29 C
Phnom Penh

នគរ​​​បាល​​​កំពុង​​​តាម​​​ស្វែង​​​រក​​​ “ជន​​​អគតិ” ដែល​​​ដុត​​​ខ្លោងទ្វារ​​​អង្គរ​​​សង្ក្រាន្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam photo sangkran

នគរ​​​បាល​​​នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​កំពុង​​​តាម​​​ស្វែង​​​រក​​​ក្រុម​​​ “ជន​​​អគតិ” ដែល​​​បាន​​​ដុត​​​ខ្លោង​​​ទ្វារ​​​​​​សាង​​​សង់​​​ឡើង​​​សម្រាប់​​​អង្គរ​​​សង្ក្រាន្ត​​​​​​​​​​​​ឆ្នាំ​​​ថ្មី​​​ ដែល​​​​​​សាធារណជន​​​បាន​​​រិះគន់​​​ថា ជា​​​ការ​​​រចនា​​​តាម​​​​​​រចនាបថ​​​ប្រទេស​​​វៀតណាម ឬ​​​ប្រទេស​​​ចិន​​​នោះ។

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លោងទ្វារ​​​​​​​​​ដែល​​​ត្រូវ​​​បាន​​​​​​សាង​​​សង់​​​​​​នៅ​​​ច្រក​​​ចូលទៅកាន់​​​បរិវេណ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​ដោយ​​​មាន​​​ពណ៌ក្រហម​​​ស្រាល​​​ និង​​​ពណ៌លឿង និង​​​មាន​​​ចង​​​ភ្ជាប់​​​ដោយ​​​គោម​​​ពណ៌ក្រហម​​​នោះ​​​បាន​​​ឆាប​​​ឆេះ​​​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​២​​​ទៀប​​​ភ្លឺ​​​​​​​​​ម្សិលមិញ។ 

លោក ថោង សុខុន ស្នង​​​ការ​​​រង​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​បាន​​​សាក​​​សួរ​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុការណ៍​​​នេះ ហើយ​​​បាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​ទៅ​​​វិញ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​ពន្យល់​​​ថា ហេតុ​​អ្វី​​​បាន​​​ជា​​​ដោះ​​​លែង​​​ទៅ​​​វិញ​​​ឡើយ​​​។

លោក​​​ សុខុន បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​បាន​​​សាក​​​សួរ​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​កន្លែង​​​កើត​​​ហេតុ​​​ ប៉ុន្តែ យើង​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​ពួក​​​គេ​​​ទៅ​​​ផ្ទះ​​​វិញ​​​” ។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​ការ​​​ងារ​​​ពិសេស​​​មក​​​ពី​​​រាជធានី​​​ភ្នំពេញ​​​កំពុង​​​តែ​​​ជួយ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “មាន​​​ក្រុ​​​ម​​​ការ​​​ងារ​​​មក​​​ពី​​​អគ្គស្នង​​​ការ​​​នគ​​​របាល​​​ជាតិ​​​ ដែល​​​មក​​​ជួយ​​​ស៊ើប​​​អង្កេត​​​ក្នុង​​​ករណី​​​នេះ​​​។ យើង​​​កំពុង​​​តែ​​​សើុប​​​អង្កេត​​​តាម​​​រយៈ​​​ហ្វេសប៊ុក​​​ផង​​​ដែរ​​​”។

ខ្លោងទ្វារ​​​អង្គរ​​​សង្ក្រាន្ត​​​​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ និង​​​រចនា​​​ដោយ​​​សមាជិក​​​នៃ​​​សហភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក ហ៊ុន ម៉ានី តំណាង​​​រាស្ត្រ​​​មណ្ឌល​​​កំពុង​​​ស្ពឺ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។

លោក សុខុន បាន​​​លើក​​​ឡើង​​​ថា ការរចនា​​​ខ្លោង​​​ទ្វារ​​​នេះ​​​ត្រូវ​​​បាន​​​យល់​​​ព្រម​​​អនុម័ត​​​ដោយ​​​អាជ្ញាធរ​​​អប្សរា​​​ ជា​​​ស្ថាប័ន​​​រដ្ឋា​​​ភិបាល​​​មួយ​​​ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​ ហើយ​​​ថា ការ​​​ឆាប​​​ឆេះ​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​​​​តែ​​​គេ​​​មាន​​​”គំនិត​​​ខ្វែង​​​គ្នា​​​”​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​​​​ដែល​​​ដុត​​​ខ្លោង​​​ទ្វារ​​​នេះ គឺ​​​ជា​​​ជន​​​អគតិ”។ លោក​​​បាន​​​បន្ថែម​​​ថា ខ្លោងទ្វារ​​​នេះ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ឡើង​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​កន្លង​​​មក​​​ហើយ​​​ ហើយ​​​ដំបូង​​​ឡើយ​​​គ្មាន​​​នរណា​​​មក​​​បំផ្លិច​​​បំផ្លាញ​​​ទេ​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ កញ្ញា ធី សុវណ្ណថា ដែល​​​ជា​​​សកម្មជន​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ដ៏លេច​​​ធ្លោ​​​ និង​​​ជា​​​អ្នក​​​​​​តែង​​​តែ​​​សរសេរ​​​សារ​​​រិះគន់​​​​​​តាម​​​រយៈ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​នោះ​​​បាន​​​បង្ហោះ​​​រូប​​​ភាព​​​នៃ​​​ខ្លោងទ្វារ​​​នេះ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្លួន​​​ដោយ​​​កាត់​​​ត​​​រូប​​​របស់​​​នាង​​​ដែល​​​​​​លើក​​​មេដៃ​​​ចុះ​​​ក្រោម​​​នៅ​​​ពីមុខ​​​ខ្លោងទ្វារ​​​នេះ​​​។

ការ​​​បង្ហោះ​​​នេះ​​​មាន​​​អ្នក​​គាំទ្រ (Like) ជាង​​​៣៥.០០០នាក់​​​ និង​​​មាន​​​អ្នក​​​បញ្ចេញ​​​យោបល់​​​រាប់​​​រយ​​​នាក់​​​​​​ដែល​​​ភាគ​​​ច្រើន​​​សុទ្ធ​​​តែ​​​ជា​​​អ្នក​​​ជាតិ​​​និយម​​​។

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ អ្នក​​​ជាតិ​​​និយម​​​ម្នាក់​​​ទៀត​​​ដែល​​​ប្រើ​​​ហ្វេសប៊ុក​​​ឈ្មោះ ខ្មែរសុវណ្ណភូមិ និង​​​ដែល​​​មាន​​​អ្នក​​​គាំទ្រ​​​រាប់​​​ពាន់​​​បាន​​​បង្ហោះ​​​រូប​​​ភាព​​​នៃ​​​ខ្លោង​​​ទ្វារ​​​នេះ​​​ដោយ​​​មាន​​​សរសេរ​​​សារ​​​ថា “សូម​​​ជួយ​​​ចែក​​​រំលែក​​​ ជាបន្ទាន់​​​ដើម្បីឲ្យ​​​កូន​​​ខ្មែរ​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​ ហើយ​​​ទាម​​​ទារ​​​ឲ្យ​​​​​​គ្រួសារ​​​ ហ៊ុន ដក​​​ខ្លោងទ្វារ​​​នេះ​​​ចេញ​​​ជា​​​បន្ទាន់​​​​​​”។

សារ​​​នេះ​​​បាន​​​បន្ត​​​ថា “បន្ទាប់មក​​​យើង​​​នឹង​​​ដឹង​​​ច្បាស់​​​ថា ប្រសិន​​​បើ​​​​​​​​​​​​​​​​​​ពួក​​​គេ​​​ដក​​​វា​​​ចេញ​​​វា​​​មាន​​​ន័យ​​​ថា ពួក​​​គេ​​​នៅ​​​មាន​​​ការ​​​គោរព​​​ខ្លះ​​​ៗ​​​ចំពោះ​​​ម្ចាស់​​​ប្រទេស​​​នេះ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ដក​​​ចេញ​​​ទេ​​​ ពួក​​​គេ​​​មាន​​​ខួរ​​​ក្បាល​​​យួន​​​ បំផ្លាញ​​​ខ្មែរ​​​ និង​​​បម្រើ​​​យួន​​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក សម រតនា អ្ន​​​ក​​​នាំ​​​ពាក្យ​​​ពិធីបុណ្យ​​​​​​​​​​​​អង្គរសង្ក្រាន​​​ឆ្នាំ​​​ថ្មី​​​ និង​​​ជា​​​សមាជិក​​​នៃ​​​សហភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​រចនា​​​ខ្លោង​​​ទ្វារ​​​នេះ​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​យ៉ាង​​​ត្រឹមត្រូវ​​​​​​ដោយ​​​អ្នក​​​ជំនាញ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ថា អ្នក​​​ជំនាញ​​​ទាំង​​​នោះ​​​ជា​​​នរណា​​​ឡើយ​​​ ហើយ​​​ថា ការ​​​ដុត​​​ខ្លោងទ្វារ​​នេះ​​​គឺ​​​ជា​​​ការ​​​ប្រមាថ​​​ដល់​​​ប្រពៃណី​​​ខ្មែរ​​​។

លោក​​​បាន​​​និយាយ​​​ថា “ការ​​​ដុត​​​ខ្លោង​​​ទ្វារ​​​អង្គរសង្ក្រាន គឺ​​​វា​​​ស្មើ​​​នឹ​​​ងការ​​​ប្រមាថ​​​វ​​​ប្បធម៌ និង​​​អរិយធម៌​​​ខ្មែរ​​​។ យើង​​​បាន​​​សួរ​​​អ្នក​​​ជំនាញ​​​រួច​​​ហើយ ហើយ​​​​​​ពួក​​​គាត់​​​​​បញ្ជាក់​​​ថា នេះ​​​គឺជា​​​រចនា​​​បទ​​​ខ្មែរ​​​ពិត​​​ៗ”។

ទោះ​​​បី​​​ជា​​​​​​មាន​​​ការ​​​ការពារ​​​ដល់​​​ការ​​​រចនា​​​ខ្លោង​​​ទ្វារ​​​នេះ​​​ក៏​​​ដោយ​​​ តែ​​​លោក​​​ រតនា បាន​​​លើក​​​ឡើង​​​ថា ជា​​​ការ​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​រិះ​​​គន់​​​ លោក ហ៊ុន ម៉ានី បាន​​​ចុះ​​​មក​​​តំបន់​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​នេះ ហើយ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​កែ​​​រចនាបថ​​​ឡើង​​​វិញ។

លោក​​​ រតនា បាន​​​និយាយ​​​បន្ត​​​ថា “ក្នុង​​​នាម​​​ជា​​​គ្រួសារ​​​ខ្មែរ​​​ដូច​​​គ្នា​​​ យើង​​​មិន​​​ចង់​​​ធ្វើ​​​ឲ្យ​​​នរណា​​​ម្នាក់​​​មិន​​​សប្បាយ​​​ចិត្ត​​​ឡើយ ហេតុ​​​ដូច្នេះ​​​យើង​​​សម្រេច​​​កែ​​​រចនា​​​បទ​​​ឡើង​​​វិញ​​​”៕ ស៊ុយ​​​ឈាង​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស