ​ឲ្យ​ពួកគាត់​បង់​ប្រាក់​នេះ​ទេ ប៉ុន្តែ​ពួក​​​គាត់​ឲ្យ​​​ប្រាក់​ក្រោម​តុ​ដល់​​​​ខ្ញុំ​ដើម្បី​​​ពិសា​​​​​​កាហ្វេ​​​តែ​​​ប៉ុណ្ណោះ​​​”។

លោក សុន ឆ័យ សមាជិក​សភា​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា លោក​មិន​​​ជឿ​​​ថា​យុទ្ធនា​​​យល់​ដឹង​អំពី​តម្លៃ​ផ្លូវ​ការ​នេះ​នឹង​កាត់​បន្ថយ​ការ​សូក​ប៉ាន់​​​នោះ​​​ឡើយ​​​។

លោក​ សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ប្រជា​​​ពល​រដ្ឋ​ដឹង​អំពី​តម្លៃ​នេះ​រួច​ទៅ​ហើយ ប៉ុន្តែ​ប្រសិន​បើ​​អ្នក​ចង់​​​ឲ្យ​​​គេ​​​​ទទួល​យក​​​ការ​ដាក់​ពាក្យ​សុំ​នោះ អ្នក​ត្រូវ​តែ​សូក​មន្ត្រី​​នៅ​ទីនោះ បន្ទាប់​មក​អ្នក​មិន​អាច​រក​ឯកសារ​ដែល​អ្នក​ចង់​រក​មក​វិញ​ឃើញ​ទេ ដូច្នេះ​អ្នក​ត្រូវ​​តែ​បង់​ប្រាក់​ឲ្យ​គេ​រក​ឯកសារ​នោះ។ វា​ជា​របរ​​​របស់​គេ​ទៅ​ហើយ​”។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ជា​រឿយៗ​មន្ត្រី​ទាំង​នោះ​ទទួល​សំណូក​ដើម្បី​ពន្លឿន​ការ​ធ្វើ​ឯកសារ​ ដូច​ជា​អត្តសញ្ញាណ​ប័ណ្ណ និង​លិខិត​ឆ្លង​ដែន​​ ដើម្បី​​​បំពេញ​​​​លុយ​ដែល​​​ពួកគេ​​​បាត់​​​បង់​​​ដោយ​​​ការ​​​សូក​​​មន្ត្រី​​​ថ្នាក់លើ​​​ក្នុង​​​ក្រសួង​​​មហាផ្ទៃ​។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ” វា​មិន​ត្រឹម​តែ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អ្នក​នៅ​ថ្នាក់​លើ​ដែល​ទទួល​បន្ទុក​រឿង​​​នេះ​​​​ទៀត​​​ផង​​​ ដែល​យក​តម្លៃ​សម្រាប់​​បែប​បទ​​ដាក់​ពាក្យ​សុំ​​​នោះ​​​​”។

លោក​បាន​បន្ថែម​ថា ” ប្រសិន​បើ​អ្នក​ផ្លាស់​ប្ដូរ​បញ្ហា​នៅ​ថ្នាក់​ក្រោម​ ប៉ុន្តែ​នៅ​តែ​តម្រូវ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​​​បង់​ប្រាក់​ឲ្យ​មន្ត្រី​ថ្នាក់​លើ​ដដែល​នោះ ពួកគេ​នឹង​មិន​អាច​ធ្វើ​ការ​ងារ​របស់​ខ្លួន​បាន​ឡើយ​”៕ សារុន​ (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស