33 C
Phnom Penh

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុថ្មី​​បេ្តជ្ញា​ស្តារសន្តិសុខ​ សណ្តាប់​ធ្នាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ព្រះ​សីហនុ​​​ថ្មី​​​ កាល​​​ពី​​​ម្សិលមិញ បាន​​​ប្តេជ្ញា​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​ដើម្បីការ​​​ពារ​​​ និង​​​ឃ្លាំ​​​មើល​​​ជន​​​បរទេស​​​ក្នុង​ក្រុង​​​​​​ឆ្នេរ​​​សមុទ្រ​​​នេះ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យ​កាន់​តួនាទីនេះ​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុង​​​ពិធីមួយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​​។

លោក ជួន ណារិន អតីត​​​ស្នង​​​ការ​​​រង​​​នគ​​​របាល​​​រាជ​​​ធានី​​​បាន​​​កាន់​​​តួនាទី​​​​​​ជំនួស​​​លោក ស៊ាង កុសល ដែល​​​ត្រូវ​​​បាន​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ដក​​​ចេញ​​​កាល​​​ពី​​​ខែ​​​មុន ដោយសារ​​​មិន​​​សូវ​​​ធ្វើ​​​សកម្មភាព​​​។

​​​យោង​​​តាម​​​លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​ដែល​​​មាន​​​វត្ត​​​មាន​​​ក្នុង​​​ពិធី​​​នោះ​​​ដែរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​សុន្ទរកថា​​​អំឡុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​នៅ​​​សាលា​​​ខេត្ត​​​កាល​​​ពីម្សិល​​​មិញ​​​ លោក នេត សាវឿន អគ្គស្នង​​​ការ​​​នគ​​​របាល​​​ជាតិ​​​បាន​​​ដាស់​​​តឿន​​​នគ​​​របាល​​​ដែល​​​ចូល​​​រួម​​​ក្នុ​​ង​​​ពិធី​​​នោះ​​​ថា ពួក​​​គេ​​​មាន​​​ភារកិច្ច​​​ការ​​​ពារ​​​ និង​​​គ្រប​​​់​​​គ្រង​​​ភ្ញៀវ​​​ទេសច​​​រ​​​បរទេស​​​ វិនិយោគិន និ​​​ងជនបរទេស​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ នេត សាវឿន បាន​​​ស្នើ​​​ឲ្យ​​​កម្លាំង​​​របស់​​​យើង​​​ការ​​​ពារ​​​ភ្ញៀវ​​​ទេសចរ​​​ និង​​​ជន​​​បរទេស ដែល​​​ស្នាក់​​​នៅ​​​ទី​​​នេះ​​​។ វា​​​សំខាន់​​​ណាស់​​​ដែល​​​យើង​​​មាន​​​កម្លាំង​​​ត្រៀម​​​ចាត់​​​វិធានការ​​​នៅ​​​ពេល​​​ហេតុការណ៍​​​កើត​​​ឡើង​​​”។

បន្ទាប់​​​ពី​​​មាន​​​អំពើ​​​ប្លន់​​​ជន​​​បរទេស​​​ពីរ​​​នាក់​​​នៅ​​​កោះ​​​រ៉ុង​​​ ក្នុង​ខេត្ត​ព្រះ​​​សីហនុ​​​កាល​​ពី​​​ខែ​​​មុន​​​ លោក សុខុន ត្រូវ​​​បាន​​​បន្ទោស​​​ពី​​​សំណាក់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ផង​​​ដែរ​​​ចំពោះការ​​​មិន​​​បាន​​​គ្រប់​​​គ្រង​​​បទ​​​ល្មើស​​សម្រាប់​ជន​​​បរទេស​​​នៅ​​​ក្នុង​​​ខេត្ត​​​េនះ​​​។

ទោះជា​​​យ៉ាង​​​ណា​​​ចាប់​​​ពី​​​ពេល​​​នេះ​​​ទៅ​​​អភិបាល​​​ខេត្ត​​​រូប​​​នេះ​​​ទំនង​​​ជា​​​មាន​​​សុវត្ថិភាព​​​ក្នុង​​​​​​តួនាទី​​​របស់​​​លោក​​​ដោយ​​​ធ្វើ​​​ការ​​​ជាមួយ​​​លោកស្ន​​ង​​​ការ​​​ថ្មី​​​។

លោក សុខុន បាន​​​មាន​​​ប្រសាសន៍​​​ដល់​​​លោក​​​ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន ថា “គាត់​​​បាន​​​ប្តេជ្ញា​​​រួមដៃគ្នា​ធ្វើ​​​ការ​​​ជាមួយ​​​ខ្ញុំ​​​”។

អំពើ​​​ប្លន់​​​នៅ​​​កោះ​​​រ៉ុង​​​ដែល​​​គេ​​​ឃើញ​​​នគរ​​​បាល​​​ក្រសួង​​​មហាផ្ទៃ​​​ពិសេស​​​មួយ​​​ក្រុម​​​ចាប់​​​ខ្លួន​​មនុស្ស​​​បួន​​​នាក់ បន្ទាប់​​​ពី​​​មាន​​​​​​ការ​​​ជិះ​រថយន្ត​​​បាញ​​​់ ការ​​​ប្រវាយ​​​ប្រតប់​​​ និង​​​ការ​​​ចាក់​​​សម្លាប់​ ទាំង​​​អស់​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​បរទេស​​​នៅ​​​ក្នុង​​​ក្រុ​​​ង​​​ព្រះសីហនុ។ ក្រុង​​​នេះ​​​ក៏​​​មាន​​​ជម្លោះ​​​ដ៏ហិង្សា​​​រវាង​​​ជន​​​ជាតិ​​​រុស្សី​​​ជា​​​គូ​​​ប្រជែង​​​ពីរ​​​នាក់​​​ផង​​​ដែរ​​​។

លោក ខៀវ សុភ័គ អ្នក​​​នា​​​ំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន ត្រូវ​​​បាន​​​សម្រេច​​​​ឲ្យ​​​មក​​​កាន់​​​តួនាទី​​​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ ដោយ​​​សារ​​​លោក​​​មាន​​​សមត្ថភាព​​​​​​​​​គ្រប់​​​គ្រង​​​ក្រុង​​​​។

បន្ទាប់​​​ពី​​​សុន្ទរកថារបស់លោក​​​​កាល​​​ពី​​​ម្សិល​​​មិញ ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន បាន​​​សន្យា​​​បំពេញ​​​ភារកិច្ច​តាម​ការ​រំពឹង​ទុក​របស់ថ្នាក់​​​លើ​​​។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​នាំ​​​យក​​​ជំនា​​​ញ​​​របស់​​​ខ្ញុំ​​​មក​អនុវត្ត​ក្នុង​ការ​ងារ​េនះ​​​។ នៅ​​​ពេល​​​វិនិយោគិន និង​​​ភ្ញៀវ​​​ទេសចរ​​​បរទេស​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា យើង​​​នឹង​​​ការ​​​ពារ​​​សុវត្ថិភាព​​​របស់​​​ពួក​​​គេ​​​ ប៉ុន្តែ ប្រសិន​​​បើ​​​ពួកគេ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ យើង​​​នឹង​​​​​​ចាត់​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស