29 C
Phnom Penh

បណ្តាញ​​​សហគមន៍​​​ព្រៃ​​​ឡង់​​​​​​បញ្ចប់​​​ការ​​​ល្បាត​​​ព្រៃ​​​រយៈពេល​​ប្រាំ​​​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​​សកម្មជន​ប្រហែល​៤០០​នាក់​បាន​បញ្ចប់​ការ​ល្បាត​​ព្រៃ​​​ឡង់​ទំហំ​៦៥០.០០០​ហិក​​​តា​ដែល​គ្មាន​ការ​ការ​ពារ​រយៈ​ពេល​៥​ថ្ងៃ នៅ​ក្នុង​ខេត្ត​​​ភាគ​ខាង​ជើង​នៃ​ប្រទេស​កាលពី​ថ្ងៃ​​អាទិត្យ ដោយ​​​ចាប់​​​បាន​​​និង​​​​​​​ដុត​ចោល​​​ឈើ​កាប់​រួច​ខុស​ច្បាប់ និង​រឹបអូស​បាន​រណារ​​​យន្ត​ពី​អ្នក​ដែល​ពួកគាត់​រក​ឃើញ​ថា បាន​កាប់​ឈើ​​។

ការ​ល្បាត​ដែល​​​​ជា​ការ​ល្បាត​ដ៏​​​ធំ​បំផុត​ក្នុង​រយៈ​ពេល​ជាង​១ឆ្នាំ​​របស់​បណ្ដាញ​សហគមន៍​ព្រៃ​​​ឡង់​​​នេះ​​​ បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃពុធ ដោយ​មនុស្ស​បួន​ក្រុម​ចូល​ក្នុង​ព្រៃ​នៅ​​​ក្នុង​ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ធ្វើ​ការ​ឃ្លាំ​មើល​​​អ្វី​​​​ដែល​ពួកគាត់​ជឿ​ថា អាជ្ញាធរ​បាន​​​ធ្វើ​មិន​ដឹង​មិន​ឮ។

លោក អ៊ុន វៀន អាយុ​៤៣​ឆ្នាំ ជា​សកម្មជន​ម្នាក់​ដែល​បាន​​​ចូល​ក្នុង​ព្រៃ​នៅ​​​ក្នុង​ខេត្ត​ព្រះវិហារ បាន​និយាយ​កាលពី​ម្សិលមិញ​ថា គាត់​បាន​ដឹក​នាំ​មនុស្ស​ប្រហែល​៨០​នាក់​ល្បាត​ព្រៃ​នោះ ដែល​គ្រប​ដណ្ដប់​ក្នុង​ស្រុក​ចំនួន​ពីរ​ ហើយ​ជា​លទ្ធផល​​រឹបអូស​បាន​រណារ​​​យន្ត​១២គ្រឿង និង​ឈើ​ផ្ដៀក​ជា​ប្រភេទ​ឈើ​លេខ​២​បាន​​​ចំនួន​៨៣​ដុំ។

លោក អ៊ុន វៀន បាន​និយាយ​ថា ” យើង​​បាន​ឡោមព័ទ្ធ​មនុស្ស​​​ក្រុម​មួយ​មាន​​​គ្នា​​​​បី​នាក់​កំពុង​កាប់​ឈើ ហើយ​យើង​ដក​ហូត​បាន​រណារ​យន្ត​មួយ​​គ្រឿង បន្ទាប់​មក​បាន​ដោះ​លែង​អ្នក​​​ទាំង​នោះ​វិញ​បន្ទាប់​ពី​បាន​​​ណែ​​​នាំ​​​ពួកគេ​កុំ​ឲ្យ​មក​ទៀត​”។

លោក​បាន​បន្ថែម​ថា ” យើង​បាន​​សួរ​​​អ្នក​កាប់​ឈើ​ទាំង​នោះ ហើយ​ពួកគេ​បាន​ប្រាប់​យើង​ថា ពួកគេ​ត្រូវ​បាន​ឈ្មួញ​កណ្ដាល​ម្នាក់​ឈ្មោះ ជ័យ ញ៉េន ជួល​ឲ្យ​កាប់​ឈើ​ឲ្យ…​ហើយ​ថា បុរស​​​រូប​​​នោះ​​​បាន​លក់​ឈើ​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទ្រី​​​ភាព។

លោក​បាន​បន្ថែម​ថា ” យើង​បាន​ប្រមូល​ឈើ​ទាំង​នោះ​ ​ដឹក​ទៅ​ភូមិ​នៅ​ថ្ងៃ​នេះ ដើម្បី​យក​ទៅ​សាង​សង់​កន្លែង​​​​សម្រាប់​អ្នកភូមិ​ដែល​ចង់​មក​​​បន់​ស្រន់​អំឡុង​​​​ពេល​បុណ្យ​ទាន​បែប​​​ព្រះ​​​ពុទ្ធសាសនា”។

លោក អ៊ុន វៀន បាន​និយាយ​ថា ” សកម្មជន​ក៏​បាន​រក​ឃើញ​ឈើ​កកោះ និង​ឈើ​ទាល​ជាង​១០០​ដុំ ដែល​ឈើ​​​ទាំង​​​អស់​​​នេះ​​​មាន​ប្រវែង​​​បួន​ម៉ែត្រ​ទៅ​ប្រាំ​​​បី​ម៉ែត្រ ហើយបន្ទាប់មក​​​​បាន​ដុត​ឈើ​ទាំង​នោះ​ចោល​។

លោក​បាន​និយាយ​ថា ” ដំបូង​យើង​មាន​គម្រោង​ប្រគល់​រណារ​យន្ត​ទាំង​អស់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត ប៉ុន្តែ​យើង​គិត​ថា ពួកគេ​ប្រហែលជា​​​ប្រគល់​រណារ​​​យន្ត​​​​ទាំង​នោះ​​​​ទៅ​​ឲ្យ​អ្នក​កាប់​ឈើ​វិញ។ ដូច្នេះ​ហើយ​យើង​ថត​រូប​ទុក​ជា​ភ័ស្តុ​​​តាង​ ហើយ​បន្ទាប់​មក​បាន​ដុត​ចោល​តែ​ម្ដង”។

អ្នកស្រី​​​ លន់ ឡាំ អាយុ​៦១​ឆ្នាំ​ដែល​បាន​ដឹក​នាំ​សកម្មជន​ចូល​​​ក្នុង​​​​​ព្រៃ​​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​និយាយ​ថា ក្រុម​របស់​អ្នកស្រី​បាន​រក​ឃើញ​ឈើ​ធ្នង់​ជា​ប្រភេទ​ឈើ​ប្រណីត​ប្រវែង​​៣ម៉ែត្រ​ចំនួន​៤០០​ដុំ ព្រម​ទាំង​ឈើ​កកោះ​ផង​ដែរ ប៉ុន្តែ​បាន​​ទុក​ឈើ​ទាំង​នោះ​នៅ​កន្លែង​ដដែល។

អ្នកស្រី​បាន​និយាយ​ថា ” យើង​បាន​រាយការណ៍​ទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​អំពី​ចំនួន​​ឈើ​ទាំង​នេះ ពីព្រោះ​យើង​មិន​អាច​ដឹក​ឈើ​ទាំង​នេះ​ចេញពី​ព្រៃ​បាន​ទេ។

នៅ​ក្នុង​ខេត្ត​កំពង់ធំ​ឯណោះ​​​វិញ លោក មិញ នី អាយុ​៣៨​ឆ្នាំ​បាន​និយាយ​ថា សកម្មជន​​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៤០​នាក់​បាន​ល្បាត​ព្រៃ​នេះ​​ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​ម្សិលមិញ ហើយ​បាន​រក​ឃើញ​អ្វី​ដែល​ពួកគាត់​ជឿ​ថា ជា​ប្រតិបត្តិការ​កាប់​ឈើ​ដែល​គ្រប់​គ្រង​ដោយ​មន្ត្រី​យោធា​ក្នុង​មូល​​​ដ្ឋាន​​​ម្នាក់​។

លោក​បាន​និយាយ​ថា ” យើង​បាន​ឃើញ​រថយន្ត​យ៉ាង​តិ​ច​​​ប្រាំពីរ​គ្រឿង និង​រទេះ​គោ​ជាង​១០​ដឹក​ឈើ​ចេញ​​​ពី​​​ព្រៃ​ឡង់។ ខ្ញុំ​បាន​សួរ​អ្នក​បើក​បរ​មួយ​ចំនួន​ ហើយ​ពួក​គេ​បាន​ប្រាប់​យើង​ថា​ ពួកគេ​បាន​ដឹក​ឈើ​នេះ​ឲ្យ​ឈ្មោះ​ ‘ធា’ ហើយ​យើង​បាន​ស្គាល់​បុរស​រូប​នេះ​”។

លោក នី បាន​និយាយ​ថា “​ គាត់​គឺ​ជា​​​មេបញ្ជាការ​យោធា​ស្រុក​សណ្ដាន់”។

ទោះ​ជា​យ៉ាង​ណា លោក អ៊ុន បុត្រ អភិបាល​ស្រុក​សណ្ដាន់​បាន​មាន​ប្រសាសន៍​ថា លោក អ៊ូ សុធា ដែលជា​មេបញ្ជាការ​យោធា​ស្រុក​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​​​​ប្រតិបត្តិការ​កាប់​ឈើ​ណាមួយ​នៅ​ក្នុង​ព្រៃ​​​ឡង់​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” លោក សុធា មិន​ជាប់ពាក់ព័ន្ធ​​​ក្នុង​ការ​កាប់​​​ឈើ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ការ​ចោទ​ប្រកាន់​នេះ​​សំដៅ​ដល់​ឈ្មោះ​ ធា ផ្សេង​ទៀត​”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស