
ដោយរំលោភយ៉ាងជាក់ស្តែងលើច្បាប់ស្តីពីសិទ្ធិមនុស្ស សហរដ្ឋអាមេរិកផ្តល់ការបណ្តុះបណ្តាលដល់អ្នកជាប់ចោទថារំលោភសិទ្ធិមនុស្សនៅកម្ពុជា
ដោយ Douglas Gillison 100reporters
ខេត្តព្រះសីហនុ-វាជារូបភាពហិង្សាដោយដុតភ្លើងដែលកើតចេញពីទំនាស់ដីធ្លី ដែលបានកើតឡើងទូទាំងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។ ក្រោមកម្តៅថ្ងៃក្តៅចែសហួតហែងនារដូវប្រាំង យោធាបានបាញ់សំដៅអ្នកភូមិ និងដុតផ្ទះសំបែងរបស់ពួកគេនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
សាក្សីទាំងឡាយបាននិយាយថា ការបណ្តេញចេញពីដីធ្លីមួយក្នុងខែមេសា ឆ្នាំ២០០៧ នៅក្នុងភូមិមួយដែលមានឈ្មោះថា ស្ពានជេស គឺឃោរឃៅណាស់។ កម្លាំងសន្តិសុខបានបាញ់ក្នុងចម្ងាយជិតៗដោយបង្កជារបួសស្នាម ប្រើគ្រាប់ពិតដើម្បីបំបែកហ្វូងមនុស្ស និងវាយតប់អ្នកភូមិដែលជួនកាលដោយប្រើដំបងឆក់។
កម្លាំងចម្រុះដែលមានសមាជិកប្រហែល១៥០នាក់មកពីក្រុមនគរបាល កងទ័ព កងរាជអាវុធហត្ថ បានដុតផ្ទះចំនួន៨០ខ្នង ហើយកម្ទេចចោល២៦ខ្នងផ្សេងទៀត។
លោក យាង រ៉េន អាយុ៣២ឆ្នាំ បាននិយាយថា “គេប្រើកាំភ្លើងបាញ់មួយប្រភេទបាញ់ចេញភ្លើងដើម្បីដុតកម្ទេចផ្ទះសំបែង”។
លោក រ៉េន បាននិយាយថា កងរាជអាវុធហត្ថបានចាប់ខ្លួនអ្នកភូមិ ច្រានពួកគេឲ្យដេកផ្កាប់មុខ ហើយធាក់ច្រំចំក្បាលពួកគេ។ “យើងតក់ស្លុតពន់ពេក នៅពេលយើងឮថា ផ្ទះយើងត្រូវគេកម្ទេចចោលដោយម៉ាស៊ីនចូកដី”។
នៅខែនោះ កងនាវាជើងទឹកមួយកងបានសម្រុកចូលសហគមន៍មួយទៀតចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីនោះ ដោយវាយអ្នកភូមិម្នាក់ឲ្យសន្លប់ដេកស្តូកស្តឹង ហើយដុតបំផ្លាញផ្ទះប្រាំខ្នងដើម្បីដណ្តើមយកដីធ្លី ដែលអ្នកភូមិឥឡូវនេះនិយាយថា គឺជាផ្នែកនៃទីលានសម្រាប់សាលាបណ្តុះបណ្តាលទ័ពជើងទឹក។
ក្នុងខណៈដែលតម្លៃអចលនទ្រព្យហក់ឡើងកាលពីមួយទសវត្សរ៍កន្លងមកនេះ សហគមន៍តំបន់ជនបទនិងទីក្រុងដែលក្រីក្ររបស់ប្រទេសនេះបានជាប់ផុងខ្លួនក្នុងសមរភូមិដីធ្លីជាមួយនឹងពួកអ្នកមានអំណាចដែលមានសិទ្ធិទាមទារអចនទ្រព្យដ៏មានតម្លៃ។ យោងតាមអង្គការលីកាដូ ឲ្យដឹងថា នៅឆ្នាំ២០១៤មានពលរដ្ឋជាងកន្លះលាននាក់ទទួលរងផលប៉ះពាល់ដោយការបណ្តេញចេញពីដីធ្លី។
ទំហំនិងការបណ្តេញចេញដោយហិង្សានៅឯភូមិស្ពានជេសបានក្លាយជានិមិត្តរូបយ៉ាងឆាប់រហ័សនៃវិបត្តិនេះ ដោយទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០០៧របស់ខ្លួន ស្តីពីសិទ្ធិមនុស្ស។ នៅក្នុងឆ្នាំ២០១៤ ការបណ្តេញចេញពីភូមិស្ពានជេសបានជួយបង្កើតឲ្យមានមូលដ្ឋាននៃវិធានការផ្លូវច្បាប់ជាឯកជន ដែលចោទប្រកាន់ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
ប៉ុន្តែ ក្នុងពេលដែលវិបត្តិនោះបានលាតត្រដាង ក៏ស្រាប់តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយកងយោធពលខេមរភូមិន្ទនិងនគរបាល។
ក្នុងឆ្នាំ១៩៩៧ សភាអាមេរិកបានចាត់ទុកថាខុសច្បាប់នូវជំនួយចំពោះកងកម្លាំងសន្តិសុខបរទេសដែលគេដឹងថា បានរំលោភសិទ្ធិមនុស្សទាំងស្រុង។ ប៉ុន្តែ ឯកសារការទូតដែលចេញផ្សាយដោយវីគីលីក ហើយចងក្រងដោយក្រុមវិជ្ជាជីវៈសារព័ត៌មានស៊ើបអង្កេតដែលមិនរកផលកម្រៃឈ្មោះថា 100Reporters បង្ហាញថា មន្ត្រីអាមេរិកាំងបានមើលរំលងការរំលោភសិទ្ធិមនុស្សបែបហ្នឹង ដោយជ្រើសរើសនគរបាលនិងយោធាកម្ពុជាឲ្យមានសិទ្ធិទទួលបានការបណ្តុះបណ្តាលដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ពោលគឺក្នុងករណីខ្លះមានការរំលោភច្បាប់តែម្តង។
រយៈពេលពីរឆ្នាំបន្ទាប់ពីមានអំពើហិង្សានៅឯភូមិស្ពានជេស ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញបានឲ្យសេចក្តីយល់ព្រមជ្រើសរើសលោកវរសេនីយ៍ឯក សេង ភោគ មេបញ្ជាការរងកងរាជអាវុធហត្ថឲ្យទទួលបានការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិក ដែលរូបលោកត្រូវបុគ្គលិកសិទ្ធិមនុស្សម្នាក់និយាយថា បានស្ថិតក្នុងបណ្តាមេបញ្ជាការដែលឈរបញ្ជាពេលមានការបណ្តេញចេញពីដីធ្លីនោះ។
100Reporters ក៏បានរកឃើញថា សហរដ្ឋអាមេរិកបានផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសស៊ើបអង្កេតដល់សមាជិកជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅពេលនោះគឺជាប្រធានបទនៃការចោទប្រកាន់ថា មានឃាតកម្មនិងការចាប់ជម្រិតជាហូរហែ។
ការចោទប្រកាន់ទាំងនោះមានកត់ត្រាទុកក្នុងកំណត់ហេតុតុលាការនិងឯកសារអង្គការសហប្រជាជាតិដែលនឹងអាចរកបានយ៉ាងងាយដោយស្ថានទូតសហរដ្ឋអាមេរិក ដែលបានបញ្ជូនឈ្មោះរបស់ពួកគេទៅក្រុងវ៉ាស៊ីនតោនដើម្បីសុំការយល់ព្រម។
នៅក្នុងការស៊ើបអង្កេតមួយដែលបណ្តាលមកពីទិន្នន័យនេះដោយបានធ្វើឡើងអស់រយៈពេលជាងមួយឆ្នាំដោយប្រើបណ្តុំកំណត់ហេតុផ្នែកការទូតអាមេរិកាំងនោះ 100Reporters បានពង្រីកទិន្នន័យតម្រង់ទិសលើបុគ្គលប្រហែល៦០.០០០នាក់ពីប្រទេសចំនួន១២៩ដែលជ្រើសរើសសម្រាប់ហ្វឹកហាត់ដោយទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកប្រហែល១៤០ទីភ្នាក់ងារ។
ជនសង្ស័យរត់ពន្ធគ្រឿងញៀន ឃាតករ អ្នកធ្វើទារុណកម្ម និងអង្គភាពបរទេសដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់ក្រៅច្បាប់ជាលក្ខណៈប្រព័ន្ធ គឺត្រូវបានរកឃើញនៅក្នុងមូលដ្ឋានទិន្នន័យ។ពួកគេភាគច្រើនអាចឆ្លងផុតការពិនិត្យរបស់អាមេរិកាំង ហើយទទួលបានការបណ្តុះបណ្តាល។
លោក នី ចរិយា ប្រធានស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍កម្ពុជា(អាដហុក) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ដែលចាប់ផ្តើមជួយស្ថានទូតសហរដ្ឋអាមេរិកក្នុងការពិនិត្យជ្រើសរើសមន្ត្រីកម្ពុជាបួនប្រាំឆ្នាំមុន បានមានប្រសាសន៍ថា លោកព្រួយបារម្ភចំពោះការខកខានមិនបានដកចេញនូវបេក្ខជនគួរឲ្យសង្ស័យ។ លោកបាននិយាយថា “នៅពេលអ្នកឃើញថា មនុស្សម្នាក់ដែលរំលោភសិទ្ធិមនុស្សទទួលបានការបណ្តុះបណ្តាល គឺវាហាក់ដូចជាគេទទួលបានការលើកទឹកចិត្តអ៊ីចឹង ហើយនេះមិនមែនជារឿងល្អទេ។ វាបណ្តាលឲ្យគេកាន់តែរំលោភសិទ្ធិមនុស្ស”។

នៅពេលមានការបណ្តេញចេញពីដីធ្លីកាលពីឆ្នាំ២០០៧នៅខេត្តជាប់ឆ្នេរសមុទ្រនេះ មន្ត្រីសហរដ្ឋអាមេរិកបានសង្ស័យថា ការពិនិត្យដោយផ្ចិតផ្ចង់ផ្នែកសិទ្ធិមនុស្សទៅលើកងកម្លាំងសន្តិសុខក្នុងស្រុក គឺមានបញ្ហា។ ក្នុងខែមករា ឆ្នាំនោះ មានមន្ត្រីមួយក្រុមពីការិយាល័យអគ្គអធិការក្រសួងការបរទេសសហរដ្ឋអាមេរិកបានមកស្ថានទូតក្នុងក្រុងភ្នំពេញ ហើយបន្ទាប់មកបានរាយការណ៍ថា ដំណើរការពិនិត្យជ្រើសរើស គឺ”ប្រញាប់ប្រញាល់ ហើយមិនស្មើគ្នា”។
ក្នុងការអនុវត្ត ការតម្រូវឲ្យជ្រើសរើសដោយផ្ចិតផ្ចង់របស់សភាសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ច្បាប់ស្តីពីសិទ្ធិមនុស្សលាហី ដែលដាក់ឈ្មោះតាមអ្នកគាំទ្រសំខាន់របស់ច្បាប់នេះគឺសមាជិកព្រឹទ្ធសភារដ្ឋវើម៉ុន លោក ប៉ាទ្រិក លាហី គឺមានបំណងថា ការពិនិត្យលើជីវប្រវត្តិត្រូវការជាចាំបាច់សម្រាប់អ្នកទទួលការបណ្តុះបណ្តាលទាំងអស់។ ប៉ុន្តែរបាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរកឃើញថា ស្ថានទូតមិនបានរក្សាទុកកំណត់ហេតុនៃការពិនិត្យថ្នាក់មូលដ្ឋានរបស់ខ្លួន ហើយបានប្រើការណែនាំហួសសម័យ។ របាយការណ៍នោះនិយាយថា ទីភ្នាក់ងារដទៃទៀតដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាលនេះ មិនបានយល់អំពីដំណើរការ និងមិនបានបញ្ជូនឈ្មោះកម្មសិក្សាការីសម្រាប់ស៊ើបអង្កេតទេ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនអាចអត្ថាធិប្បាយលើករណីបុគ្គលនីមួយៗបានទេ។ អ្នកស្រី ជូលៀ ស្ត្រកឃឺ អ្នកនាំពាក្យ បានសរសេរក្នុងសារអ៊ីម៉េលថា “យើងមានកាតព្វកិច្ចរបស់យើងស្ថិតក្រោមដំណើរការពិនិត្យជ្រើសរើសនៃច្បាប់សិទ្ធិមនុស្សលាហី យ៉ាងហ្មត់ចត់។ ស្របតាមច្បាប់និងគោលនយោបាយសហរដ្ឋអាមេរិក ក្រសួងការបរទេសសហរដ្ឋអាមេរិកពិនិត្យដោយផ្ចិតផ្ចង់លើជំនួយរបស់ខ្លួនទៅឲ្យកងកម្លាំងសន្តិសុខបរទេស ក៏ដូចជាកម្មវិធីជំនួយសន្តិសុខនៃក្រសួងការពារជាតិមួយចំនួន”។
មន្ត្រីកម្ពុជាមិនពិភាក្សាអំពីកំណត់ហេតុសិទ្ធិមនុស្សនៃអ្នកដែលបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកទេ។ ការប៉ុនប៉ងជួបនិយាយជាមួយអ្នកនាំពាក្យក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិមិនសម្រេចទេ។ មន្ត្រីយោធាជាន់ខ្ពស់បានបង្វែរសំណួរទៅនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក។ តាមរយៈលេខារបស់លោក នាយឧត្តមសេនីយ៍ សុភាបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
អ្នកស្រី ឡោក ខេង សមាជិកគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងជាសមាជិកនៃគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា បានការពារកងកម្លាំងសន្តិសុខប្រទេសរបស់អ្នកស្រី។អ្នកស្រីបានមានប្រសាសន៍ក្នុងបទសម្ភាសមួួយថា “និយាយជារួម ខ្ញុំជឿថា រាល់មេបញ្ជាការទាំងអស់អនុវត្តភារកិច្ចរបស់ខ្លួនស្របតាមច្បាប់”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នបង្កើតគោលនយោបាយស៊ីវិល បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា នរណាដែលត្អូញត្អែរអំពីការធ្វើបាបដោយយោធា អាចស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “យើងជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយជានីតិរដ្ឋ។ យើងពិតជាមានមេធាវី។ យើងពិតជាមានប្រព័ន្ធតុលាការ។ នរណាដែលគេធ្វើបាបអាចប្តឹងទៅតុលាការ។ នោះជាក្បួនច្បាប់របស់នីតិរដ្ឋ”។
លោក បួន ណារិទ្ធ អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូបានបង្ហាញឈ្មោះមេបញ្ជាការមួយរូបដែលលោកនិយាយថាបានជាប់ពាក់ព័ន្ធក្នុងការបណ្តេញចេញទាំងបង្ខំ ដែលឈ្មោះនោះក្រោយមកមាននៅក្នុងទូរលេខស្ថានទូតសហរដ្ឋអាមេរិក ដែលបានផ្តល់ការបញ្ជាក់ថាស្អាតស្អំជាបឋម ដើម្បីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រឆាំងភេរវកម្ម និងសន្តិសុខផែសមុទ្រ។
លោក ណារិទ្ធ បាននិយាយថា វរសេនីយ៍ឯក សេង ភោគ គឺជាមេបញ្ជាការរងនៃប្រតិបត្តិការសឹករងខេត្តនៃកងយោធពលខេមរភូមិន្ទ ហើយស្ថិតក្នុងចំណោមមេបញ្ជាការដែលឈរបញ្ជា ដែលលោក ណារិទ្ធបានឃើញចុះមកដល់ភូមិស្ពានជេសដែលត្រូវបានភ្លើងឆេះអស់ក្នុងពេលបណ្តេញចេញពីដីធ្លី។
លោក ណារិទ្ធ បាននិយាយថា “មានបីនាក់ដែលស្គាល់ឈ្មោះច្បាស់គឺ សេង ភោគ ផូ ម៉ុងសាន និងវង្ស ប៊ុនថន” ដែលពួកគេសុទ្ធតែជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កងរាជអាវុធហត្ថគឺជាអង្គភាពអនុវត្តច្បាប់យោធាដែលតែងតែមានតួនាទីត្រួតគ្នានឹងនគរបាល។
រយៈពេលពីរឆ្នាំបន្ទាប់ពីការបំផ្លាញភូមិស្ពានជេស ស្ថានទូតអាមេរិកបានប្រាប់ក្រុងវ៉ាស៊ីងតោនថា ខ្លួនមិនអាចរកឃើញ”ព័ត៌មានគួរឲ្យជឿទុកចិត្ត”ដែលភ្ជាប់វរសេនីយ៍ឯក ភោគ ទៅនឹងការរំលោភសិទ្ធិមនុស្សទាំងស្រុងទេ ហើយក៏បានផ្តល់ការយល់ព្រមជាបឋមឲ្យលោកចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រឆាំងភេរវកម្ម។
ការសម្រេចចិត្តចុងក្រោយរបស់ក្រុងវ៉ាស៊ីងតោនក្នុងការបណ្តុះបណ្តាលវរសេនីយ៍ឯក ភោគ គឺមិនបានបញ្ចូលនៅក្នុងទូរលេខដែលបែកធ្លាយទេ។ ការប៉ុនប៉ងសុំការធ្វើអត្ថាធិប្បាយពីសំណាក់មន្ត្រីកងរាជអាវុធហត្ថមិនបានសម្រេចទេ។
ប៉ុន្តែក្នុងបណ្តាមន្ត្រីរាប់រយរាប់ពាន់នាក់នៃបុគ្គលិក និងអង្គភាពបរទេសដែលពិនិត្យរាល់ឆ្នាំដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនោះ មានត្រឹមតែមួយភាគតូចប៉ុណ្ណោះដែលត្រូវច្រានចោលក្នុងពេលការពិនិត្យលើកទីពីរនៅក្នុងក្រុងវ៉ាស៊ីងតោន ដែលនៅទីនោះមានអ្នកពិនិត្យជ្រើសរើសមួយក្រុមដែលមានពេលតែពីរបីនាទីប៉ុណ្ណោះដើម្បីពិនិត្យករណីនីមួយៗ។
នៅពេលដែល 100Reporters ចុះទៅដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្នុងខែមីនា ឆ្នាំ២០១៥ មន្ត្រីនៅទីនោះបាននិយាយថាវរសេនីយ៍ ភោគ កំពុងតែធ្វើដំណើរ។ មិនអាចរកបានព័ត៌មានទាក់ទងវរសេនីយ៍ឯករូបនេះទេ។ ឧត្តមសេនីយ៍ត្រី លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីការបណ្តេញចេញពីដីធ្លីនោះទេ ហើយមិនអាចធ្វើអត្ថាធិប្បាយបានឡើយ។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងអំពីករណីទាំងនេះថា វាបានកើតឡើងយ៉ាងម៉េចទេពីដំបូង”។
នៅព្រឹកនៃថ្ងៃដែលមានការបណ្តេញចេញនោះ ដំបូង អ្នកភូមិបានព្យាយាមឃាត់កម្លាំងសន្តិសុខមិនឲ្យចូលជិត។ យោងតាមអតីតអ្នកភូមិឲ្យដឹងថា ការប្រវាយប្រតប់និងការចោលដំុថ្មបានកើតឡើង។
លោក រ៉េន បាននិយាយថា “គេបានបាញ់តម្រង់មកលើប្រជាពលរដ្ឋប្រផិតៗនឹងដី ដើម្បីបើកផ្លូវព្រោះមនុស្សច្រើនពេក”។
អ្នកភូមិរូបនេះបាននិយាយថា “គេវាយយើងពេលយើងកំពុងដេកផ្កាប់មុខ គេច្រំយើង ហើយគេយកជើងជាន់ក្បាលយើង។ បន្ទាប់មក គេចងយើងនឹងខ្សែ មុននឹងរុញចូលឡានធំ។ ពូកគេមានឯកសណ្ឋានជាកងរាជអាវុធហត្ថ”។

រយៈពេលជិត១០ឆ្នាំបន្ទាប់ពីការបណ្តេញចេញនោះ ដីដែលគេរឹបអូសនោះនៅទទេស្អាតនៅពេលដែល 100Reporters បានចុះទៅដល់ទីនោះកាលពីឆ្នាំមុន។ យោងតាមលោក ឯក វិធាន ដែលគេជ្រើសរើសឲ្យធ្វើជាតំណាងសហគមន៍កាលពីឆ្នាំ២០១០ ឲ្យដឹងថា ក្នុងបណ្តាគ្រួសារជាង១០០គ្រួសារ ដែលដើមឡើយស្ថិតនៅទីតាំងបណ្តេញចេញ គឺមាន៧៥គ្រួសារបានបដិសេធមិនទទួលដីជាសំណងនៅក្នុងស្រុកដែលនៅក្បែរនោះទេ។ ឥឡូវពួកគេរស់នៅចម្ងាយពីរបីរយម៉ែត្រពីអតីតភូមិរបស់គេនៅក្នុងជំរំសង់តាមចិញ្ចើមផ្លូវដែលមានទទឹងប្រហែល៣ម៉ែត្រដែលមានខ្ទមតូចៗប្រជ្រៀតគ្នាស្អេកស្កះដោយប្រើក្តារបន្ទះនិងដំបូលសង្ក័សី។
លោក រ៉េន ដែលបាននិយាយថា ថ្មីៗនេះលោកត្រូវគេបញ្ឈប់ការងារពីអ្នកថែសួននៅរង្គសាលឆ្នេរខ្សាច់ បាននិយាយថា លោកគឺជាមនុស្សម្នាក់ក្នុងចំណោមប្រាំពីរដែលត្រូវបានជាប់គុកមួយឆ្នាំ បន្ទាប់ពីការបណ្តេញចេញនោះ។
នៅខាងក្នុងគុក មនុស្សជាង៣០នាក់ជួនកាលត្រូវជាប់ក្នុងបន្ទប់មានទំហំប្រហែល២៤ម៉ែត្រការ៉េ។ លោក រ៉េន កើតកន្ទួលហើយពិបាកដកដង្ហើមនិងដេក។
ធាតុអាកាសនៅរដូវប្រាំងអាចឡើងដល់៣៨អង្សា។ ម្ហូបអាហារមានត្រឹមតែបបរលាយត្រកួន ត្រី និងអង្ករ។ អ្នកភូមិរូបនេះបាននិយាយថា “ស្អុយរលួយ ជួនកាលអត់ឃើញត្រីសាច់ទេ។ ខ្ញុំឃើញតែឆ្អឹង។ ជួនកាលខ្ញុំចង់សម្លាប់ខ្លួនឯង។ អ្នកគុកផ្សេងទៀតបានឃាត់ខ្ញុំ”។
ក្នុងខែមេសា ឆ្នាំ២០០៧ នៅខែដដែលនោះក្នុងពេលដែលមានការបណ្តេញចេញពីភូមិស្ពានជេសនោះ ខ្ទមទាំងឡាយក៏ត្រូវឆេះឆាបក្នុងអណ្តាតភ្លើងនៅទីកន្លែងផ្សេងទៀតក្នុងខេត្តព្រះសីហនុដែរ។ កងទ័ពបានសម្រុកចូលភូមិក្បាលហុង ជាភូមិដ៏តូចមួយដែលនៅជាប់នឹងមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាមូលដ្ឋាននាវាសំខាន់បំផុតនៃប្រទេសកម្ពុជា ដែលស្ថិតនៅលើឆ្នេរសមុទ្រចម្ងាយប្រហែល៣២គីឡូម៉ែត្រពីក្រុង។
លោក ណាំ ថេន អតីតអ្នកភូមិ និងជាសកម្មជនដីធ្លី បានអានកំណត់ហេតុដែលលោកបានរក្សាទុកពីហេតុការណ៍នោះឲ្យអ្នកយកព័ត៌មានស្តាប់។ អ្នកភូមិរូបនេះបាននិយាយថា “នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៧ នៅម៉ោង៣រសៀល មានទាហានចម្រុះមកពីកងវរសេនាតូចលេខ៨ និង៩។ មានកម្លាំងប្រដាប់អាវុធប្រហែល៦០នាក់ប្រដាប់ទៅដោយដំបង កាំបិត ពូថៅ និងកាំភ្លើង ដែលដឹកនាំដោយលោក ហុង មន និងលោក ហ៊ីង ពុទ្ធដារ៉ា”។
ទាហានទាំងនោះបានដុតផ្ទះប្រាំខ្នងនៅថ្ងៃនោះ។(អ្នកភូមិនិយាយថា ដីខ្លះដែលមានផ្ទះកាលពីមុន គឺឥឡូវនេះកាន់កាប់ដោយសាលាកងទ័ពជើងទឹកកម្ពុជា។) តាមការចោទប្រកាន់ពួកគេបានវាយបុរសម្នាក់ឲ្យសន្លប់ស្តូកស្តឹង គឺលោក សំរិទ្ធ ឡៃ ដែលគេច្រឡំថា មានបំណងរត់ទៅប្រាប់អ្នកខាងក្រៅឲ្យចូលមកមើលបញ្ហានេះ។ តាមលោក ថេន ឲ្យដឹងថា លោក ឡៃ តាមពិតទៅកំពុងតែយកកូនដែលគ្រុនក្តៅដើម្បីទៅចាក់ថ្នាំ។
លោក ថេន បាននិយាយថា លោកបានឃើញបុរសម្នាក់នៅកន្លែងកើតហេតុដែលស្រែកបញ្ជា ដែលក្រោយមកលោកដឹងថា ជាឧត្តមនាវីទោ ពុទ្ធដារ៉ា នៅពេលនោះជាមេបញ្ជារងមូលដ្ឋានទ័ពជើងទឹក។ លោក ថេនបាននិយាយថា “ខ្ញុំបានឃើញគាត់ឈរចង្អុលចុះឡើងៗ”។
កំណត់ហេតុការទូតដែលបែកធ្លាយបង្ហាញថា ក្នុងឆ្នាំ២០០៩ គឺរយៈពេលពីរឆ្នាំបន្ទាប់ពីការដុតផ្ទះនោះ ស្ថានទូតអាមេរិកបានយល់ព្រមឲ្យលោក ពុទ្ធដារ៉ា ដែលពេលនោះមានឋានន្តរសក្តិជាឧត្តមនាវីត្រីឲ្យទទួលបានការបណ្តោះបណ្តាលពីកងកម្លាំងការពារឆ្នេរសមុទ្រសហរដ្ឋអាមេរិកផ្នែកប្រតិបត្តិការដែនសមុទ្រ។
មូលដ្ឋានទ័ពជើងទឹកគឺស្ថិតនៅជាយឧទ្យានជាតិរាមដែលមានផ្ទៃដីអភិរក្ស១៥៦គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ។ នៅឯភូមិជាប់គ្នានោះ ទាហានជើងទឹកកម្ពុជាដើរយ៉ាងសង្ហាក្នុងឯកសណ្ឋានពណ៌ស។ នាវិកនិងកងម៉ារីនអាមេរិកាំង គឺជាភ្ញៀវប្រចាំ ហើយជាទៀងទាត់ធ្វើសមយុទ្ធរួមគ្នាជាផ្នែកនៃ “កិច្ចសហប្រតិបត្តិការ ការត្រៀមខ្លួនជាស្រេច និងការហ្វឹកហាត់ ឬហៅថា ខារ៉ាត់ ដែលជាកម្មវិធីរបស់កងនាវាសហរដ្ឋអាមេរិក-ប៉ាស៊ីហ្វិក ដែលមានបំណងកសាងមិត្តភាពជាមួយកងទ័ពជើងទឹកនៃប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ២០០៩ កងទ័ពជើងទឹកមកពីរាម ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គសិក្សាភ្នាក់ងារចុះនាវាជាមូលដ្ឋាននៅក្រុងឆាលស្តុន រដ្ឋសាវ ខារ៉ូលីណា។
អ្នកស្រី ជូលី ជុង អនុប្រធានបេសកកម្មស្ថានទូតអាមេរិក បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយនៅឯមូលដ្ឋានទ័ពជើងទឹកក្នុងឆ្នាំ២០១៤ថា “នាវានិងទាហានជើងទឹកសហរដ្ឋអាមេរិក ដែលលោកអ្នកឃើញមានវត្តមានទីនេះគឺបង្ហាញនូវសេចក្តីប្តេជ្ញាចិត្តរបស់ពលរដ្ឋអាមេរិកក្នុងការរក្សាទំនាក់ទំនងការពារទ្វេភាគីដ៏រឹងមាំជាមួយកម្ពុជា”។
ប៉ុន្តែ ការរាប់អានជាមិត្តភាពដែលបង្ហាញចំពោះពលរដ្ឋអាមេរិកាំងមិនមាននៅក្នុងភូមិក្បាលហុងទេ។ អ្នកភូមិរៀបរាប់អំពីការរស់នៅដោយមានការគុំកួនពីកងទ័ពជើងទឹក ដែលបានបន្តកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចាប់តាំងពីការបំផុ្លាញផ្ទះសំបែងចោល។
ស្ត្រីម្នាក់ អាយុ៥៣ឆ្នាំ ដែលបាននិយាយថា ដីរបស់គាត់នៅក្បែរកងវរសេនាតូចទ័ពជើងទឹក បាននិយាយថា “គេមិនឲ្យខ្ញុំដាំដុះលើដីខ្ញុំទេ។ ម្សិលមិញឈ្លោះប្រកែកគ្នាខ្លាំងណាស់។ មានទាហានជើងទឹកពីរនាក់មកឃាត់ខ្ញុំមិនឲ្យកាប់ឆ្ការកម្ពោតព្រៃដើម្បីធ្វើផ្ទះខ្ញុំទេ”។
ចំណែកឯភូមិជាច្រើនផ្សេងទៀតសោតនារដូវប្រាំង មានផ្លូវដីហុយកាត់តាមភូមិក្បាលហុង ស្មៅដាច់ដោចក្រៀមស្វិត ទក់ៗដោយមនុស្សដើរជាន់និងម៉ូតូបើកកិន។ កម្តៅថ្ងៃក្តៅហួតហែងនាពេលថ្ងៃត្រង់ អ្នកភូមិចូលជ្រកម្លប់ដើម្បីបរិភោគអាហារ មើលទូរទស្សន៍ ហើយក៏ជជែកគ្នាលេង។
នៅដើមឆ្នាំ២០០៧ ទាហានជើងទឹកបានហៅអ្នកភូមិមកជួបជុំគ្នា ដែលភ្លាមនោះក៏ក្លាយទៅជាប្រទូសរ៉ាយ។ អ្នកភូមិបានត្អូញត្អែរថា ផ្លូវមិនត្រូវបានសាងសង់ឲ្យទៅដល់ទីតាំងសង់លំនៅថ្មីនៅលើជើងភ្នំដែលមានឈ្មោះថា អូរកម្ពុជា ទេ ដែលទ័ពជើងទឹកសន្យាដោះដូរដីដែលពួកគេបាត់បង់ពីការបណ្តេញចេញ។
យោងតាមលោក ថេន ទាហានជើងទឹកម្នាក់ក្នុងបណ្តាទាហានទាំងនោះបានគ្រវីកាំបិត ហើយប្រាប់អ្នកភូមិថា ប្រសិនបើពួកគេចង់បានផ្លូវគឺ “ប្រើក្តិតម៉ែឯង” ឈូសទៅ។
ទាហានម្នាក់ទៀតដែលលោក ថេន ហៅថា ក្រូច ក្រោយមកបានឃើញលោក ថេន ថតរូប ហើយបន្ទាប់មកក៏អាមេកាំភ្លើង អាកា៤៧ ហាក់ដូចជាចង់បាញ់លោក ថេន អ៊ីចឹង ប៉ុន្តែ ត្រូវឃាត់ដោយទាហានជើងទឹកផ្សេងទៀត។ ការប្រវាយប្រតប់គ្នាបានកើតឡើងដែលលោក ថេន បាននិយាយថា ជាប់នៅក្នុងរូបថតដែលថតដោយអ្នកភូមិម្នាក់ទៀតគឺលោក សុក ទិត។
នៅខែមេសា កងទ័ពជើងទឹកបានសម្រេចដោះស្រាយទាំងបង្ខិតបង្ខំ។ ក្នុងពេលដែលមានមនុស្ស៦០នាក់កំពុងចូលមកកៀកភូមិនៅថ្ងៃទី២៤ ខែមេសា ពួកគេពើបប្រទះនឹងលោក សំរិទ្ធ ឡៃ ដែលនិយាយថា លោកត្រូវគេវាយឲ្យសន្លប់ ហើយក៏ត្រូវឃុំខ្លួនមួយរយៈពេលខ្លីជាមួយលោក សុក ទិត។
យោងតាមលោក ថេន មានមនុស្សដែលស្លៀកពាក់ឯកសណ្ឋានបានចូលមកក្នុងភូមិ ហើយចាប់ផ្តើមបំផ្លាញបង្គោលរបង ហើយក៏ដុតផ្ទះឲ្យឆេះ។ អ្នកភូមិរូបនេះបាននិយាយថា គាត់បានថតរូបភ្លើងឆេះ ផ្ទះតូចមួយដែលជាកម្មសិទ្ធិអ្នកភូមិម្នាក់ឈ្មោះ ឡេង យឿង ដែលគាត់បាននិយាយថា ចាប់តាំងពីពេលនោះមកបានទៅរស់នៅក្បែរព្រលានយន្តហោះ។
ការប៉ុនប៉ងជួបនិយាយជាមួយឧត្តមនាវីទោ ពុទ្ធ ដារ៉ា មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹកដោយផ្ទាល់ និងតាមទូរស័ព្ទមិនបានសម្រេចទេ។
មូលដ្ឋានទិន្នន័យនៃកំណត់ហេតុបណ្តុះបណ្តាលរបស់ 100Reporters បង្ហាញថា នៅឆ្នាំ២០០៨ សហរដ្ឋអាមេរិកបានស្វែងរកការបញ្ជាក់ភាពស្អាតស្អំ ដើម្បីបណ្តុះបណ្តាលមន្ត្រីនគរបាលខ្មែររាប់រយនាក់ ជាពិសេសមន្ត្រីមកពីនាយកដ្ឋានព្រហ្មទណ្ឌ ដែលនៅពេលនោះដឹកនាំដោយលោក ម៉ក់ ជីតូ។
លោក ជីតូ បានបម្រើការពីសក្តិទាបរហូតដល់សក្តិខ្ពស់ក្នុងជួរនគរបាលជាតិ គឺពីនគរបាលក្រុងភ្នំពេញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជាពេលរញ៉ែរញ៉ៃ ដែលនៅពេលនោះកងកម្លាំងសន្តិសុខដែលពិបាកគ្រប់គ្រងរបស់ក្រុងភ្នំពេញ ត្រូវគេសង្ស័យជាទូទៅថាជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ និងក្រុមរកស៊ីគ្រឿងញៀន។ មន្ត្រីស្និទ្ធរបស់លោក ជីតូ ក្នុងពេលនោះគឺលោក សុខ ខេមរិន្ទ ដែលក្រោយមកបានក្លាយជាប្រធាននាយកដ្ឋានព្រហ្មទណ្ឌនគរបាលជាតិ។
នៅឆ្នាំ២០០៨ និងម្តងទៀតនៅឆ្នាំ២០០៩ កំណត់ហេតុដែលបែកធ្លាយបង្ហាញថា លោក ខេមរិន្ទ បញ្ជាក់ថាស្អាតស្អំដោយស្ថានទូតអាមេរិកឲ្យទទួលបានការបណ្តុះបណ្តាលក្នុងក្រុងបាងកក ស្តីពីកោសល្យវិច័យគីមី និងស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុនៅក្រុងភ្នំពេញ។ តាមពិតក្នុងខែវិច្ឆិកា ឆ្នាំ២០០៨ លោក ខេមរិន្ទ បានជាប់លំដាប់ថ្នាក់ទី២នៃការពិនិត្យក្នុងក្រុងវ៉ាស៊ីនតោន ដោយអនុញ្ញាតឲ្យលោកចូលរួម។
ប៉ុន្តែ កំណត់ហេតុតុលាការក្រុងភ្នំពេញដែលទទួលបានដោយ 100Reporters បង្ហាញថានៅឆ្នាំ២០០៨ ទាំងលោក ជីតូ ទាំងលោក ខេមរិន្ទ គឺជាប្រធានបទនៃការចោទប្រកាន់ទាក់ទងនឹងការធ្វើទារុណកម្មច្រើនលើក និងឃាតកម្ម។ អង្គការសិទ្ធិមនុស្ស Human Rights Watch ក្នុងឆ្នាំ២០១២បានចុះផ្សាយសម្រង់បទសម្ភាស ដែលនៅក្នុងនោះអតីតមន្ត្រីរដ្ឋាភិបាលម្នាក់ និងអតីតគិញសម្ងាត់ម្នាក់បានអះអាងថា លោកជីតូ បានទទួលខុសត្រូវលើការចាប់ជំរិត ហើយ “ជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មជាច្រើន”។
ការចោទប្រកាន់ខ្លះអាចធ្វើឡើងដោយគូបដិបក្សក្នុងជួរនគរបាលដែលបានប្រឈមនឹងការចោទប្រកាន់ស្រដៀងគ្នាទាក់ទងនឹងឧក្រិដ្ឋកម្ម ឬដែលមានហេតុផលលាក់បាំង ដែលកើតចេញពីការដណ្តើមអំណាចផ្ទៃក្នុង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់គឺពិស្តារ ហ្មត់ចត់ និងបើកចំហឲ្យមានការពិនិត្យពិច័យពីសំណាក់មន្ត្រីអាមេរិកាំង។
គ្រាន់តែរយៈពេលប្រាំខែមុននឹងលោក ខេមរិន្ទ ត្រូវបានបញ្ជាក់ថាស្អាតស្អំដោយស្ថានទូតអាមេរិកក្នុងឆ្នាំ២០០៨នោះ លោក ឱម សំខេង អតីតប្រធានព្រហ្មទណ្ឌកំរិតស្រាលក្នុងជួរនគរបាលក្រុងភ្នំពេញ បានដាក់ពាក្យបណ្តឹងពីកន្លែងឃុំឃាំងនៅពន្ធនាគារព្រៃស ដោយនិយាយថា លោកបានឃើញទាំងលោក ជីតូ ទាំងលោក ខេមរិន្ទ ប្រព្រឹត្តអំពើមនុស្សឃាត ដែលធ្វើឡើង១៣ឆ្នាំមុនក្នុងខេត្តកណ្តាល គឺនៅខាងក្រៅក្រុងភ្នំពេញ។ អតីតនគរបាលរូបនេះបានសរសេរដោយដៃថា៖ នៅពេលយើងជិតទៅដល់សាលាបឹងស្នោ យើងក៏បានឮសំឡេងផ្ទុះកាំភ្លើង ប្រហែលពីរទៅបីគ្រាប់។ បន្ទាប់មកពួកម៉ាកខ្ញុំនិងខ្ញុំបានឈប់ម៉ូតូចម្ងាយប្រហែល៥០ម៉ែត្រ។ រំពេចនោះ យើងបានឃើញលោក ម៉ក់ ជីតូ កាន់កាំភ្លើងនៅនឹងដៃ ហើយ សុខ ខេមរិន្ទ ក៏កាន់កាំភ្លើងនៅនឹងដៃដែរ គឺខ្ញុំមិនបានដឹងថាម៉ាកអីទេ ហើយក៏បាញ់ទៅលើមនុស្សម្នាក់ដែលជាប់ខ្នោះដៃបណ្តាលឲ្យស្លាប់នៅលើដីជម្រាលមួយទៅកាន់សាលាបឹងស្នោ។

សំខេង បានសរសេរថា ក្រោយមកគាត់ត្រូវគេចាប់ខ្លួន ហើយធ្វើទារុណកម្មឲ្យសារភាពថាបានប្រព្រឹត្តឃាតកម្មធំៗមួយចំនួន និងការប៉ុនប៉ងធ្វើឃាតកម្មតាមបទបញ្ជារបស់ ហេង ពៅ ជាអតីតស្នងការក្រុងភ្នំពេញដែលធ្លាក់យសពេលបច្ចុប្បន្ន និងជាសត្រូវយូរអង្វែងរបស់ ម៉ក់ ជីតូ។ ហេង ពៅ កំពុងតែអនុវត្តទោសជាប់ពន្ធនាគាររយៈពេលជិត១០០ឆ្នាំ (ចំពោះបទឧក្រិដ្ឋដដែលៗជាច្រើនដែល សំខេង បានសារភាព គឺត្រូវគេបង្ខំឲ្យទម្លាក់កំហុសលើ ហេង ពៅ)។
ក្នុងកិច្ចសម្ភាសនាឆ្នាំ២០០៤ដែលធ្វើឡើងខាងក្រៅប្រទេសកម្ពុជាដោយមន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិ មានកិច្ចសម្ភាសមួយច្បាប់ដែលទទួលបានដោយ100Reportersនោះ អតីតនគរបាលខ្មែរមួយរូបដែលមានជាប់ទាក់ទងនឹងគណបក្សនយោបាយបដិបក្សមួយបាននិយាយថា ក្នុងឆ្នាំ ១៩៩៦គាត់បានឃើញទាំង ជីតូ ទាំង ខេមរិន្ទ សម្លាប់បុរសម្នាក់ឈ្មោះ ហេង រ៉ា ក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបង្ហាញឲ្យ 100Reporters ឃើញដោយអតីតមន្ត្រីអង្គការសហប្រជាជាតិដែលនិយាយក្នុងលក្ខខណ្ឌថាអត្តសញ្ញាណរបស់អ្នកនិពន្ធត្រូវការពារ ឲ្យដឹងថា “គាត់ត្រូវបានគេសម្លាប់នៅក្បែរច្បារអំពៅ។ ម៉ក់ ជីតូ នៅក្នុងឡាន នៅពេលដែលរ៉ាត្រូវរុញចេញក្រៅ និងបាញ់ដោយ សុខ ខេមរិន្ទ”។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ទាត់ចោលការចោទរូបលោក និងសុខ ខេមរិន្ទ។ លោក ជីតូ ក៏បានមានប្រសាសន៍ថា ទាំងរូបលោក ទាំងខេមរិន្ទ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់អាមេរិក ជាពិសេសពីអេហ្វប៊ីអាយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងក្រុងភ្នំពេញ ទាំងក្រៅប្រទេស ប៉ុន្តែខ្ញុំមិនអាចចាំថ្ងៃខែទេ”។ លោកបានមានប្រសាសន៍បន្ថែមថា វគ្គសិក្សាទាំងនោះទាក់ទងនឹងការលាងលុយកខ្វក់ ប្រឆាំងភេរវកម្ម ការស៊ើបអង្កេតការជួញដូរមនុស្ស និងសិទ្ធិមនុស្ស។
លោក ជីតូ បានមានប្រសាសន៍ថា តុលាការបានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក ដោយរកឃើញថា ឱម សំខេង គឺនិយាយភូតកុហក។ លោកបានមានប្រសាសន៍ថា “ការចោទប្រកាន់គឺគ្មានមូលដ្ឋានទាល់តែសោះ។ វាកើតចេញពីគំនុំផ្ទាល់ខ្លួនរបស់ ហេង ពៅ។ ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកជឿរឿងនេះ ឆ្កួតឡប់តែម្តងហើយ។ លោកបាននិយាយថា សំខេង បានស្លាប់ក្នុងពន្ធនាគារ ប៉ុន្តែថា លោកនឹកមិនឃើញថាគាត់មានជំងឺអ្វីទេ។ លោក ជីតូ បានមានប្រសាសន៍ថា “កុំជឿគាត់។ គាត់កុហកទេ”។
ក្រសួងការបរទេសនិងក្រសួងការពារជាតិសហរដ្ឋអាមេរិកជឿថា គេលើកទឹកចិត្តដល់ប្រទេសដទៃទៀតឲ្យទទួលយកបន្ទុកនៃការរក្សាបទបញ្ជាអន្តរប្រទេសដោយកសាងកម្លាំងរក្សាសន្តិភាពពីប្រទេសក្រីក្រ ធ្វើឲ្យប្រទេសផ្សេងទៀតព្រមអនុវត្តតាម លើកកម្ពស់ការចែករំលែកការស៊ើបការណ៍សម្ងាត់ និងសម្រួលការឆ្លងកាត់នៃកងកម្លាំងសហរដ្ឋអាមេរិកតាមទឹកដីប្រទេសជាមិត្តនៅពេលចាំបាច់។
មន្ត្រីទីស្តីការក្រសួងការពារជាតិសហរដ្ឋអាមេរិកជួនកាលច្រាស់ច្រាល់នឹងការរឹតត្បិតស្ថិតក្រោមច្បាប់ស្តីពីសិទ្ធិមនុស្សលាហី។ លោក ប៉ាទ្រិក លាហី សមាជិកព្រឹទ្ធសភាបានខ្វែងគំនិតគ្នានឹងក្រសួងការបរទេសសហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភារូបនេះបានចោទមន្ត្រីក្រសួងការបរទេសថាព្រងើយកន្តើយមិនអនុវត្តកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីពិនិត្យជ្រើសរើសដោយផ្ចិតផ្ចង់នូវអង្គភាពទាំងមូល គឺមិនត្រឹមតែបេក្ខជនម្នាក់ៗសម្រាប់ការបណ្តោះបណ្តាលប៉ុណ្ណោះទេ។
អ្នកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា អ្នកស្រីគិតថា ក្តីសង្ឃឹមសហរដ្ឋអាមេរិកទៅលើការកែទម្រង់កងកម្លាំងសន្តិសុខរបស់ប្រទេសកម្ពុជា ដោយទាក់ទងពួកគេ ដែលស្ទើរតែគ្មានការរឹតបន្តឹងគឺ “មិនប្រាកដនិយម” ទេ។ “ជួនកាលគេដុតភូមិទាំងមូល។ មានរូបភាពស្រាប់។ សហរដ្ឋអាមេរិកមិនអាចបិទភ្នែករបស់ខ្លួនចំពោះរឿងនេះបានទេ ហើយទន្ទឹមនឹងនេះត្រូវសាបព្រោះប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស”។
អ្នកស្រី សុខហួរ ដែលជាពលរដ្ឋអាមេរិកាំង បានមានប្រសាសន៍ថា “ខ្ញុំនិយាយរឿងនេះជាមួយឯកអគ្គរដ្ឋទូតនីមួយៗរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ការបណ្តុះបណ្តាល សង្ឃឹមថា កម្លាំងប្រដាប់អាវុធទាំងនេះនឹង… នៅជាអព្យាក្រិត ការមិនមានទម្រង់នៃលក្ខខណ្ឌចំពោះជំនួយ គឺមិនប្រាកដនិយមទាល់តែសោះ”។
អ្នកស្រីបានមានប្រសាសន៍ថា “អានុភាពនៃការទូតនៅខាងក្រោយទ្វារបិទជិតគឺសូន្យ។ អ៊ីចឹងអ្នកត្រូវប្តូរយុទ្ធសាស្ត្រ”។
លោក ប៉ាទ្រិក អិម ក្រូនិន នាយកជាន់ខ្ពស់នៃកម្មវិធីសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅមជ្ឈមណ្ឌលសន្តិសុខអាមេរិកាំងថ្មី បានមានប្រសាសន៍ក្នុងបទសម្ភាសថា សហរដ្ឋអាមេរិកមានជម្រើសតិចតួច ក្រៅតែពីមានវត្តមាន និងត្រូវសកម្មនៅក្នុងអាស៊ីអាគ្នេយ៍។ លោកបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកត្រូវជិតស្និទ្ធនឹងអាស៊ីដែលកំពុងតែងើបឡើង បើពុំដូច្នេះទេ យើងនឹងចាញ់”។
ប៉ុន្តែ លោកបាននិយាយបន្ថែមថា សហប្រតិបត្តិការសន្តិសុខដែលស្វែងរកក្នុងតម្លៃណាមួយគឺធ្វើឲ្យខូចគោលដៅសហរដ្ឋអាមេរិក។ លោកបាននិយាយថា “ខ្ញុំនឹងធ្វើឲ្យបានតិចតាមដែលធ្វើទៅបាន ក្នុងការធ្វើឲ្យអ្នកទាំងនោះមើលទៅហាក់ដូចជាល្អ ដែលយើងគិតថាបានធ្វើអ្វីមួយដែលជាឧក្រិដ្ឋកម្ម។ ប្រសិនបើយើងប្រាកដនិយមជ្រុលពេក វាជាស្ថានការណ៍មួយដ៏ពិបាក អ៊ីចឹងយើងមិនអាចការពារបាននូវអ្វីៗ ដែលយើងគិតថាយើងកំពុងការពារនោះទេ”។
លោក ក្រូនិន បាននិយាយថា សមយុទ្ធយោធា ពស់វែកមាស ដែលសហរដ្ឋអាមេរិកធ្វើឡើងក្នុងប្រទេសថៃ ដែលនៅទីនោះមានរដ្ឋាភិបាលយោធាកំពុងកាន់អំណាចចាប់តាំងពីឆ្នាំ២០១៤ គឺមានបញ្ហាខ្លាំងណាស់។ លោកបានមានប្រសាសន៍ថា “យើងមិនចង់ផ្តល់រង្វាន់ដល់ឥរិយាបថមិនល្អទេ សូម្បីតែជាមួយសម្ព័ន្ធមិត្តរបស់យើងក៏ដោយ”។
រដ្ឋាភិបាលយោធាថៃត្រូវបានចោទថា ឃុំខ្លួនមនុស្សរាប់រយនាក់ជាសម្ងាត់ ដែលមានអ្នកខ្លះតាមការចោទប្រកាន់គឺត្រូវគេធ្វើទារុណកម្ម ហើយកាត់ទោសអ្នកប្រឆាំងផ្នែកនយោបាយក្នុងតុលាការយោធា។
លោក ក្រូនិន បានមានប្រសាសន៍ថា “តើយើងអាចជាផ្នែកនៃដំណោះស្រាយដោយមិនធ្វើឲ្យប្រឡាក់ប្រឡូសខ្លួនរបស់យើង ដោយគ្មានលះបង់តម្លៃផ្ទាល់របស់យើងឬ? ទាំងនេះគឺសុទ្ធតែសំណួរត្រឹមត្រូវ។ ទាំងនេះគឺជាសញ្ញាបូកនិងសញ្ញាដកក្នុងការអនុវត្តគោលនយោបាយ”៕
(រាយការណ៍បន្ថែមដោយ ផាន់ អាណា ផន បុប្ផា និង លន់ ណារ៉ា)
អត្តបទនេះត្រូវបានបោះពុម្ពផ្សាយរួមជាមួយទស្សនាវដ្តីគោលនយោបាយពិភពលោក។
អត្ថបទនេះដែលសរសេរដោយ 100Reporters និងចេញផ្សាយរួមជាមួយទស្សនាវដ្តីគោលនយោបាយពិភពលោក គឺជាផ្នែកនៃកម្រងអត្ថបទខ្នាតធំ ដែលពិនិត្យឲ្យឃើញថាតើសហរដ្ឋអាមេរិកបានបណ្តុះបណ្តាលអ្នកដែលគេចោទថារំលោភសិទ្ធិមនុស្ស ដែលជាការរំលោភលើច្បាប់សហរដ្ឋអាមេរិកយ៉ាងដូចម៉្តេច។ កម្រងអត្ថបទ 100Reporters គឺផ្អែកលើការចុះយកព័ត៌មានផ្ទាល់ ដំណើររឿងរបស់សាក្សី និងព័ត៌មានពីសារទូរលេខការទូតវីគីលីក ដែលចងក្រងទៅជាមូលដ្ឋានទិន្នន័យដែលអាចស្វែងរកបាន គឺចេញផ្សាយនៅខែមេសា។