រូបថតនៃការធ្វើដំណើររបស់តួសម្តែងជនជាតិបារាំងមកកាន់ឥណ្ឌូចិន បង្ហាញឲ្យឃើញកម្ពុជានាទសវត្សរ៍ឆ្នាំ១៩២០

ការតាំងពិព័រណ៍រូបថតដែលបើកនៅថ្ងៃអង្គារនៅឯសណ្ឋាគារសូហ៊្វីតែលក្នុងក្រុងភ្នំពេញផ្តល់នូវការយល់ធ្លុះជ្រៅទៅក្នុងប្រទេសកម្ពុជា ដែលអ្នកទេសចរបានឃើញនាចុងទសវត្សរ៍ឆ្នាំ១៩២០។
មើលតាមរូបថតខ្មៅសចំនួន៨៤សន្លឹកដែលបានថតនៅក្នុងឆ្នាំ១៩២៩នោះ ភ្នំពេញគឺជាទីក្រុងស្ងាត់ជ្រងំ មហាវិថីទូលំទូលាយគ្មានចរាចរណ៍ ចំណែកឯប្រាសាទភាគច្រើននៅឯអង្គរក្នុងខេត្តសៀមរាប មិនទាន់ត្រូវបានជួយសង្គ្រោះពីព្រៃព្រឹក្សានៅឡើយ។
អ្នកថតរូប គឺលោក ហ្សជ ប៉កតាល់ តួសម្តែងជនជាតិបារាំងដែលការស្រឡាញ់វិជ្ជាជីវៈថតរូប មានច្រើនជាងការកម្សាន្តទៅទៀត។ ការប្រមូលរូបថតដ៏ទូលំទូលាយរបស់លោក ទទួលមរតកពី ញាតិសាច់ឆ្ងាយ គឺលោក ព្យាហ្សង់ រៃ និងប្អូនប្រុសលោក គឺ អង់ដ្រេ ក្លូដ រៃ ដែលបានទិញវត្ថុទាំងអស់ពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជានៅខែនេះសម្រាប់ការតាំងពិព័រណ៍ “ហ្សជ ប៉កតាល់ វត្ថុអច្ឆរិយនាឆ្នាំ១៩២៩”។
លោក ព្យាហ្សង់ រៃ បានមានប្រសាសន៍ថា “រូបថត គឺជាការរំជួលចិត្តរបស់គាត់ ទោះបីជាការងាររបស់គាត់ គឺជាល្ខោនក៏ដោយ”។
ក្នុងឆ្នាំ១៩២៨ លោក ប៉កតាល់ ដែលធ្វើការជានាយកធំនិងតួសម្តែងនៅក្នុងប្រទេសបារាំង បានបង្កើតក្រុមហ៊ុនល្ខោនមួយ ដែលនិយាយពីតួសម្តែងល្បីៗជាច្រើននាពេលនោះ ដើម្បីធ្វើទស្សនាចរណ៍នៅឥណ្ឌូចិន ពោលគឺជាទឹកដីគ្រប់គ្រងដោយប្រទេសបារាំង ដែលឥឡូវនេះហៅថា កម្ពុជា ឡាវ និងវៀតណាម។ ដូច្នេះ បន្ទាប់ពីការធ្វើដំណើរតាមទូករយៈពេលមួយខែមក ទើបក្រុមហ៊ុនបានចូលចតក្នុងឥណ្ឌូចិនដោយដឹកមកជាមួយនូវគ្រឿងតែងឆាកនិងសម្លៀកបំពាក់ក្នុងខែធ្នូ ឆ្នាំ១៩២៨។

ទោះបីជាមានសេចក្តីពិស្តារតិចតួចទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ពួកគេក៏ដោយ ក៏កាលបរិច្ឆេទនៅលើរូបថតលោក ប៉កតាល់ បង្ហាញថារូបគាត់ និងក្រុមហ៊ុនរបស់គាត់ បានស្ថិតនៅក្នុងប្រទេសកម្ពុជាក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ ១៩២៩ដែរ។
ដូចដែលរូបថតរបស់គាត់បង្ហាញនោះ ទីក្រុងភ្នំពេញក្នុងពេលនោះ គឺមិនមមាញឹកដូចសព្វថ្ងៃនេះទេ។ យោងតាមជំរឿនឆ្នាំ១៩២១ឲ្យដឹងថា ប្រជាជននៅពេលនោះមានត្រឹមតែ៧៥.០០០នាក់ប៉ុណ្ណោះនៅក្នុងប្រទេសដែលមានតែមនុស្ស២,៤លាននាក់។
ក្នុងរូបថតមួយរបស់លោក ប៉កតាល់ មហាវិថីដ៏ទូលាយដែលលាតសន្ធឹងពីវត្តភ្នំ គឺមានដើមឈើដុះជាជួរនិងស្ងាត់ជ្រងំ ដោយមានតែថ្មើរជើងម្តងម្កាល អ្នកជិះកង់ និងឆៃកែវធ្វើដំណើរកាត់ ពោលគឺស៊ីក្លូបានបង្ហាញខ្លួនក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៣០ប៉ុណ្ណោះ។ នៅក្នុងរូបថតមួយផ្សេងទៀត ចរាចរណ៍នៅតាមផ្លូវពីមុខព្រះបរមរាជវាំង មានតែកង់ប៉ុណ្ណោះ។
រូបថតអង្គររបស់លោក ប៉កតាល់បង្ហាញពីរបៀបការងារដែលត្រូវធ្វើចាប់តាំងពីពេលនោះមក មិនត្រឹមតែរក្សាប្រាសាទនិងចម្លាក់ពីរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញអំពីប្រាសាទទាំងនោះផងដែរ។នៅឯទីលានជល់ដំរី ថ្មដែលទ្រក្បាលដំរី និងថ្មដែលបង្កើតប្រមោយរបស់វា ហាក់ដូចជាស្ថិតក្នុងគ្រោះថ្នាក់បាក់រលំក្នុងពេលខាងមុខនេះដូច្នោះដែរ។ ថ្មចាស់ៗនៃរចនាសម្ព័ន្ធខូចបែកបាក់ នៅរប៉ាត់រប៉ាយតាមថេវនៃប្រាសាទបាយ័ន ហើយរូបបដិមាមួយចំនួននៅពាសពេញដីក្នុងរុក្ខជាតិ ហាក់បីដូចជាកំពុងរង់ចាំការជួយសង្គ្រោះដូច្នេះដែរ។
ប៉កតាល់បានប្រើកាមេ៉រារីឆាត វីរ៉ាស្កូប ដែលជាកាមេ៉រាមានកែវពីរ ដែលអាចចាប់យករូបស៊្រីឌីនិងដំណើរការ ហៅថា ការថតរូបស្ទេរីអូ។ លោក ព្យាហ្សង់ រៃ ជាអ្នកថតរូបអាជីព និងអ្នកកាន់កាមេរ៉ា បានពន្យល់ថា ហ្វិលមិនទាន់ផ្តិតគឺជាបន្ទះកញ្ចក់តូចៗ។ លោកបានមានប្រសាសន៍ថា “វាជាដំណើការប្រើជាតិខាប់អន្ធិល… សារធាតុដែលត្រូវដាក់លើ គឺកញ្ចក់។ ហ្វិលផ្លាស្ទិក មិនទាន់បានបង្កើតនៅឡើយទេ”។

លោកបានមានប្រសាសន៍ថា ឧបករណ៍នេះ ជាម៉ាស៊ីនថតដែកធ្ងន់ ត្រូវបានបំពាក់ដោយថាសមួយ ដែលអាចផ្ទុកហ្វិលកញ្ចក់ដើមបានចំនួន១២បន្ទះ ហើយដូច្នេះអាចឲ្យអ្នកថតរូបថតបាន១២រូប មុននឹងដាក់បញ្ចូលហ្វិលកញ្ចក់ថ្មី។ ទាំងលោក ព្យាហ្សង់ រៃ ទាំងលោក អង់ដ្រេ ក្លូដរៃរំឭកដល់លោក ប៉កតាល់ ដែលពួកគេហៅថា “បងប្អូនលួត” ដែលផ្តិតហ្វិលដើមនៅឯគេហដ្ឋានក្រុមគ្រួសាររបស់គេនៅក្នុងប្រទេសបារាំងនាដើមទសវត្សរ៍ឆ្នាំ ១៩៥០។ នៅពេលនោះ តួសម្តែង គឺជានាយកក្រុមហ៊ុនល្ខោន រ៉ាឌីយូ អាល់ហ្សេ នៅក្នុងប្រទេសអាល់ហ្សេរី ហើយបានដើរលេងកម្សាន្តជាមួយក្រុមគ្រួសាររបស់គេ។
លោក អង់ដ្រេហ្សង់ រៃ ជាអ្នកឯកទេសខាងចិត្តវិភាគដែលចូលនិវត្តន៍ ហើយដែលកាលពីក្មេងជួយធ្វើការងារឲ្យបងប្អូនជីលួតជីលានៅក្នុងបន្ទប់លាងហ្វិល បានមានប្រសាសន៍ថា ល្បាយសូលូស្យុងដើម្បីផ្តិតបន្ទះទាំងនេះ គឺមិនទាន់រកបាននៅឡើយទេ។ លោកបាននិយាយថា លោក ប៉កតាល់ នឹងយកបណ្តុំសារធាតុគីមីផ្សេងៗ ហើយលាយបញ្ចូលគ្នាក្នុងធុងព័រស៊ីឡែន ដើម្បីផ្តិតហ្វិលកញ្ចក់ដើម ហើយបន្ទាប់មកកែរូប។ ដោយសារតែហ្វិលកញ្ចក់ដើម មិនប្រែប្រួលទៅតាមពន្លឺក្រហមក្រមៅ រូបលោកនិងលោក ប៉កតាល់ ធ្វើការក្រោមពន្លឺភ្លើងក្រហមក្រមៅ។ លោកបាននិយាយថា “វាអស្ចារ្យមែនទែន”។
កើតក្នុងឆ្នាំ១៨៨៧ លោកប៉កតាល់ បានទទួលអនិច្ចកម្មក្នុងឆ្នាំ១៩៥៨។ លោកបានបន្សល់ទុកឲ្យបងប្អូនប្រុសពីរនាក់នូវម៉ាស៊ីនថត សម្ភារទាំងអស់ និងហ្វិលកញ្ចក់ដើមនៃរូបថតប្រហែល៨០០០បន្ទះ ដែលបានថតក្នុងប្រទេសជាច្រើន។
ការតាំងពិព័រណ៍រូបថតនេះ ដែលនឹងតាំងរហូតដល់ខែកក្កដានៅឯសូហ៊្វីតែល ភ្នំពេញ ភូគិត្រា នឹងជាលើកទីមួយហើយ ដែលរូបថតលោក ប៉កតាល់ ត្រូវបានដាក់តាំងបង្ហាញឲ្យសាធារណជនមើល៕រើន